ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ពិភពលោក​នឹងប្រើ​វិធី​សំពះ​បែប​ឥណ្ឌា​​​ពេល​ស្វាគមន៍​គ្នា​ក្នុង​ស្ថានការណ៍​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​ថ្មី​​ដែរ​ឬ​ទេ?


ព្រះអង្គម្ចាស់ Charles និង​ព្រះនាងCamilla ចូល​រួម​ក្នុង​ពិធីជប់លៀង Commonwealth ក្នុង​ទីក្រុង​ឡុងដ៍​ កាលពី​ថ្ងៃទី​០៩ មីនា ឆ្នាំ២០២០។
ព្រះអង្គម្ចាស់ Charles និង​ព្រះនាងCamilla ចូល​រួម​ក្នុង​ពិធីជប់លៀង Commonwealth ក្នុង​ទីក្រុង​ឡុងដ៍​ កាលពី​ថ្ងៃទី​០៩ មីនា ឆ្នាំ២០២០។

ប្រទេស​ឥណ្ឌា​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ដែល​បាន​ធ្វើ​ឲ្យលំហាត់​ប្រាណ​យោគៈ (yoga) និង​ការ​ធ្វើ​សមាធិ មាន​ប្រជាប្រិយ​នៅ​តាម​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក។ ឥឡូវ​នេះ ឥណ្ឌា​កំពុង​សម្លឹង​មើល​ថា​តើ​វិធី​សំពះ​ជា​លក្ខណៈ​ប្រពៃណី​របស់​ខ្លួន ដែល​ហៅ​ថា Namaste ដែល​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​អាច «ទប់ស្កាត់​ការ​ឆ្លង​មេរោគ​បាន» ត្រូវ​គេ​យក​ទៅ​អនុវត្ត​ជា​សាកល​ឬ​ក៏​អត់ ស្រប​ពេល​ដែល​មេដឹកនាំ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​បានបាប់​ផ្តើម​ប្រើ​វិធី​នេះ​នៅ​ក្នុង​ស្ថានការណ៍​ដែល​មាន​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​ថ្មី​ជា​សាកល។

ស្រប​ពេល​ដែល​អាជ្ញាធរ​នានា​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ជៀសវាង​ការ​ស្វាគមន៍​បែប​ចាប់​ដៃ​គ្នា​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​ដែល​ងាយស្រួល​ឆ្លង​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​ព្រះ​អង្គ​ម្ចាស់ Charles នៃ​ចក្រភព​អង់គ្លេស កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ប្រើ​វិធី​ជម្រាប​សួរ​ស្រដៀង​ទៅ​នឹង​វិធី​សំពះ​របស់​ឥណ្ឌា។

ពាក្យ «Namaste» ដែល​ជា​ពាក្យ​សំស្ក្រឹត​ពីរ​បញ្ចូល​គ្នា មាន​ន័យ​ថា «ការ​ឱន​គោរព​អ្នក»។ ការ​សំពះ​នេះ​មិន​មាន​ការ​ប៉ះ​ស្បែក​គ្នា​ទេ និង​អនុញ្ញាត​ឲ្យ​មនុស្ស​អាច​រក្សា​គម្លាត​ពី​គ្នា​បាន។

លោក​ប្រធានាធិបតី​Macron របស់​បារាំង​បាន​លើក​ដៃ​សំពះ​បែប​ប្រពៃណី​ឥណ្ឌា និង​ឱន​លំទោន​បន្តិច នៅ​ពេល​លោក​ជម្រាប​សួរ​ព្រះ​មហាក្សត្រ Felipe និង​ព្រះ​មហាក្សត្រីយានី Letizia នៃ​ប្រទេស​អេស្ប៉ាញ នៅ​វិមាន​ប្រធានាធិបតី Elysee Palace ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី ១១ ខែ​មីនា​កន្លង​ទៅ​នេះ។

ឯក​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា លោក Emmanuel Lenain បាន​សរសេរ​នៅ​លើ Twitter ថា៖ «លោក​ប្រធានាធិបតី Macron បាន​សម្រេច​ចិត្ត​ស្វាគមន៍​ចំពោះ​សមភាគី​របស់​លោក​ទាំង​អស់​ដោយ​វិធី​សំពះ ដែល​ជា​កាយវិការ​ដ៏​សមសួន​មួយ​ដែល​លោក​រៀន​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ឥណ្ឌា​កាល​ពី​ឆ្នាំ ២០១៨»។

