ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បក្ស​ប្រឆាំង​បន្ថែម​ទៀត​រង​ការ​កាត់​ទោស​«រឿង​រួម​គំនិត​ក្បត់» ខណៈ​លោក​ សម រង្ស៊ី​ ប្រកាស​គម្រោង​ចូល​ស្រុក​ជា​ថ្មី


រូប​ឯកសារ៖ អ្នកស្រី ​ប៉ែន មុំ ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​កណ្តាល​  ស្រុក​ទឹកឈូ ​ខេត្ត​កំពត​ ត្រូវ​បាន​តុលាការ​ខេត្ត​កំពត​ក៏​បាន​សម្រេច​ផ្ដន្ទាទោសឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​ពី​បទ​«រួម​គំនិត​ក្បត់» កាល​ពី​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ​២០២០។ (រូបថត​ពី Facebook Mesa Love Lyma)
រូប​ឯកសារ៖ អ្នកស្រី ​ប៉ែន មុំ ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​កណ្តាល​  ស្រុក​ទឹកឈូ ​ខេត្ត​កំពត​ ត្រូវ​បាន​តុលាការ​ខេត្ត​កំពត​ក៏​បាន​សម្រេច​ផ្ដន្ទាទោសឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​ពី​បទ​«រួម​គំនិត​ក្បត់» កាល​ពី​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ​២០២០។ (រូបថត​ពី Facebook Mesa Love Lyma)

សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​បន្ថែម​ទៀត​ត្រូវ​បាន​តុលាការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​«រួម​គំនិត​ក្បត់»​ ដែល​អាជ្ញាធរ​កម្ពុជា​លើក​ឡើង​ថា​ ពាក់​ព័ន្ធ​នឹង​ការ​គាំទ្រ​គម្រោង​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ចូល​ប្រទេស​វិញ​កាល​ពី​ឆ្នាំ​មុន។​

កាល​ពី​ថ្ងៃ​អង្គារ​ តុលាការ​ខេត្ត​ត្បូងឃ្មុំ ​បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​៧​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី៥​ទៅ​៧​ឆ្នាំ ​ក្នុង​សំណុំ​រឿង​«រួម​គំនិត​ក្បត់»។​

បើ​តាម​មេធាវី​របស់​ពួកគេ​ ក្នុង​ចំណោម​នោះ ​មាន​៥​នាក់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​និង​២​នាក់​ទៀត​ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​តែ​ត្រូវ​ព្យួរ​ទោស​សាក​ល្បង។​កាល​ពី​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា​ឆ្នាំ​២០២០ ​ តុលាការ​ខេត្ត​កំពត​ក៏​បាន​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី ​ប៉ែន មុំ ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​កណ្តាល​ស្រុក​ទឹកឈូ ​ខេត្ត​កំពត​ ឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​ពី​បទ​«រួម​គំនិត​ក្បត់»​នេះ​ដូច​គ្នា។​

តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​«រួម​គំនិត​ក្បត់»​ តាម​មាត្រា​៤៥៣​នៃ​ក្រម​ព្រហ្មទណ្ឌ ​ដែល​ចែង​ថា​ គម្រោង​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​ច្រើន​នាក់​ដើម្បី​ប្រព្រឹត្ត​ឧបឃាត ​កាល​បើ​គម្រោង​នេះ​ត្រូវ​បាន​សម្តែង​ចេញ​ជា​រូប​រាង​ច្បាស់​លាស់ ​ដោយ​អំពើ​ជាក់​ស្តែង​មួយ​ឬ​ច្រើន។​ការ​រួម​គំនិត​ក្បត់​ត្រូវ​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ។​

អ្នកស្រី​យ៉ែម វណ្ណណែត ​អាយុ​២៧​ឆ្នាំ ​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​សួង​ ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ ​ថ្លែង​ប្រាប់​VOA​ពី​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​តុលាការ​បាន​កាត់​ទោស​អ្នកស្រី​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ក្នុង​រឿង​«រួម​គំនិត​ក្បត់»។ ​ អ្នកស្រី​ចាត់​ទុក​ថា ​នេះ​ជា​រឿង​អយុត្តិធម៌​មួយ​ ដោយ​ថា​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«ចំពោះ​ខ្ញុំ​វិញ​ខ្ញុំ​គិត​ថា​ ការ​កាត់​ទោស​នេះ​គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​ដែល​ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។​ជា​ការ​គំរាម​កំហែង​មក​លើ​ពួក​ខ្ញុំ ​ក៏​ដូច​ជា​បង្ហាញ​ទៅ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ កុំ​ឲ្យ​គាត់​ចូល​ទៅ​ទទួល​លោក​សម រង្ស៊ី»។​

អ្នកស្រី​បន្ត​ថា​លោក​សម រង្ស៊ី​មិន​ទាន់​ត្រូវ​បាន​កាត់​ថា​ មាន​ទោស​រឿង​«រួម​គំនិត​ក្បត់»នេះ ​ទេ ប៉ុន្តែ​សកម្មជន​មូលដ្ឋាន​បែរ​ជា​ត្រូវ​បាន​កាត់​ឲ្យ​មាន​ទោស​រួច​ទៅ​ហើយ។​

កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៩ ​ លោក​សម រង្ស៊ី ​និង​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​៧​នាក់​ទៀត​ ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក​កូយ សៅ ​បង្គាប់​ឲ្យ​ចាប់​ខ្លួន ​ក្នុង​បទ​ចោទ​ប្រកាន់​ដូចៗ​គ្នា​គឺ​រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។​ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​បាន​កាត់​ឲ្យ​មាន​ទោស​នៅ​ឡើយ​ទេ។​

អ្នកស្រី​មុយ លី​ អាយុ​៣១​ឆ្នាំ ​ជា​កូន​របស់​លោក ​គង់ សំអាន ​ថ្លែង​ប្រាប់​VOA​ថា ​ឪពុក​របស់​អ្នកស្រី​ ដែល​ជា​អតីត​ក្រុម​ប្រឹក្សា​ស្រុក​មេមត់ ​ខេត្ត​ត្បូង​ឃ្មុំ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​កញ្ញា​ឆ្នាំ​២០២០។ ​ ហើយ​ប្រមាណ​២០​ថ្ងៃ​ក្រោយ​មក ​លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ដោយ​ក្រុម​គ្រួសារ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថាតើ​លោក​នឹង​ត្រូវ​បន្ត​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ត្បូង​ឃ្មុំ ​ឬ​ក៏​នៅ​ពន្ធនាគារ​ព្រៃ​ស​ រាជ​ធានី​ភ្នំពេញ។​

អ្នកស្រី​បញ្ជាក់​ថា៖​ «ខ្ញុំ​ថា​អយុត្តិធម៌​ណាស់។​ កាត់​ទោស​គាត់ ​ទាំង​គាត់​គ្មាន​កំហុស។​អត់​ឲ្យ​គាត់​ហោះ​ហើរ​ទៅ​ណា​ទៅ​ណី។ ​ បិទ​សេរីភាព​គាត់​ខ្លាំង​មែន​ទែន។​សូម្បី​និយាយ​ស្តី ​ក៏​គេ​មិន​ចង់​ឲ្យ​យើង​និយាយ​ស្តី​ទៀត»។​

ការ​កាត់​ទោស​សកម្មជន​គណបក្ស​ប្រឆាំង​បន្ថែម​ទៀត​នេះ​ធ្វើ​ឡើង​ព្រម​ពេល​លោក ​សម រង្ស៊ី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា​លោក​មាន​គម្រោង​វិល​ចូល​ស្រុក​សាជា​ថ្មី ​បន្ទាប់​ពី​ការ​ប៉ុនប៉ង​វិល​ចូល​ស្រុក​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ​មិន​ទទួល​បាន​ជោគ​ជ័យ។​

លោក ​អ៊ូ ច័ន្ទរ័ត្ន​ អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​កាត់​ទោស​ធ្ងន់​ធ្ងន់​ណាស់​សម្រាប់​សកម្មជន​នៅ​មូលដ្ឋាន ​ព្រោះ​ពួក​គាត់​មិន​មែន​ជា​អ្នក​សម្រេច​ចិត្ត​នយោបាយ​ ដោយ​គ្រាន់​តែ​ជា​អ្នក​ដើរ​តាម​ថ្នាក់​ដឹកនាំ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​ដើរ​តាម​នេះ ​ ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​មិន​មាន​អី​ជាក់​ស្តែង​ដែល​អាច​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល ឬ​ក៏​ធ្វើ​វិទ្ធង្សនា​នយោបាយ ​សេដ្ឋកិច្ច​អី​...​ មិន​មាន​ទាំង​អស់។​មិន​មាន​លទ្ធភាព ​ហើយ​មិន​មាន​សមត្ថភាព​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ទេ»។​

VOA​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ហាក់ សៀកលឹម​ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ ​និង​ជា​អ្នក​នាំពាក្យ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ មាន​ប្រសាសន៍​ថា​ ​តុលាការ​មាន​ភស្តុតាង​ត្រឹម​ត្រូវ​ក្នុង​ការ​ចោទ​ប្រកាន់​ពួក​គេ ​ហើយ​ការ​កាត់​ទោស​នេះ​មិន​ចាំ​បាច់​រង់​ចាំ​ការ​កាត់​ទោស​មេ​ដឹកនាំ​របស់​ពួក​គេ ​ដែល​ត្រូវ​បាន​ចោទ​ក្នុង​សំណុំ​រឿង​«រួម​គំនិត​ក្បត់»​នេះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អា​ហ្នឹង​វា​អត់​ទាក់ទង​រឿង​មេ​(ដឹកនាំ)​មាន​ទោស ​ឬ​មិន​មាន​ទោស​ទេ។​ វា​ទាក់ទង​នឹង​សកម្មភាព​របស់​យើង​ថា​ តើ​មាន​ធាតុ​ផ្សំ​បង្កើត​ជា​បទ​ល្មើស​ដែរ​អត់។​ឥឡូវ​តុលាការ​គេ​រក​ឃើញ​ថា​ វា​មាន​ធាតុ​ផ្សំ​បង្កើត​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ»។​

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ ក្នុង​ការ​ប្រកាស​សាលក្រម​លើ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ម្សិលមិញ​នោះ​ តុលាការ​ខេត្ត​ត្បូងឃ្មុំ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​អ្នក​សារ​ព័ត៌មាន​ ចូល​ស្តាប់​នោះ​ទេ។ ​ លោក​បន្ត​ថា​ ការ​ចាប់​ខ្លួន ​និង​ការ​កាត់​ទោស​ពួក​គេ​ត្រូវ​បាន​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​រឿង​នយោបាយ។​

អ្នកស្រី ​សេង ចាន់ថន ​ភរិយា​របស់​លោក​ស៊ុន ធន់​ អតីត​ក្រុម​ប្រឹក្សា​ម្នាក់​នៅ​ខេត្ត​កំពង់ធំ ​បាន​ថ្លែង​ប្រាប់​VOA​ថា​អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​តុលាការ​កាត់​ទោស​ស្វាមី​របស់​អ្នកស្រី​ដូច​សកម្ម​ជន​ដទៃ​ទៀត​ ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់​នេះ។​អ្នកស្រី​ដែល​តែង​តែ​ចេញ​មុខ​ទាមទារ​រក​យុត្តិធម៌​ដល់​ស្វាមី​ដែល​កំពុង​ជាប់​ពន្ធនាគារ ​និង​ធ្លាប់​រង​របួស​ដោយ​សារ​ការ​ទាញ​បោក​ផ្ទប់​នឹង​ថ្នល់​មួយ​ទំហឹង​នោះ​មាន​ប្រសាសន៍​ថា​ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី​ជា​រឿង​អយុត្តិធម៌​បំផុត។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​គិត​ថា​ ការ​កាត់​ទោស​ពួក​គាត់​នេះ​ក៏​មិន​ខុស​ពី​ស្វាមី​ខ្ញុំ​ដែរ ​ ព្រោះ​ឮ​ថា​ គេ​ចោទ​ប្រកាន់​ដូចៗ​គ្នា។ ​ អ៊ីចឹង​គឺ​ជា​រឿង​មួយ​ដែល​មិន​ត្រឹម​ត្រូវ​ ដែល​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ ហើយ​ជា​រឿង​អយុត្តិធម៌​បំផុត។​ ពួក​គាត់​ក៏​មិន​ខុស​ពី​ពួក​ខ្ញុំ​ដែរ»។​

របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​២០២០ ​បង្ហាញ​ថា​ លំហ​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​បន្ត​រង​ការ​រឹត​ត្បិត។ ​ នេះ​បើ​យោង​តាម​របាយ​ការណ៍​សម្រាប់​ឆ្នាំ​ទី​៤ ​ស្តីពី​ការ​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​ពី​ខែ​មេសា ​ឆ្នាំ​២០១៩ ​ដល់​ខែ​មីនា ​ឆ្នាំ​២០២០​ ដែល​ធ្វើ​ឡើង​រួម​គ្នា​ដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​សមាគម​អាដហុក ​ មជ្ឈមណ្ឌល​សាមគ្គី​ភាព ​ដោយ​សហ​ការ​ជាមួយ​មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​មិន​យក​ប្រាក់​កម្រៃ​(អាយស៊ីអិនអិល)។​

របាយ​ការណ៍​នេះ​លើក​ឡើង​ថា​ ការ​វិវឌ្ឍ​សំខាន់ៗ​ រួម​មាន​ការ​បន្ត​បង្រ្កាប​លើ​អ្នក​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ ​ ការ​បំបិទ​ការ​បញ្ចេញ​មតិ​ដែល​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​បញ្ចេញ​មតិ​នេះ​មាន​ការ​រឹត​ត្បិត​លើ​ខ្លួន​ឯង ​ ការ​អនុវត្ត​ក្រម​ព្រហ្ម​ទណ្ឌ​តាម​ទំនើង​ចិត្ត ​ពោល​គឺ​បទ​បរិហារ​កេរ្តិ៍ ​ បទ​រួម​គំនិត​ក្បត់ ​ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​បទ​ក្លែង​បន្លំ​ព័ត៌មាន៕​

XS
SM
MD
LG