ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​បង្ហាញ​ចំណុច​សំខាន់ៗ​នៃ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ទ្វីប​អាហ្វ្រិក


រូបឯកសារ៖ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសប្រចាំសហភាពអឺរ៉ុប ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Brussels ប្រទេសបែលហ្សិក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសប្រចាំសហភាពអឺរ៉ុប ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Brussels ប្រទេសបែលហ្សិក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

យុទ្ធ​សាស្ត្រ​នេះ​ឋិត​នៅ​ក្នុង​ដំណាក់​ការដំបូង។​ នៅ​មាន​សេចក្តី​លម្អិត​ថែម​ទៀត​ដែល​ត្រូវ​បំពេញដោយ​មាន​រួម​បញ្ចូល​ទាំង​សេចក្តី​ល្អិត​ល្អន់​ខាង​ហិរញ្ញ​វត្ថុ​ផង​ដែរ។​ ពួក​មន្ត្រី​សហភាព​អឺរ៉ុប​និយាយ​ថា ​ ​ពួក​គេ​ចង់ឱ្យ​មាន​មតិ​ត្រឡប់​មក​វិញ​ពី​ពួក​សមភាគី​អាហ្វ្រិក​របស់​ពួក​គេ​នៅ​មុន​សន្និសីទកំពូល​សហភាពអឺរ៉ុប​អាហ្វ្រិក​ នៅ​ពេល​បន្ទាប់មក​ទៀត​ក្នុង​ឆ្នាំ​នេះ។​

ក៏ប៉ុន្តែសាខា​នីតិ​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប​បាន​គូស​បញ្ជាក់​វិស័យ​សំខាន់ៗ​៥ ដែល​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​គឺ​អន្តរកាល​ទៅ​កាន់​ថាមពល​ស្អាត​ និង​ការ​ធ្វើ​ឱ្យ​មាន​ថាមពល​នេះ​ ​ការ​ផ្លាស់​ប្តូរ​ខាង​ឌីជីថល ការ​លូតលាស់​ដោយ​ចីរភាព​និង​ការ​មាន​ការងារ​ធ្វើ​ និង​សន្តិសុខ​ ដែល​នាំឱ្យមាន​សន្តិភាព​និង​អភិបាល​កិច្ច​ និង​កាត់​បន្ថយ​ចំណាក​ស្រុក​ និង​ចលាចល។

លោក​ Josep Borrell ​ជាប្រធានខាង​គោល​នយោបាយ​ការ​បរទេស​នៃ​សហភាព​អឺរ៉ុប។​ លោក​បាន​និយាយ​ថា​ ​ជា​ទូទៅសហភាព​អឺរ៉ុបចង់​បង្កើន​ភាព​ដៃគូ​ជាមួយ​ទ្វីប​អាហ្វ្រិកនិងធ្វើឱ្យ​វា​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​ផង​ដែរ។​

លោក Borrell​ និយាយ​ថា​៖ «យើង​មាន​ផល​ប្រយោជន៍​ខាង​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​ទ្វីប​អាហ្វ្រិក។ ​ការ​លូតលាស់​និង​សន្តិសុខ​របស់​យើង​អាស្រ័យ​លើ​អ្វី​ដែល​កើត​មាន​នៅ​ក្នុង​ទ្វីប​អហ្វ្រិក​ ​ហើយ​ប្រហែល​ច្រើន​ជាង​ផ្នែក​ឯទៀតៗ​នៃ​ពិភព​លោក​ថែម​ទៀត​ផង»។

ទោះណា​ជា​សហភាព​អឺរ៉ុប​មិន​បាន​ត្រូវ​គេមើល​ឃើញ​ថា​ ជា​ប្រភព​ហិរញ្ញវត្ថុ​ខ្លាំង​មួយ​ក្នុង​ទ្វីប​អាហ្វ្រិកក៏​ដោយ​ ​ក៏​សហ​ភាព​អឺរ៉ុប​ជា​ប្រភព​នៃ​វិនិយោគ​បរទេស​ជាង​២៥០​ពាន់​លាន​ដុល្លារ​ក្នុង​ទ្វីប​នោះ​ ​ រីឯ​ការ​វិនិយោគ​ពី​ស.រ.អា.​មាន​៤៨​ពាន់​លាន​ដុល្លារ​និង​ពី​ចិនមាន​៤៣​ពាន់​លាន​ដុល្លារ។​

លោក ​Borrell ​និយាយ​ថា ការគាំទ្រ​នៅ​ពេល​បច្ចុប្បន្នរបស់​អឺរ៉ុប​ក៏​មានរួម​បញ្ចូល​ការ​ជួយ​ប្រទេស​ជាតិ​នានា​ក្នុង​ទ្វីប​អាហ្វ្រិកឱ្យ​ដោះស្រាយ​ការ​រាលដាល​សាកល​នៃ​មេរោគ​វីរុស​កូរ៉ូណា ​និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៃ​ប្រទេស​ទាំង​នេះ​ផង​ដែរ។​

ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​រាយ​ការណ៍​ថា​ ​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ខ្លះ​ព្រួយ​បារម្ភ​ថា​ ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​អឺរ៉ុប​ក្នុង​ការ​ទប់​ស្កាត់​ចំណាក​ស្រុក​អាច​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​យុទ្ធសាស្ត្រ​នៃ​ភាព​ដៃគូ​ថ្មី​របស់​តំបន់​នេះ។

ក៏​ប៉ុន្តែ​នេះ​មិន​មែន​ជា​សារ​ដែលសហភាព​អឺរ៉ុប​បាន​បញ្ជូន​កាល​ពី​ថ្ងៃ​ច័ន្ទទី​៩ខែ​មីនា​ទេ។​ លោក ​Borrell ​បាន​និយាយ​ថា​ ​យុទ្ធសាស្ត្រ​ថ្មី​របស់​សហ​ភាព​អឺរ៉ុប​មិន​បិទ​ភ្នែក​ ហើយ​មើលឃើញ​តែ​ទ្វីប​អាហ្វ្រិក​បង្កបញ្ហា​ចំណាក​ស្រុក​នោះ​ទេ។​ លោក​បាន​និយាយ​ថា ​នៅ​ពេល​ដែល​មាន​ការ​ចាំ​បាច់​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចំណាក​ស្រុក​ខុស​ច្បាប់​ក៏​ដោយ ​ ក៏ចំណាក​ស្រុក​ត្រឹម​ត្រូវ​តាម​ច្បាប់​គួរ​តែ​ក្លាយ​ទៅ​ជា​ស្ថានភាព​ឈ្នះ-ឈ្នះ​សម្រាប់​ភាគី​ទាំង​សង្ខាង៕

ប្រែសម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG