ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុអ្វី​ឥណ្ឌូណេស៊ី នឹង​ផ្លាស់​ទីតាំង​បញ្ជាការដ្ឋាន​កងទ័ព​​ជើងទឹក​ទៅ​កោះតូច​ដាច់​ស្រយាល


នៅក្នុង​រូប​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​សមុទ្រ​ឥណ្ឌូនេស៊ី (BAKAMLA) កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បង្ហាញ​ឲ្យឃើញ​នាវា​យាម​ល្បាត​សមុទ្រ​របស់​ចិន​នៅ​សមុទ្រ Natuna ខាងជើង។
នៅក្នុង​រូប​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​សមុទ្រ​ឥណ្ឌូនេស៊ី (BAKAMLA) កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បង្ហាញ​ឲ្យឃើញ​នាវា​យាម​ល្បាត​សមុទ្រ​របស់​ចិន​នៅ​សមុទ្រ Natuna ខាងជើង។

ក្រុមអគ្គមេបញ្ជាការ​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី២៣ ខែវិច្ឆិកា​ថា ទីបញ្ជាការ​កងទ័ពជើង​ទឹក នឹង​ផ្លាស់ប្តូរ​ទីតាំង​ជា​អចិន្រ្តៃយ៍​ទៅ​កាន់​កោះ Natuna ​ដែល​ស្ថិត​នៅ​ចម្ងាយ​១.១០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ហ្សាកាតា។

ក្រុម​អ្នក​វិភាគ​នៅ​ក្នុង​តំបន់​និយាយ​ថា ផែនការ​របស់រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្នុង​ការ​ប្តូរទីតាំង​បញ្ជាការ​ដ្ឋានកង​ប្រយុទ្ធជើង​ទឹក​របស់​ខ្លួន​ទៅ​កាន់​កោះតូច​មួយ​ឆ្ងាយ​ពី​រដ្ឋធានី​ហ្សាការតា​ គឺ​បង្ហាញ​ពី​ការ​បេ្តជ្ញា​ដើម្បី​រាំងខ្ទប់​នាវា​ចិន​ ដែល​ឆ្លងកាត់​តំបន់​ដែនទឹក​នេះ​ ដែលជា​ផ្នែក​មួយ​នៃ​ជម្លោះ​ដែនទឹក​ដ៏​ញាំញី។

ទីបញ្ជាការ​កង​ប្រយុទ្ធ​ជើង​ទឹកឥណ្ឌូណេស៊ី​នៅ​ក្រុង​ហ្សាការតា​ នឹង​ត្រូវ​ផ្លាស់​ទៅ​កាន់​ប្រជុំ​កោះ​ Natuna ដែល​កាលបរិច្ឆេទនៃ​ការ​ផ្លាស់ប្តូរ​ទីតាំង​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ច្បាស់នៅ​ឡើយ​នោះ​ទេ​ ដើម្បី​ឲ្យ​កង​យោធាជើងទឹក​អាច​ឆ្លើយ​តប​បានរហ័ស​ជាង​មុន​ទៅ​នឹង​ឧប្បទ្ទវហេតុ​នានា​នៅ​តំបន់​សមុទ្រ។ នេះ​បើ​តាមអគ្គមេបញ្ជាការ​ជើង​ទឹក​ឥណ្ឌូណេស៊ី​ដែល​ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ដកស្រង់សម្តី​មកចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា។

កង​ទ័ព​ជើង​ទឹក​នេះ​ នឹង​ពង្រឹង​ការការពារ​បូរណភាព​ដែនទឹក ដែលរួម​មាន​ការ​ទាមទារ​របស់​ឥណ្ឌូណេស៊ី​នៅ​តំបន់​សមុទ្រ​ក្បែរ​ប្រជុំ​កោះ Natuna ដែល​នៅ​ទីនោះនាវា​កងទ័ព​ជើង​ទឹក​ និង​នាវា​នេសាទ​ចិន​បានឆ្លងកាត់​ជា​រឿយៗ ដោយ​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​នៅ​រដ្ឋធានី​ហ្សាការតា​ថ្នាំងថ្នាក់​ចិត្ត។ ហើយ​មេបញ្ជាការ​កងទ័ព​ជើង​ទឹកនេះ​អាច «ដឹកនាំ​នាវា​ចម្បាំង​នៃ​កង​កម្លាំង​ប្រយុទ្ធ​នៅ​ទី​នោះ​ដោយ​ផ្ទាល់»។ នេះ​បើ​យោង​ទៅ​តាម​សម្រង់​សម្តី​របស់​អគ្គមេបញ្ជាការ​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី​លោក Yudo Margono។

លោក Evan Laksamana អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្រ្ត​និង​ការ​សិក្សា​អន្តរជាតិ​នៅ​ក្រុង​ហ្សាការតា បាន​ប្រាប់ VOA ថា៖ «ជា​ទូទៅ គោលគំនិត​នេះ​គឺ​ថា ប្រសិន​បើមាន​ជម្លោះ​ខ្លាំង​នៅក្នុង​តំបន់​ដែល​សកម្មភាព​កងទ័ព​ជើង​ទឹក​និង​ផែនការ​ផ្សេងៗ​ត្រូវ​អនុវត្ត​ឡើង ហើយការ​អនុវត្ត​នេះ​ គឺ​ស្ថិត​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង»។

លោក Laksamana បាន​បន្ត​ទៀត​ថា កង​ទ័ព​ប្រយុទ្ធជើង​ទឹក​ធ្វើ​ប្រតិបត្តិការ​ជាមួយ​នាវាបួន​គ្រឿង​និង​យន្តហោះ​ដឹកជញ្ជូន​ប្រភេទ​ CN-235។ ការ​ផ្លាស់ប្តូរ​ទីតាំង​ទី​បញ្ជាការ​នឹង​ស្រប​ជាមួយ​នឹង​ផែនការ​១៥​ឆ្នាំ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដើម្បី​ពង្រឹង​ការ​ការពារ «ជាយុទ្ធសាស្រ្ត» នៅតំបន់កោះ​ជុំវិញ​ដែល​ក្នុង​នោះ​ មាន​ប្រជុំ​កោះ​ Natuna ផង​ដែរ។ ប្រជុំ​កោះ​ Natuna ដែល​មាន​កោះ​ចំនួន ២៧២ ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ១.១០០ គីឡូម៉ែត្រ​ពី​ក្រុង​ហ្សាការតា។

យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី​ បាន​ទទួល​នូវ​សព្វាវុធ​ថ្មីក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ថ្មីៗ​នេះ ហើយ​កងល្បាត​បាន​ប្តេជ្ញា​ពង្រឹង​ការ​យាម​ល្បាត​កាល​ពីខែ​កញ្ញា។ ពួកគេ​នឹង​ធ្វើការ​ល្បាត​នៅ​បរិវេណ​កោះ​ប្រមាណ ១ម៉ឺន​ ៣ពាន់​កោះ នៅ​តំបន់​សមុទ្រ ប្រឆាំង​នឹង​ក្រុម​ភេរវជន ចោរ​សមុទ្រ និង​ក្រុម​អន្តោប្រវេសន៍​ខុស​ច្បាប់ ក៏ដូចជា​នាវា​ពី​ប្រទេស​ចិន​និង​ពេល​ខ្លះ​ពីវៀតណាម។

នាវា​ឥណ្ឌូណេស៊ី ដែល​រួមមាន កង​នាវា​មិនមែន​យោធាផង​ដែរ ធ្លាប់​បាន​បណ្តេញ​នាវា​កងទ័ព​ជើង​ទឹក​ចិន​ចេញ​ពី​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ដែល​មាន​ទំហំ​៣៧០​គីឡូម៉ែត្រ​នៅ​ក្រៅ​ប្រជុំ​កោះ Natuna ទៀត​ផង។

កាល​ពី​ឆ្នាំ ២០១៦ ឥណ្ឌូណេស៊ី​បាន​ប្រឈម​មុខនឹង​ឧបទ្ទវហេតុ​ជា​បន្តបន្ទាប់​ ដែល​បាន​កើតឡើង​នៅ​ក្នុង​ការ​តទល់នឹង​ចិន ​អំឡុងពេល​កិច្ចប្រឹងប្រែង​ដើម្បី​ចាប់ខ្លួន​មនុស្ស​នៅ​លើ​នាវា​នេសាទ​ចិន។ ឥណ្ឌូណេស៊ី ​បាន​បញ្ជូន​យន្តហោះចម្បាំង​កាល​ពី​ខែ​មករា​ឆ្នាំ​នេះដើម្បី​បណ្តេញ​នាវា​នេសាទ​ និង​នាវា​យាម​ល្បាត​ចិន​ផងដែរ។ កាល​ពី​ខែ​កញ្ញា នាវា​យាម​ល្បាត​ចិន​បាន​ឆ្លង​កាត់​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ឥណ្ឌូណេស៊ី​រហូត​ដល់​ភ្នាក់ងារ​សន្តិសុខ​ដែន​ទឹក​នៅ​ក្រុង​ហ្សាការតា ​បាន​ធ្វើ​ប្រតិបត្តិការ​បណ្តេញ​ចេញ។

ផ្នែក​មួយ​នៃ​ប្រជុំ​កោះ​ Natuna ភាគ​ពាយព្យ​ បាន​ស្ថិត​នៅ​ក្នុង​ការទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រមាណ ៩០​ភាគរយនៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ៣,៥ លាន​គីឡូម៉ែត្រ​ការេ។ ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់​និង​វៀតណាម​ បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​សម្បូរ​ទៅ​ដោយ​ត្រី​និង​ប្រភព​ថាមពល​ ហើយ​លាតសន្ធឹង​ពី​ប្រជុំ​កោះ​ Natuna ទៅ​កាន់​កោះ​ហុងកុង។

ចិន​មាន​យោធា​ខ្លាំង​លំដាប់​ទី​បី​នៅ​លើ​ពិភពលោក ដោយ​នាំ​មុខ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងអស់។ បណ្តា​ប្រទេស​ ដែល​ធ្វើ​ការ​ទាមទារ​ដទៃ​ទៀត​ បាន​ធ្វើ​ទំនើបកម្ម​កង​ទ័ព​ជើង​ទឹក​និង​កងល្បាត​របស់​ខ្លួន ដោយ​ពេលខ្លះ​មាន​ជំនួយ​ពី​សហរដ្ឋអាមេរិក​ដែល​ជា​គូ​ប្រជែង​នឹង​ចិន។

លោក Jay Batongbacal សាស្រ្តាចារ្យ​ផ្នែក​កិច្ចការ​ដែនទឹក​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​ហ្វីលីពីន​បាន​និយាយ​ថា៖ «បណ្តា​ប្រទេស​ដទៃ​ទៀត​ភាគច្រើន​បាន​ធ្វើ​ទំនើបកម្ម​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​រួចស្រេច​ទៅ​ហើយ ដូចនេះ​ឥណ្ឌូនេស៊ី​ គឺ​គ្រាន់​តែសម្រប​ទៅ​តាម​និន្នាការ​ដែល​កំពុង​តែ​កើតមាន​តែ​ប៉ុណ្ណោះ»។

ក្រុមអ្នក​វិភាគ​ជឿ​ថា ចិន នឹង​បន្ត​បញ្ជូន​នាវា​ឆ្លង​កាត់សមុទ្រ​នៅ​ប្រជុំកោះ​ Natuna បើ​ទោះ​បី​ជា​មាន​កង​ល្បាតនៅ​ប្រជុំកោះ​នោះ​ក៏​ដោយ។ តំបន់​សមុទ្រ​នោះ ​គឺ​សម្បូរ​ទៅ​ដោយ​ធនធាន​ត្រី និង​ជា​ប្រភព​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំបំផុត​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ទោះ​បី​ជា​ការ​រុករក​ដឹកនាំ​ដោយ​ឥណ្ឌូណេស៊ី​កាល​ពី​១៥​ឆ្នាំ​មុន​បាន​បង្ហាញ​ថា ប្រភព​ឧស្ម័ន​នេះ​ ពិបាក​នឹង​ទាញ​យក​មក​ប្រើ​ក៏​ដោយ។

លោក Alexander Huang ជា​សាស្រ្តាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្រ្ត​នៅ​សាកល​វិទ្យាល័យ Tamkang កោះ​តៃវ៉ាន់​បាន​និយាយ​ថា នាវា​ចិន​កំពុង​ប្រមូល​ទិន្នន័យ​នៅ​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​ទឹក​ តាម​បណ្តោយ​ផ្លូវ​នាវាចរណ៍​ដែល​មាន​ប្រជាប្រិយភាពជាមួយគូ​ប្រជែង​របស់​ខ្លួន។ បេសកកម្ម​នេះ​ នឹង​ធ្វើ​ឲ្យ​មាន​មោទនភាព​ក្នុង​ចំណោម​ពលរដ្ឋ​ចិន​ មុនខួប​១០០​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​កុម្មុយនីស្ត​ចិន។

លោក​បាន​និយាយ​ទៀតថា៖ «គេ​មិន​អាច​បង្ហាញសញ្ញាទន់ខ្សោយ​ទេ យ៉ាងហោចណាស់​មុនខួប​ ១០០​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ខែ​កក្កដា ឆ្នាំ​ក្រោយ​នេះ។ ដើម្បី​អបអរ​សាទរ​ទិវា​នេះ ពួកគេ​ត្រូវ​បង្ហាញ​ថា ពួកគេ​មាន​ភាព​អង់អាច​ក្លាហាន និង​អាច​គ្រប់គ្រង​ទឹក​ដី និង​ដែនទឹក​ដែល​ខ្លួន​បាន​ធ្វើ​ការ​ទាមទារ»។

លោក Evan Laksamana ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់ប្រចាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្រ្ត និង​សិក្សា​អន្តរជាតិ​នៅ​ក្រុង​ហ្សាការតា ​បាន​ថ្លែង​កាល​ពី​ខែ​កញ្ញា​ថា ការ​បង្ហាញ​កម្លាំង​នៅឯ​សមុទ្រ ​បាន​ជួយ​ឲ្យ​ចិន​អាច​ចរចា​ចេញ​ពី​គោលជំហរ​រឹងមាំជាមួយ​នឹង​រដ្ឋាភិបាល​ប្រទេស​នានា និង​សមាគម​អាស៊ាន ដែល​មាន​សមាជិក​ចំនួន១០ប្រទេស។ លោក Jay Batongbacal សាស្រ្តាចារ្យ​ផ្នែក​កិច្ចការ​ដែនទឹក​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​ហ្វីលីពីន បាន​និយាយ​ដែរថា ឥណ្ឌូណេស៊ី​ គឺ​ជាសមាជិកសមាគម​អាស៊ាន​មួយ​ដែល​មាន «ឥទ្ធិពល​ខ្លាំង»។

នៅ​ក្នុង​សារ​ការទូត​ទៅកាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres កាល​ពី​ថ្ងៃ​ទី២៦ ខែ​ឧសភា ឥណ្ឌូណេស៊ី ​បាន​ច្រានចោល​ការ​ទាមទារ​របស់​ចិន​ទៅ​លើ​តំបន់​ដែន​ទឹក​មាន​ជម្លោះ។ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ កាល​ពី​ខែ​កញ្ញា រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន​លោក Wei Fenghe បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌូណេស៊ី​លោក Prabowo Subianto នៅ​រដ្ឋធានី​ហ្សាការតា៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

អត្ថបទ​ទាក់ទង

XS
SM
MD
LG