ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ថា ​អ្នកកាសែត​រាយការណ៍​ពី​ហិង្សា​លើ​ស្ត្រី​មិន​ទាន់​បាន​ត្រឹមត្រូវ


លោក​ អ៊ុក គឹមសេង​ ​អ្នក​នាំពាក្យ​​ក្រសួង​ព័ត៌មាន​ប្រាប់​ VOA​​ ក្នុង​​សិក្ខា​សាលា​​ស្តីពីក្រមប្រតិបត្តិផ្សព្វ​ផ្សាយ​អំពើហិង្សាលើស្រ្តី និងការប្រើប្រាស់អក្ខរាវិរុទ្ធតាមប្រព័ន្ធផ្សព្វផ្សាយ នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក​ អ៊ុក គឹមសេង​ ​អ្នក​នាំពាក្យ​​ក្រសួង​ព័ត៌មាន​ប្រាប់​ VOA​​ ក្នុង​​សិក្ខា​សាលា​​ស្តីពីក្រមប្រតិបត្តិផ្សព្វ​ផ្សាយ​អំពើហិង្សាលើស្រ្តី និងការប្រើប្រាស់អក្ខរាវិរុទ្ធតាមប្រព័ន្ធផ្សព្វផ្សាយ នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​ ​អ៊ុក គឹមសេង​ ​បន្ថែម​ថា​ក្រម​ប្រតិបត្តិ​ផ្សព្វផ្សាយ​នេះ​ ​នឹង​ជួយ​ឲ្យ​អ្នកសារព័ត៌មាន​​​យល់ដឹង​ពី​ការ​រាយការណ៍​ពាក់ព័ន្ធ​នឹង​​អំពើ​ហិង្សា​លើ​ស្រ្តី​បាន​ត្រឹមត្រូវ​ ​ជៀសវាង​ការ​រង​ពិន័យ​ពី​ច្បាប់​ស្តីពី​របប​សេរីភាព​សារ​ព័ត៌​មាន​កម្ពុជា។​

ក្រសួង​ព័ត៌មាន​នឹង​ដាក់​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រើប្រាស់​ ​នៅ​ចុង​ខែ​ឧសភានេះ​ ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​រាយការណ៍​ពី​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី​បាន​ត្រឹមត្រូវ​និង​មាន​សុវត្ថិភាព​ដល់​ជន​រងគ្រោះ​និង​អ្នក​រាយការណ៍​ខ្លួន​ឯង។​

ថ្លែង​ក្នុងសិក្ខា​សាលាស្តីពី​ក្រម​ប្រតិបត្តិ​ផ្សព្វ​ផ្សាយ​អំពើ​ហិង្សា​លើ​ស្រ្តី​និង​ការ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ​នៅព្រឹក​ថ្ងៃអង្គារ​នេះ​ លោក អ៊ុក ប្រាថ្នា​ រដ្ឋលេខាធិការ​នៃ​ក្រសួងព័ត៌មាន​លើក​ឡើង​ថា​ស្ថានភាព​បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ។​ ​ប៉ុន្តែ​អ្នកសារព័ត៌មាន​មួយ​ចំនួន​រាយការណ៍​ព័ត៌មាន​មិន​ច្បាស់លាស់​ ​ការ​រាយការណ៍​មិន​បាន​ស្គាល់​អត្ត​សញ្ញាណ​ ​អត្ថាធិប្បាយ​ដោយ​រៀប​រាប់​ពី​ភាពរន្ធត់​ ​ការ​ផ្សព្វផ្សាយ​ដោយ​មាន​ការ​ទម្លាក់​កំហុស​ដោយ​ចេតនា​ឬ​អចេតនា​ ​ទៅ​លើ​ជនរងគ្រោះ​ជា​ស្ត្រី​ ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​សុវត្ថិភាព​និង​តម្លៃ​ស្រ្តី​ខ្មែរ​ជាដើម។​

លោក​ អ៊ុក គឹមសេង​ ​អ្នក​នាំពាក្យ​ និង​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ប្រាប់​ VOA ក្នុងសិក្ខា​សាលានា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ ​អ្នក​សារ​ព័ត៌​មាន ​ជាពិសេសពិធីករ​ ​ពិធីការិនីវិទ្យុ​ ​និង​ទូរទស្សន៍​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​ ​បាន​រាយការណ៍​ពីអំពើ​ហិង្សា​លើ​ស្រ្តី​ដោយ​ប្រើប្រាស់ពាក្យ​ពេចន៍មិន​សមរម្យ​ ​និង​យល់​មិនច្បាស់​ពី​ផ្លូវច្បាប់​ជា​ដើម។​ លោក​ថា​ ​ការ​រាយការណ៍​ដោយ​មិន​យល់​ពី​ផ្លូវ​ច្បាប់​នឹង​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ដែល​ជាស្រ្តី​រង​អំពើ​ហិង្សា​ ​ក្លាយទៅ​ជា​ជន​មាន​កំហុស​ដោយ​សារ​តែ​ការ​អត្ថា​ធិប្បាយ​មិន​ត្រឹមត្រូវ​របស់​អ្នកសារ​ព័ត៌មាន។

លោក​បញ្ជាក់​ថា៖​

«នៅ​ពេល​ដែល​ពួក​គាត់​ដឹង​ហើយ​ថាគាត់​មិនគប្បី​ធ្វើ​អត្ថាធិប្បាយ​បែប​នេះ​ ​ហើយ​គាត់នៅ​តែ​ព្យាយាម​ធ្វើអញ្ចឹង​អាចជន​រងគ្រោះ​គាត់​អត់​ព្រមហើយគាត់​ប្តឹង​ផ្តល់​អី​ទៅ​ ​ឬអាច​ក្រសួង​មាន​សមត្ថ​កិច្ច​ ​ឧទាហរណ៍​ថា​ក្រសួង​កិច្ចការ​នារី​ដែល​គាត់​ឃ្លាំ​មើល​លើ​ការងារ​នេះ គាត់​នឹង​ចាត់​វិធាន​ការ»។​

លោក​ ​អ៊ុក គឹមសេង​ ​បន្ថែម​ថា​ក្រម​ប្រតិបត្តិ​ផ្សព្វផ្សាយ​នេះ​ ​នឹង​ជួយ​ឲ្យ​អ្នកសារព័ត៌មាន​យល់ដឹង​ពី​ការ​រាយការណ៍​ពាក់ព័ន្ធ​នឹងអំពើ​ហិង្សា​លើ​ស្រ្តី​បាន​ត្រឹមត្រូវ​ ​ជៀសវាង​ការ​រង​ពិន័យ​ពី​ច្បាប់​ស្តីពី​របប​សេរីភាព​សារ​ព័ត៌​មាន​កម្ពុជា។​

មាត្រា១៤​ ​និង​មាត្រា​១៥​ នៃ​របប​សេរីភាព​សារព័ត៌មាន​កម្ពុជាបាន​ហាមឃាត់​មិន​ឲ្យ​អ្នក​សារព័ត៌មាន​បោះ​ពុម្ព​ផ្សាយ​នូវ​អ្វី​ដែល​ប៉ះពាល់​ដល់​ប្រពៃ​ណីល្អ​របស់​សង្គម​ ​ឬ​ផ្សាយ​នូវ​ដំណឹង​ ​រូបថត​ ​ឬ​គំនូរផ្សេងៗដែលអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ស្រ្តី​រងគ្រោះ​ ​អនីតិជន​ ​ឬប៉ះពាល់​ដល់​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ជាដើម នឹង​ត្រូវ​ផ្តន្ទាទោសពិន័យ​ជា​ប្រាក់​ពី១លាន​រៀល​ ទៅ​៥លានរៀល។​

លោក​ ​ប៊ិន សុជាតិ​ ​នាយកប្រតិបត្តិ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ប្រាប់​ VOA ថា​អ្នកសារព័ត៌មាន​ ​មួយ​ចំនួននៅ​ខ្វះខាត​ចំណេះ​ដឹង​ ​និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ការរាយការណ៍​ដែល​មាន​គោល​បំណង​ជួយ​ដល់​ស្រ្តី​បែរជាបង្ក​ឲ្យ​ស្រ្តីកាន់តែ​ងាយ​រងគ្រោះ។​ ​លោក​បន្ថែម​ថា​ក្រម​ប្រតិបត្តិប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ​នឹងជួយ​ដល់​ស្រ្តីឲ្យគេចផុតពីភាព​ងាយរងគ្រោះពី​អំពើហិង្សា​គ្រប់រូបភាព។

លោក ប៊ិន សុជាតិ នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា ប្រាប់ VOA ថា ក្នុង​សិក្ខាសាលា​ស្តីពីក្រមប្រតិបត្តិផ្សព្វផ្សាយអំពើហិង្សាលើស្រ្តី និងការប្រើប្រាស់អក្ខរាវិរុទ្ធតាមប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក ប៊ិន សុជាតិ នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា ប្រាប់ VOA ថា ក្នុង​សិក្ខាសាលា​ស្តីពីក្រមប្រតិបត្តិផ្សព្វផ្សាយអំពើហិង្សាលើស្រ្តី និងការប្រើប្រាស់អក្ខរាវិរុទ្ធតាមប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​ ​ប៊ិន សុជាតិ​ ​នាយកប្រតិបត្តិ​ក្លឹប​អ្នក​កាសែត​កម្ពុជា៖​

«នឹង​ជួយ​ទៅ​ដល់​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិតសង្គម​ ​កុំ​ឲ្យថា​មានអំពើ​ហិង្សា​ដោយ​សារ​តែស្រ្តីនោះ​ស្លៀកខ្លី ដោយ​សារ​តែស្រ្តី​នោះ​គាត់ដើរ​យប់​ ​ស្រ្តី​នោះ​មិន​គួរ​ទៅ​កន្លែង​នេះ​ ​អញ្ចឹង​អាហ្នឹង​ជាអ្វី​ដែល​យើង​សង្ឃឹម​ថា​នៅ​ពេល​ដែល​ក្រម​ប្រតិបត្តិ​នេះ​ចេញ​ទៅ​ ​ហើយ​នឹង​អនុវត្ត​ដោយ​អ្នក​សារព័ត៌មាន​នៅ​តាម​ក្រម​ប្រតិបត្តិ​នេះ ​នឹង​ជួយ​មួយ​ផ្នែក​ធំ​ដល់​បញ្ហា​យេនឌ័រ​នៅ​ក្នុង​សង្គម​កម្ពុជា​យើង»។​

តាម​ការ​ឲ្យ​ដឹង​របស់​លោក​ ​អ៊ុក គឹមសេង​ ​ប្រកាស​រួម​ស្តីពី​ក្រម​ប្រតិ​បត្តិប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​ពី​អំពើ​ហិង្សា​លើ​ស្រ្តី​ដែល​មាន​១៥​ប្រកា​នេះ​ ​នឹង​ត្រូវដាក់​ឲ្យ​អនុវត្ត​ក្នុង​អំឡុង​ខែ​ឧសភានេះ​ ​បន្ទាប់​ពី​មាន​ការ​ចុះ​ហត្ថ​លេខាពី​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ ​លោក​ ​ខៀវ កាញារីទ្ធ​ ​និង​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​ ​លោកស្រី​ ​អ៊ឹង កន្ថាផាវី៕

XS
SM
MD
LG