ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ជា​ច្រើន​នៅ​តែ​ចាញ់ប្រៀប​បុរស​ក្នុង​ទីផ្សារ​ការងារ​ទូទាំង​សាកលលោក


ស្រ្តី​ឥណ្ឌា​ម្នាក់​កំពុង​ទូល​គ្រឿង​ឆ្នាំងចាន​សម្រាប់​លក់​ នៅ​ថ្ងៃ​ទិវានារីអន្តរជាតិ នៅ​ទីក្រុង​មុមបៃ ប្រទេសឥណ្ឌា កាលពីថ្ងៃ៨ ខែមីនា​ ឆ្នាំ២០១៥។
ស្រ្តី​ឥណ្ឌា​ម្នាក់​កំពុង​ទូល​គ្រឿង​ឆ្នាំងចាន​សម្រាប់​លក់​ នៅ​ថ្ងៃ​ទិវានារីអន្តរជាតិ នៅ​ទីក្រុង​មុមបៃ ប្រទេសឥណ្ឌា កាលពីថ្ងៃ៨ ខែមីនា​ ឆ្នាំ២០១៥។

ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា ​ក្នុង​អំឡុង​ពីរ​ទសវត្សរ៍​កន្លង​ទៅ​នេះ​ មាន​ការ​រីកចម្រើន​បន្តិច​បន្តួច​ទាក់​ទង​នឹង​ការ​ចូល​រួម​របស់​ស្រ្តី​ក្នុង​ទីផ្សារ​ការងារ​ និង​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​ប្រាក់​បៀវត្សរ៍​ផ្អែក​លើ​យេនឌ័រ។​ ទិវាស្រ្តី​អន្តរជាតិ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨​ ខែ​មីនា​ ហើយ​អង្គការ​ពលកម្ម​ពិភពលោក​ រាយការណ៍​ថា​ ស្ត្រី​នៅ​តែ​បន្ត​ទទួល​រងគ្រោះ​ពី​ការ​រើសអើង​គ្រប់​ទី​កន្លែង​ និង​ភាព​មិន​ស្មើរ​គ្នា​ក្នុង​ទីផ្សារ​ការងារ។

អង្គការ​ពលកម្ម​អន្តរជាតិ​និយាយ​ថា​ ស្ត្រី​ជា​ច្រើន​មាន​ភាព​ប្រសើរ​ជាង​មុន​តិចតួច​ប៉ុណ្ណោះ​ គឺ​ប្រសើរ​ជាង​កាល​ពី​២០​ឆ្នាំ​មុន​ នៅ​ពេល​ដែល​របៀបវារៈ​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​ពន្លឿន​ភាព​ស្មើ​គ្នា​រវាង​បុរស​និង​ស្រ្តី​ និង​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី​ត្រូវ​បាន​អនុម័ត​នៅ​ទីក្រុង​ប៉េកាំង។​

ទីភ្នាក់ងារ​នោះ​រាយការណ៍​ថា​ ស្ត្រី​នៅ​ក្នុង​តំបន់​ជាច្រើន​នៃ​ពិភពលោក​ នៅ​តែ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ទាប។​ របាយ​ការណ៍​នោះ​និយាយ​ថា​ ស្ត្រី​បាន​ជាប់​គាំង​ក្នុង​ការងារ​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ទាប​ ខ្វះ​ការ​ទទួល​បាន​ការ​អប់រំ​ ហើយ​អំណាច​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​និង​ការ​តវ៉ា​ក៏​នៅ​មាន​កម្រិត​ទាប។​ របាយ​ការណ៍​នោះ​បន្ថែម​ថា​ ការងារ​ដែល​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ត្រូវ​ធ្លាក់​លើ​បន្ទុក​របស់​ស្រ្តី​ ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​ចម្បង​លើ​ការ​ថែទាំ​គ្រួសារ​ មនុស្ស​ចាស់​ និង​អ្នក​មាន​ជំងឺ។​

របាយ​ការណ៍​នោះ​បាន​កត់​សម្គាល់​ឃើញ​ថា​ ស្ត្រី​កាន់​តែ​ច្រើន​ជាង​មុន​ កំពុង​ប្រកប​ការងារ​ គឺ​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់។​ តែ​ទោះ​យ៉ាង​ណា​ គម្លាត​នៃ​អត្រា​ក្នុង​ការ​ចូលរួម​ក្នុង​ទីផ្សារ​ការងារ​រវាង​បុរស​និង​ស្ត្រី​បាន​ធ្លាក់​ចុះ​ត្រឹម​តែ​មួយ​ភាគរយ​ប៉ុណ្ណោះ។​ អ្នក​សេដ្ឋសាស្រ្ត​នៃ​អង្គការ ​ILO ​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា​ ការ​កាត់​បន្ថយ​គម្លាត​នេះ​អោយ​បាន​២៥​ភាគ​រយ​ក្នុង​ឆ្នាំ​២០២៥​ នៅ​ក្នុង​បណ្តា​ប្រទេស​ G20 ​និង​អាច​បន្ថែម​ចំនួន​ស្ត្រី​មួយ​លាន​នាក់​ថែម​ទៀត​ចូល​ក្នុង​កម្លាំង​ពលកម្ម។​ ទន្ទឹម​នឹង​នេះ​ ប្រធាន​ផ្នែក​យេនឌ័រ​ សមភាព​ និង​ ភាព​ទីទៃ​គ្នា របស់​អង្គការ​ ILO ​លោក​ស្រី​ Shauna​ Olney​ មាន​ប្រសាសន៍​ថា​ ការ​ការពារ​មាតុភាព​ មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន។​

«ចំនួន​ភាគ​រយ​នៃ​ប្រទេស​ដែល​ផ្តល់​ការ​ឈប់​សម្រាក​មាតុភាព​យ៉ាង​តិច​ ១៤​សប្តាហ៍​ បាន​កើន​ឡើង​ពី​៣៨​ភាគ​រយ​ ក្នុង​ឆ្នាំ​១៩៩៤​ ទៅ​ដល់​៥១​ភាគរយ​ កាល​ពី​ឆ្នាំ​ទៅ​មិញ​ បើ​ទោះ​បី​ជា​យើង​នៅ​តែ​ឃើញ​មាន​ស្រ្តី​ ៨០​ម៉ឺន​នាក់​ មិន​ទទួល​បាន​ការ​ថែទាំ​មាតុភាព​គ្រប់​គ្រាន់​ក្តី។​ ៨០​ភាគរយ​នៃ​ចំនួន​ស្រ្តី​ទាំង​នោះ​ រស់​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ និង​អាស៊ី។​ យើង​ក៏​ឃើញ​មាន​ការ​កើន​ឡើង​ច្រើន​នៃ​ការ​ឈប់​សម្រាក​បិតុភាព​ដែរ។​ ដូច្នេះ​ បុរស​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​អ្នក​មាន​តួនាទី​ច្រើន​នៅ​ក្នុង​គ្រួសារ​ ក្នុង​ពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ។​ នៅ​ឆ្នាំ​១៩៩៤​ មាន​តែ​ប្រទេស​ចំនួន​២៨​ភាគរយ​ប៉ុណ្ណោះ​ ដែល​ផ្តល់​ឲ្យ​មាន​ការ​ឈប់​សម្រាក​បិតុភាព​ ឥឡូវ​នេះ​ យើង​មាន​រហូត​ដល់ ៥៦​ភាគ​រយ‍»។​

របាយការណ៍​នោះ​សរសេរ​ថា​ ស្ត្រី​ទទួល​បាន​ចំណូល​ត្រឹម​ ៧៧​ភាគរយ​នូវ​ចំនួន​ដែល​បុរស​ទទួល​បាន​ ហើយ​ថា​ គម្លាត​នេះ​រីក​កាន់​តែ​ធំ​ឡើង​ក្នុង​ចំណោម​ស្ត្រី​ដែល​មាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន។​ អង្គការ​ ILO​ បាន​កត់​សម្គាល់​ថា​ សមភាព​នៃ​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​នឹង​មិន​អាច​សម្រេច​បាន​ទេ​ ក្នុង​រយៈ​ពេល​៧០​ឆ្នាំ​ខាង​មុខ​ បើ​សិន​ជា​សកម្មភាព​តម្រង់​ទិសដៅ​ មិន​ត្រូវ​បាន​អនុវត្ត​ទេ។

លើស​ពី​នេះ​ទៅ​ទៀត​ របាយការណ៍​ថ្មី​មួយ​ស្តី​ពី​ «គម្លាត​នៃប្រាក់​កម្រៃ​សម្រាប់​ស្រ្តី​ជា​មាតា»​ រក​ឃើញ​ថា​ ស្ត្រី​ជា​ម្តាយ​ជា​ញឹក​ញយ​ទទួល​បាន​ប្រាក់​ចំណូល​តិច​ជាង​ស្រ្តី​ដែល​គ្មាន​កូន​ អាស្រ័យ​លើ​កន្លែង​ដែល​ពួក​គេ​រស់នៅ​ និង​ចំនួន​កូន​ដែល​ពួក​គេ​មាន។​ ក៏​ប៉ុន្តែ​ ការ​សិក្សា​ផ្សេង​ទៀត​បង្ហាញ​ថា​ បុរស​ជា​ឪពុក​រក​ចំណូល​បាន​ច្រើន​ជាង​បុរស​ដែល​មិន​មាន​កូន។

លោកស្រី Olney​ ប្រាប់​វីអូអេ​ថា​ ការ​រើសអើង​ចំពោះ​ស្ត្រី​ភេទ​នៅ​កន្លែង​ធ្វើ​ការ​ធ្វើ​ឲ្យ​ខូច​សុខុមាលភាព​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​របស់​សង្គម។​

«សេដ្ឋកិច្ច​ដែល​មាន​គម្លាត​យេនឌ័រ​ក្នុង​ទីផ្សារ​ការងារ​ទទួល​រង​ការ​បាត់​បង់​ផលិតផល​ក្នុង​ស្រុក​សរុប​រហូត​ដល់​ទៅ​២៧​ភាគរយ​ ក្នុង​តំបន់​ជាក់ស្តែង​មួយ​ចំនួន។​ យើង​ឃើញ​ថា​ ការ​រក​ឃើញ​បឋម​ ដែល​ថា​កំណើន​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ពលកម្ម​ អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​យ៉ាង​ច្រើន។​ វា​ក៏​ជា​បញ្ហា​នៃ​ការ​ធ្វើ​ជំនួញ​ផង​ដែរ។​ យើង​ឃើញ​ថា​ ក្រុមហ៊ុន​ដែល​មាន​តំណាង​អាជីវកម្ម​ជា​ស្ត្រី​ច្រើន​ជាង​គេ​ក្នុង​គណកម្មាធិការ​ប្រតិបត្តិ​ អាច​ចាត់​ចែង​ការ​ងារ​បាន​ល្អ​ជាង​ក្រុម​ហ៊ុន​ដែល​គ្មាន​ស្រ្តី​នៅ​ក្នុង​តំណែង​កំពូល​ ដោយ​មាន​ការ​កើន​ឡើង​នៃ​ផលទុន​ចំណូល​ជា​មធ្យម​រហូត​លើ​សមភាព​ដល់​៤៧​ភាគ​រយ​ និង​មាន​ប្រាក់​ចំណេញ​រហូត​ដល់​៥៥​ភាគរយ‍»។

បញ្ហា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ជា​ខ្លាំង​គឺ​អំពើ​ហិង្សា​នៅ​កន្លែង​ធ្វើការ។​ អង្គការ​ ILO ​និយាយ​ថា​ ស្ត្រី​៣៥​ភាគ​រយ​ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់​ គឺ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ផ្លូវ​កាយ​និង​ផ្លូវ​ភេទ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពេល​ធ្វើការ​របស់​ពួក​គេ។​

របាយការណ៍​នោះ​បន្ថែម​ថា​ អំពើ​ហិង្សា​ជា​ទួទៅ​ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​យ៉ាង​ច្រើន​ដល់​អ្នក​ប្រកប​ការងារ​ រួម​ទាំង​និយោជក​និង​សង្គម​ទាំង​មូល។​ ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ អំពាវនាវ​ឲ្យ​មាន​ច្បាប់​និង​គោល​នយោបាយ​ ដើម្បី​ជៀសវាង​និង​ការពារ​(ស្រ្តី)​ ប្រឆាំង​នឹង​ការ​បៀតបៀន​រំខាន​ និង​អំពើ​ហិង្សា​ក្នុង​រូបភាព​ផ្សេងៗ​នៅ​ក្នុង​ពិភព​ការងារ​ទាំង​អស់៕

ប្រែសម្រួល​ដោយ​ នៀម ឆេង

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG