ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន៖ ករណី​ឈូក​បណ្ឌិត​បង្ហាញ​ពី​វប្បធម៌​និទណ្ឌភាព​និង​ប្រមាថ​មាក់ងាយ​ដល់​ស្រ្តី


លោក​សុរិយា ស៊ូប៊ែឌី​​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ឡើង​ថា​តុលាការ​ខ្មែរ​មិន​មាន​ឯករាជ្យ​យុត្តិធម៌​ហើយ​ទទួល​រងសម្ពាធ​ពី​អ្នកមាន​អំណាច។
លោក​សុរិយា ស៊ូប៊ែឌី​​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ឡើង​ថា​តុលាការ​ខ្មែរ​មិន​មាន​ឯករាជ្យ​យុត្តិធម៌​ហើយ​ទទួល​រងសម្ពាធ​ពី​អ្នកមាន​អំណាច។

សកម្មជន​សិទ្ធិ​ស្រ្តី​បាន​បន្ថែម​សំឡេង​ជំទាស់​នេះ​ដោយ​ចាត់​ទុក​​​ថា​នេះ​ជា​ការ​ប្រមាថ​កាន់​តែ​ខ្លាំង​ដល់​​សិទ្ធិ​របស់​ស្រ្តី​ដែល​ទទួ​ល​រង​អំពើ​ហិង្សា​ទាំង​ក្នុង​គ្រួសារ​និង​ក្នុង​សង្គម​ការងារ។​

វ៉ាស៊ីនតោន៖​ សម្រែក​និង​ទឹកភ្នែក​កម្មការិនី​បីនាក់​ដែល​បាន​បង្ហូរ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​កាលពី​ថ្ងៃ​ទី​១០ ​ខែធ្នូទាម​ទារ​រក​យុត្តិធម៌​មិនបានធ្វើ​ឱ្យ​រំជួល​ដល់​ចិត្ត​តុលាការ​ខេត្ត​ស្វាយ​រៀង​ទេ​ដោយ​សារ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពីនោះ​ប៉ុណ្ណោះ​តុលាការ​នេះ​បាន​លាង​សម្អាត​កេរ្តិ៍​ឈ្មោះ​ឱ្យ​លោក​ឈូក បណ្ឌិត​ដោយ​ចាត់​ទុក​ថា​អតីត​អភិបាល​ក្រុង​បាវិត​រូបនេះ​មិន​បាន​លើកដៃ​បាញ់​កម្មការិនី​ទាំងបី​នាក់នេះឡើយ។​

ការសម្រេច​កាលពីថ្ងៃ​ទី​១៤ខែ​ធ្នូ​លុប​ចោល​ការចោទ​ប្រកាន់​លោក​ឈូក បណ្ឌិត​បាន​នាំ​ឱ្យ​មាន​ការ​ស្រែក​តវ៉ា​ជាច្រើន​ពី​អង្គការ​សង្គម​ស៊ីវិលថា​ជា​ទង្វើ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​និង​ខ្លាច​អំណាច​អ្នក​ធំ​ព្រោះ​សូម្បី​ទាំង​ជន​សង្ស័យ​ខ្លួន​ឯង​ធ្លាប់​បាន​សារភាព​ថា​ខ្លួន​ជា​អ្នក​បាញ់​មុនពេល​ដែល​ប្តូរ​ចម្លើយ​វិញ​ ហើយ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​ធ្លាប់​បាន​បញ្ជាក់ថា​ការស៊ើប​អង្កេត​ចង្អុល​ថា​ជន​នោះ​ជា​អ្នក​ដៃ​ដល់​ដែរ។​

សកម្មជន​សិទ្ធិ​ស្រ្តី​បាន​បន្ថែម​សំឡេង​ជំទាស់​នេះ​ដោយ​ចាត់​ទុក​ថា​នេះ​ជា​ការ​ប្រមាថ​កាន់​តែ​ខ្លាំង​ដល់សិទ្ធិ​របស់​ស្រ្តី​ដែល​ទទួ​ល​រង​អំពើ​ហិង្សា​ទាំង​ក្នុង​គ្រួសារ​និង​ក្នុង​សង្គម​ការងារ។​

លោកស្រី​ប៉ុក ណន្តដា ​នាយិកា​ប្រតិបត្តិ​នៃ​សមាគម​ចម្រើន​ស្ត្រី​បាន​បញ្ជាក់​ថា៖​

«ការសម្រេច​របស់​តុលាការ​នោះ​ដូច​ជា​មិន​យុត្តិធម៌​សម្រាប់​ស្រ្តី​រងគ្រោះ​ទេ​ធ្វើ​ឱ្យ​ខ្ញុំ​ជាស្រ្តី​ដែរ​ខ្ញុំ​មាន​ការ​ខកចិត្ត​ដោយសារ​ស្រ្តី​បាន​រងគ្រោះ​ហើយ​ហើយ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​នោះមិន​មាន​ទទួល​ទោស​អ្វី​សោះ​អញ្ចឹង​ធ្វើ​ឱ្យ​យើង​ដែល​ជា​ស្រ្តី​នេះថាច្បាប់​ហ្នឹង​មិន​ត្រូវ​បាន​អនុវត្ត​ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​យុត្តិធម៌​ដែល​ស្រ្តី​ដែល​នឹង​ត្រូវ​ទទួល​ទេ»។​

ការបាញ់​ប្រហារ​ដោយ​មិន​ញញើត​ដៃ​នេះ​កើត​ឡើង​កាលពី​ថ្ងៃទី២០ ​ខែកុម្ភៈ ​ឆ្នាំ២០១២ ​ខណៈ​ដែល​កម្មករ-កម្មការិនី ​រោងចក្រ​ផលិត ​ស្បែកជើង​កៅវ៉េ ​ដែល​មាន​ទីតាំង​ស្ថិត​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ មេនហាតធេន ​សង្កាត់​បាវិត​ ក្រុងបាវិត ​ខេត្ត​ស្វាយរៀង ​កំពុង​នាំ​គ្នា​ធ្វើ ​កូដកម្ម​ទាមទារ​ឲ្យ​ និយោជក​រោងចក្រ​គោរព​តាម​ច្បាប់​ស្តីពី​ការងារ​ដើម្បី ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ ល្អប្រសើរ​ឡើង។ ការបាញ់​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​កម្មការិនី​ នុត សាខន កែវ នា ​និង​ប៊ុន ចិន្តា​រងរបួស​ស្ទើរតែ​បាត់​បង់​ជីវិត។

ក្រុម​អ្នក​វិភាគ​នានា​មើល​ឃើញ​ថា​វប្បធម៌​នៃ​ការ​ឱ្យ​អ្នក​ធំ​និង​មាន​អំណាច​រួច​ខ្លួន​នៅ​គ្របដណ្តប់​សង្គម​កម្ពុជា​យ៉ាង​ក្រាស់ក្រែល។​

លោក​ស្រី​ជា វណ្ណាត​ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ​យល់​ថា​គេមិនត្រូវ​បែង​ចែក​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​តែ​អ្នក​មាន​ ឬ​អ្នក​ក្រ​ឬ​ក៏​បុរស​និង​ស្រ្តី​ទេ​ព្រោះ​យុត្តិធម៌​ក្នុង​សង្គម​មិន​ប្រកាន់​សូម្បី​តែ​ជំនឿ​សាសនា​ឡើយ។

លោក​អ៊ូ​ វីរៈ​ ប្រធាន​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​រិះគន់ចំពោះ​វប្បធម៌​និទណ្ឌភាព​នេះ៖

«ការបាញ់​ដល់​ស្រ្តី​បី​រូប​ហ្នឹង​ឆ្លុះ​បញ្ចាំង​មិន​ត្រឹម​តែ​និទណ្ឌភាព​ទេ វា​ឆ្លុះ​បញ្ចាំង​ថា​នៅ​ក្នុង​សង្គម​យើង​ស្រ្តី​រងគ្រោះ​គ្រប់​រូបភាព​ទាំង​អស់។ ទីមួយ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​នេះ​ស្ត្រី​ជាច្រើន​ជាពិសេស​ស្រ្តី​នៅ​ភាព​យុវវ័យ​ហ្នឹង​គឺ​មាន​ការ​រើស​អើង​ មាន​ការមើល​ងាយ​ មាន​អំពើ​មិន​ថ្លៃ​ថ្នូរ​មួយ​ចំនួន​កើត​ឡើង​ចំពោះ​គាត់។

នេះ​បើតាម​ខ្ញុំ​ដឹង​ហើយ​ជា​រឿង​មួយ​ដែល​សង្គម​យើង​យក​ចិត្ត​ទុក​ដាក់​ហើយ​ការពារ​គាត់​មែនទែន។​ ហើយ​មក​ដល់​បាញ់​បោះ​ទៀត​ខ្ញុំ​មើល​ទៅ​គឺ​ជា​រឿង​រន្ធត់​សម្រាប់​ស្រ្តី​ជាច្រើន​នៅ​ក្នុង​វិស័យ​កាត់​ដេរ​នេះ​ផង​និង​ក្នុង​គ្រប់​វិស័យ​ផង»។

នេះ​ជា​ករណីមួយ​ទៀត​ដែល​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​លោក​សុរិយា ស៊ូប៊ែឌីអ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ឡើង​ថា​តុលាការ​ខ្មែរ​មិន​មាន​ឯករាជ្យ​យុត្តិធម៌​ហើយ​ទទួល​រងសម្ពាធ​ពី​អ្នកមាន​អំណាច។

ក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ខែ​កញ្ញាឆ្នាំ​២០១២​នេះ​លោក​សុរិយា​ ស៊ូប៊ែឌី​បាន​បញ្ជាក់​ថា៖

«ការគោរព​តាម​នីតិរដ្ឋ​រង​ផលប៉ះពាល់​ពី​ការចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​ថា​មាន​ការចូល​ជ្រៀតជ្រែក​ពី​អង្គនីតិ​ប្រតិបត្តិ​ក្នុង​ប្រព័ន្ធ​តុលាការ​និង​មាន​អំពើ​ពុករលួយ​យ៉ាង​ទូលំ​ទូលាយ។ ជា​លទ្ធផល​និទណ្ឌភាពចំពោះ​ការ​ប្រព្រឹត្តិ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​បន្ត​ហើយ​ការជឿជាក់​របស់​សាធារណជន​លើ​ប្រព័ន្ធ​យុត្តិធម៌​មិន​មាន​ការប្រសើរ​ឡើង​ទេ»។

ប៉ុន្តែនេះ​ជា​ការរក​ឃើញ​មួយ​ដែល​លោក​ហ៊ុន សែន​នាយករដ្ឋ​មន្ត្រី​កម្ពុជា​ចាត់​ទុក​ថា​មិន​ឆ្លុះ​បញ្ចាំង​ការណ៍​ពិត​នៅ​កម្ពុជា​ទេ​ហើយ​បញ្ជាក់​ថា​លោក​មិន​ចាំបាច់​ធ្វើ​តាម​អនុសាសន៍​ឱ្យ​មាន​ការ​កែ​ប្រែ​អ្វីឡើយ។

«ខ្ញុំ​ទទួល​ខុសត្រូវ​តែ​ចំពោះ​មុខ​សភាជាតិ​កម្ពុជា​ ចំពោះមុខ​ប្រជាជន​កម្ពុជា​ទេ។ ខ្ញុំ​មិន​បាន​ទទួល​ខុសត្រូវ​ចំពោះ​មុខ​អ្នកណា​មក​ធ្វើ​របាយការណ៍​អី​ទាំង​អស់​។ និយាយ​មួយ​ម៉ាត់​ឱ្យ​ខ្លី​។ ហើយ​ខ្ញុំ​ក៏​អត់​មាន​ពេល​វេលា​ដើម្បី​ស្តាប់​អនុសាសន៍​ឬក៏​អ្នក​ណា​តម្រូវ​អីដែរ»។

ខណៈ​ពេល​ដែល​ការខកចិត្ត​មាន​ជា​បន្ត​បន្ទាប់​ក្នុង​ករណី​បាញ់​កម្មករ​នៅ​ក្រុង​បាវិត​មជ្ឈ​មណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា​របស់​លោក​អ៊ូ​ វីរៈ​យល់​ថា​ក្រុមហ៊ុន​ភូម៉ា​ដែល​ជា​អ្នក​បញ្ជាទិញ​គួរ​តែ​ដាក់​សម្ពាធ​បន្ថែមឬ​ក៏​ដក​ចេញ​ពី​តំបន់​ដែល​លោក​ឈូក បណ្ឌិត​ធ្លាប់​កាន់​កាប់ហើយ​គួរ​តែ​ធ្វើ​ឱ្យ​បាន​ឆាប់​ដោយ​មិន​ត្រូវ​បង្អង់​ពេល​វេលា​ទេ។​

លោក​អ៊ូ​ វីរៈ នាយក​មជ្ឈមណ្ឌល​នេះ​បានបញ្ជាក់​ថា៖​

«ភូម៉ា ​មាន​មូលហេតុ​សមស្រប​ក្នុង​ការ​ជំរុញ​ឱ្យសហគមន៍​អឺរ៉ុប​និង​ប្រទេស​ដទៃ​គាំទ្រ​នៅ​ក្នុង​ការ​ជំរុញ​ឱ្យមាន​ការ​រក​យុត្តិធម៌​ដល់​កម្មករ​ដែល​ធ្វើ​ស្បែកជើង​ឱ្យ​ខ្លួន»។ ​
ក្រុម​អ្នក​សង្កេតការណ៍​យល់​ថា​ឆ្នាំ​២០១២​ដែល​នឹង​បញ្ចប់​ទៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ​នឹង​បិទ​ទំព័រ​ដោយ​ដិតដាម​ទៅដោយ​ឈាម​និង​ទឹក​ភ្នែក​កម្មករ​ទាំង​បី​នាក់​ដែល​នៅ​តែ​ស្រែក​ដង្ហោយ​រក​យុត្តិធម៌​ដោយ​មិនមានការ​ឆ្លើយ​តប៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG