ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្ត្រី​តិចតួច​ណាស់​ស្ថិត​នៅក្នុង​ឆាក​នយោបាយ

  • Lisa Schlein

ការ​តវ៉ា​នៅ​ទុយនេហ្ស៊ី នៅ​ថ្ងៃទី២៥ វិច្ឆិកា ២០១១។

របាយការណ៍​ថ្មី​មួយ រកឃើញ​ថា នៅទូទាំង​ពិភពលោក ស្រ្តី​តិចតួច​ណាស់ ស្ថិត​នៅក្នុងឆាកនយោបាយ ដោយ​មាន​ករណី​លើក​លែង​ពិសេសសម្រាប់បណ្តា​ប្រទេស​នៅ​តំបន់​ណ័រឌីក​(Nordic) ដែលរបាយការណ៍ដដែល​នេះបញ្ជាក់​ថា​បាន​ផ្តល់​សមភាព​ខាង​យេនឌើ។ របាយការណ៍​ ដែលត្រូវបាន​ធ្វើ​ឡើង​ដោយ​សហភាពអន្តរសភា (Inter-parliamentary Union) ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IPU បាន​ឲ្យ​ដឹង​ថា តួលេខស្រ្តី​ ដែលត្រូវ​បាន​បោះ​ឆ្នោតដើម្បីចូល​ក្នុង​រដ្ឋ​សភាកាល​ពី​ឆ្នាំ​មុន មិនបានឆ្លុះបញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​ខាងនយោបាយដ៏គួរឲ្យ​កត់សម្គាល់ នៅតាមផ្នែកជាច្រើន​របស់​ពិភពលោក​ឡើយ។

កាល​ពី​ឆ្នាំ​មុន របាយការណ៍​ បាន​បង្ហាញ​ថា ​មធ្យមភាគ​ស្រ្តី​នៅលើ​ពិភព​លោក ដែល​ត្រូវបាន​បោះឆ្នោត​ដើម្បី​ចូលក្នុងរដ្ឋ​សភា មាន​ចំនួន​១៩.៥ភាគរយ។​ តួលេខ​នេះ ​មានចំនួន​១.៥ភាគរយ ដែលខ្ពស់​ជាង​តួលេខក្នុង​ឆ្នាំ២០១០។ របាយការណ៍​នេះ​ បញ្ជាក់ដែរថា ​ស្រ្តី​មានចំនួនតិច​ជាង​១នាក់ ក្នុងចំណោម​សមាជិក​សភា​ចំនួន​៥​នាក់ ​នៅក្នុង​ពិភពលោក នាពេល​សព្វ​ថ្ងៃ។

របាយការណ៍​ បាន​ឲ្យ​ដឹងថា ពិភពអារ៉ាប់​ មានមធ្យមភាគតិចបំផុត​នៅ​ក្នុង​តំបន់​ ចំនួន​១០​ភាគរយ ​នៅ​លើ​ពិភព​លោក ហើយតួលេខស្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល រក្សា​បាន​នូវ​ចំនួន៧​ភាគរយ​ដដែល​ ចាប់​តាំងពីឆ្នាំ២០០៥មក​ម៉្លេះ។ ការ​ងើប​បះ​បោរ​នៅ​អាហ្រ្វិក​ខាង​ជើង និង​ពិភពអារ៉ាប់ បាន​ធ្វើឲ្យ​ភ័យតក់ស្លុត នៅ​ទូទាំងពិភពលោក។ ប៉ុន្តែ​ លោក ជេមីនី ផានយ៉ា(Jemini Pandya) ​ស្ត្រី​អ្នក​នាំពាក្យ​របស់ IPU ​មាន​ប្រសាសន៍​ថា របាយការណ៍​នេះ មាន​ឥទ្ធិពល​តិច​តួច ដែលអាចធ្វើ​ឲ្យការ​រង្គោះ​រង្គើ​ប្រព័ន្ធ​នយោបាយចាស់​ឡើយ។​

ស្ត្រី​ជនជាតិ​ទុយនេហ្ស៊ី​ម្នាក់​បោះឆ្នោត​នៅ​ទីស្នាក់ការ​បោះឆ្នោត​មួយកន្លែង​នៅ​ស្ថានទូត​ទុយនេហ្ស៊ី នៅ​រ៉ាបាត ប្រទេស​ម៉ូរ៉ូកូ ថ្ងៃទី២១ វិច្ឆិកា ២០១១។
ស្ត្រី​ជនជាតិ​ទុយនេហ្ស៊ី​ម្នាក់​បោះឆ្នោត​នៅ​ទីស្នាក់ការ​បោះឆ្នោត​មួយកន្លែង​នៅ​ស្ថានទូត​ទុយនេហ្ស៊ី នៅ​រ៉ាបាត ប្រទេស​ម៉ូរ៉ូកូ ថ្ងៃទី២១ វិច្ឆិកា ២០១១។

«ការ​បោះ​ឆ្នោត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​អេហ្ស៊ីប (Egypt)​ បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះភាគរយ​នៃសមាជិក​សភាជា​ស្រ្តី ចាប់​ពី​១២.៧​ភាគរយ ទៅ​តិច​ជាង​២ភាគរយ។ ឥឡូវ​នេះ មានសមាជិកសភាជា​ស្ត្រី​តែ​១០​រូប​ប៉ុណ្ណោះ​ ក្នុង​ចំណោម​៥០៨​រូប​ ​នៅអេហ្ស៊ីប។ ស្រ្តី បាន​ក្លាយ​ជាកម្លាំងដ៏​សំខាន់​ នៅ​ក្នុងបដិវត្តន៍​អារ៉ាប់(Arab Spring) ប៉ុន្តែ​តួនាទី​នោះ ​មិន​បាន​ប្រែ​ក្លាយទៅ​ជាការ​ចូល​រួម​ជាក់​ស្តែង​ក្នុង​វិស័យនយោបាយឡើយ។ បដិវត្តន៍​អារ៉ាប់ ​ត្រូវ​តែផ្តល់​ឳកាស​ដល់ស្រ្តី ​នៅ​ក្នុង​ឆាក​នយោបាយ។ យើង​យល់​ឃើញ​ថា ឳកាស​សម្រាប់​ការ​ផ្លាស់ប្តូរ ​គឺស្ថិតនៅ​ត្រង់​ចំណុច​នោះ​តែ​ម្តង។ ពួក​គេ ​ត្រូវ​ចេះឆក់​យកឪកាស។»​

តែ​ទោះ​បី​យ៉ាង​ណា ការ​សិក្សានេះ ​បាន​កត់សម្គាល់​ឃើញ​ថា មាន​ហេតុការណ៍​វិវត្តន៍​គួរជា​ទី​សង្ឃឹមនៅ​ប្រទេសទុយ​នីស៊ី (​Tunisia) ដែល​បាន​អនុម័ត​ច្បាប់​មួយ ដើម្បី​ធានា​ឲ្យ​មាន​សមភាពនៅ​ក្នុងបញ្ជីបេក្ខជន។ ហើយ ច្បាប់​នេះ​ ​ចែងថា ប្រទេស​ ម៉ារ៉ុក(Morocco) បាន​ដាក់​ចេញកូតា​(quotas) សម្រាប់​សមាជិក​សភាជា​ស្រី្ត ដែល​បាន​ធ្វើ​ឲ្យ​កើន​ឡើងចំនួន ​៦​ភាគរយ នៃតួលេខ​សមាជិក​សភាជា​ស្រ្តី​ ​កាល​ពី​ឆ្នាំ​មុន។

ស្ត្រី​ម្នាក់​កាន់ទង់ជាតិ​អេហ្ស៊ីប​ក្នុង​ពេល​តវ៉ាទាមទារ​ឲ្យ​កងទ័ព​ប្រគល់​អំណាច​ទៅ​ជនស៊ីវិលនៅទីលាន តាហៀរ ក្នុង​រដ្ឋធានីខៃរ៉ូ ថ្ងៃទី២៧ មករា ២០១២។
ស្ត្រី​ម្នាក់​កាន់ទង់ជាតិ​អេហ្ស៊ីប​ក្នុង​ពេល​តវ៉ាទាមទារ​ឲ្យ​កងទ័ព​ប្រគល់​អំណាច​ទៅ​ជនស៊ីវិលនៅទីលាន តាហៀរ ក្នុង​រដ្ឋធានីខៃរ៉ូ ថ្ងៃទី២៧ មករា ២០១២។

របាយការណ៍ ​ក៏​បាន​រក​ឃើញ​ថា ប្រព័ន្ធ​កូតា​នេះ ធ្វើការ​ឆ្ពោះទៅ​រកផល​ប្រយោជន៍​របស់​ស្រ្តី​នៅក្នុង​អនុ​តំបន់សាហារ៉ា​នៃទ្វីប​អាហ្រ្វិក។ របាយការណ៍​នេះ បានឲ្យដឹង​ថា មធ្យម​ភាគ​ស្រ្តី​នៅក្នុង​តំបន់​ ដែល​មាន​អសនៈនៅ​ក្នុង​រដ្ឋសភា មាន​ចំនួន​ជាង​២០​ភាគរយ។ របាយការណ៍ បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ សភាចំនួន១៣ ​នៅ​ទ្វីប​នេះ ​មានសមាជិកសភា​ជាស្រ្តីចំនួន​៣០​ភាគរយ ឬច្រើន​ជាង​នេះ ​ដោយ​សា​តែ​មាន​វិធានការពិសេស​ៗ​ជាច្រើន ដូច​ជា កូតា ជាដើម។

លោក ជេមីនី ផានយ៉ា(Jemini Pandya) មាន​ប្រសាសន៍ថា ជា​រឿយៗ​ ប្រទេស​ដែល​ទើប​ងើប​ចេញ​ពី​ជម្លោះ​ ផ្តល់​ឳកាសដល់ស្ត្រី​ ដើម្បីបំពេញ​កន្លែង​ទំនេរនយោបាយ។​

«នៅលើ​សកលលោក ប្រទេសចំនួនជាង​១ភាគ៣ ដែល​មាន​សមាជិកសភា​ជា​ស្រ្តី​ ចំនួន​៣០​ភាគរយ ស្ថិតនៅ​ក្នុងប្រទេស​អន្តរកាល​ ឬប្រទេស​ក្រោយជម្លោះ។ ឧទាហរណ៍ ឥឡូវ​នេះ​ប្រទេសស៊ូដង់​ខាង​ត្បូង (South Sudan) មានស្ត្រី​ចំនួន២៦.៥ភាគរយ ​នៅ​ក្នុងសភា​តំណាង​រាស្ត្រអន្តរកាល​របស់​ខ្លួន។ ភាគរយនោះ កើតឡើង​ដោយសារប្រព័ន្ធ​កូតា​តែ​ម្តង។ ហើយ តួ​លេខ​នេះ ខ្ពស់​ជាងមធ្យមភាគនៅ​ទ្វីប​អាហ្រ្វិក​ និង​សកល​លោក។» ​

របាយការណ៍​របស់​ IPU ​បញ្ជាក់ថា ​ថា​តើត្រូវ​ឬ​ខុស ប្រព័ន្ធ​កូតា នៅ​តែជាមាគ៌ាប្រកប​ដោយប្រសិទ្ធភាពបំផុត​ ​ក្នុង​ការ​នាំ​ស្រ្តី​ចូលក្នុង​ឆាកនយោបាយ។ អ្នក​សរសេររបាយការណ៍ ផ្តល់​ទឡ្ហីករណ៍​ថា ​ស្រ្តី​ នឹង​ត្រូវ​បន្ត​ការបដិសេធមិន​ឲ្យមានឳកាស ដើម្បីសម្រេចបាន​នូវ​ការផ្លាស់​ប្តូរសង្គម និង​សេដ្ឋកិច្ច ​តាមរយៈនយោបាយឡើយ លុះ​ណាតែ​មាន​សមភាព​៕

ប្រែសម្រួល​ដោយ សៀក អេង

XS
SM
MD
LG