ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ខ្មែរ​សុំ​ឲ្យ​ស្ថានទូត​ចិន​បន្តឹង​ទិដ្ឋាការ​សម្រាប់​ស្រ្តី​ខ្មែរ

  • ធីតា វីន

​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​រឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ​ទេសចរ​ដើម្បី​ចូលរួម​ទប់​ស្កាត់​បទ​ល្មើស​នៃ​ការ​ជួញ​ដូរ​មនុស្ស​ពី​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​ខ្មែរនិយាយ​ថា​ ក្នុង​ខណៈ​ពេល​ដែល​នារីខ្មែរ​នៅតាម​ជនបទ​មួយ​ចំនួន​ត្រូវ​បាន​មេខ្យល់​អូស​ទាញ​យក​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន​នោះ ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជារឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ​ទេសចរ​ដើម្បី​ចូលរួម​ទប់​ស្កាត់​បទ​ល្មើស​នៃ​ការ​ជួញ​ដូរ​មនុស្ស​ពី​ប្រទេស​កម្ពុជា។​ ស្រប​ពេល​នេះ​ដែរ​ ​អង្គការក្រៅរដ្ឋាភិបាល​បាន​សម្តែង​ការព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សុវត្ថិភាព​នារី​ដែល​ត្រូវ​ក្រុម​មេខ្យល់​រៀប​ចំ​ឲ្យ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន ​ពីព្រោះ​នារី​ទាំង​នោះ​ភាគច្រើន​បាន​ទទួល​រង​ការ​ធ្វើ​បាប​ពី​សំណាក់​ប្តី​និង​ក្រុមគ្រួសារ​ខាង​ប្តី។

ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កំពុង​រឹត​បន្តឹងផ្នែក​ទិដ្ឋាការ​ទេសចរ​ទៅ​កាន់​ប្រទេស​របស់​ខ្លួន ​បន្ទាប់​ពីមាន​នារីខ្មែរ​មួយ​ចំនួន​បាន​ទៅ​រៀបការ​ជាមួយ​បុរស​ជន​ជាតិ​ចិន​នៅទីនោះ​ជាច្រើនតាម​រយៈ​ទិដ្ឋាការ​ទេសចរ​នេះ។​

ក្រុម​មន្ត្រី​អះអាង​ថា មាន​ការ​ជួញ​ដូរ​មនុស្សតាម​រយៈ​ការ​ធ្វើ​ទេសចរ​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន​នេះ។​

លោក ​កុយ គួង ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ ឲ្យ​ដឹង​ថាការ​រឹត​បន្តឹង​ទិដ្ឋាការ​របស់​ស្ថានទូត​ចិន​នេះ​នឹង​ជួយកាត់​បន្ថយ​ស្ត្រី​កម្ពុជា​រង​គ្រោះ។​

«ដោយសារ​បញ្ហា​នេះចេះ​តែកើត​ឥត​ឈប់​ ឥតឈរ​ អញ្ចឹង​ហើយ​ក្រសួងការ​បរទេស​យើង​ក៏បាន​ធ្វើ​ការ​ជាមួយ​ស្ថានទូត​ចិន​អំពី​បញ្ហា​នេះ។​ ស្ថានទូត​ចិន​ក៏​បាន​សម្រេច​ចិត្ត​រឹត​បន្តឹង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ស្រ្តី​ខ្មែរ​ដែល​នៅ​លីវ​នេះ​ឯង។​ហើយ​ក្រោយ​មក​ទៀត​ ក្រសួង​ការ​បរទេស​បានស្នើទៅ​ក្រសួង​ការ​បរទេស​ចិន​ឲ្យអគ្គ​កុង​ស៊ុល​ចិន​ទាំង​អស់​នៅ​បរទេស​ ជាពិសេស​ ដូច​នៅ​ប្រទេស​ជិត​ខាង​ខ្មែរ​គឺ​ឈប់​ផ្តល់​ទិដ្ឋាការ​ឲ្យស្រ្តីខ្មែរ​ដែល​នៅលីវ​នេះ​គឺ​យើងរឹតត្បិត​ឲ្យកាន់តែ​ខ្លាំង​ដើម្បី​ថា ​តើវិធានការ​នេះ​មាន​ប្រសិទ្ធិភាព​ដល់​កម្រិត​ណា​ ហើយ​យើង​ជឿ​ថា​ បើ​សិន​មាន​ការ​រឹតត្បិត​បែប​នេះ​មែន​ ខ្ញុំយល់​ថា​ ចំនួន​ស្ត្រី​ខ្មែរ​នៅ​លីវ​ដែល​ត្រូវ​គេ​ជួញ​ដូរ​យក​ទៅរៀប​ការ​នោះ​ ខ្ញុំយល់​ថា​ អាច​ចុះ​យ៉ាង​ខ្លាំង»។​

លោក​ កុយ ​គួង ​ប​ញ្ជាក់​បន្ថែម​ថា ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​វៀតណាម ​ឡាវ ​និង​ថៃ​នឹង​ផ្តល់​កិច្ច​សហការ​ដូចគ្នា​នេះ​ដែរ​ដល់​កម្ពុជា។​

លោក​ស្រី ជូ ​ប៊ុនអេង ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​អគ្គលេខាធិការដ្ឋាន​ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ បាន​ចាត់​ទុក​ថា​ ការ​រឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ​ទៅ​លេង​ប្រទេស​ចិន​របស់​ស្ថានទូត​ចិន​នេះ​គឺ​ជា​ការ​ប្រសើរ​ក្នុង​ការ​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រឈម​របស់​នារី​ខ្មែរ​មួយ​ចំនួន​ដែល​ទៅ​រៀបការ​នៅ​ទីនោះ។

«បាន​ធ្វើលិខិត​មួយ ​សហការ​ជាមួយ​ទូត​ចិន​ ហើយ​រៀប​រាប់​ប្រាប់​គេ​ថា ​បច្ចុប្បន្ន​ហ្នឹងមានស្រ្តី​ខ្មែរ​ ដែល​ត្រូវ​បាន​គេបោក​បញ្ឆោត​យក​ទៅរៀបការ​នៅ​ឯ​ប្រទេស​ចិន​ហ្នឹង ​ហើយ​កំពុង​ទទួល​បាន​នូវភាព​រង​គ្រោះ​គឺ​សុំឲ្យស្ថានទូត​ចិន​ហ្នឹង​គាត់​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ខាង​អាជ្ញាធរ​ចិន»។​

ស្រប​ពេល​ជាមួយ​គ្នានេះ​ដែរ​ សមាគម​ការពារ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍​នៅ ​កម្ពុជា​ហៅ​កាត់​ថា ​អាដហុក​បាន​បង្ហាញ​របាយ​ការណ៍​ជា​សាធារណៈ​កាលពី​ថ្ងៃពុធ​សប្តាហ៍​នេះ​ ដោយ​បាន​ឲ្យដឹង​ថា ​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៤​នេះ​ សមាគម​បាន​ទទួល​ពាក្យ​បណ្ដឹង​ដែល​ទាក់ទង​នឹង​ការ​ជួញដូរ​មនុស្ស​ចំនួន​១០៨​ករណី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញ​ដូរមនុស្ស​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ ដែល​មាន​ជនរង​គ្រោះ​សរុប​២៩៥​ករណី ​ក្នុង​នោះ​មាន​ប្រទេស​ចិន​ចំនួន​២៦​ករណី​មាន​ជនរងគ្រោះ​២៩នាក់។​

របាយ​ការណ៍​នោះ​បាន​ឲ្យដឹង​បន្ថែម​ថា ការ​សិក្សា​លើ​ករណី​ទាំង​នោះ​បានរក​ឃើញ​ថា​ ​បញ្ហា​គឺ​បណ្តាល​មក​ពី​កង្វះ​ទីផ្សារ​ការងារ​ ការ​បាត់បង់​ដីធ្លី​ និង​ការ​ជំពាក់​បំណុល​ធនាគារ ​ជា​ដើម។​

លោក​ស្រី​លឹម ​មុនី ​អនុ​ប្រធាន​ផ្នែក​ស្រី​ កុមារ ​និង​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៃ​សមាគម​អាដហុក ​បាន​ឲ្យដឹង​ថា​ ជនរង​គ្រោះ​ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​រៀបការ​ជា​មួយ​បុរស​ជន​ជាតិ​ចិន ​បាន​ជួប​នូវ​បញ្ហា​មួយ​ចំនួន ​ដូចជា​ការ​ធ្វើ​ទារុណ​កម្ម​ផ្លូវកាយ ​ផ្លូវចិត្ត​ ផ្លូវភេទ ​ការ​បង្អត់​អាហារ​ និង​ការ​បង្ខំ​ឲ្យធ្វើការ​ផ្ទះ​ដូចជា​ទាសករ​ជា​ដើម។​

«យើង​បាន​សម្ភាសលើ​ជន​រងគ្រោះ​នីមួយៗ​ ដែល​គាត់​បាន​មក​ហ្នឹង​ថា​ មាន​នារី​ច្រើន​ណាស់​ដែល​គាត់​បាន​ជួប​ប្រទេះ​ អ្នក​ខ្លះ​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន​ អ្នក​ខ្លះ​កំពុង​តែ​ពួន​នៅ​លូ​ក្រោម​ដី​ អ្នក​ខ្លះ​កំពុង​ពួន​នៅ​ក្នុង​ព្រៃ ​កាច់​ទំពាំង​ជា​អាហារ​ អ្នក​ខ្លះ​កំពុង​រស់​នៅ​ផ្ទះ​ខាង​ប្តី ​ខាង​ម្តាយ​ក្មេក ​បង្ខាំ​មិន​ឲ្យទៅ​ណា។​ អញ្ចឹងមាន​ន័យ​ថា ​អ្នក​ដែល​មិន​បាន​មក​ប្តឹង​ហ្នឹង​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​មក​ប្តឹង។ ​អ្វីដែល​ខ្ញុំ​ព្រួយ​បារម្ភ​គឺ​ខ្ញុំ​ស៊ើប​អង្កេត​ទៅ​ឃើញ​ថា​ មេខ្យល់​ហ្នឹង​វាទូលំ​ទូលាយ​ ពេល​ វា​ចង​គ្នា​ជាក្រុម​ ជាសម្ព័ន្ធ ​ជា​បណ្តាញ​ពីស្រុកខ្មែរ​ដល់​ស្រុក​ចិន។​

ជាក់​ស្តែង​អ្នកនាង ​ចាន់​ រំដួល ​ជា​ឈ្មោះ​របស់​អ្នកនិពន្ធ​ដាក់​ឲ្យ​ ​រស់​នៅ​ខេត្ត​កំពង់ចាម ​បាន​សម្រេច​ចិត្ត​ទៅ​រៀបការ​ជាមួយ​បុរស​ជន​ជាតិ​ចិន​នៅ​ប្រទេស​ចិន​កាលពី​ចុង​ឆ្នាំ​២០១៣​ បន្ទាប់​ពី​មេ​ខ្យល់​នៅក្នុងភូមិ​បាន​មក​បញ្ចុះបញ្ចូល​ថា​ កូន​របស់​គាត់​ដែល​រៀបការ​ទៅ​ប្រទេស​ចិន​នោះ​ បាន​ផ្ញើរ​លុយ​មក​ឲ្យ​គាត់​ច្រើនៗ​ជា​រៀង​រាល់​ខែ។​

អ្នកនាងចាន់ ​រំដួល​បាន​ឲ្យ​ដឹង​បន្ត​ថា​ តាម​ការណ៍​ពិត ​លុយ​ដែល​បាន​មក​នោះ​គឺ​បាន​មក​ពី​ការ​ដើរ​បោក​នារី​នៅ​តាម​ជន​បទ​ យក​ទៅ​ធ្វើ​ប្រពន្ធ​បុរសជនជាតិ​ចិន​ដោយ​ម្នាក់​ក្នុង​តម្លៃ​៥០០​ដុល្លារ។​ឲ​

អ្នកនាង​ចាន់ រំដួល​បាន​ឲ្យ​ដឹង​ថា ​នៅពេល​ទៅ​ដល់​ប្រទេស​ចិន​នាង​ត្រូវ​បាន​មេខ្យល់​ចាប់​រំលោភ​ បន្ទាប់​មក​បាន​បញ្ជូន​នាង​ទៅឲ្យមាន​ប្តី​ម្នាក់ ​ដែល​ប្តី​នោះ​យក​នាង​ធ្វើ​ប្រពន្ធ​បាន​តែ​៣​ថ្ងៃ​ ក៏​បញ្ជូន​នាង​ឲ្យត្រឡប់​មក​មេ​ខ្យល់​វិញ។ ​បន្ទាប់​មក​ មេខ្យល់​នោះ​បាន​បញ្ជូន​នាង​ឲ្យ​ទៅ​ធ្វើ​ប្រពន្ធ​របស់​ជនជាតិ​ម្នាក់​ទៀត​ជា​កម្មករ​សំណង់​ដែល​មាន​ផ្ទះ​នៅ​ជនបទ។​

ក្នុង​រយៈពេល​៣​ខែ​ ដែល​រស់នៅ​ជាមួយ​ប្តី​ម្នាក់​នេះ​ នាង​បាន​ទទួល​ការ​ធ្វើបាប​ខាង​ផ្លូវ​កាយ​ ដូចជា​ការ​បង្អត់​អាហារ ​ការ​វាយ​ដំពី​ប្តី​ជាដើម។​ ដោយ​មិន​អាច​ទ្រាំទ្រ​ការ​ធ្វើទារុណ​កម្ម​នេះ​បាន ​នាង​តែង​តែ​រិះរក​គ្រប់​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ដើម្បី​រត់គេច​មក​ប្រទេស​កម្ពុជា​វិញ​ ដោយនាង​បាន​ទូរស័ព្ទ​មក​ប្រាប់​អ្នក​ផ្ទះ​ ​បន្ទាប់​មក​ម្តាយ​នាងបាន​មក​ប្តឹង​សមាគម​អាដហុក​ឲ្យ​ជួយ។​

«គិត​ម៉្យាង​ថា ​ទៅ​ដល់​គឺ​ថា​ បាន​ប្តី​ល្អ​ ហើយ​មួយ​នឹង​មួយ​ មិន​មែន​បែប​ហ្នឹង​ទេ។ ​គេឲ្យ​យក​ប្តី​ពីមួយ​ទៅមួយ​ ហើយ​ត្រូវ​មេ​ខ្យល់​ចាប់​ទៀត។ ​តាម​ពិត​ទៅ​យក​ប្តី​ដល់​ខេត្ត​ជើង​ភ្នំ​ហើយ​ក្រ​ទៀត។ ​ទៅដល់ប្រទេស​គេ​គឺ​វេទនា​ណាស់​ វេទនា​ខ្លាំង​បំផុត​ ជាង​រស់​នៅ​ក្នុង​នរក​ទៀត ​ពីព្រោះអី​ទៅ​ដល់​ គេ​ធ្វើបាប​ គេកៀប​សង្គត់​ទាំង​ផ្លូវ​ចិត្ត​ ទាំង​ផ្លូវ​កាយ​ គ្មាន​សេរីភាព​ ការ​ហូបចុក ​មិន​គ្រប់​គ្រាន់។​ ខ្ញុំ​ផ្តាំ​ផ្ញើរ​ដល់​នារី​ខ្មែរ​ទាំងអស់​កុំ​ចាញ់បោក​បញ្ឆោត​គេ ​ជាពិសេស​គឺ​ពាក្យ​មួយ​ម៉ាត់​គឺ​ថា ​មេខ្យល់​កុំ​ជឿវា​ឲ្យសោះ ​ពួក​វាជា​ពួក​បិសាច​ទេ»។​

អ្នកនាង​ចាន់ រំដួល​បាន​ឲ្យ​ដឹ​ង​បន្ត​ថា​ នៅពេ​លនេះ​នាង​បាន​ដាក់​ពាក្យប្តឹង​មេ​ខ្យល់ ​ដែល​បោក​បញ្ឆោត​នាងយកទៅ​ប្រទេស​ចិន​ទៅ​គ្រប់​សមត្ថ​កិច្ច​ទាំងអស់​រួច​ហើយ ​តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិនទាន់​មាន​ចំណាត់​ណាមួយ​ចាប់​មេ​ខ្យល់​នោះ​នៅ​ឡើយ​ទេ។​

ក៏​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏​ដោយ​ លោក​ស្រី​ជូ ប៊ុនអេង​បាន​មាន​ប្រសាសន៍​ថា​ បើសិន​ជា​ខាង​ក្រសួង​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ជន​រងគ្រោះ​ ក្រសួង​នឹង​ចាត់​វិធាន​ការ​ជា​បន្ទាន់​ក្នុង​ការ​ចាប់​មេខ្យល់​ ឬ​ជន​ប្រព្រឹត្ត​បទ​ល្មើស​នោះ។​

«បើ​សិន​ជា​គាត់​ដាក់​ពាក្យ​ប្តឹង​មក​សមត្ថ​កិច្ច​ បើសិន​យើង​មិន​រក​មេខ្យល់ ​អាហ្នឹង​ចាំ​គិត​ថា​ យើង​អត់​អើពើ។​ បើ​យើង​បាន​ទទួល​ព័ត៌មាន​ យើង​អត់​ដែល​ព្រងើយ​កន្តើយ​ទេ​ សូម្បី​តែ​តាម​កាសែត​ក៏ដោយ​ ឲ្យ​តែ​យើង​បាន​ដឹង​ យើងចុះ​ប្រតិបត្តិ​ការ អ្វី​ដែល​សំខាន់​គឺ​សាម៉ី​ខ្លួន​ឬ​មួយ​អ្នក​ដែល​ដឹង​ច្បាស់​នោះគាត់​សហការ​ជាមួយ​អាជ្ញាធរ​ ឬ​មន្រ្តី​មាន​សមត្ថកិច្ច​យើង​ធ្វើការងារហ្នឹង»។​

របាយ​ការណ៍​របស់​អង្គការ​អាដហុក​ក៏​បាន​បង្ហាញ​ស្ត្រី​រង​គ្រោះដែល​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ពី​ស្ថានទូត​ ឬ​ស្ថានកុងស៊ុល​ខ្មែរប្រចាំ​នៅ​ប្រទេស​ចិន​ដើម្បី​សុំ​អន្តរាគមន៍។​

ប៉ុន្តែ​លោក​កុយ គួង​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។​

យ៉ាង​ណា​ក៏ដោយ ​មន្ត្រីអ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​គឺ​លោក​ចេង ហុងបូ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ ​ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​និង​ចិន​បាន​សហការ​គ្នា​យ៉ាង​ល្អ​ហើយ​គួរ​ត្រូវ​ពង្រឹង​បន្ថែម៕

XS
SM
MD
LG