កាលពីខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានទស្សន៍ទាយថា វីរុសកូរ៉ូណាប្រភេទថ្មីដែលរាតត្បាតជាសាកលនេះ នឹងបាត់ទៅវិញនៅខែមេសាខាងមុខ នៅពេលសីតុណ្ហភាពឡើងកម្តៅតាមរដូវកាល។ អ្នកផ្សេងទៀតសង្ស័យថា អាកាសធាតុក្តៅហើយសើមនៅតំបន់ត្រូពិក បានធ្វើឲ្យជំងឺកូវីដ១៩នេះឆ្លងរាតត្បាតតិចនៅតំបន់ក្តៅទាំងនោះ។
រឿងទាំងនេះអាចជាការពិត ក៏ប៉ុន្តែលោក Christopher Mores អ្នកស្រាវជ្រាវខាងវីរុសចម្លងដោយសត្វល្អិត នៅសាកលវិទ្យាល័យ George Washington ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងថា «ខ្ញុំប្រហែលមិនហ៊ានភ្នាល់ដាក់លុយច្រើនថា រដូវក្តៅនឹងធ្វើឲ្យជំងឺកូវីដ១៩បាត់ទៅវិញទេ»។
នៅបណ្តាប្រទេសមានអាកាសធាតុមធ្យម ជំងឺផ្តាសាយនិងជំងឺផ្តាសាយធំ (flu) មានចំនួនកើនឡើងនិងថយចុះទៅតាមរដូវកាល។ ជំងឺកូវីដ១៩គឺជាជំងឺផ្លូវដង្ហើមមួយដែលស្រដៀងនឹងជំងឺផ្តាសាយធំដែរ ហើយវីរុសនេះជាប្រភេទវីរុសដែលស្ថិតនៅក្នុងអំបូរជាមួយវីរុសដែលបង្កជំងឺផ្តាសាយធម្មតា។
ដោយផ្អែកលើការវិវត្តន៍របស់វីរុសកូរ៉ូណាប្រភេទផ្សេងទៀតកន្លងមក អ្នកវិទ្យាសាស្ត្រមួយក្រុមទស្សន៍ទាយថា ចំនួនករណីអ្នកកើតជំងឺកូវីដ១៩ អាចធ្លាក់ចុះវិញ ខណៈដែលនិទាឃរដូវចាប់ផ្តើមនៅអឌ្ឍគោលខាងជើងនៃផែនដី។
ប៉ុន្តែនេះមិនមានន័យថា ជំងឺកូវីដ១៩នឹងរលាយបាត់ទេ។ គំរូទស្សន៍ទាយរបស់អ្នកវិទ្យាសាស្ត្រទាំងនេះបង្ហាញថា ចំនួនករណីឆ្លងវីរុសនេះនឹងកើនឡើងខ្ពស់ជាថ្មីនៅរដូវរងារឆ្នាំក្រោយ។
ចុះតំបន់ក្តៅហើយសើមវិញ?
អ្នកវិទ្យាសាស្ត្រមិនដឹងពីមូលហេតុទាំងអស់ដែលនាំឲ្យជំងឺផ្តាសាយធម្មតានិងផ្តាសាយធំវិវត្តតាមរដូវនោះទេ ប៉ុន្តែមានគំនិតមួយដែលថា កូរ៉ូណាវីរុសងាយឆ្លងជាងនៅក្នុងខ្យល់អាកាសស្ងួត ដែលកើតឡើងនៅរដូវរងារ។
ប៉ុន្តែបើយោងតាមអ្នកវិទ្យាសាស្ត្រមួយក្រុមទៀត សំណើមក្នុងខ្យល់អាកាសមិនមែនជាកត្តាដែលប៉ះពាល់ដល់ជំងឺកូវីដ១៩ទេ។
អ្នកវិទ្យាសាស្ត្រទាំងនេះបានរកឃើញថា ជំងឺកូវីដ១៩ បានឆ្លងរាលដាលនៅគ្រប់តំបន់ក្នុងប្រទេសចិន តាំងពីតំបន់ត្រជាក់ស្ងួតនៅភាគខាងជើង រហូតដល់តំបន់ក្តៅសើមនៅភាគខាងត្បូង។
ម៉្យាងទៀត នៅប្រទេសសិង្ហបុរីដែលស្ថិតនៅតំបន់ត្រូពិកអាកាសធាតុក្តៅហើយសើម ក៏មានការឆ្លងវីរុសកូវីដ១៩ជាបន្តបន្ទាប់ដែរ។
ដូចគ្នានេះដែរ កត្តាកម្តៅនិងសំណើមក៏មិនអាចបញ្ឈប់ការឆ្លងនៃជំងឺផ្តាសាយធំដែរ។ ការសិក្សាមួយចំនួនបង្ហាញថា ករណីឆ្លងផ្តាសាយធំកាន់តែធ្លាក់ចុះនៅពេលដែលគេកាន់តែខិតជិតទៅដល់តំបន់អេក្វាទ័រ ប៉ុន្តែជំងឺផ្តាសាយធំនៅតែជាកត្តាសំខាន់ដែលនាំឲ្យមានការស្លាប់និងការព្យាបាលនៅមន្ទីរពេទ្យនៅតំបន់ទាំងនោះ។ ហើយក្នុងអំឡុងនៃការផ្ទុះរាតត្បាតនៃជំងឺផ្តាសាយជ្រូក H1N1 កាលពីឆ្នាំ២០០៩ បណ្តាប្រទេសនៅតំបន់ត្រូពិកដូចជា ម៉ិកសិក ឥណ្ឌា បង់ក្លាដែស មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និង ក្វាតេម៉ាឡា ស្ថិតនៅក្នុងចំណោមប្រទេសដែលមានអត្រាការស្លាប់ច្រើនជាងគេដោយសារជំងឺរាតត្បាតនេះ។
កត្តាការឆ្លងនៅតាមសាលារៀន
អាកាសធាតុតាមរដូវមិនមែនជាកត្តាតែមួយដែលនាំឲ្យករណីជំងឺផ្តាសាយធំត្រូវធ្លាក់ចុះនៅអឌ្ឍគោលខាងជើងក្នុងរដូវក្តៅនោះទេ។ វិស្សមកាលនៅតាមសាលាក៏ជាកត្តាមួយដែរ។
លោក Mark Lipsitch នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាការវិវត្តនៃជំងឺឆ្លងនៅសាកលវិទ្យាល័យ Harvard ក្នុងសហរដ្ឋអាមេរិក ថ្លែងថា ករណីឆ្លងនៃជំងឺផ្តាសាយធំអុតស្វាយ កញ្ជ្រិល និងជំងឺផ្លូវដង្ហើមផ្សេងទៀត ចាប់ផ្តើមកើនឡើងនៅពេលចូលបវេសនកាលឆ្នាំសិក្សាថ្មី។ ហើយចំនួនឆ្លងនេះចាប់ផ្តើមធ្លាក់ចុះវិញនៅពេលចូលដល់វិស្សមកាលរដូវក្តៅនៅពាក់កណ្តាលឆ្នាំ។
នៅពេលនេះ មានសាលារៀនជាច្រើនបានសម្រេចផ្អាកការសិក្សាទាំងអស់ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។ ប៉ុន្តែគេមិនច្បាស់ថា វិធានការនេះនឹងជួយទប់ទល់ការឆ្លងបានកម្រិតណាទេ។
បើទោះបីជាកុមារភាគច្រើនហាក់ដូចជាមិនងាយធ្លាក់ខ្លនឈឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ក៏ដោយ ក៏កុមារអាចផ្ទុកនិងចម្លងវីរុសនេះបន្ដទៅទៀត។ គេមិនទាន់ដឹងច្បាស់ថាតើកុមារដើរតួកម្រិតណាក្នុងការចម្លងវីរុសដែលរាតត្បាតជាសាកលនេះ។
លោក Mark Lipsitch បានសរសេរនៅក្នុងគេហទំព័រនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាការវិវត្តនៃជំងឺឆ្លងនៅសាកលវិទ្យាល័យ Harvard ថា៖ «ការយល់ច្បាស់អំពីស្ថានភាពនេះជារឿងសំខាន់ ប្រសិនបើយើងចង់ដឹងថាតើការបិទសាលាអាចជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែរឬទេ និងដើម្បីនឹងអាចទស្សន៍ទាយបន្តថា តើវិស្សមកាលរដូវក្តៅនឹងអាចជួយទប់ស្កាត់ការឆ្លងក្នុងកម្រិតណានោះ»។
វីរុសកើតជាថ្មីតាមរដូវកាល
លោក Lipsitch បានសរសេរបន្តថា មូលហេតុមួយទៀតដែលធ្វើឲ្យវីរុសរាតត្បាតជាសាកលកូវីដ១៩មិនងាយបាត់ទៅវិញគឺដោយសារ «វីរុសថ្មីមានប្រៀបបណ្តោះអាសន្នតែសំខាន់មួយទៀតគឺមិនមានជនណា ឬមានមនុស្សតិចតួចប៉ុណ្ណោះក្នុងចំណោមប្រជាជនដែលប្រព័ន្ធការពារក្នុងរាងកាយរបស់ពួកគេបានស៊ាំនឹងវីរុសថ្មីនេះ»។
ការណ៍នេះមានន័យថា មិនមានកត្តាអ្វីអាចទប់ទល់នឹងវីរុសថ្មីនេះបានទេ ទោះបីអាកាសធាតុក្តៅអាចទប់ខ្លះក៏ដោយ។
ទោះជាការឆ្លងជំងឺកូវីដ១៩ត្រូវធ្លាក់ចុះនៅក្នុងរដូវក្តៅពាក់កណ្តាលឆ្នាំនេះក្តី ក៏ជំងឺនេះអាចឆ្លងជាថ្មីទៀតនៅរដូវស្លឹកឈើជ្រុះចុងឆ្នាំ និងកើតមកវិញនៅរដូវស្លឹកឈើជ្រុះឆ្នាំបន្តបន្ទាប់ទៀត។ ដោយអាស្រ័យទៅលើកត្តាថាតើប្រព័ន្ធការពារក្នុងខ្លួនរបស់អ្នកជំងឺកូវីដ១៩ ខ្លាំងកម្រិតណានិងថាតើពួកគេងាយជាសះស្បើយកម្រិតណានោះ ជំងឺកូវីដ១៩អាចជាជំងឺដែលកើតថ្មីតាមរដូវកាល។ នេះបើយោងតាមការសិក្សាមួយដែលលោក Lipsitch បានចូលរួមដឹកនាំស្រាវជ្រាវ។
ស្ថានការណ៍នេះធ្វើឲ្យការបង្កើតវ៉ាក់សាំងការពារនិងការរកឃើញវិធីព្យាបាលរឹតតែសំខាន់៕
ប្រែសម្រួលដោយលោក សឹង សុផាត