ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​កុមារ​​និង​សមភាព​យេនឌ័រ​ នឹង​ស្នើ​សុំ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ


លោក​ស្រី​លោក​ស្រី​ រស់ ​សុភាព​ នាយិការ​ប្រតិបត្តិ​នៃអង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍ និង​ជា​ អគ្គលេខាធិការ​នៃ​បណ្តាញ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដែល​ផ្តួចផ្តើម​ការ​សិក្សា​លើ​ច្បាប់​ស្តីពីការទប់ស្កាត់អំពើហិង្សក្នុងគ្រួសារ​និយាយជាមួយ ផន បុប្ផា នៃ ​VOA​ កាល​ពី​ថ្ងៃ​ពុធ ទី០៣ ខែឧសភា ​នៅ​ការិយាល័យ​របស់​លោក​ស្រី​។​ (ផនបុប្ផា/ VOA)
លោក​ស្រី​លោក​ស្រី​ រស់ ​សុភាព​ នាយិការ​ប្រតិបត្តិ​នៃអង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍ និង​ជា​ អគ្គលេខាធិការ​នៃ​បណ្តាញ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដែល​ផ្តួចផ្តើម​ការ​សិក្សា​លើ​ច្បាប់​ស្តីពីការទប់ស្កាត់អំពើហិង្សក្នុងគ្រួសារ​និយាយជាមួយ ផន បុប្ផា នៃ ​VOA​ កាល​ពី​ថ្ងៃ​ពុធ ទី០៣ ខែឧសភា ​នៅ​ការិយាល័យ​របស់​លោក​ស្រី​។​ (ផនបុប្ផា/ VOA)

អង្គការ​សង្គមស៊ីវិល​ ដែល​ធ្វើ​ការ​ដើម្បី​សមភាព​យេនឌ័រ​និង​កុមារ​បាន​និយាយ​ថា ច្បាប់​នេះ​មាន​ចំណុច​ខ្វះខាត​ជាច្រើន​ ដែល​ទាមទារ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឲ្យ​មាន​ប្រសិទ្ធភាព។

អង្គការ​កុមារ​និង​សមភាព​យេនឌ័រ​ កំពុង​ធ្វើ​ការ​រួមគ្នា​ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​និង​កិច្ច​ការពារ​ជន​រងគ្រោះ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដែល​នាំ​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​ និង​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ ​និង​សេដ្ឋកិច្ច​ជាតិ ។

គិត​ចាប់​តាំង​ពី​ឆ្នាំ ​ ២០១៤​មក ​យ៉ាង​ហោចណាស់​មាន​អំពើ​ហិង្សា​ជាង​៤០០ករណី​កើត​ឡើង​ដែល​នាំ​ឲ្យ​ស្ត្រី​ចំនួន​ជាង​ ៤០ ​នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ ១៣ ​ខេត្ត​ក្រុង​ដែល​ឃ្លាំ​មើល​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។

ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ច្បាប់​ស្តី​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ការពារ​ជន​រង​គ្រោះ​ដែល​មាន​ ៨ ​ជំពូក​និង ​៣៧ ​មាត្រា​ត្រូវ​បាន​ព្រាង​នៅ​ពាក់​កណ្តាល​ទសវត្សរ៍ ​៩០ ​និង​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ ​២០០៥ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ជា​សមាជិក​នៃ​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី​ភេទ​នៅ​ក្នុង​ឆ្នាំ​១៩៩២។

ទោះ​ជា​យ៉ាងណា​អង្គការ​សង្គមស៊ីវិល​ ដែល​ធ្វើ​ការ​ដើម្បី​សមភាព​យេនឌ័រ​និង​កុមារ​បាន​និយាយ​ថា ច្បាប់​នេះ​មាន​ចំណុច​ខ្វះខាត​ជាច្រើន​ ដែល​ទាមទារ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឲ្យ​មាន​ប្រសិទ្ធភាព។

នៅ​ដើម​ឆ្នាំ​ ២០១៣​ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​ International Women's Rights Action Watch-Asia Pacific គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី​ភេទ​ដែល​ហៅ​កាត់​ថា​ NGO-ស៊ីដរ​ និង​បណ្តាញ​ យេនឌ័រ ​និង​អភិវឌ្ឍន៍ ​ដែល​ហៅ​កាត់​ថា​ GADNet​ បាន​ចាប់​ផ្តើម​គម្រោង ​ដែល​អនុលោម​ទៅ​តាម​ CDAW ​ដោយ​ឲ្យ​អង្គការ​ចំនួន​ ៣០ ​ដែល​ជា​សមាជិក​ ពិនិត្យ​ច្បាប់​នេះ​ឡើងវិញ។

ក្រោយ​មក​ការ​សិក្សា​ពី​ការ​កែប្រែ​ច្បាប់​នេះ​ចាប់​ផ្តើម​ឡើង​នៅ​ឆ្នាំ​ ២០១៦ ​បន្ទាប់​ពី​មាន​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ច្បាប់​នេះ​នៅ​ក្នុង​ឆ្នាំ​ ២០១៤ ​ដោយ​បណ្តាញ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ក្រោម​ការ​សហការ​ពី​សាកលវិទ្យាល័យ​ Royal Holloway University of London​ នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍។

សព្វ​ថ្ងៃ​ NGO-ស៊ីដរ ​GADNet ​និង​អង្គការ ​Save the Children ​កំពុង​សិក្សា​ទៅ​លើ​ច្បាប់​ស្តី​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រង​គ្រោះ​ និង​កំពុង​ទទួល​យោបល់​ពី​អង្គការ​ដទៃ​ទៀត​ជាច្រើន ដើម្បី​ស្នើ​សុំ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​នានា ​ដែល​ជា​ការ​បង្អាក់​ការ​អនុវត្ត​ច្បាប់​នេះ​ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

ការ​សិក្សា​ផ្តោត​ទៅ​លើ​ខ្លឹមសារ​ច្បាប់ ​និង​ការ​អនុវត្ត​ច្បាប់​ស្តី​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រង​គ្រោះ​នៅ​កម្ពុជា។

អ្នកស្រី​ រស់ ​សុភាព​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ និង​ជា​ អគ្គលេខាធិការ​នៃ​បណ្តាញ​យេនឌ័រ​និង​អភិវឌ្ឍន៍​ ដែល​ផ្តួចផ្តើម​ការ​សិក្សា​លើ​ច្បាប់​នេះ​បាន​ប្រាប់ ​VOA​ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅ​ការិយាល័យ​របស់​លោក​ស្រី​ថា៖

«យើង​ស្រាវជ្រាវ​ហ្នឹង​មើល​ទៅ​លើ​ច្បាប់​ស្តី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​និង​ការ​អនុវត្ត​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ថា​ តើ​មាន​ស្អី​ដែល​ធ្វើ​ឲ្យ​វា​រលូន​ឬ​ក៏​វា​មាន​ការ​ប្រឈម​អី​ទៅ​លើ​រឿង​ដែល​គេ​ហៅ​ថា​ វប្បធម៌​ដោយសារ​មួយ​ច្បាប់​មួយ​វប្បធម៌​ ដែល​អនុវត្ត​រាប់រយ​ឆ្នាំ​របស់​ប្រជាពលរដ្ឋ​មក​ហើយ​ហ្នឹង»។

អ្នក​ស្រី​បន្ត​ថា មាត្រា​ស្ទើរ​តែទាំង​អស់​នៃ​ច្បាប់​នេះ​មាន​ភាព​មិន​ច្បាស់​លាស់។ ច្បាប់​នេះ​មិន​បាន​កែប្រែ​អ្នក​ដែល​ប្រព្រឹត្តិ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះ​ទេ ហើយ​ច្បាប់​នេះ​ជា​ការ​ដាក់​បន្ទុក​កាន់​តែ​ខ្លាំង​ទៅ​លើ​ជន​រងគ្រោះ​និង​សមាជិក​គ្រួសារ។

«ច្បាប់​នឹង​អត់​អាច​អនុវត្ត​បាន​ទេ​ដោយសារ​ថា យើង​ឃើញ​មាន​ការ​ជជែក​ពី​អ្នក​ដែល​ទទួល​រងគ្រោះ​ជា​ស្ត្រី អ្នក​ច្បាប់​ ហើយ​និង​បុរស​ដែល​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍។ គាត់​បាន​លើក​ឡើង​អំពី​បញ្ហា​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ច្បាប់​នេះ​មិន​អាច​អនុវត្ត​បាន​រលូន»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​អង្គការ​ជាង​៦០​បាន​ជួបជុំ​គ្នា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ពិភាក្សា​បន្ថែម​ពី​ចំណុច​ផ្សេងៗ​នៅ​ក្នុង​ច្បាប់​នេះ​ ដែល​គួរ​ត្រូវ​បាន​កែ​សម្រួល ​ដើម្បី​ឲ្យ​ស្រប​នឹង​ស្ថានភាព​សង្គម​នា​ពេល​បច្ចុប្បន្ន។

យោង​តាម​ឯកសារ​គោល​គំនិត ​ដែល​ចេញ​ជារួម​ដោយ​អង្គការ​ដែល​សិក្សា​ទៅ​លើ​ច្បាប់​នេះ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្រ​អនុវត្ត​ច្បាប់​នេះ​ទាំងស្រុង បើ​ទោះ​បី​ជា​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​អស់​រយៈពេល​១២​ឆ្នាំ​មក​ហើយ​ក៏​ដោយ​នោះ។ មនុស្ស​ជា​ច្រើន ​ដែល​រួម​ទាំង​នគរបាល ​និង​អាជ្ញាធរ​ក្នុង​ស្រុក​ផង​នោះ​មិន​យល់​ពី​ច្បាប់​នេះ​ច្បាស់លាស់​នោះ​ទេ។

ភាគ​ច្រើន​អាជ្ញាធរ​អនុវត្ត​ច្បាប់​នេះ​នៅ​ពេល​ដែល​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​ជា មាន​ការ​បង្ក​ឲ្យ​មាន​របួស​ និង​ការ​បាត់បង់​ជីវិត​ដោយ​សារ​ច្បាប់​នេះ​មិន​មាន​ការ​ណែនាំ​ច្បាស់លាស់​ដល់​អាជ្ញាធរ​ទាំង​នោះ​ដើម្បី​អនុវត្ត។

អ្នក​ស្រី​ ពុង​ ឈីវកេក​ ប្រធាន​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី​ភេទ​ ហៅ​កាត់​ថា​ NGO-ស៊ីដរ (NGO-CEDAW) ​មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ពេល​ជួបជុំ​នោះ​ថា ​ច្បាប់​នេះ​មិន​មាន​ការ​ចង្អុល​បង្ហាញ​ច្បាស់លាស់។

«ខ្ញុំ​ថា​នៅ​ខ្វះខាត​ដោយសារ​យើង​ឃើញ​ថា​មាន​បុរស​ និង​ស្ត្រី​ខ្លះ​អត់​បាន​រៀប​អាពាហ៍ពិពាហ៍​ទេ​ ហើយ​នៅ​ផ្ទះ​ដាច់​ពី​គ្នា​ទៀត។អញ្ចឹង​យើង​ចង់​ឲ្យ​ច្បាប់​ហ្នឹង​គ្រប់គ្រង​ទាំង​អ្នក​ទាំង​អស់​គ្នា​ហ្នឹង»។

រូបឯកសារ៖ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ក្រោយការផ្តល់បទសម្ភាសន៍ដល់ VOA Khmer នៅឯការិយាល័យអង្គការលីកាដូរបស់លោកស្រី រំលឹកអំពីដំណើរ​សន្តិភាពរបស់កម្ពុជាចាប់ពីកិច្្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីសឆ្នាំ ១៩៩១​ មកបច្ចុប្បន្នកាល។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ក្រោយការផ្តល់បទសម្ភាសន៍ដល់ VOA Khmer នៅឯការិយាល័យអង្គការលីកាដូរបស់លោកស្រី រំលឹកអំពីដំណើរ​សន្តិភាពរបស់កម្ពុជាចាប់ពីកិច្្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីសឆ្នាំ ១៩៩១​ មកបច្ចុប្បន្នកាល។ (ខាន់ សុគុំមនោ/VOA)

អ្នក​ស្រី​បន្ថែម​ថា​ ច្បាប់​ដែល​មាន​អាយុ​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ​ ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​ដើម្បី​ឲ្យ​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន​ពិត​ជាក់​ស្តែង​ និង​ស្របតាម​ច្បាប់​អន្តរជាតិ​ និង​ដើម្បី​ឲ្យ​ច្បាប់​នេះ​មាន​វិសាលភាព​ធំ​ជាង​មុន។​

«យើង​មាន​ករណី​ខ្លះទៅ​ធ្វើ​បាប​ម្តាយ​ក្មេក​ទៅ​ធ្វើ​បាប​មាមីង​ ហើយ​ជួន​កាល​ស្ត្រី​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ក៏​ត្រូវ​ដាក់​ក្នុង​ច្បាប់​ហ្នឹង។ បើ​មិន​ដាក់​យើង​ខ្លាច​ថា​ អ្នក​ដែល​អនុវត្ត​ច្បាប់​នឹង​លោក​វិភាគ​ថា អត់​មាន​នៅ​ក្នុង​ច្បាប់​អញ្ចឹង​មិន​យក​មក​អនុវត្ត​ទេ។ អញ្ចឹង​បើ​ដាក់​ក្នុង​ច្បាប់​ទៅ​ខ្ញុំ​យល់​ថា ​អា​នេះ​ជា​ការ​ប្រសើរ​ជាង»។

អ្នកស្រី​សង្ឃឹម​ថា ​រដ្ឋាភិបាល​នឹង​ឆ្លើយ​តប​ជា វិជ្ជមាន​ចំពោះ​ការ​ស្នើ​សុំ​នេះ។

«ហើយ​យើង​សង្ឃឹម​ថា​ រដ្ឋាភិបាល​នឹង​យក​សំណូមពរ​របស់​យើង​ចាប់អារម្មណ៍​សំណូមពរ​របស់​យើង​ ហើយ​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​រដ្ឋសភា​លោក​មេត្តា​អនុម័ត​សេចក្តី​សំណូមពរ​របស់​យើង​ហ្នឹង»។​

មន្ត្រី​ក្រសួងកិច្ចការនារី​មួយ​រូប​ ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ​ដោយ​លើកឡើង​ថា ខ្លួន​មិនមែន​ជា​អ្នក​ផ្តល់​អត្ថាធិប្បាយ​ដល់​អ្នក​សារព័ត៌មាន​នោះ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រសួង​ដឹង​អំពី​ភាព​ខ្វះខាត​នៃ​ច្បាប់​ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​សំណើ​របស់​សង្គម​ស៊ីវិល​ហើយ​ថា​ ក្រសួង​នឹង​ធ្វើការ​ទៅ​លើ​រឿង​នេះ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​ដែល​ពួក​គេ​បញ្ចប់​កិច្ចការ​ស្នើសុំ​របស់​ពួកគេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​រូប​នេះ​បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​មិន​ធ្វើ​ការ​កែប្រែ​មាត្រា​ទាំង​អស់​នោះ​ទេ។

យោង​ទៅ​តាម​ស្ថិតិ​ដែល​ផ្តល់​ដោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ដែល​ឃ្លាំមើល​អំពើ​ហិង្សា​ក្នុង​គ្រួសារ​លើ​ស្ត្រី​ក្នុង​ចំណោម​ ១៣​ខេត្ត​ក្រុង​ដែល​មាន​ការិយាល័យ​លីកាដូ​តាំង​នៅ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ ២០១៤ ​អង្គការ​នេះ​បាន​ទទួល​ពាក្យ​បណ្តឹង​ករណី​អំពី​ហិង្សា​ក្នុង​គ្រួសារ​ចំនួន​ ១៦៣​ ករណី​ដែល​ក្នុង​នោះ​មាន​ស្ត្រី​ ៨​ នាក់​បាន​ស្លាប់។ នៅ​ក្នុង​ឆ្នាំ ​២០១៥​ ករណី​អំពើ​ហិង្សា​ដែល​អង្គការ​នេះ​ទទួល​បាន​មាន​ចំនួន​ធ្លាក់​ចុះ​មក​ត្រឹម​ ១៣៧​ ករណី ​តែ​ចំនួន​ស្ត្រី​ដែល​បាត់​បង់​ជីវិត​មាន​ការ​កើន​ឡើង​រហូត​ដល់ ​២១​ នាក់។ នៅ​ក្នុង​ឆ្នាំ​ ២០១៦ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ដែល​អង្គការ​នេះ​ទទួល​បាន​មាន​ ១២៥ ​ករណី​ក្នុង​នោះ​មាន​ស្ត្រី ​១១ ​នាក់​បាន​បាត់បង់​ជីវិត។ ហើយ​នៅ​៣​ខែ​ដើម​ឆ្នាំ​ ២០១៧ ​នេះ​អង្គការ​នេះ​ទទួល​បាន​ពាក្យ​បណ្តឹង​ចំនួន​ ២៣ ​ករណី​ដែល​ក្នុង​នោះ​មាន​ស្ត្រី​ ៤នាក់​បាន​បាត់បង់​ជីវិត។

ភាគ​ច្រើន​ស្ត្រី​ដែល​បាត់បង់​ជីវិត​នោះ​ធ្លាប់​រង​អំពើ​ក្នុង​គ្រួសារ​ជាច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ៕

XS
SM
MD
LG