ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង Wuhan ប្រទេស​ចិន​រាយការណ៍​ជា​លើក​ដំបូង​ថា​ មិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​កូរ៉ូណា


រូបឯកសារ៖ ក្រុមបុគ្គលិកសុខាភិបាលថតរូបជាមួយទង់ជាតិចិន​នៅស្ថានីយរថភ្លើងក្រុង Wuhan ខេត្ត Hubei កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រុមបុគ្គលិកសុខាភិបាលថតរូបជាមួយទង់ជាតិចិន​នៅស្ថានីយរថភ្លើងក្រុង Wuhan ខេត្ត Hubei កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ទីក្រុង Wuhan ប្រទេស​ចិន ដែល​ជា​កន្លែង​ផ្ទុះ​ឡើង​ដំបូង និង​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​មេរោគ​កូរ៉ូណា​ថ្មី ឬ COVID-19 បាន​រាយការណ៍​ជា​លើក​ទី​មួយ​ថា មិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​នេះ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ទេ។

ទីក្រុង Wuhan ត្រូវ​បាន​ជាប់​គាំង​អស់​រយៈពេល​ប្រហែល ២ ខែ នៅ​ពេល​ដែល​អាជ្ញាធរ​ព្យាយាម​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះ ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ការ​ឆ្លង​ថ្មីៗ​បាន​ធ្លាក់​ចុះ។

ទោះជា​យ៉ាង​នេះ​ក្ដី នៅ​តាម​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​ចិន ដោយសារ​អាជ្ញាធរ​ខាង​សុខាភិបាល​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​មេរោគ​នេះ​ថ្មី​ចំនួន ៣៤ ករណី​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ចំណោម​មនុស្ស​ដែល​មក​ពី​កន្លែង​ផ្សេង គេ​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ជា​បន្ត​អំពី​ករណី​ឆ្លង​ពី​ខាង​ក្រៅ​ដូច​នេះ ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​វិវឌ្ឍ​របស់​ប្រទេស​ចិន​កន្លង​មក។

ប្រទេស​ចិន​គឺ​ជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​បំផុត​ដោយសារ​មេរោគ​កូរ៉ូណា​ថ្មី​តាំង​ពី​មេរោគ​នេះ​បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន​មក ដោយ​កន្លង​មក​មាន​អ្នក​ឆ្លង​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស​ប្រហែល ៨ ម៉ឺន ១ ពាន់​នាក់ និង​អ្នក​ស្លាប់​ប្រហែល ៣ ពាន់ ២ រយ​នាក់។ អ្នក​ជំងឺ​ភាគ​ច្រើន​ដោយសារ​មេរោគ​នេះ​បាន​ជះ​សះស្បើយ។

មេរោគ​នេះ​បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន ១៦៦ នៅ​ទូទាំង​ពិភពលោក ដោយ​មាន​អ្នក​ឆ្លង​ជាង ២ សែន ៨ ពាន់​នាក់ និង​អ្នក​ស្លាប់​យ៉ាង​តិច ៨ ពាន់ ៦ រយ​នាក់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក៕

XS
SM
MD
LG