នៅ​ក្នុង​អំឡុង​ពេល​ជំនួប​របស់​លោក​ប្រធានាធិបតី Donald Trump ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អៀរឡង់​លោក Leo Varadkar នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី ១២ ខែ​មីនា​កន្លង​ទៅ​នេះ លោក​ទាំង​ពីរ​បាន​លើក​ដៃ​សំពះ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក Trump បញ្ជាក់​ប្រាប់​អ្នក​កាសែត​នៅ​ពេល​លោក​បង្ហាញ​អំពី​វិធី​សំពះ​បែប​ឥណ្ឌា និង​វិធី​ឱន​គោរព​បែប​ជប៉ុន យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ទើបតែ​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌា​វិញ។ នៅ​ទី​នោះ ខ្ញុំ​មិន​បាន​ប្រើ​វិធី​ចាប់ដៃ​ដើម្បី​ជម្រាបសួរ​នរណា​ម្នាក់​នោះ​ទេ ហើយ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​បែប​ឥណ្ឌា និង​ជប៉ុន​នេះ​គឺ​ងាយស្រួល​ខ្លាំង​ណាស់។ នេះ​គឺ​ជា​ទំនោរ​នាំ​មុខ​ដ៏​ល្អ​មួយ»។

ជា​ការ​ពិត​ណាស់ វា​មិន​ងាយស្រួល​នោះ​ទេ​នៅ​ក្នុង​ការ​ផ្អាក​ប្រើ​វិធី​ចាប់​ដៃ​ជា​ទម្លាប់​កន្លង​មក។

លោក Trump និយាយ​ដូច្នេះ​ថា៖ «ពួក​យើង​មើល​គ្នា​ទៅ​វិញ​ទៅ​មក និង​បាន​និយាយ​ថា​តើ​ពួក​យើង​គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ? វា​ហាក់​ដូចជា​មាន​លក្ខណៈ​ឆ្គងៗ​យ៉ាង​ម៉េច​មិន​ដឹង​ទេ»។

ចំណែក​ឯ​លោក Varadkar វិញ និយាយ​ថា៖ «វា​ហាក់​ដូចជា​មាន​អារម្មណ៍​ប្លែកៗ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូចជា​មិន​គួរសម​យ៉ាង​ម៉េច​មិន​ដឹង​ទេ។ ប៉ុន្តែ​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ យើង​ត្រូវ​សម្រប​ខ្លួន​ឲ្យ​បាន»។

នៅ​ក្នុង​ចក្រភព​អង់គ្លេស ព្រះ​អង្គ​ម្ចាស់ Charles ដែល​ជា​អ្នក​នឹង​ត្រូវ​ស្នង​រាជ្យ​បន្ត ក៏​បាន​ប្រើ​វិធី​សំពះ​ជំនួស​ឲ្យ​វិធី​ចាប់ដៃ​ផង​ដែរ នៅ​ពេល​ដែល​ព្រះ​អង្គ​ជួប​ជាមួយ​ភ្ញៀវ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង​ឡុងដ៍។ ការ​ធ្វើ​ដូច្នេះ​សម្រាប់​ព្រះ​អង្គ​ក៏​មិន​ងាយស្រួល​នោះ​ដែរ។

វីដេអូ​មួយ​បាន​បង្ហាញ​ថា ព្រះ​អង្គ​បាន​លើក​ព្រះ​ហស្ថ​សំពះ​ដើម្បី​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​អ្នក​តំណាង​ផ្ទាល់​ខ្លួន​របស់​ព្រះ​មហាក្សត្រីយានី​ចក្រភព​អង់គ្លេស​ប្រចាំ​រាជធានី​ឡុងដ៍​ លោក Sir Kenneth Olisa ហើយ​បន្ទាប់​មក ព្រះ​អង្គ​បាន​ដាក់​ព្រះ​ហស្ថ​ចុះ​វិញ​យ៉ាង​លឿន និង​ស៊ក​ម្រាម​ព្រះ​ហស្ថ​ចូល​គ្នា។

កាល​ពី​ពេល​ថ្មីៗ​នេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​វិធី​សំពះ​បែប​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​របស់​លោក ហើយ​លោក​បាន​បង្ហាញ​ពី​វិធី​នេះ ដោយ​លើក​ដៃ​សំពះ​នៅ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​មួយ។

ជាង​នេះ​ទៀត នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ការ​ធ្វើ​បដិសណ្ឋារកិច្ច​បែប​ចាប់​ដៃ និង​ឱប​កាន់តែ​និយម​ឡើង ជា​ពិសេស​នៅ​តាមទីក្រុង លោក​នាយករដ្ឋមន្ត្រី Narendra Modi បាន​រំឭក​ប្រជាពលរដ្ឋ​អំពី​អត្ថប្រយោជន៍​នៃ​ការ​ផ្ដោត​លើ​វិធី​សំពះ​បែប​ប្រពៃណី​ឥណ្ឌា​វិញ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG