ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អន្តរជាតិ​ផ្តល់​ពាន​រង្វាន់​ដល់​បុរស​ដែល​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី


​អង្គការ Vital Voices ​បាន​ទទួល​ស្គាល់​បុរស​ប្រាំនាក់​សម្រាប់​កិច្ច​ខំ​ប្រឹងប្រែង​របស់​ពួក​គេ​ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​«‍សំឡេង​នៃ​សាមគ្គីភាព»​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃច័ន្ទ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)
​អង្គការ Vital Voices ​បាន​ទទួល​ស្គាល់​បុរស​ប្រាំនាក់​សម្រាប់​កិច្ច​ខំ​ប្រឹងប្រែង​របស់​ពួក​គេ​ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​«‍សំឡេង​នៃ​សាមគ្គីភាព»​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃច័ន្ទ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)

អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ស្ត្រី​បាន​រក​ឃើញ​ថា ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​បី​នាក់​ធ្លាប់​បាន​ឆ្លង​កាត់​អំពើ​ហិង្សា​លើ​រូបរាង​កាយ ​ឬ​ខាង​ផ្លូវ​ចិត្ត។

ខណៈ​ដែល​ប្រទេស​ជា​ច្រើន​កំពុង​ធ្វើ​យុទ្ធនាការ​រយៈ​ពេល​ពីរ​សប្ដាហ៍​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី ​អង្គការ ​Vital Voices​ ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី ​និង​សមភាព​យេនឌ័រ ​បាន​ផ្តល់​ពាន​រង្វាន់​កិត្តិយស​ដល់​បុរស​ចំនួន​៥នាក់ ​ដែល​បាន​ធ្វើ​ការងារ​ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី។​

នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ ​បញ្ហា​ខ្លះៗ​ក្នុង​សកល​លោក​មាន​ភាព​ប្រសើរ​ឡើង ​ក៏​ប៉ុន្តែ​បញ្ហា​មួយ​នៅ​តែ​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ​ហើយ​អ្នក​ខ្លះ​ថែម​ទាំង​យល់​ថា ​បញ្ហា​នេះ​កាន់​តែ​មាន​ភាព​យ៉ាប់យ៉ឺន​ឡើង។​ បញ្ហា​នោះ​គឺ​អំពើ​ហិង្សា​លើ​ស្ត្រី។ ​យ៉ាងណាមិញ ​មានការ​ទទួល​ស្គាល់​ថា​ ការ​ចូលរួម​ដ៏​សកម្ម​របស់​បុរស​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ជា​បន្ត​បន្ទាប់​ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី។​

អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ស្ត្រី​បាន​រក​ឃើញ​ថា ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​បី​នាក់​ធ្លាប់​បាន​ឆ្លង​កាត់​អំពើ​ហិង្សា​លើ​រូបរាង​កាយ ​ឬ​ខាង​ផ្លូវ​ចិត្ត។​ លោក​ស្រី ​Cindy Dyer​ នាយិកា​រង​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ ​Vital Voices​ យល់​ថា ​តួ​លេខ​នេះ​គឺ​ជា​រឿង​ដ៏​ព្រួយ​បារម្ភ​មួយ ​ហើយ​បុរសៗ​ចាំ​បាច់​ត្រូវ​តែ​ចូលរួម​ដោះស្រាយ។​

«‍តាម​ពិត​ទៅ​ បុរស​ភាគ​ច្រើន​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទេ។ ​ប៉ុន្តែ​គ្រាន់​តែ​ប៉ុណ្ណឹង​វា​មិន​គ្រប់គ្រាន់​ទេ។ ​ការណ៍​ដែល​បុរស​គ្រាន់​តែ​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ វា​មិន​គ្រប់​គ្រាន់​ទេ។ ​បុរស​ត្រូវ​ធ្វើ​ការងារ​ផ្សេង​ទៀត។ ​យើង​ត្រូវ​ឲ្យ​បុរស​ទាមទារ​មិន​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ»។​

លោកស្រី ​Cindy Dyer​ បាន​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​កិត្តិយស​ដល់​បុរស​ចំនួន​ប្រាំ​នាក់ ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។​

លោក​ស្រី ​Dyer​ ក៏​បាន​បន្ថែម​ទៀត​ថា ​ស្ត្រី​ដែល​ជា​សកម្មជន ​និង​ជា​អ្នក​គាំពារ​សិទ្ធិ​មនុស្ស ​បាន​ទទួល​ស្គាល់​យ៉ាង​ពេញ​ទំហឹង​ថា ​ការ​ចូលរួម​របស់​បុរស​ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​នេះ។​

តាម​ពិត​ទៅ ​ការ​ចូល​រួម​របស់​បុរសក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ស្ត្រី​ជា​ច្រើន​នាក់​ជុំវិញ​ពិភពលោក ​ដែល​ចង់​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។ ​នេះ​បើ​យោង​តាម​លោក ​Gary Barker ​ស្ថាបនិក​នៃ​អង្គការ​ Promundo ​ដែល​ដឹក​នាំ​បុរស ​និង​ក្មេង​ប្រុស​ឲ្យ​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ដំណើរ​ការ​ដែល​លោក​ចាត់​ទុក​ថា​«‍ការ​វិវត្ត​សមភាព​យេនឌ័រ»។​

«‍យើង​មាន​វត្តមាន​នៅ​ទីនេះ​ គឺ​ដោយសារ​មាន​ស្ត្រី​ដ៏​ក្លាហាន​ជា​ច្រើន​នាក់​បាន​ក្រោក​ឈរ​ឡើង​ ហើយ​និយាយ​ថា ​យើង​ទាំង​អស់​គ្នា​ ទាំង​បុរស និង​ស្ត្រី ​ត្រូវ​តែ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី ​ហើយ​ថា ​យើង​ត្រូវ​តែ​រក​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​បុរស​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ»។​

លោក ​Gary Barker ​ក៏​បាន​បន្ថែម​ទៀត​ថា ​ការ​ចូលរួម​របស់​បុរស​ក្នុង​យុទ្ធនាការ​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ធានា​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​មាន​ធនធាន ​ដែល​រួម​មាន​ការ​គាំពារ​ខាង​សង្គម ​និង​ផ្លូវ​ច្បាប់​សម្រាប់​ស្ត្រី​ដែល​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​នោះ។​

លោក ​Gary Barker​ គឺជា​អ្នក​ដែល​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​ម្នាក់​ក្នុង​ចំណោម​បុរស​ប្រាំនាក់​ ដែល​ក្នុង​នោះ​រួមមាន​ ព្រះ​អង្គ​ម្ចាស់ ​Zeid Ra'ad Al Hussen​ ដែល​ជា​ឧត្តម​ស្នងការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ​លោក ​Sadou Lemankreo ​ស្នងការ​ប៉ូលិស​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ប្រទេស ​Cameroon​ និង​លោក ​John Prendergast ​សកម្មជន​សិទ្ធិ​មនុស្ស​របស់​អាមេរិក​ដ៏​ល្បីល្បាញ​ម្នាក់ ​និង​លោក Thomas J. Wilson​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង ​Allstate​ និង​ជា​នាយក​នៃ​មូល​និធិ ​Allstate​ ដែល​មាន​យុទ្ធនាការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​សហ​រដ្ឋ​អាមេរិក។​

សកម្ម​ជន​ដែល​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​ទាំង​អស់​នេះ​មាន​ទស្សនៈ​រៀងៗ​ខ្លួន​ទាក់ទង​នឹង​បញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី។ ​លោក ​John Prendergast បាន​ចាត់​ទុក​អំពើ​ហិង្សា​ដែល​បាន​កើត​មាន​ និង​កំពុង​កើត​មានលើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​ដែល​ឆ្លង​កាត់​សង្គ្រាម​ ​មាន​ស្ថានភាព​ដុន​ដាប​ខ្លាំង។

«‍អំពើ​ហិង្សា​ខាង​ផ្លូវ​ភេទ​គឺ​ជា​អាវុធ​ដ៏​អាក្រក់​បំផុត ​និង​មាន​ប្រសិទ្ធភាព​ជា​សក្តានុពល​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​សង្គ្រាម»។​

រីឯ​ព្រះ​អង្គ​ម្ចាស់ ​Zeid Ra'ad Al Hussen​ ​ឧត្តម​ស្នងការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ ថ្លែង​ថា ​ដល់​ពេល​ដែល​អំពើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី​ត្រូវ​តែ​បញ្ចប់។​

«‍អំពើ​នេះ​ត្រូវ​តែ​បញ្ឈប់។ ​ហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើការ​រួម​គ្នា​ដើម្បី​បំពេញ​កាតព្វកិច្ច​នេះ ​ហើយ​ធ្វើ​ឲ្យ​ការ​ប្តេជ្ញា​នេះ​ក្លាយ​ជា​ការណ៍​ពិត​រហូត​ទៅ»។​

លោក ​Thomas Wilson ​យល់​ថា ​ការ​ពង្រឹង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ស្ត្រី​ក៏​ដើរ​តួនាទី​ក្នុង​ការ​ជួយ​ឲ្យ​ស្ត្រី​ហ៊ាន​និយាយ​អំពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែរ។​

«‍ថវិកា​គឺជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ជ្រើស​រើស។ ​ហើយ​កង្វះ​សមត្ថភាព​ផ្នែក​សេដ្ឋកិច្ច​បាន​បង្ខំ​ឲ្យ​ស្ត្រី​ ដែល​ជា​ជន​រងគ្រោះ​ បន្ត​រស់នៅ​រង​អំពើ​ហិង្សា។ ​ដូច្នេះ​ ការ​ផ្តល់​ការ​អប់រំ​ខាង​សេដ្ឋកិច្ច ​និង​ពង្រឹង​សមត្ថភាព​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្រ្តីអាច​ជួយ​ស្ត្រី​បាន​ច្រើន»។​

ទាំង​សកម្មជន ​និង​អ្នក​ចូលរួម​ទាំង​អស់​ បាន​ទទួល​ស្គាល់​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​បុគ្គល​គ្រប់​រូប ​ទាំង​អ្នក​អនុវត្ត​ច្បាប់ ​និង​អ្នក​តាក់តែង​ច្បាប់។ ​ក៏​ប៉ុន្តែ ​អ្វី​ដែល​បុរស​គ្រប់​រូប​អាច​ធ្វើ​ចាប់​ពី​ពេល​នេះ​ទៅ ​គឺ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​វប្បធម៌​របស់​ខ្លួន ​ដោយ​ធ្វើការ​ថ្កោល​ទោស​អំពើ​ហិង្សា ​និង​ការពារសមភាព​វាង​បុរស ​និង​ស្ត្រី៕​

XS
SM
MD
LG