ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​ប្រជា​ការពារ​ខណ្ឌ​៧​មករា​ករណី​បោក​ផ្ទប់​នឹង​ថ្នល់​មួយ​ទំហឹង​ក្នុង​ពេល​តវ៉ា


រូបឯកសារ៖ អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថតដោយលីកាដូ)
រូបឯកសារ៖ អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថតដោយលីកាដូ)

អ្នកស្រី សេង​ ចាន់​ថន ភរិយា​លោក ​ស៊ុន ធន់ អតីត​មន្ត្រី​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់​ធំ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ដាក់​ពាក្យ​បណ្តឹងទៅ​តុលាការ​រាជធានី​ភ្នំពេញ ប្តឹង​ប្រជា​ការពារ​ខណ្ឌ​៧​មករា​មួយ​រូប ​ចំពោះ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សាទៅ​លើ​អ្នកស្រី។

កាលពី​ថ្ងៃ​ទី ៤ ​ខែ​កញ្ញា ​ក្នុង​ពេល​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​ស្វាមី និង​អតីត​មន្រ្តី​គណបក្ស​ប្រឆាំង​ជាង​ ១០ នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនា​គារ​ព្រៃ​ស អ្នកស្រី​ សេង ចាន់ថន ​អាយុ​ ៤៨ ​ឆ្នាំ​ ត្រូវ​បានប្រជាការពារ​ម្នាក់​ចាប់​បោក​ផ្ទប់​មួយ​ទំហឹង​ទៅ​នឹង​ថ្នល់ ហើយបណ្តាល​ឲ្យ​រង​របួស​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់។

វីដេអូ ​និង​រូបភាព​នៃ​ការ​ចាប់​ទាញ​បោកនោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។​ហេតុការណ៍​ហិង្សា​នេះ​បាន​កើត​ឡើង​ នៅ​ពេល​ក្រុម​អ្នក​តវ៉ា​ប្រមាណ ​២០ ​នាក់​ បាន​ព្យាយាម​ប្រមូល​ផ្តុំ​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​កម្លាំង​សន្តិ​សុខ​ខណ្ឌ​៧​មករា ​រាប់​សិប​នាក់។

ក្នុង​ពាក្យ​បណ្តឹង​ដែល​ដាក់​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ អ្នកស្រី សេង ចាន់​ថន បាន​សរសេរ​ថា ​អ្នកស្រី​ប្តឹង​ឈ្មោះ​ ឆោម ប្រសិដ្ឋ ប្រជាការពារ​ខណ្ឌ​៧មករា និង​បក្ខពួក ពី​បទ​ «ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស» ដូច​មាន​ចែង​ក្នុង​មាត្រា​ ២១៨ ​នៃ​ក្រម​ព្រហ្មទណ្ឌ។

អ្នកស្រី​បញ្ជាក់​ថា៖ «នៅ​ពេល​នោះ​ផង​ដែរ នាង​ខ្ញុំ​កំពុង​តែ​ដើរ ស្រាប់​តែ​ឈ្មោះ ឆោម ប្រសិដ្ឋ​ ដែល​ជា​ប្រជា​ការពារ​ប្រចាំ​ខណ្ឌ​៧មករា និង​បក្ខ​ពួក​បាន​មក​ចាប់​បោក​នាង​ខ្ញុំ​មួយ​ទំហឹង​មនុស្ស​ប្រុស​បោក​ដួល​ទាំង​ជំហរ​ទៅ​លើ​ប៉េ​តុង​ ប៉ុន​ប៉ង​សម្លាប់​នាង​ខ្ញុំ ដែល​បណ្តាល​ឲ្យ​នាង​ខ្ញុំ​ដួល​បោក​ទៅ​លើ​កម្រាល​ប៉េតុង​ សន្លប់​បាត់​ស្មារតី របួស​ពេញ​រាង​កាយ​ខាង​ក្រៅ និង​គ្រាំ​ផ្នែក​ខាង​ក្នុង​រាង​កាយ»។

អ្នកស្រី​បញ្ជាក់​ថា​សកម្មភាព​នេះ៖ ​«មាន​ការ​គិត​ទុក​ជា​មុន មាន​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ក្រប​ខណ្ឌ​សាលា​ខណ្ឌ និង​មាន​អ្នក​បញ្ជា​ឲ្យ​គំនិត​ផ្តើម​គំនិត និង​អ្នក​សម​គំនិត ដើម្បី​បំបិទ​សិទ្ធិ...»។

អ្នកស្រី​បន្ថែម​ថា អ្នកស្រី​មាន​ភស្តុតាង​ជា​វីដេអូ រូប​ភាព ឯកសារ​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន និង​មាន​សាក្សី​ ៥ នាក់។​

បើ​តាម​ពាក្យ​បណ្តឹងនោះ អ្នកស្រី​សុំ​ឲ្យ​តុលា​ការ​ចាត់​វិធាន​ការ​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់លើ​អ្នក​ដែល​អ្នកស្រី​ចោទ ​ហើយ​អ្នកស្រី​មិន​ទាម​ទារ​សំណង​ជំងឺ​ចិត្ត និង​ថ្លៃ​ខូច​ខាត​អ្វី​នោះ​ទេ។

អ្នកស្រី​ សេង ចាន់ថន ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រនេះបន្ថែម​ថា តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​អ្នកស្រី ហើយ​អ្នកស្រី​សង្ឃឹម​ថា ​តុលាការ​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នកស្រី បើ​ទោះ​យល់​ថា​តុលាការ​មិន​ឯករាជ្យ​ក៏​ដោយ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «យើង​ដឹង​ហើយ​ថា​តុលាការ​វា​របៀប​ហ្នឹង(មិន​ឯករាជ្យ) ប៉ុន្តែខ្ញុំ​នៅ​តែ​ដាក់​ពាក្យ​បណ្តឹង​ដដែល​ ដើម្បី​ឲ្យវា​ទៅ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ​បើ​តុលាការ​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់ គាត់​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ»។

លោក សំ សុគង់ ​មេធាវី​ការពារ​ក្តីឲ្យ​អ្នកស្រី​ សេង ចាន់​ថន​ ប្រាប់​ VOA ​ថា លោក​មាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុង​រឿង​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ទាក់​ទង​ទៅ​នឹង​ការ​ដាក់​ពាក្យ​បណ្តឹង​ហ្នឹង យើង​មាន​ភស្តុតាង​រឹង​មាំ។ ភស្តុតាង​ទីមួយ ទាក់ទង​នឹង​វីដេអូ​ឃ្លីប ដែល​នៅ​ពេល​កើត​ហេតុ​ហ្នឹង មាន​គេ​ថត​បាន។ ហើយ​ភស្តុ​តាង​ទីពីរ​ទាក់ទ​ង​នឹង​សាក្សី ដែល​ឃើញ​នៅ​កន្លែង​កើត​ហេតុ​ហ្នឹង។ ហើយ​ភស្តុតាង​ទីបី គឺ​ទាក់ទង​ទៅ​នឹង​រូប​ថត ដែល​គេ​ថត​បាន​ជា​សន្លឹក»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​យល់​ថា​ តុលាការ​ត្រូវ​តែ​ពិចារណា​អំពើល្មើស ហើយ​យើង​ឃើញ​ថា​អំពើ​នេះ​មិន​មែន​ជា​អំពើ​ការពារ មិន​មែន​ជា​អំពើ​ជួយ​ផ្តល់​នូវ​ការ​អនុវត្ត​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ​ទេ ជា​អំពើ​ហិង្សា​ដែល​មាន​បទ​ល្មើស​មាន​បញ្ញត្តិ​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ»។

VOA ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ឆោម ប្រសិដ្ឋ ​ប្រជា​ការពារ​ខណ្ឌ​៧មករា​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។ VOA​ ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក គុជ គឹម​ឡុង អ្នក​នាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ដែរ។

នៅ​ពេល​ទាក់ទង​ទៅ ហើយ​ឮ​ថា​អ្នក​យក​ព័ត៌មាន ​VOA អភិបាល​ខណ្ឌ​៧មករា លោក លឹម សុភា មាន​ប្រសាសន៍​ថា​ លោក​កំពុង​រវល់​ប្រជុំ។

កាលពី​ថ្ងៃ​ទី​ ៤​ ខែ​កញ្ញា ​គឺ​ភ្លាមៗ​ក្រោយ​ហេតុ​ការណ៍​ដែល​លោក​ ឆោម ប្រសិដ្ឋ ​ត្រូវ​គេ​ឃើញ​ថា​បាន​ចាប់​ទាញ​បោក​អ្នកស្រី​ សេង ​ចាន់ថន ​ពេញ​មួយ​ទំហឹង​ឲ្យ​ដួល​បោក​ខ្លួន​ទៅ​លើ​ថ្នល់​នោះ​ សាលា​ខណ្ឌ​៧​មករា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ចោទ​ប្រកាន់​ថា​ ការ​តវ៉ា​របស់​អ្នកស្រី​ សេង ចាន់ថន ​និង​អ្នក​តវ៉ា​ឯ​ទៀត​ «មាន​ការ​គោះ​ឆ្នាំង​បង្ក​សំឡេង​រំខាន​ខ្លាំងៗ»​ ហើយ​ជា​ការ​តវ៉ា​ខុស​ច្បាប់​និង​ជា​ការ​ដាក់​គំនាប​លើ​ស្ថាប័ន​តុលាការ។​

សាលា​ខណ្ឌ​អះអាង​ថា​នេះ​ជា​ «ការ​រុញ​ច្រាន​គ្នា» ​តែ​ប៉ុណ្ណោះ ដែល​បាន​កើត​ឡើង​ នៅ​ពេល​ក្រុម​ប្រជា​ការពារ​ខណ្ឌ​ខិត​ខំ​ទប់​ស្កាត់​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​មាន​គ្នា​ប្រហាក់​ប្រហែល ​១៥ ​នាក់ ​ដើរ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ សាលា​ខណ្ឌ​បន្ថែម​ថា ​រដ្ឋបាល​ខណ្ឌ​បាន​អប់រំ​ប្រជា​ការពារ​លោក​ ឆោម​ ប្រសិដ្ឋ​ ព្រម​ទាំង​អនុវត្ត ​«ការ​ដាក់​ពិន័យ​ទៅ​តាម​ច្បាប់»។

ស្វាមី​អ្នកស្រី​ សេង ចាន់ថន​ គឺ​លោក​ ស៊ុន ធន់ ​ដែល​ជា​គ្រូ​បង្រៀន​ថ្នាក់​អនុវិទ្យាល័យ​នៅ​ខេត្ត​កំពង់​ធំ ស្ថិត​ក្នុង​ចំណោម​អតីត​មន្ត្រី​គណ​បក្ស​ប្រឆាំង ​១៥ ​នាក់ ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ដោយ​សារ​ការ​អត្ថា​ធិប្បាយ​និង​ចែក​រំលែក​ព័ត៌មាន​នានា​ ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សេដ្ឋ​កិច្ច​ប្រទេស​និង​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩​និង​ករណី​គម្រោង​របស់​លោក ​សម ​រង្ស៊ី​ អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ វិល​ត្រឡប់​ចូល​ប្រទេស​វិញ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០​១៩។

គួរ​បញ្ជាក់​ថា​អ្នកស្រី​ សេង ចាន់ថន ​និង​ក្រុម​គ្រួសារ​របស់​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​តែង​តែ​ចេញ​មុខ​រៀង​រាល់​ថ្ងៃ​សុក្រ​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ក្រុម​គ្រួសារ​របស់​ពួកគេ​ចំនួន​ ១៥ ​នាក់។ បើ​តាម​អង្គការ​លីកាដូ​ ចាប់​តាំង​ពី​ដើម​ខែ​មិថុនា ឆ្នាំ​ ២០២០ ​គ្រួសារ​របស់​អតីត​សមាជិក​គណ​បក្ស​ជំទាស់​ត្រូវ​បាន​អូស​ទាញ​ទាត់​ធាក់ និង​វាយដំ ​អំឡុង​ពេល​ដែល​ពួក​គាត់​តវ៉ា​ដើម្បី​អំពាវ​នាវ​ឲ្យ​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួក​គាត់៕

XS
SM
MD
LG