សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅសប្តាហ៍នេះ បានឧបត្ថម្ភទូកចែវនារីមួយគ្រឿងដើម្បីចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែដែលប្រារព្ធធ្វើឡើងក្នុងរាជធានីភ្នំពេញ ចាប់ថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូត លោក George Edgar ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ការឧបត្ថម្ភជាលើកដំបូងរបស់សហភាពអឺរ៉ុប គឺដើម្បីធានានូវភាពស្មើភាពគ្នា ដើម្បីចូលរួមក្នុងការកិច្ចការសង្គម រួមទាំងកាត់បន្ថយអំពើហិង្សាលើស្ត្រីនិងកុមារ និងការលើកកម្ពស់សិទ្ធិស្ត្រីផងដែរ។
លោក George Edgar ត្រូវបានគេស្រង់សម្តីក្នុងន័យដើមថា៖
«ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុបមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានគាំទ្រប្រពៃណីវប្បធម៌ដ៏សំខាន់នេះរបស់ប្រទេសកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីឲ្យស្ត្រីនៅមូលដ្ឋានក្នុងប្រទេសកម្ពុជាបានចូលរួមការអភិវឌ្ឍដើម្បីភាពស្មើគ្នាក្នុងសង្គម»។
ការឧបត្ថម្ភរបស់សហភាពអឺរ៉ុបនេះ រួមមានការផ្តល់ជាសម្ភារៈ និងអាហារសម្រាប់ក្រុមកីឡាករទូកចែវនារីឈ្មោះព្រះពៃស្រពណ៌ ដល់កីឡាករនារីចំនួន ៤២នាក់ មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សហភាពអឺរ៉ុបក៏ឧបត្ថម្ភការស្នាក់នៅ និងការហាត់សមរបស់ទូកចែវនារី ព្រះពៃស្រពណ៌មុនពេលចូលប្រកួតក្នុងព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២៣ ខែវិច្ឆិកា។ នេះគឺជាការឧបត្ថមលើកដំបូងបំផុតពីសហភាពអឺរ៉ុបដើម្បីផ្សព្វផ្សាយការលុបបំបាត់អំពើហិង្សាលើស្រ្តីនិងកុមារ។
ពិធីប្រកាសការឧបត្ថម្ភសម្រាប់ទូកចែវនារីមួយគ្រឿងនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក George Edgar កីឡាករចំណុះទូក និងមន្ត្រីកម្ពុជាជាច្រើនរូបផងដែរ។ នៅក្នុងការពិធីនេះដែរ កីឡាការិនីក៏បានទទួលអាវយឺតដែលមានសារសរសេរថា «និយាយថា ទេ! ចំពោះអំពើហិង្សាលើស្ត្រី» សម្រាប់ប្រើប្រាស់ពេលអុំទូកផងដែរ។
ទើបតែឡើងពីទូក ក្រោយធ្វើការហាត់សមរួច កីឡាការិនីឈ្មោះសន ស្រីម៉ាច អាយុ៤០ឆ្នាំ ប្រចាំទូកចែវព្រះពៃស្រពណ៌ដែលត្រូវបានសហភាពអឺរ៉ុបឧបត្ថម្ភនេះបានបង្ហាញពីក្តីរំភើបអបអរដែលមានការជួយលើកតម្កើងសិទ្ធិ និងការចូលរួមរបស់ស្ត្រីនៅកម្ពុជា។
កីឡាការិនីឈ្មោះសន ស្រីម៉ាច បាននិយាយប្រាប់ VOA ដោយញញឹមថា៖
«មានអារម្មណ៍ថា ឲ្យមាននារីចែវអ៊ីចឹង ដូចមានមោទនភាពដែរ។ គេជួយលើកតម្កើងស្ត្រីខ្មែរយើង»។
កីឡាការិនីដដែលនេះក៏ចង់ឲ្យមានការឧបត្ថម្ភ និងការចូលរួមពីកីឡាការិនីផ្សេងៗទៀតក្នុងពិធីបុណ្យអុំទូកឱ្យបានកាន់តែច្រើនផងដែរ។
ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែក្នុងឆ្នាំ២០១៨នេះ មានទូកនារីចំនួនបួនទូកដែលមានកីឡាការិនីជាង២០០នាក់ប៉ុណ្ណោះ ក្នុងចំណោមទូកសរុបចំនួន២៩៥ទូក និងកីឡាករកីឡាការិនីសរុបចំនួន១៩.០៧០នាក់។ នេះបើយោងតាមលោក ប៊ូ ជុំសេរី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្ដរជាតិ។
ក្នុងពិធីបុណ្យជាតិរយៈពេលបីថ្ងៃនេះ ក្រសួងមហាផ្ទៃក៏បានត្រៀមកម្លាំងចម្រុះទាំងចំហ និងសម្ងាត់ជាងមួយម៉ឺនបីពាន់នាក់សម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ ខណៈទូកអុំមានចំនួនកើនឡើងរហូតដល់២៩៥ទូក ដែលកាលពីឆ្នាំ២០១៧ មានតែ២៧០ទូកតែប៉ុណ្ណោះ។ ស្របគ្នានោះដែរ សាលាក្រុងភ្នំពេញក៏បានត្រៀមបង្គន់សាធារណៈចំនួន៥៩៧បន្ទប់ តម្លើងនៅទីតាំងចំនួន៣១កន្លែង ដាក់ពង្រាយធុងសម្រាមចំនួន១.៦៧១ធុង នៅតាមទីតាំងសំខាន់ៗ និងមានកម្លាំងសម្អាតចំនួន៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលគេរំពឹងថា នឹងមានអ្នកចូលរួមប្រមាណ២លាននាក់ក្នុងឆ្នាំ២០១៨នេះ។
នេះជាឆ្នាំទីបីហើយ ដែលកម្ពុជាបានប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកឡើងវិញ បន្ទាប់ពីអាក់ខានមិនបានប្រារព្ធពិធីបុណ្យប្រពៃណីមួយនេះរយៈពេល៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ក្រោយពីមានហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រ ដែលបណ្ដាលឲ្យមនុស្សជាង៣៥០នាក់ស្លាប់ និងដោយសារហេតុផលគ្រោះទឹកជំនន់ និងក្រោយការសោយទីវង្គតរបស់ព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ។ ក្នុងឆ្នាំ២០១៤ ពិធីបុណ្យបុណ្យអុំទូកត្រូវបានរៀបចំធ្វើឡើងវិញ តែក៏បានខកខានម្ដងទៀតនៅឆ្នាំ២០១៥។
លោកប៊ូ ជុំសេរី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្ដរជាតិ បាននិយាយប្រាប់ VOA តាមទូរស័ព្ទកាលពីថ្ងៃពុធថា ស្ថានភាពថ្ងៃទី១នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែក្នុងឆ្នាំ២០១៨នេះល្អប្រសើរ និងភាពរលូនល្អ រួមទាំងអាកាសធាតុមិនមានអ្វីគួរឲ្យបារម្ភនោះទេ។
លោកបាននិយាយប្រាប់ VOA តាមទូរសព្ទកាលពីថ្ងៃពុធនេះថា៖
«អូ! អត់មានអីទេអូន! រលូនស្រួលណាស់ ទាំងអាកាសធាតុ ទាំងប្រជាពលរដ្ឋ ទាំងគណៈកម្មការ។ បងប្អូនទូកអីមើលទៅល្អណាស់ នៅមុខវាំង នៅវេទិកាហ្នឹងមកមើលនៅព្រះអង្គដង្កើរ។ អត់មានអីទេអូន អត់មានបញ្ហាអីទេ»។
ប៉ុន្តែលោកបានសំណូមពរបងប្អូនប្រជាពលរដ្ឋ ទាំងកីឡាករ និងកីឡាការិនីចូលរួមសហការ គោរពបទវិន័យ និងស្រឡាញ់រាប់អានគ្នាទៅវិញទៅមក កុំឲ្យមានការឈ្លោះប្រកែកគ្នា។
ការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែឆ្នាំ២០១៨ នេះខុសពីឆ្នាំមុនៗ ដោយសារកម្ពុជាបានបង្កើតទូកងមួយដែលមានប្រវែង៨៧,៣ម៉ែត្រ ដែលជាទូកវែងជាងគេបំផុតជាប់ក្នុងកំណត់ត្រាពិភពលោក ហ្គីណេស។
ក្រៅពីការឧបត្ថម្ភទូកចែវនារីដែលមានចំណុះ៤២នាក់នេះ សហភាពអឺរ៉ុបបានឧបត្ថម្ភគម្រោងផ្សេងៗជាច្រើនទៀតក្នុងប្រទេសកម្ពុជា ចាប់ពីវិស័យនេសាទ អប់រំ កសិកម្ម ការប្រែប្រួលអាកាសធាតុ ជំនួយពាក់ព័ន្ធនឹងពាណិជ្ជកម្ម រហូតដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិមនុស្ស ដែលកំពុងតែផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់លាននាក់៕