អ្នកស្រី សេង ចាន់ថន ភរិយាលោក ស៊ុន ធន់ អតីតមន្ត្រីក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ បានសម្រេចនឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រជាការពារខណ្ឌ ៧ មករា មួយរូប ចំពោះការប្រើប្រាស់អំពើហិង្សាយ៉ាងកម្រោលទៅលើអ្នកស្រី។
អ្នកស្រីកំពុងរៀបចំឯកសារ និងភស្តុតាងដើម្បីគាំទ្រពាក្យបណ្តឹង។ នេះបើតាមការបញ្ជាក់របស់មេធាវីដែលការពារក្តីឲ្យអ្នកស្រី សេង ចាន់ថន។
កាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ក្នុងពេលតវ៉ាទាមទារឲ្យដោះលែងស្វាមី និងអតីតមន្រ្តីគណបក្សប្រឆាំងជាង ១០ នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសនោះ អ្នកស្រី សេង ចាន់ថន អាយុ ៤៨ ឆ្នាំ ត្រូវសន្តិសុខម្នាក់ចាប់បោកផ្ទប់មួយទំហឹងទៅនឹងថ្នល់បណ្តាលឲ្យរងរបួសហើយត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់។ វីដេអូនិងរូបភាពនៃការចាប់ទាញបោកទាំងកម្រោលនោះ ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក។ហេតុការណ៍ហិង្សានេះ បានកើតឡើងនៅពេលក្រុមអ្នកតវ៉ាប្រមាណ២០នាក់ បានព្យាយាមប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានហាមឃាត់ដោយកម្លាំងសន្តិសុខខណ្ឌ៧មករារាប់សិបនាក់។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យអ្នកស្រីសេង ចាន់ថនប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថា កូនក្តីលោកបញ្ជាក់ថា នឹងដាក់ពាក្យបណ្តឹងនៅសប្តាហ៍ក្រោយបន្ទាប់ពីការរៀបចំពាក្យបណ្តឹងឲ្យបានរួចរាល់នៅសប្តាហ៍នេះ ដែលជារយៈពេលមន្ត្រីតុលាការនឹងត្រូវឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
«ខានស្អែកអីត្រូវបានឈប់សម្រាកនៅរដូវបុណ្យជាតិបុណ្យភ្ជុំអ៊ីចឹងហើយខាងលោកស្រីហ្នឹងក៏សម្រេចចិត្តថា នឹងរៀបចំបណ្តឹងហ្នឹងឲ្យហើយ និងដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញហ្នឹងនៅក្រោយពេលភ្ជុំហើយ»។
លោកមេធាវីលើកឡើងថា បើតាមភស្តុតាងរួមមានវីដេអូឃ្លីបសាក្សីនិងរូបថតមួយចំនួនទៀតដែលប្រមូលបានមកនោះ គឺកូនក្តីលោកអាចមានលទ្ធភាពប្តឹងសន្តិសុខការពារខណ្ឌ៧មករាម្នាក់ ដែលគេស្គាល់ថា ឈ្មោះ ឆោម ប្រសិដ្ឋ។
«យើងមានភស្តុតាងរឹងមាំដោយសារយើងមានសាក្សីហើយនឹងជាវីដេអូឃ្លីប ក៏ដូចជារូបថតជាសន្លឹកហ្នឹងជាក់ស្តែង...ទីពីរយើងឃើញសេចក្តីប្រកាសរបស់សេចក្តីថ្លែងការណ៍របស់សាលាខណ្ឌ ក៏ឃើញគាត់លើកឡើងអំពីការហៅថារុញច្រានគ្នាដែរ។ អ៊ីចឹងបានថា វាមានចំណុចដែលយើងគិតថា វាជាភស្តុតាងមួយជាក់លាក់ហើយនឹងតាមផ្លូវច្បាប់នោះ។ វាត្រូវតែចូលនៅក្នុងបទចោទនេះ គឺបទហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសដែលមានកម្រិតទោសចាប់ពី២ឆ្នាំ ទៅដល់៣ឆ្នាំ»។
កាលពីថ្ងៃទី៤ខែកញ្ញា គឺភ្លាមៗក្រោយហេតុការណ៍ដែលលោក ឆោម ប្រសិដ្ឋ ត្រូវគេឃើញថា បានចាប់ទាញបោកអ្នកស្រី សេង ចាន់ថន ពេញមួយទំហឹងឲ្យដួលបោកខ្លួនទៅលើថ្នល់នោះ សាលាខណ្ឌ៧មករា បានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់ថា ការតវ៉ារបស់អ្នកស្រី សេង ចាន់ថន និងអ្នកតវ៉ាឯទៀត«មានការគោះឆ្នាំងបង្កសំឡេងរំខានខ្លាំងៗ»ហើយជាការតវ៉ាខុសច្បាប់និងជាការដាក់គំនាបលើស្ថាប័នតុលាការ។
សាលាខណ្ឌអះអាងថា នេះជា«ការរុញច្រានគ្នា»ដែលបានកើតឡើងនៅពេលក្រុមប្រជាការពារខណ្ឌខិតខំទប់ស្កាត់មិនឲ្យក្រុមអ្នកតវ៉ា មានគ្នាប្រហាក់ប្រហែល១៥នាក់ដើរមកកាន់សាលាដំបូងរាជធានីភ្នំពេញ។
សាលាខណ្ឌបានរៀបរាប់ថា៖ «ក្នុងការរុញច្រាននេះ ប្រជាការពារខណ្ឌឈ្មោះ ឆោមប្រសិដ្ឋ ខំប្រឹងទប់មិនឲ្យអ្នកតវ៉ាទៅមុខហើយក៏បានជ្រុលដៃរុញទៅលើស្រ្តីម្នាក់ឈ្មោះ សេង ចាន់ថន បង្កឲ្យដួលលើថ្នល់ ហើយគាត់បានទៅមន្ទីរពេទ្យ។ ក្រោយពិនិត្យរួចឃើញថា មានអាការៈធូរស្រាល គ្រូពេទ្យបានឲ្យត្រឡប់ទៅផ្ទះវិញ»។
សាលាខណ្ឌបន្ថែមថា រដ្ឋបាលខណ្ឌបានអប់រំប្រជាការពារលោក ឆោម ប្រសិដ្ឋ ព្រមទាំងអនុវត្ត«ការដាក់ពិន័យទៅតាមច្បាប់» និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមានផងដែរ។
ស្វាមីអ្នកស្រី សេង ចាន់ថន គឺលោកស៊ុន ធន់ ដែលជាគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យនៅខេត្តកំពង់ធំម្នាក់ផងនោះ ស្ថិតក្នុងចំណោមអតីតមន្ត្រីគណបក្សប្រឆាំង១៥នាក់ដែលត្រូវបានចាប់ឃុំខ្លួនដោយសារការអត្ថាធិប្បាយនិងចែករំលែកព័ត៌មាននានាពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចប្រទេស និងវិបត្តិជំងឺឆ្លងកូវីដ១៩និងករណីគម្រោងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ វិលត្រឡប់ចូលប្រទេសវិញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកស្រី សេង ចាន់ថន មានប្រសាសន៍ថា នៅពេលនេះ អ្នកស្រីបានធូរស្រាលពីរបួស។ អ្នកស្រីដែលចេញមុខតវ៉ាជាង១០លើករួចមកហើយដើម្បីរកយុត្តិធម៌ឲ្យស្វាមីនោះ នៅតែរក្សាជំហរប្តឹងលោក ឆោម ប្រសិដ្ឋ ព្រោះអ្នកស្រីចាត់ទុកថា នោះជាទង្វើគំរាមកំហែងបិទមាត់មិនឲ្យពលរដ្ឋតវ៉ា។
«ការធ្វើរបស់គេនេះ គឺជារឿងមួយគំរាមកំហែងដល់ពួកខ្ញុំដើម្បីកុំឲ្យថ្ងៃក្រោយទៅតវ៉ាទៀត ហើយមិនត្រឹមតែពួកខ្ញុំទេ គឺគំរាមកំហែងប្រជាពលរដ្ឋទូទៅនៅក្នុងស្រុកខ្មែរ កុំឲ្យហ៊ានងើប ហ៊ានតវ៉ាប្រឆាំងនូវអំពើអយុត្តិធម៌របស់ពួកគេ អ៊ីចឹងនេះជាទង្វើមួយអយុត្តិធម៌ ហើយគេមានចេតនាបំបាក់ស្មារតី ជាពិសេស គឺអ្នកណាក៏ដោយ ឲ្យតែងើបតវ៉ា គឺគេធ្វើអ៊ីចឹងហ្មងដើម្បីកុំឲ្យតវ៉ាបានទៀត»។
លោក លីម សុភា អភិបាលខណ្ឌ៧មករា បដិសេធមិនផ្តល់ការអធិប្បាយដោយលោកអះអាងថា ជាប់ប្រជុំ។ លោកនិយាយថា៖ «ជាប់ប្រជុំបន្តិចបងបាទ កំពុងប្រជុំបងបាទ បាទ»។
វីអូអេ មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ឆោម ប្រសិដ្ឋ ប្រជាការពារខណ្ឌ៧មករាបានទេ នៅថ្ងៃច័ន្ទនេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូយល់ថា ការដែលសន្តិសុខរុញច្រានអ្នកស្រី សេង ចាន់ថន យ៉ាងកម្រោលឲ្យដួលផ្ទប់ទៅនឹងថ្នល់នោះ មិនមែនជាការអនុវត្តច្បាប់ទេ ប៉ុន្តែជាការប្រើប្រាស់អំពើហិង្សា។
«បើយើងមើលទៅតាមរូបភាពអាហ្នឹង គឺវាហួសពីការអនុវត្តច្បាប់។ វាទៅជាការប្រព្រឹត្តនៃអំពើហិង្សាទៅហើយ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ពិនិត្យឃើញថា ប្រជាការពារលោកឆោម ប្រសិដ្ឋ មិនបានធ្វើសកម្មភាពស្តែងឲ្យឃើញអំពើទុច្ចរិតក្នុងការទប់ស្កាត់មិនឲ្យក្រុមអ្នកតវ៉ាទៅឈរមុខតុលាការក្រុងភ្នំពេញទេ។
«ចេតនារបស់គាត់ហ្នឹង គឺដើម្បីទប់ស្កាត់អ្នកដែលធ្វើសកម្មភាពបំពានច្បាប់ដើម្បីការពារដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អ៊ីចឹងអាចេតនានេះ មិនមែនជាចេតនាទុច្ចរិតដែលបង្កើតទៅជាបទល្មើសទេ»។
លោកបន្ថែមថា ប្រសិនបើលោក ឆោម ប្រសិដ្ឋ អនុវត្តវិធានការទប់ស្កាត់ហួសពីដែនសមត្ថកិច្ចរបស់ខ្លួននោះ លោកអាចត្រូវប្រឈមមុខការដាក់ពិន័យខាងរដ្ឋបាល។
គួរបញ្ជាក់ថា អ្នកស្រី សេង ចាន់ថន និងក្រុមគ្រួសាររបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ តែងតែងចេញមុខរៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារឲ្យដោះលែងក្រុមគ្រួសាររបស់ពួកគេចំនួន១៥នាក់។ បើតាមអង្គការលីកាដូចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២០ គ្រួសាររបស់អតីតសមាជិកគណបក្សជំទាស់ ត្រូវបានអូសទាញទាត់ធាក់ និងវាយដំ អំឡុងពេលដែលពួកគាត់តវ៉ាដើម្បីអំពាវនាវឲ្យដោះលែងសមាជិកគ្រួសាររបស់ពួកគាត់។ អង្គការនេះឲ្យដឹងទៀតថា គិតមកទល់ពេលនេះអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន២៣នាក់ហើយ ត្រូវបានចាប់និងឃុំខ្លួនក្នុងពន្ធនាគារ៕