ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូណេស៊ី​ប្រយុទ្ធ​​ប្រឆាំង​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​ចិន​ដើម្បី​ខ្លួន​អាច​ប្រើប្រាស់​ដែន​ទឹក​មាន​ជម្លោះ​នោះ​បាន


កងទ័ព​ជើងទឹក​ឥណ្ឌូណេស៊ី​ បាញ់​ពន្លិចទូកនេសាទ​បរទេស​ចូលនេសាទ​ខុសច្បាប់​ក្នុងដែនសមុទ្រ​ឥណ្ឌូណេស៊ី​ក្បែរតំបន់​ Bitung ភាគខាង​ជើងខេត្ត​ Sulawesi (រូបភាព​ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០១៥​)។
កងទ័ព​ជើងទឹក​ឥណ្ឌូណេស៊ី​ បាញ់​ពន្លិចទូកនេសាទ​បរទេស​ចូលនេសាទ​ខុសច្បាប់​ក្នុងដែនសមុទ្រ​ឥណ្ឌូណេស៊ី​ក្បែរតំបន់​ Bitung ភាគខាង​ជើងខេត្ត​ Sulawesi (រូបភាព​ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០១៥​)។

ប្រទេស​ចិន​ដាក់​សម្ពាធ​បន្ថែម​លើ​ប្រទេស​ឥណ្ឌូណេស៊ី​ដោយ​ទាមទារ​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ផ្លូវទឹក​ដែល​កំពុង​មាន​ជម្លោះ​និង​ទាមទារ​ឱ្យប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​យោធា​ទន់​ខ្សោយ​ជាង​ខ្លួន​មួយ​នេះ ​ពិចារណា​ជ្រើស​យក​ការ​សន្ទនាគ្នា​ជា​ជាង​ការប្រឆាំង​តវ៉ា​ខ្លាំងក្លា។

ប្រទេស​ឥណ្ឌូណេស៊ី​បាន​រក​ឃើញ​ថា មាន​នាវា​ចិន​ប្រហែល​៦៣គ្រឿង​បានបើក​ឆ្លងកាត់​ទីតាំង​ចំនួន​៣០ នៅ​ដែនសមុទ្រ​ដែល​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ខ្លួន កាលពីខែធ្នូ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​វេទិកា​ East Asia Forumដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី១៥ ខែ​មករា។ កាលពីដើម​ខែមករា​នេះ មាន​ព្រឹត្តិការណ៍​មួយទៀត​ស្រដៀង​គ្នា​នេះ​ដែរ​ដែល​នាវា​ល្បាត​របស់​ចិន​បាន​ធ្វើ​ដំណើរអម​ជាមួយ​ទូក​មួយ​ចំនួន​របស់​ចិន។ នេះបើ​តាម​ការ​លើក​ឡើង​របស់​ប្រព័ន្ធផ្សព្វ​ផ្សាយ​ដែល​រាយការណ៍​ពី​រដ្ឋធានី​ហ្សាការតា។

បើ​ទោះ​ជា​ការ​ប៉ះ​ទង្គិចគ្នា​នេះ​មិនមែន​ជាលើក​ទីមួយ​រវាង​ប្រទេស​អាស៊ី​ធំៗ​ទាំងពីរ​នេះ​ក៏​ដោយ​ ភាព​តានតឹង​នៅ​ក្បែរ​ប្រជុំ​កោះ​ Natuna របស់​ឥណ្ឌូណេស៊ី​កាន់​តែ​កើន​ឡើងនៅ​តំបន់មួយ​ដែល​ធ្លាប់​តែ​ស្ងប់ស្ងាត់​ក្នុង​ដែន​សមុទ្រ​ចិន​ដែល​ជម្លោះ​ធ្ងន់ធ្ងរ។

លោក​ Stephen Nagy សាស្រ្តាចារ្យផ្នែក​នយោបាយ​និង​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ International Christian University ក្នុង​ទីក្រុងតូក្យូ​ បាន​និយាយ​ថា៖«ខ្ញុំ​គិត​ថា ​ចិន​កំពុង​ក្លាយ​ជាតួ​អង្គអ្នក​បង្ក​បញ្ហា​នេះ»។

ចិន​ប្រហែល​សង្ឃឹម​ថា ឥណ្ឌូណេស៊ី​នឹង​ជជែក​ចរចាទៅ​លើ​បញ្ហា​ផ្លូវ​ទឹក​នេះ​ក្បែរប្រជុំ​កោះតូចៗ​ទាំង​២៧២​ នៃ​កោះ​ Natuna ដែល​ស្ថិត​នៅ​ប៉ែក​ពាយ័ព្យ​នៃ​កោះ Borneo ដែល​អាចជា​ការ​ដោះដូរ​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ នេះ​បើ​តាម​អ្នកសិក្សា​ស្រាវជ្រាវ​អាស៊ី។

ផ្ទុយទៅវិញ​ប្រសិនបើ​ឥណ្ឌូណេស៊ី​ភ័យ​ខ្លាច​ថា​ ការ​ចរចាអាច​ធ្វើ​ឲ្យ​ចិន​ទទួល​បាន​នូវ​អ្វី​ដែល​ចិន​ទាមទារនោះ ឥណ្ឌូណេស៊ី ជំនួស​ទៅ​វិញ​ប្រហែល​ជា​ជ្រើស​យក​ការ​តវ៉ា​ផ្នែក​កាទូត​ ឬ​ការ​ជួយ​ជ្រោមជ្រែង​ពីបណ្តា​ប្រទេសមហា​អំណាច​លោក​ខាង​លិច​ដែល​កំពុង​តែ​ប្រឆាំង​ស្រាប់​ទៅ​លើ​ការ​វាតទី​ដែនសមុទ្រ​របស់​ចិន។

លោក​ Evan Laksamana អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​និង​សិក្សា​អន្តរជាតិប្រចាំ​រដ្ឋធានីហ្សាការតា​បាន​និយាយ​ថា៖

«ខ្ញុំគិតថា​ អ្នក​នឹង​ឃើញ​មាន​ការ​ដាក់​សម្ពាធ​ពី​ចិន​កាន់តែខ្លាំង​ឡើង​ មិនមែន​ត្រឹម​តែ​លើ​ប្រទេស​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំងប្រទេស​ម៉ាឡេស៊ី​ វៀតណាម​ ហ្វីលីពីន​ និង​ប្រទេស​ផ្សេងៗ​ទៀត​ ដោយ​ការ​ឈ្លាន​ពាន​និង​ការ​អូស​ទាញបណ្តា​ប្រទេស​ទាំងអស់នោះឱ្យ​ចូល​តុ​ចរចា។ ហើយ​ខ្ញុំ​គិត​ថា​ នេះ​ជា​ហេតុផល​ដែលយើង​នៅ​តែ​ជំនះ​ប្រឆាំងយ៉ាងខ្លាំង​លើគំនិត​ដែល​ថា​ប្រទេស​ទាំងអស់​ត្រូវ​ចូល​តុចរចា​ និង​ជជែក​ជាមួយ​ចិន​ទៅ​លើ​រឿង​ហ្នឹង»។

លោក​ Laksamana បាន​បន្ថែមថា៖ «ខ្ញុំ​គិត​ថា ចិន​ក៏​មិនទាន់​ចង់​បង្ក​រឿង​ធំ​នៅ​ឡើយ​ទេ ​ដូច្នេះ​ហើយ​ ទើប​ចិន​ធ្វើ​ការ​ឈ្លាន​ពានបន្តិច​ម្តងៗ ដែល​ខ្ញុំ​គិត​ថា​ ចិន​នឹង​ធ្វើ​ការ​ឈ្លាន​ពាន​ខ្លាំង​ជាង​នេះ​ បើ​ឥណ្ឌូណេស៊ី​មិន​ឆ្លើយ​តប​ឲ្យ​បាន​ខ្លាំងក្លា​ ឬ​មិន​បាន​ធ្វើ​ការ​តវ៉ា​លក្ខណៈ​ការទូត​ទេ។ មូល​ហេតុ​នេះ​ហើយ​ ទើប​យើង​តែង​ធ្វើ​ការ​ប្រឆាំង​តវ៉ា​នឹង​ការ​ឈ្លាន​ពាន​របស់​ចិន​ ដែល​ធ្វើ​ទៅ​តាមច្បាប់​អន្តរជាតិ‍»។

ប្រទេសចិន​ទាម​ទារ​ដែន​សមុទ្រ​ផ្សេងៗ​គ្នា​ជាមួយ​ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ កោះ​តៃវ៉ាន់​ វៀតណាម​ និង​ហ្វីលីពីន​ លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ​៣,៥លានគីឡួម៉ែត្រ​ការ៉េ​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រជុំ​កោះ​ Natunaនេះ។ ប្រទេស​ចិន​ប្រើប្រាស់​បន្ទាត់​ព្រំដែន​៩​ឆ្នូត​ ដើម្បី​ទាមទារ​លើ​ដែន​ទឹកប្រមាណ ៩០ ភាគរយ​នៃ​ផ្លូវ​ទឹក​ដែល​ប្រទេស​នានា​ផ្សេងទៀត​ជា​ច្រើន​មើល​ឃើញ​ថា ជា​ដែនទឹក​នោះ​សម្បូរ​ដោយធនធាន​មច្ឆជាតិ​និង​ធនធាន​ប្រេង​ក្រោម​បាតសមុទ្រ។ បន្ទាត់​ព្រំដែន​៩​ឆ្នូត​នោះ​ កាត់​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ឥណ្ឌូណេស៊ី។

ប្រទេស​ឥណ្ឌូណេស៊ី​និងចិន​ ស្ថិតក្នុង​ដំណាក់កាល​ថ្មីមួយ​នៃ​ការ​សាក​ល្បង​កសាងសមត្ថភាព​រៀងៗ​ខ្លួន​ នេះ​បើយោង​តាម​ លោក Oh Ei Sun អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​របស់​សិង្ហបុរី​ឬ Singapore Institute of International Affairs។ លោក​ Oh ជឿ​ថា ការប្រជែង​គ្នាធ្វើ​នាវាចរណ៍​នឹង​នៅ​បន្ត «មួយរយៈ‍»។

លោក​ Oh ​បាន​ថ្លែង​ថា៖«ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ខ្ញុំគិតថា​ ទាំងចិននិង​ឥណ្ឌូណេស៊ី​ សុទ្ធ​តែ​ដឹង​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស EEZ ​និង​ បន្ទាត់​ព្រំដែន​៩​ឆ្នូត​នោះ​ប្រសព្វ​គ្នា។​ ដូច្នេះ​ពួក​គេ​កំពុង​សាក​ល្បង​ប្រើប្រាស់​ផ្លូវ​ទឹក​នោះ»។

ជម្លោះ​រវាងប្រទេស​ទាំងពីរនេះ​កើត​មាន​ឡើង​ចាប់តាំង​ពីឆ្នាំ២០១៦ម៉្លេះ​ នៅ​ពេល​ដែលប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោកJoko Widodo បង្ហាញ​ពី​វិធានការយ៉ាង​មុត​មាំ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​សមុទ្រ​នេះ ជាង​ប្រធានាធិបតី​មុនៗ។

ក្រុម​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី បានដុត​បំផ្លាញ​ទូកនេសាទ​បរទេសជា​ច្រើន​គ្រឿង​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​តំបន់ EEZ។ នាវាមក​ពីប្រទេស​ទាំងពីរ​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ជាប់​គាំង​ក្នុង​ឆ្នាំ២០១៦​ នៅ​ពេល​ដែល​អាជ្ញាធរ​ឥណ្ឌូណេស៊ីបាន​ព្យាយាម​ចាប់​អ្នកបើក​ទូក​ឯកជន​ម្នាក់​ ប៉ុន្តែ​នាវាល្បាត​របស់​ចិន​បាន​អន្តរាគមន៍។ ឥណ្ឌូណេស៊ីបាន​ឲ្យ​ដឹង​ថា ពេល​នោះ​ហើយ​ដែល​ចិន​បាន​បញ្ចូល​ដែនទឹក​ក្បែរ​ប្រជុំកោះ​ Natuna ​ទៅ​ក្នុង​ផែនទី​របស់​ខ្លួន។ ពីរឆ្នាំ​ក្រោយ​មក​ ​ឥណ្ឌូណេស៊ី​ ​បាន​បើក​ដំណើរការ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​លើ​ប្រជុំ​កោះ​ Natuna ដែល​មាន​កង​កម្លាំង​រហូត​ដល់១០០០​នាក់។

កាល​ពីខែមករា​នេះ​ ប្រទេសចិន​ ព្រលយ​ពាក្យថាភាគី​ទាំងពីរគួរ​តែ​ចរចា​គ្នា។

អ្នកនាំ​ពាក្យក្រសួង​ការបរទេស​ចិន​ លោក​ Geng Shuang បាន​ថ្លែង​កាលពី​ថ្ងៃ៧​ ខែមករា​នេះ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ថា៖

«ខ្ញុំអាច​ប្រាប់អ្នក​ថា​ ប្រទេសចិន​ និង​ឥណ្ឌូណេស៊ី​ តែងតែ​ធ្វើ​ការ​ចរចា​លក្ខណៈ​ការទូត។ យើង​ជឿជាក់​ថា​ ភាគី​ឥណ្ឌូណេស៊ី​ក៏​មើល​ឃើញ​ពី​បញ្ហា​នៃ​ទំនាក់​ទំនង​ទ្វេរ​ភាគី​ និង​ស្ថិរភាព​ក្នុងតំបន់​ ហើយ​អាច​ដោះស្រាយ​ជម្លោះ​ជាមួយ​ភាគីចិន»។

ប្រទេស​ចិន​ ជារឿយ​ៗតែង​តែផ្តល់ជំនួយ​ និងបោះ​ទុនវិនិយោគដើម្បី​បង្កឱ្យ​ប្រទេសតូចៗ​បែកបាក់​គ្នា។

មុនពេល​លោក​ប្រធានាធិបតី​ Widodo ចូលកាន់​តំណែងក្នុង​ឆ្នាំ២០១៤​ ជាធម្មតា​ប្រទេសឥណ្ឌូ​ណេស៊ី​ គ្រាន់តែ​លើក​ឡើង​បន្តិច​បន្តួច​ប៉ុណ្ណោះ​ពាក់ព័ន្ធ​នឹង​នាវាចិន​នៅក្បែរ​ប្រជុំកោះ​ Natuna។ ប្រទេស​ចិន​ បានដាក់​ទុនវិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ និង​បាន​ទិញប្រេង​ពី​ចំការ​ដូង​ប្រេង​ផង​ដែរ។ ក្រុមមន្រ្តី​ឥណ្ឌូណេស៊ី​ សព្វថ្ងៃ​នេះ​ មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទទួល​យក​ជំនួយ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ហៅ​ថា គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ចិន​ដែល​មាន​ទឹកប្រាក់​១លាន​លាន​ដុល្លារ ដែល​មាន​គោលដៅ​សាងសង់​ផ្លូវ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ទ្វីប​អាស៊ី។

ប្រទេស​ឥណ្ឌូណេស៊ី​បញ្ជាក់​ថា​នឹង​រក្សា​ការ​ទាមទារ​របស់​ខ្លួន​ដោយ​ពុំបាច់មាន​ការសន្ទនា​អ្វី​ឡើយ។

រដ្ឋមន្រ្តី​ក្រសួង​ដែនទឹក​និង​នេសាទ​ លោក​ Edhy Prabowo បាន​ធ្វើ​ទស្សនកិច្ច​ការងារ​កាលពី​ថ្ងៃ១៥​ ខែមករា​ នៅ​ប្រជុំកោះ Natuna​ «​ដើម្បីធ្វើ​ទៅ​តាម​ការ​ណែ​នាំរបស់​លោក​ប្រធានាធិបតី​ Jokowi ដែល​ថា បញ្ហា​បូរណភាព​មិន​អាច​យក​មក​ចរចា​បាន​នោះ ទេ‍»។ នេះបើតាម​សេចក្តី​ថ្លែងការណ៍​ដែលមាន​បង្ហោះ​លើគេហទំព័រ​របស់​ក្រសួង។ Jokowi គឺ​ជាឈ្មោះ​ហៅក្រៅ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​។

ប្រទេស​ឥណ្ឌូណេស៊ី​បានតវ៉ា​ផ្នែកកាទូត​លើការ​ធ្វើ​នាវាចរណ៍ពីខែធ្នូ​ ហើយ​ចិនបាន​ឆ្លើយតប​ថា​ ខ្លួន​មាន​សិទ្ធិក្នុង​ការប្រើប្រាស់​ដែនទឹក​នោះដែរ។

រដ្ឋាភិបាលក្រុង​ហ្សាការតា​អាច​នឹង​ងាក​រក​អូស្រ្តាលី​ ជប៉ុន​ និង​សហរដ្ឋអាមេរិក​ ឲ្យ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន នេះបើតាម​ការយល់​ឃើញរបស់​លោកNagy ។ លោក​បាន​បន្ត​ថា​ នៅ​ទី​បំផុត​ ​នឹង​ពុំមាន​ដំណោះ​ស្រាយ​អ្វី​ទេ។ លោក​បានបន្ថែម​ថា​ សកម្មភាព​របស់ចិន​ដូចសព្វ​ថ្ងៃនេះ​ មិនមែន​រងឥទ្ធិពល​ពីបណ្តា​ប្រទេស​តូចតាច​ឡើយ​ ហើយ​ប្រជាជន​ឥណ្ឌូណេស៊ី​ មិន​យល់​ឃើញថា​រដ្ឋាភិបាល​ខ្លួន​ជា​អ្នក​មាន​ឥទ្ធិពល​លើ​បញ្ហានេះ​ដែរ។

លោក​ Nagy បាន​បន្ថែមថា​ ប្រទេសចិន​នឹង​ជៀស​វាង​ចំណាត់ការ​ណា​ដែល​អាច​បង្ក​ឲ្យ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ខឹង​សម្បា​ ព្រោះ​ពួក​គេ​ធា្លប់​បាន​ធ្វើ​កុបកម្មប្រឆាំង​ចិន​ដ៏​ប្រល័យ​ក្នុងឆ្នាំ​១៩៩៨​៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG