ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ធ្វើ​ឲ្យ​ទីក្រុង​ហុងកុង​បាត់បង់​ឋានៈ​ជា​មណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រចាំ​ទ្វីប​អាស៊ី


គូស្នេហ៍​កាន់ទៀន​នៅមុខ​ទីបាញ់ទឹក​ Tsim Sha Tsui ក្នុង​ទីក្រុង​ហុងកុង​ រំឭក​ខួបទី​៣១ឆ្នាំ​នៃការ​បង្ក្រាប​នៅទីលាន​ Tiananmenក្នុង​ឆ្នាំ១៩៨៩​ ក្នុង​រដ្ឋធានី​ប៉េកាំង។
គូស្នេហ៍​កាន់ទៀន​នៅមុខ​ទីបាញ់ទឹក​ Tsim Sha Tsui ក្នុង​ទីក្រុង​ហុងកុង​ រំឭក​ខួបទី​៣១ឆ្នាំ​នៃការ​បង្ក្រាប​នៅទីលាន​ Tiananmenក្នុង​ឆ្នាំ១៩៨៩​ ក្នុង​រដ្ឋធានី​ប៉េកាំង។

ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ទីក្រុង​ហុងកុង​កំពុង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​នានា​ពិចារណា​ឡើង​វិញ​អំពី​វត្តមាន​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​នេះ។ ការណ៍​នេះ​ក៏​ទំនង​ជា​សញ្ញា​បង្ហាញឲ្យ​ឃើញ​អំពី​ការ​បញ្ចប់​នូវ​ឋានៈ​របស់​ទីក្រុង​ហុងកុង​ក្នុង​នាម​ជា​ទីតាំង​មូលដ្ឋាន​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ក្នុង​តំបន់​ផង​ដែរ។

អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មកនេះ បណ្តា​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ធំៗ​ក្នុង​ពិភពលោក​បាន​ដាក់​ទីស្នាក់ការ​កណ្តាល​ប្រចាំ​តំបន់​អាស៊ី​របស់​ពួកគេ​ក្នុង​ទីក្រុង​ហុងកុង ដោយសារតែ​ទីក្រុង​នេះ​មាន​ទីតាំង​ជិត​ចិន​ដី​គោក មាន​ការ​គោរព​នីតិរដ្ឋ និង​មាន​បរិយាកាស​សេរីភាព​សារព័ត៌មាន​ល្អ។

ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​ទីក្រុង​ហុងកុង​ក្នុង​នាម​ជា​ទីក្រុង​ដែល​មាន​សេរីភាព​ល្អ​បំផុត​នេះ កំពុងតែ​ធ្លាក់ចុះ​យ៉ាង​លឿន បន្ទាប់ពី​មាន​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ដែល​មាន​លក្ខណៈ​ទូលំ​ទូលាយ​ជ្រុល។ ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​គឺ​ជា​វិធានការ​ឥត​កោតខ្លាច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការ​លុប​បំបាត់​ភាព​ខុសគ្នា​រវាង​ប្រព័ន្ធ​ច្បាប់​ចិនដី​គោក និង​ប្រព័ន្ធ​ច្បាប់​ទីក្រុង​ហុងកុង។

ច្បាប់​ថ្មី​នេះ​ក៏​អាច​ជា​ការ​ឆ្លើយតប​ទៅ​នឹង​បាតុកម្ម​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កាល​ពី​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ​ផង​ដែរ។ ប៉ុន្តែ​ប្រការ​ដ៏​ទូលំទូលាយ​ជ្រុល និង​មិន​ច្បាស់លាស់​របស់​ច្បាប់​នេះ បាន​ជះ​ឥទ្ធិពល​ខ្លាំងក្លា​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ស្ថាប័ន​ព័ត៌មាន​សម្រេច​ចិត្ត​ផ្លាស់​ទីតាំង​មុន​គេ​ចេញ​ពី​ទីក្រុង​ហុងកុង

សារព័ត៌​មាន The New York Times កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​កន្លង​ទៅ​នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​ប្តូរ​ទីតាំង​ការិយាល័យ​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​ហុងកុង​ចំនួន​មួយ​ភាគ​បី​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង។ កាសែត​នេះ​គឺ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ដ៏​ធំ​មួយ ដែល​ប្រកាស​ដំបូង​គេ​បង្អស់​អំពី​ការ​សម្រេច​បែប​នេះ។

កំណត់​ហេតុ​ផ្ទៃក្នុង​របស់​សារព័ត៌មាន The New York Timesបាន​បញ្ជាក់​អំពី​ច្បាប់​ថ្មី​នេះ​ថា​មាន «ភាព​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង​ប្រតិបត្តិការ​របស់​កាសែត​នេះ និង​វិជ្ជាជីវៈ​ខាង​សារព័ត៌មាន​របស់​កាសែត​នេះ»។ កាសែត​នេះ​បន្ត​ថា៖ «យើង​យល់​ថា យើង​ត្រូវ​ប្រយ័ត្ន​ប្រយែង​លើ​ការ​រៀបចំ​គម្រោង​កិច្ចការ​នានា និង​ត្រូវ​ចាប់ផ្តើម​ផ្លាស់ទី​ក្រុម​និពន្ធ​កាសែត​ក្នុង​តំបន់​នេះ»។

កាសែត​ The New York Timesបាន​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​ទុក​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ហុងកុង​ដើម្បី​រាយការណ៍​ព័ត៌មាន​អំពី​ទីក្រុង​នេះ ប៉ុន្តែ​វាអាច​នឹងពិបាក​ជាង​មុន​ក្នុង​ការធ្វើ​ដូច្នេះ។ កាសែត​នេះ​បាន​បន្ត​ថា កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​បាន​បដិសេធ​មិន​ផ្តល់​ប័ណ្ណ​ការងារ​ជា​ថ្មី​ដល់​លោក​ Chris Buckley ដែល​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជើងចាស់​ម្នាក់​របស់​ខ្លួន​អំពី​ប្រទេស​ចិន។

កាល​ពី​ដើម​ឆ្នាំ​នេះ ប្រទេស​ចិន​បាន​បណ្តេញ​អ្នក​យក​ព័ត៌មាន​អាមេរិកកាំង​មួយ​ចំនួន​ដែល​ធ្វើការ​ឱ្យ​កាសែត​ The New York Times កាសែត​ The Wall Street Journalនិង​កាសែត​ The Washington Post ចេញ​ពី​ប្រទេស។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជាក់​ថា អ្នក​រាយការណ៍​ព័ត៌មាន​ទាំងនោះ​ក៏​គ្មាន​សិទ្ធិ​រាយការណ៍​ព័ត៌មាន​ពី​ទីក្រុង​ហុងកុង​ផង​ដែរ។

ការ​បណ្តេញ​ចេញ​ពី​ប្រទេស​នេះ អាច​ជា​ហេតុ​បង្ហាញ​ឲ្យ​ឃើញ​នូវ​វិធានការ​សងសឹក​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដើម្បី​រឹត​បន្តឹង​ការ​ចូល​មក​យក​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

ស្ថាប័ន​ព័ត៌មាន​ផ្សេង​ទៀត​កំពុង​រិះរក​ជម្រើស​ថ្មី​ក្រៅ​ពី​នេះ

ចាប់តាំង​ពីមាន​ការបណ្តេញ​ចេញ​ដូច្នេះ​មក សារព័ត៌​មាន The Washington Post បាន​ផ្លាស់​អ្នក​រាយការណ៍​ព័ត៌មាន​របស់​ខ្លួន​យ៉ាង​តិច ២ នាក់​ទៅ​ប្រចាំការ​នៅ​ប្រទេស​កូរ៉េខាង​ត្បូងវិញ។

សារព័ត៌​មាន The Wall Street Journal និង​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ក៏​កំពុង​ចាប់ផ្តើម​គិតគូរ​អំពី​អនាគត​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ផង​ដែរ។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

កាល​ពី​ពេល​ថ្មីៗ​នេះ កាសែត​ Hong Kong Free Press ដែល​ជា​សារព័ត៌មាន​ភាសា​អង់គ្លេស​មិន​រក​ប្រាក់​កម្រៃ ដែល​បាន​រាយការណ៍​អំពី​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង បាន​បញ្ជាក់​ថា ខ្លួន​ប្រហែល​ជា​អាច​ប្តូរ​ប្រតិបត្តិការ​របស់​ខ្លួន​ចេញ​ពី​ទីក្រុង​ហុងកុង​ប្រសិនបើ​ចាំបាច់ ដោយសារតែ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ។

លោក​ Tom Grundy ដែល​ជា​និពន្ធ​នាយក និង​ជា​ស្ថាបនិក​សារព័ត៌មាន​នេះ បាន​សរសេរ​នៅ​ក្នុង​កាសែត the Guardian ថា៖ «ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​យើង​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ពី​ខាង​ក្រៅ​ដែនដី​ទីក្រុង​ហុងកុង បន្ទប់​ផ្សាយ​របស់​យើង​គឺ​នៅ​រក្សា​នៅ​ទី​នោះ​ដដែល»។

ហេតុអ្វី​បានជា​ច្បាប់ថ្មីនេះ​ក្លាយជា​បញ្ហា?

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនមែន​ជា​គោលដៅ​ចម្បង​នៃ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​ទេ។ ច្បាប់​នេះ​មាន​គោល​បំណង​ទប់ស្កាត់​ការ​ធ្វើ​អបគមន៍​ វិទ្ធង្សនា​ ភេវរកម្ម​ និង​ការ​ឃុបឃិត​ជាមួយ​បរទេស។

ប៉ុន្តែ​មាត្រា​៥៤ នៃ​ច្បាប់​នេះ ចែង​ថា អាជ្ញាធរ​ត្រូវតែ «ពង្រឹង​ការ​គ្រប់គ្រង»លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បរទេស អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​នានា។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ចំណុច​នេះ​ចង់​មាន​ន័យ​យ៉ាង​ណា​នោះ ប៉ុន្តែ​អ្នកសារព័ត៌​មាន​បរទេស​ជា​ច្រើន​គិត​ដោយ​ផ្ទាល់​ខ្លួន​ថា វា​អាច​នឹង​មាន​ការ​តាមដាន និង​ការ​ដាក់​កំហិត​តឹងតែង​ជាង​មុន។

ចំណុច​លំបាក​មួយ​ទៀត គឺ​ប្រភព​ផ្តល់​ព័ត៌មាន​នឹង​កាន់តែ​រីង​ស្ងួត។ បច្ចុប្បន្ន​នេះ ពលរដ្ឋ​ក្នុង​ទីក្រុង​ហុងកុង​ជា​ច្រើន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន ជាពិសេស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បរទេស។

ចំណុច​ខាង​លើ​នេះ​អាច​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ផ្នែក​មួយ​ចំនួន​នៃ​ច្បាប់​ថ្មី​នេះ ដែល​ដាក់​ទោស​ឧក្រិដ្ឋ​ចំពោះ​ការ​ធ្វើ​ការ​ជាមួយ​អង្គការ​បរទេស​ណា​មួយ​នៅ​ក្នុង​ការ​បំផុស​ឲ្យ​មាន​ការ​ស្អប់​គុំកួន​ចំពោះ​រដ្ឋាភិបាល​ចិន។

ភាព​មិន​ច្បាស់លាស់​នៃ​ប្រការ​ខាង​លើ​នេះ​បាន​បង្កើត​ឱ្យ​មាន​ការ​ភ័យខ្លាច មិន​ត្រឹមតែ​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​នានា​ផង​ដែរ។

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ជើងចាស់​មួយ​រូប​បាន​ប្រាប់​វីអូអេ​ថា៖ «ប្រជា​ពលរដ្ឋ​ចាប់ផ្តើម​មាន​អារម្មណ៍​វិលវល់។ យើង​មិន​ដឹង​ថា​តើ​គេ​នឹង​ប្រើ​ច្បាប់​នេះ​តាម​វិធី​ណា​នោះ​ទេ។ ...វា​មើល​ទៅ​ហាក់ដូចជា​មាន​ដាវ​នៅ​ពី​លើ​ក្បាល​យើង​អីចឹង»។

អ្នក​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​មួយ​រូប​ទៀត​បាន​ប្រាប់​វីអូអេ​ថា អ្នកស្រី និង​មិត្ត​រួម​ការងារ​ទាំងអស់​របស់​អ្នកស្រី បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង​រួច​ហើយ។

អ្នកស្រី​និយាយ​ថា៖ «យើង​មិនដឹង​ថា​ព្រំដែន​នៃ​ច្បាប់​នេះ​មាន​ត្រឹម​កម្រិត​ណា​នោះ​ទេ។ យើង​មិន​ចង់​សម្រប​ខ្លួន​តាម​ស្ថានការណ៍​បែប​ហ្នឹង ហើយ​ដាក់​កំហិត​លើ​ខ្លួន​ឯង​ឡើយ។ ...មាន​ហានិភ័យ​ជា​ច្រើន ដូច្នេះ​យើង​មិន​ចង់​ឱ្យ​បុគ្គលិក​របស់​យើង​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំង​នេះ​នោះ​ឡើយ»។

ការ​ធ្លាក់​ចុះ​នូវ​សិទ្ធិសេរីភាព​នានា

សូម្បីតែ​មុន​ពេល​មាន​ច្បាប់​ថ្មី​នេះ​ក៏​ដោយ ក៏​គេ​ឃើញ​ថា កម្រិត​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ហុងកុង​មាន​ការ​ធ្លាក់ចុះ​ជា​បណ្តើរៗ​រួច​មក​ហើយ។

កន្លង​មក គេ​ឃើញ​មាន​ករណី​ប៉ូលិស​រុកគួន បំពារបំពាន និង​ចាប់ខ្លួន​អ្នក​កាសែត​ណា​ដែល​យក​ព័ត៌មាន​អំពី​បាតុកម្ម​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង។

កាល​ពី​ចុង​ឆ្នាំ ២០១៥ បុគ្គលិក ៥ រូប​នៃ​រោងពុម្ព​មួយ​កន្លែង​ក្នុង​ទីក្រុង​ហុងកុង​ដែល​បោះពុម្ព​លក់​សៀវភៅ​រិះគន់​គណបក្ស​កុម្មុយនីស្ត​ចិន ត្រូវ​បាន​ប៉ូលិស​ចាប់​បង្ខាំង និង​រង​ការ​សួរ​ចម្លើយ​សម្ងាត់​នៅ​ចិន​ដី​គោក។

កាល​ពី​ឆ្នាំ ២០១៨ លោក Victor Mallet អតីត​និពន្ធ​ព័ត៌មាន​អំពី​តំបន់​អាស៊ី​នៃ​កាសែត The Financial Times ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទីក្រុង​ហុងកុង បន្ទាប់ពី​បាន​រៀបចំ​ព្រឹត្តិការណ៍​មួយ​ជាមួយ​នឹង​សកម្មជន​ម្នាក់​ដែល​គាំទ្រ​ឲ្យ​មាន​ឯករាជ្យភាព​សម្រាប់​ទីក្រុង​ហុងកុង។

ព្រឹត្តិការណ៍​ទាំងអស់​នេះ​ហើយ​បាន​បង្កើត​ឱ្យ​មាន​ស្ថានការណ៍​កើតឡើង​ដូច​សព្វថ្ងៃ​នេះ «ដែល​នោះ​គឺ​ជា​ការ​ចាប់ផ្តើម​នៃ​ការ​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ចិន​ដីគោក និង​ការ​គ្រប់គ្រង​នយោបាយ​លើ​ទីក្រុង​ហុងកុង»។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក Ben Bland អតីត​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​អំពី​ប្រទេស​ចិន​របស់​កាសែត The Financial Times។

លោក​ Bland ដែល​បច្ចុប្បន្ន​គឺ​ជា​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Lowy ក្នុង​ប្រទេស​អូស្ត្រាលី បាន​បញ្ជាក់​ថា៖ «មនុស្សជា​ច្រើនបាន​ប្រកែក​នឹង​ច្បាប់​ថ្មី​នេះ។ ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​ស​បញ្ជាក់​យ៉ាងច្បាស់​ថា រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​កំពុង​គ្រប់គ្រង​ស្ថានការណ៍​នេះ ហើយ​ប្រជាពលរដ្ឋ​នឹង​ដឹង​ថា​អ្វី​កំពុងតែ​កើតឡើង​នោះ»។

បើ​ទោះបីជា​ច្បាប់​ថ្មី​នេះ​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​រួច​មក​ហើយ​ក៏​ដោយ ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ហុងកុង​នឹង​ទំនងជា​មើល​ឃើញ​នូវ​ដំណាក់កាល​សាកល្បង​នៃ​ច្បាប់​នេះ​រយៈពេល​យូរ​ជា​បន្ត​ទៀត ស្របពេល​ដែល​អ្នក​កាសែត​នានា​កំពុង​ស្វែងយល់​អំពី​វិធី​ដែល​អាជ្ញាធរ​នឹង​បកស្រាយ ក៏​ដូចជា​អនុវត្ត​ច្បាប់​នេះ។

លោក Bland បាន​បន្ត​ថា៖ «មិនមែន​មាន​ន័យ​ថា រាល់​អ្នក​កាសែត​បរទេស​គ្រប់​រូប​សុទ្ធតែ​ត្រូវ​បាន​គេ​ឃ្លាំ​មើល និង​ចាប់ខ្លួន​នោះ​ឡើយ។ យើង​ត្រូវ​ចាំ​ថា ច្បាប់ដ៏​សំខាន់​មួយ​នេះ​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ ហើយ​ភាព​ភ័យ​ខ្លាច និង​ការ​តាម​ចាប់​កំហុស​កំពុងតែ​កើនឡើង»។

ទីតាំង​ជំនួស​ថ្មី​នៅ​មិនទាន់​ច្បាស់នៅ​ឡើយ

ទោះជា​យ៉ាងណា​ក៏ដោយ អ្នកវិភាគ​ជាច្រើន​បាន​ព្យាករណ៍​ថា ការ​ចាកចេញ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បរទេស​ពី​ទីក្រុង​ហុងកុង​នឹង​ធ្វើ​ឡើង​ដោយ​សន្សឹមៗ។ ហេតុផល​មួយ​គឺ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នេះ​នៅ​មិន​ទាន់​មាន​ជម្រើស​ទីតាំង​ថ្មី​នៅ​ឡើយ​សម្រាប់​ធ្វើជា​មណ្ឌល​ព័ត៌មាន​ប្រចាំ​តំបន់​របស់​ខ្លួន។

ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ អាច​ជា​ទីតាំង​សមស្រប​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នេះ​ដែល​ចង់​បន្ត​យក​ព័ត៌មាន​អំពី​ប្រទេស​ចិន ដោយសារតែ​វា​មាន​ទីតាំង​នៅ​ជិត​ប្រទេស​ចិន។ ប៉ុន្តែ​ការ​ផ្លាស់ទី​បុគ្គលិក​ទៅ​កោះ​តៃវ៉ាន់​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹង​សម្បារ ដោយសារតែ​ចិន​មិន​ដែល​ទទួលស្គាល់​រដ្ឋាភិបាល​តៃវ៉ាន់​ឡើយ។

ដូច​គ្នា​នឹង​ទីក្រុង​តៃប៉ិ​ដែរ ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន គឺ​ជា​ទីកន្លែង​បណ្តុំ​សហគមន៍​សារព័ត៌មាន​ដ៏​រស់រវើក​ផង​ដែរ ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ និង​ការ​គោរព​នីតិរដ្ឋ។ ប៉ុន្តែ​ការ​ចំណាយ​សម្រាប់​ការ​រស់នៅ​ដ៏​ថ្លៃ​ហួស​ប្រមាណ​អាច​ជារឿង​ដែល​ធ្វើ​ឱ្យ​រារែក​វិញ ជា​ពិសេស​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​តូចតាច។

ប្រទេស​សិង្ហបុរី​គឺ​ជា​ទីតាំង​នៃ​ទីស្នាក់ការ​កណ្តាល​ប្រចាំ​តំបន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បស្ចិម​ប្រទេស​មួយ​ចំនួន​រួច​មក​ហើយ ជា​ពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ហិរញ្ញវត្ថុ និង​អាជីវកម្ម។ ប៉ុន្តែ​ក្បួន​ច្បាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​តឹងតែង​របស់​ប្រទេស​នេះ​អាច​ជា​រឿង​ដែល​ធ្វើ​ឱ្យ​មាន​ការ​រារែក​ដក​ថយ​ទៅ​វិញ។

កាសែត​ The New York Times បាន​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងត្បូង​ជា​ទីតាំង​ដែល​ទាក់ទាញ «ក្នុង​ហេតុ​ផល​ជា​ច្រើន​ដូចជា បរិយាកាស​ស្វាគមន៍​ចំពោះ​អាជីវកម្ម​បរទេស សារព័ត៌មាន​ឯករាជ្យ និង​ជា​ចំណុច​ស្នូល​នៃ​សាច់រឿង​ព័ត៌មាន​ចម្បងៗ​ជា​ច្រើន​នៅ​ទ្វីប​អាស៊ី»។

លោក Jeffrey Robertson សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ Yonsei University ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង បាន​និយាយ​ថា ចំណុច​នេះ​មាន​ហេតុផល​ត្រឹមត្រូវ។ លោក​បាន​បន្ថែម​ថា ទីក្រុង​សេអ៊ូល​នឹង​ក្លាយជា​ចំណុច​ផ្ដោត​នៃ​កិច្ចការ​សាកលលោក​ក្នុង​រយៈពេល​ពី ៥ ទៅ ១០ ឆ្នាំ​ខាង​មុខ។

បើទោះបីជា​ទីក្រុង​សេអ៊ូល​មាន​ភាព​ទាក់ទាញ​ច្រើន​ក៏​ពិតមែន ប្រទេស​កូរ៉េខាងត្បូង​មិន​មែនជា​ប្រទេស​ចិន​នោះ​ទេ ដោយសារ​ប្រទេស​ចិន​អាច​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​នៅ​ទូទាំង​សាកលលោក​សម្រាប់​ពេល​អនាគត​ខាង​មុខ​បាន។

ទីក្រុង​ហុងកុង​លែងជា​ភ្លើង​បំភ្លឺ​ផ្លូវ​ទៀត​ហើយ

ការ​ចាកចេញ​របស់​អ្នក​កាសែត​ពី​ទីក្រុង​ហុងកុង​គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មាន​ការ​ខកចិត្ត ដោយហេតុថា ទីក្រុង​ហុងកុង​ធ្លាប់ជា​ទីកន្លែង​ដ៏​មាន​សុវត្ថិភាព​សម្រាប់​អ្នក​រាយការណ៍​ព័ត៌មាន​ដែល​ត្រូវ​បង្ខំ​ខ្លួន​ចាកចេញ​ពី​ប្រទេស​ចិន ឬ​ពី​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Sharron Fast សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សាកលវិទ្យាល័យ​ហុងកុង។

អ្នកស្រី Fast បាន​និយាយ​ថា៖ «កន្លង​មក ទីក្រុង​ហុងកុង​តំណាង​ឲ្យ​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ក្នុង​តំបន់​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​ដែល​មាន​មហិច្ឆតា មាន​ភាព​ក្លៀវក្លា និង​ហ៊ាន​និយាយ​»។

អ្នកស្រី​បាន​បន្ត​ថា ទីក្រុង​ហុងកុង​ក៏ «ជា​ច្រក​ផ្លូវ​ដ៏​មាន​ប្រយោជន៍​ផង​ដែរ​សម្រាប់​ការ​ចូល​ទៅ​កាន់​ប្រទេស​ចិន ដែល​នៅ​ទី​នោះ ការ​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​រារាំង​ដល់​វិជ្ជាជីវៈ​សារព័ត៌មាន​បែប​ស៊ើប​អង្កេត​នានា​ដែល​បក​អាក្រាត​លើ​បញ្ហា​ជា​ច្រើន​តាំង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស រហូត​ដល់​ការ​ក្តោបក្តាប់​របស់​សមាជិក​កំពូលៗ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​លើ​ធនធាន​ហិរញ្ញវត្ថុ​នានា»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ដើម្បី​ជា​ការ​លួង​ចិត្ត យើង​អាច​និយាយ​បាន​ថា យើង​ស៊ាំ​រួច​ទៅ​ហើយ​ជាមួយ​នឹង​ការ​រឹតបន្តឹង​ដែល​មាន​នៅ​ចិន​ដីគោក។ យើង​មាន​អ្នក​សារព័ត៌​មាន​ដែល​មាន​ទេព​កោសល្យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន ដែល​ត្រៀម​ខ្លួន​បាន​ល្អ​រួច​ជា​ស្រេច​ដើម្បី​សម្រប​ខ្លួន​តាម​ស្ថានការណ៍»៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG