ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក៖ ​​កម្មករ​រោងចក្រ​នៅ​តែ​រង​ការ​រំលោភ​បំពាន​ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ

  • គង់ សុឋានរិទ្ធិ

លោក Phil Robertson នាយក​រង​​អង្គការ​សិទ្ធិ​មនុស្ស​ ​Human Rights Watch ប្រចាំតំបន់​អាស៊ី​​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​លើក​បង្ហាញ​របាយការណ៍​ «Work Faster or Get Out‍» អំពី​ការ​រំលោភ​បំពាន​ខាង​ការងារ​​លើ​ស្ត្រី​​ជា​កម្មករ​រោងចក្រ។ (AP Photo/Heng Sinith)

រដ្ឋាភិបាល​កម្ពុជានិង​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​បរាជ័យ​នៅ​ក្នុង​ការ​ការពារ​កម្មករ​រោងចក្រ​ទល់​នឹង​ការ​រំលោភ​បំពាន​នានា​ពី​សំណាក់​ថៅកែ​រោងចក្រ​លើ​ពួក​គេ។ ​ហើយក្រុមហ៊ុន​បញ្ជា​ទិញសម្លៀក​បំពាក់​សំខាន់ៗ​ ដូចជា​ Gap​ និង​ H&M​ ត្រូវ​ជួយ​កាត់​បន្ថយការ​រំលោភ​បំពាន​ទាំង​នេះ។​

នេះ​ជា​សេចក្តី​សន្និដ្ឋាន​របស់​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធំ​មួយរបស់​សហរដ្ឋ​អាមេរិក ​Human Rights Watch នៅ​ក្នុង​របាយការណ៍របស់​ខ្លួន​ស្តី​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ញូវយ៉ក​នេះ​បាន​រក​ឃើញ​ថា​ កម្មការិនី​មាន​ចំនួន​ច្រើន​លើស​លុប​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​បន្ថែម​ម៉ោង ​មាន​ការ​រើស​អើង​ដោយ​ថៅ​កែ​រោង​ចក្រ​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ​និង​មាន​ការ​អនុវត្ត​ប្រឆាំង​នឹង​សហជីព។​ ប៉ុន្តែ​ទាំង​រដ្ឋាភិបាល​ ទាំងក្រុមហ៊ុន​បញ្ជា​ទិញមិន​បាន​ចាត់​វិធាន​ការ​គ្រប់​គ្រាន់​នោះ​ទេ។​

របាយការណ៍​ដែល​ធ្វើ​នៅ​ចុង​ឆ្នាំ​២០១៣​ និង​ចប់​នៅ​ដើម​ឆ្នាំ​២០១៤​មាន​កិច្ចសម្ភាសន៍​ជាមួយមនុស្ស​ចំនួន​៣៤០​នាក់ ក្នុង​នោះ​មាន​កម្មករ​ចំនួន​២៧០​នាក់ក្នុង​រោងចក្រ​ចំនួន​៧៣​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​តំបន់​ជុំវិញ​រាជធានី។​

លោក​ ហ្វ៊ីល រ៉ូប៊ើតសុន​ (Phil Robertson) ​នាយក​រងអង្គការ​ Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះថា​ មាន​ភាព​អវិជ្ជមាន​ជា​ប្រព័ន្ធ​ក្នុង​ចំណោម​រោង​ចក្រ​និង​កម្មករ​ដែល​អង្គការ​របស់​លោក​បាន​ធ្វើ​សម្ភាសន៍។​

«យើង​ឃើញ​មាន​ការ​រុញ​ច្រាន​អង្គការ​សង្គម​ស៊ីវិល​ជា​ប្រព័ន្ធ។​ ​យើង​ឃើញ​ការ​បណ្តេញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ប្រព័ន្ធ​ និង​ការ​គេចវេស​ការ​ផ្តល់​ប្រាក់​ឈ្នួល​លើ​អតីត​ភាព។​ ​យើង​ឃើញការ​បៀតបៀន​ជា​ប្រព័ន្ធ​ និងការ​បង្ខំ​ឲ្យ​ធ្វើ​ការ​បន្ថែម​ម៉ោង។​ មាន​ការ​កំណត់​ការ​ចូល​បន្ទប់​ទឹក ​ការ​ផ្តល់​ទឹក​ ដែល​មាន​គុណ​ភាព​អន់​សម្រាប់​កម្មករដែល​ជា​បញ្ហា​មូលដ្ឋាន​ដែល​រដ្ឋាភិបាល ​និងថៅ​កែ​រោងចក្រ​ត្រូវ​តែ​ផ្តល់​ដល់​កម្មករ»។​

វិស័យ​កាត់ដេរ​គឺ​ជា​ឧស្សាហកម្ម​ឈាន​មុខ​តែមួយ​គត់​នៅ​កម្ពុជា​ដែល​តំណាង​ឲ្យ​ការ​នាំចេញ​ធំជាង​គេ​បំផុតរបស់​ប្រទេស​ក្រីក្រ​នេះ។ ​ក្រុម​អ្នក​វិនិយោគ​សំខាន់ៗ​មក​ពី​ប្រទេស​ចិន​ ហុងកុង​ កោះ​តៃវ៉ាន់ ​សិង្ហបុរី​ ម៉ាឡេស៊ី ​និង​កូរ៉េ​ខាង​ត្បូង។ ​មាន​កម្មករ​ប្រមាណ​ជា​៧០​ម៉ឺន​នាក់​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​នេះ។ កាល​ពី​ដើម​ឆ្នាំ​២០១៤ ​អាជ្ញាធរ​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​បាន​បង្រ្កាប​ក្រុម​កម្មករ​ដែល​តវ៉ា​ ដោយ​បាន​បាញ់​សម្លាប់​កម្មករ​មួយ​ចំនួន។​

ក្នុងរបាយការណ៍​កម្រាស់​១៤០​ទំព័រ​នោះ អង្គការ ​Human Rights Watch ​បាន​រក​ឃើញ​ថា​ ​កម្មករ​ក្នុង​រោង​ចក្រ​ចំនួន​៤៨បាន​និយាយ​ថា ​ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​បន្ថែម​ម៉ោង​ បើ​មិន​ដូច្នេះ​ទេ ​ពួក​គេ​នឹង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ​កាត់​ប្រាក់​ខែ​ និងការ​ផ្លាស់​ប្តូរ​ការងារ។​

ថៅ​កែ​រោង​ចក្រ​ចំនួន​៣៥​បាន​យារយី​រំខាន​ដល់​សហជីព​ដែល​បាន​ការពារ​សិទ្ធិ​កម្មករ​ ដោយ​ធ្វើ​ការ​បណ្តេញ​ពួក​គេ​ និង​សំឡុតតាមរយៈ​ការ​ជ្រើស​តាំង​អ្នក​ដឹកនាំ​សហជីព​ថ្មី ឬ​តាម​រយៈ​ការ​ផ្តល់​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី​ជាដើម។​

អង្គការ ​Human Rights Watch ​ បាន​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា​ មាន​រោ​ងចក្រ​ចំនួន​៣០​ក្នុង​ចំណោម​រោង​ចក្រ​ដែល​ពួក​គេ​បាន​ជួប​សម្ភាសនោះ​ មិន​ព្រម​ទទួល​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ​មិន​ធ្វើ​កិច្ច​សន្យា​ការងារ​ថ្មី​ដល់​ពួក​នាង ​ឬ​មិន​ផ្តល់កន្លែង​ស្នាក់​នៅ​សម​ស្រប​សម្រាប់ស្ត្រី​មាន​ផ្ទៃ​ពោះទេ។​

អង្គការ​ដដែល​លើក​ឡើង​ថា​ កម្ពុជាមាន​ច្បាប់​ការងារ​ចាប់តាំង​ពី​ឆ្នាំ​១៩៩៧​មក​ ប៉ុន្តែ​ច្បាប់​នេះ​នៅ​តែមិន​មាន​ប្រសិទ្ធិ​ភាព​ទេ ​ដោយ​សារ​ភ្នាក់​ងារ​អធិការកិច្ច​របស់​រដ្ឋាភិបាល​មិន​មាន​ប្រសិទ្ធិ​ភាព​ ដោយសារ​អំពើ​ពុក​រលួយ​ក្នុង​ការ​ធ្វើ​អធិការ​កិច្ច។​

អ្នកស្រី​អរុណា កាហ្ស៊ីយ៉ាប​ (Aruna Kashyap) អ្នកស្រាវជ្រាវ​អំពី​សិទ្ធិ​ស្ត្រី​របស់​អង្គការ ​Human Rights Watch ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«ចាត់​វិធានការ​ជា​បន្ទាន់»​ដើម្បី​ការ​ពារ​កម្មករ​រោង​ចក្រពី​ការ​រំលោភ​នានា។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំការ​ឆ្លើយ​តប​ពី​អ្នក​នាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

លោក​ខេន លូ ​អគ្គ​លេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​កម្ពុជា​ ​ GMAC ​ហាក់​ដូចជា​ទទួល​ស្គាល់​ថា​ នៅ​មាន​បញ្ហា​ខ្លះ​មែន​នៅ​តាម​បណ្តា​រោង​ចក្រ​មួយ​ចំនួន។​

«បើ​និយាយ​ថា​ បញ្ហា​(នៅ​តាម​រោងចក្រ)​មួយ​ចំនួន​យើង​ត្រូវតែ​ឯកភាព​ហើយ​ ពី​ព្រោះ​អត់​មាន​ប្រទេស​ណា​ដែល​ក្រុមហ៊ុន​គោរព​បាន​១០០​ភាគ​រយ​ទេ។​ ប៉ុន្តែ​ព័ត៌មាន​ដែល​គាត់​លើក​ គាត់​ចង់​និយាយ​ថា ​វា​ជា​បញ្ហា​រួម​ មាន​ន័យ​ថា​ រោង​ចក្រ​ណា​ក៏​មាន​ការ​រំលោភ​ដែរ​នោះ​ គឺ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»។​

ទោះជា​យ៉ាងណា ​លោក​ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​ទទួល​ស្គាល់​ថា​ របាយ​ការណ៍របស់​អង្គការ ​Human Rights Watch ​បាន​បង្ហាញ​ការណ៍​ពិត​ទាក់ទង​នឹង​ការ​រឹតត្បិត​ និង​ការ​កៀប​សង្កត់​លើ​សហជីព​នៅ​តាម​បណ្តា​រោងចក្រ។​

អង្គការ ​Human Rights Watch ​បាន​ស្នើ​ដល់ភាគី​នានា ​ដែល​ជាប់​ពាក់​ព័ន្ធរួមមាន​រដ្ឋា​ភិបាល ​សមាគម​រោង​ចក្រ​កាត់ដេរ​កម្ពុជា​ GMAC ​ក្រុមហ៊ុន​បញ្ជា​ទិញ ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​វាយនភ័ន្ត​នៅ​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​របស់​អង្គការ ​ILO ​របស់​អង្គការ​សហ​ប្រជាជាតិ​ រួម​ទាំង​ក្រុម​សហជីព​កម្មករ​ផង​ដែរ​ ដោយ​សុំ​ឲ្យ​ពួកគេ​ដើរ​តួ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​លក្ខ​ខណ្ឌ​ការ​ងារ​របស់​ក្រុម​កម្មករ​រោងចក្រ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG