កាលពីខែមុន ប្រទេសឥណ្ឌូណេស៊ីបានបដិសេធជាថ្មីម្តងទៀតនៅក្នុងការចរចាជាមួយចិនពាក់ព័ន្ធនឹងតំបន់សមុទ្រដែលរដ្ឋាភិបាលក្រុងប៉េកាំងនិយាយថា ខ្លួនគួរមានសិទ្ធិប្រើប្រាស់នោះ។
ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងមិនបានដាក់សម្ពាធលើរដ្ឋាភិបាលក្រុងហ្សាការតា ដូចដែលខ្លួនបានធ្វើទៅលើប្រទេសម៉ាឡេស៊ី កោះតៃវ៉ាន់ និងប្រទេសវៀតណាមនោះទេ នៅពេលដែលប្រទេសទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ការទាមទារបូរណភាពដែនដីរបស់ចិន។
ប្រទេសឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើនជាងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ អាចតតាំងនឹងចិនបាន ដោយសារតែអំណាចនៅលើឆាកអន្តរជាតិរបស់ខ្លួន ហើយការណ៍នេះបានជួយជំរុញដោយប្រយោលដល់បណ្តាប្រទេសដទៃទៀតឱ្យតតាំងនឹងឥទ្ធិពលរបស់ចិនដូចគ្នាផងដែរនៅតំបន់សមុទ្រចិនខាងត្បូង ដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ និងសម្បូរទៅដោយធនធានធម្មជាតិ។
មិនដូចប្រទេសតូចៗដទៃទៀតនៅអាស៊ី ឥណ្ឌូណេស៊ី ដែលមានប្រជាជនចំនួន ២៧៣លាននាក់ តំណាងឱ្យប្រទេស «មហាអំណាចថ្នាក់កណ្តាល» មួយក្នុងផ្នែកយោធា និងនយោបាយ ជាទីផ្សារដ៏មហិមាមួយ និងជាកម្លាំងស្នូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក១០ប្រទេស។ ឥណ្ឌូណេស៊ីក៏ជាប្រទេសមានឥទ្ធិពលចម្បងមួយផងដែរនៅក្នុងពិភពសាសនាឥស្លាម ដោយឥទ្ធិពលនេះបានលាតសន្ធឹងទៅដល់តំបន់មជ្ឈឹមបូព៌ា។ នេះបើតាមសម្តីរបស់លោក Enrico Cau អ្នកជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅវិទ្យាស្ថានសមាគមស្រាវជ្រាវផ្នែកយុទ្ធសាស្រ្តតៃវ៉ាន់។
លោក Enrico Cau បាននិយាយក្នុងសម្តីដើមថា «ឥណ្ឌូណេស៊ីមិនមែនជាប្រទេសដែលអ្នកអាចបង្ខំបានតាមអំពើចិត្ត ដូចប្រទេសដទៃនោះទេ។ ឥណ្ឌូណេស៊ីគឺជា ករណីផ្សេងដោយសារមូលហេតុមួយចំនួន»។
ក្រុមអ្នកវិភាគនិយាយថា ការប្រឈមជាមួយនឹងការទាមទារផ្នែកដែនទឹករបស់ឥណ្ឌូណេស៊ីអាចបង្កហានិភ័យទៅដល់ពាណិជ្ជកម្មទំហំរាប់ពាន់លានដុល្លាររបស់ចិន ហើយនៅក្នុងករណីដែលអាក្រក់បំផុតនោះគឺអាចបង្កឱ្យមានប្រតិកម្មប្រឆាំងនឹងជនជាតិដើមចិននៅឥណ្ឌូណេស៊ី ដូចអំឡុងពេលកុបកម្មប្រឆាំងនឹងចិននៅឥណ្ឌូណេស៊ីកាលពីឆ្នាំ១៩៩៨។
រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងហ្សាការតាកំពុងជាប់ក្នុងជម្លោះដណ្តើមតំបន់សមុទ្រចិនខាងត្បូងនៅប្រជុំកោះ Natuna ភាគខាងជើងប្រទេសឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ីនិយាយថា មិនមានហេតុផលដើមចមណាមួយសម្រាប់ជម្លោះនោះទេ ពីព្រោះការទាមទាររបស់ខ្លួនគឺស្របតាមច្បាប់ដែនទឹកអន្តរជាតិ។
លោក Cau បាននិយាយថា ចិនកំពុងរក្សាភាពស្ងប់ស្ងាត់ ខណៈឥណ្ឌូណេស៊ីកំពុងពង្រឹងការការពារដោយយោធារបស់ខ្លួននៅតំបន់ដែនទឹកដែលមានជម្លោះ។ បន្ទាប់ពីហេតុការណ៍មួយកាលពីឆ្នាំ ២០១៦ ដែលយោធាជើងទឹកឥណ្ឌូណេស៊ីបានបាញ់ព្រមានទូកនេសាទចិន ឥណ្ឌូណេស៊ីបានពង្រឹងមូលដ្ឋានទ័ពអាកាសនៅតំបន់កោះ Natuna ដោយអនុញ្ញាតឱ្យយន្តហោះ និងឧទ្ធម្ភាគចក្រប្រយុទ្ធចំនួនពីរប្រភេទធ្វើប្រតិបត្តិការនៅជិតតំបន់កោះនេះ។ ស្របពេលដូចគ្នានេះ ឥណ្ឌូណេស៊ីក៏កំពុងតែលើកកម្ពស់សមត្ថភាពរបស់ខ្លួន និង «កំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស» ផងដែរ។
លោក Evan Laksmana អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាគោលនយោបាយយុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិក្នុងក្រុងហ្សាការតាបាននិយាយថា ការត្រឹមតែមកអង្គុយពិភាក្សានឹងបង្ហាញថា ចិនមានសិទ្ធិទាមទារតំបន់ដែនសមុទ្រនោះ ហើយនឹងផ្តល់ជាទម្ងន់ទឡ្ហីករណ៍មួយសម្រាប់ចិននៅក្នុងបរិបទជម្លោះធំជាងនេះជាមួយនឹងបណ្តាប្រទេសដទៃទៀត។
«សរុបមកគឺ វាពាក់ព័ន្ធនឹងលទ្ធភាពនៃភាពស្របច្បាប់សម្រាប់ការទាមទាររបស់រដ្ឋាភិបាលចិន។ ប្រសិនបើយើងធ្វើហាក់ដូចជាទទួលស្គាល់សិទ្ធិរបស់ចិន ដោយទៅចរចា ឬមានការពិភាក្សា ឬផ្តល់សិទ្ធិឱ្យចិនធ្វើការនេសាទជាដើម ការណ៍នេះនឹងពង្រឹងការទាមទារទាំងស្រុងរបស់ចិនប្រឆាំងនឹងប្រទេសទាមទារដទៃទៀតនៅក្នុងតំបន់ដែនសមុទ្រនោះ»។
ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម បានទាមទារទាំងស្រុង ឬផ្នែកខ្លះនៃតំបន់សមុទ្រនោះ។ ប្រទេសចិន ដែលមានយោធាខ្លាំងជាងគេនៅក្នុងតំបន់ បានបង្កការភ្ញាក់ផ្អើលដល់បណ្តាប្រទេសទាមទារដទៃទៀតពាក់ព័ន្ធនឹងជម្លោះមួយនេះដែលមានចាប់តាំងពីឆ្នាំ ២០១០ មក តាមរយៈការចាក់ដីពង្រីកកោះតូចៗ សម្រាប់ការប្រើប្រាស់ផ្នែកយោធា។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចិនបានបញ្ចូននាវាតាមដាន និងកងនាវាល្បាតទៅក្នុងតំបន់ដែនទឹក ដែលខ្លួនមានជម្លោះជាមួយនឹងម៉ាឡេស៊ី និងវៀតណាម។ ចិនក៏បានបើកយន្តហោះយោធាចំនួនប្រាំបីគ្រឿងតាមបណ្តោយតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ពីដើមខែមិថុនាដល់ថ្ងៃទី២៤ ខែមិថុនាផងដែរ។
លោក Carl Thayer សាស្រ្តចារ្យចូលនិវត្តន៍ជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្រ្តាលី បានលើកឡើងថា ឥណ្ឌូណេស៊ីគួររំពឹងថា នឹងឃើញនាវាចិនច្រើនជាងមុនផងដែរនៅតំបន់កោះ Natuna។ ចិនត្រូវការត្រី ប៉ុន្តែចំនួនត្រីកំពុងតែថយចុះនៅជិតតំបន់ឆ្នេររបស់ខ្លួន។ ហើយចិនកំពុងតែខួងយកប្រេងឥន្ធនៈនៅក្នុងផ្នែកមួយចំនួននៃតំបន់សមុទ្រនោះផងដែរ។
«ចិន និងវៀតណាមបានបំពុលតំបន់ឆ្នេរ និងផ្លូវទឹករបស់ខ្លួន ហើយតំបន់នេសាទកំពុងតែរងសម្ពាធនៃការនេសាទច្រើនជ្រុល ដូច្នេះការនេសាទដែលផ្តល់ធនធានច្រើនបំផុតនោះគឺនៅតំបន់សមុទ្រភាគខាងត្បូង»។
លោក Laksmana បានបន្តថា ឥណ្ឌូណេស៊ីនឹងបន្តរុញច្រានចិនតាមរយៈកងល្បាតជើងទឹករបស់ខ្លួន និងការតវ៉ាតាមរយៈការទូត។ ហើយចិនទំនងនឹងមិនពង្រឹងការតបតទៅវិញនោះទេ។
អង្គការ East Asia Forum និយាយថា ឥណ្ឌូណេស៊ីបានរកឃើញនាវាចិនចំនួនប្រហែល ៦០គ្រឿង ដែលបានឆ្លងចូលដោយខុសច្បាប់ក្នុងទីតាំងចំនួន៣០ នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃដែនទឹករបស់ឥណ្ឌូណេស៊ី កាលពីខែធ្នូ។ នាវាចិនជាច្រើនទៀតបានមកដល់ក្នុងរយៈពេលមួយខែបន្ទាប់ ហើយរបាយការណ៍សារព័ត៌មានពីក្រុងហ្សាការតាបានលើកឡើងថា នាវាមួយចំនួនក៏មានអមជាមួយដោយនាវាកងល្បាតចិនផងដែរ។
ឥណ្ឌូណេស៊ីនៅពេលនោះ បានធ្វើការតវ៉ាទៅកាន់អគ្គរដ្ឋទូតចិន និងបានបញ្ជូននាវាប្រយុទ្ធរួមទាំងយន្តហោះចម្បាំងប្រភេទ F-16 ដើម្បីទៅល្បាតតំបន់ដែនទឹកនោះផងដែរ។
អង្គការសហប្រជាជាតិបានក្លាយជាវេទិកាចុងក្រោយបង្អស់មួយសម្រាប់ការទាមទារពីភាគីចិន និងឥណ្ឌូណេស៊ី។ រដ្ឋាភិបាលចិនបានប្រាប់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres តាមរយៈលិខិតមួយកាលពីខែមិថុនាថា ចិន និងឥណ្ឌូណេស៊ីមានការទាមទារជាន់គ្នាលើផ្នែកខ្លះនៃតំបន់សមុទ្រចិនភាគខាងត្បូង។ ជាធម្មតា ចិនលើកយកឯកសារប្រវត្តិសាស្រ្តដើម្បីគាំទ្រការទាមទាររបស់ខ្លួន។
ចិនបានឆ្លើយតបដូចខាងលើនេះទៅនឹងសារមួយពីរដ្ឋាភិបាលឥណ្ឌូណេស៊ីទៅកាន់ប្រមុខអង្គការសហប្រជាតិកាលពីថ្ងៃទី២៦ ខែឧសភា។ រដ្ឋាភិបាលក្រុងហ្សាការតាបានច្រានចោលខ្សែបន្ទាត់ព្រំដែនសមុទ្រដែលដាច់ជា៩ចំណុច (Nine-dash Line) ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានប្រើដើម្បីកំណត់ព្រំដែនចំពោះការទាមទាររបស់ខ្លួននៅតំបន់សមុទ្រចិនភាគខាងត្បូង៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា