ប្រទេសឥណ្ឌូណេស៊ីដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះដែលធ្លាប់បានដុតកម្ទេចទូកនេសាទរបស់ចិនបានសាងសង់មូលដ្ឋានយោធាថ្មីមួយកាលពីខែមុននៅលើបណ្តាកោះ Natuna ដោយបានដាក់យោធាជាង ១.០០០នាក់នៅលើកោះនោះ។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយនៅតំបន់អាស៊ីបានរាយការណ៍កាលពីខែធ្នូ។ មូលដ្ឋានយោធាថ្មីនេះមានទីតាំងនៅជិតកំពង់ផែ Selat Lamah ដែលមានស្រាប់រួចទៅហើយ គឺជាឃ្លាំងស្តុកឧបករណ៍ដ្រូន និងសម្ភារៈហ្វឹកហាត់ដល់កងកម្លាំងយោធាសម្រាប់ប្រតិបត្តិការផ្សេងៗ។
គេហទំព័រសារព័ត៌មាន Jakarta Globe រាយការណ៍ថារដ្ឋសភាឥណ្ឌូណេស៊ីបានផ្តល់ថវិកាសម្រាប់សាងសង់មូលដ្ឋានយោធាកាលពីឆ្នាំ២០១៦ ដោយអនុប្រធានរដ្ឋសភាបានលើកឡើងនាពេលនោះថាមូលដ្ឋាននេះអាចធានាដល់សិទ្ធិដែនអធិបតេយ្យភាពរបស់ប្រទេស ដើម្បីរុករកធនធានធម្មជាតិនៅក្នុងតំបន់នោះ។
ក្រុមអ្នកវិភាគនិយាយថា មន្រ្តីឥណ្ឌូណេស៊ីចង់ការពារដែនទឹករបស់ពួកគេដោយបានសង់មូលដ្ឋានយោធាតាំងពីឆ្នាំ២០១៤ដើម្បីបញ្ឈប់មិនឲ្យទូកនេសាទរបស់ចិនចូលនេសាទនៅក្នុងតំបន់សេដ្ឋកិច្ចរបស់ពួកគេ និងដើម្បីជួយបង្ហាញពីការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពនៃកោះNatunaដោយខ្លួនឯងប្រសិនបើមានបណ្តឹងស្របច្បាប់ណាមួយទៅតុលាការនៅពេលអនាគត។ ពួកគេរំពឹងថាប្រទេសចិននឹងកាត់បន្ថយសកម្មភាពនេសាទរបស់ពួកគេ។
លោកAlan Chonសាស្រ្តចារ្យរងផ្នែកការសិក្សាអន្តរជាតិនៃសាលាអន្តរជាតិ S. Rajaratnamនៅប្រទេសសិង្ហបុរីបានថ្លែងថា«ប្រសិនបើយើងមិនដាក់មូលដ្ឋាននៅទីនោះទេ អំណាចអរិភាពមួយចំនួនប្រហែលជាច្បាមយកកោះមួយនេះ។ប្រទេសចិនដែលបានចាក់ដីបង្កើតកោះសិប្បនិមិ្មតពីមុនមកអាចទាមទារយកកោះ Natunasនាពេលអនាគតផងដែរ»។
ជម្លោះនៅសមុទ្រចិនខាងត្បូង
បច្ចុប្បន្នប្រទេសចិនទាមទារកាន់កាប់លើទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េនៃ សមុទ្រចិនខាងត្បូងដែលចាប់ពីប្រជុំកោះ Natunaរហូតដល់ចិនដីគោក។ រដ្ឋាភិបាលក្រុងប៉េកាំងមិនទាមទារកាន់កាប់កោះNatunaទេ ប៉ុន្តែកាលពីឆ្នាំ២០១៦ក្រសួងការបរទេសចិនបានអះអាងអំពីសិទ្ធិជាប្រវត្តិសាស្រ្តសម្រាប់ទូកនេសាទរបស់ពួកគេប្រើប្រាស់ដែនទឹកនៅជិតប្រជុំកោះនេះ។
ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ ហ្វីលីពីន និងវៀតណាមបានប្រឆាំងដោយផ្ទាល់ទៅនឹងការទាមទារកាន់កាប់សមុទ្រចិនខាងត្បូងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ ប្រទេសចិនបានធ្វើឲ្យប្រទេសដ៏ទៃទៀតខឹងសម្បាតាមរយៈការចាក់ពង្រីកដីនៅតាមកោះតូចៗមានជម្លោះដើម្បីសាងសង់មូលដ្ឋានយោធារបស់ខ្លួន។
ប្រទេសឥណ្ឌូណេស៊ីដែលមានការមួរម៉ៅជាយូរមកហើយដោយសារការខ្វះខាតអំណាចកងទ័ពជើងទឹក ទោះបីជាខ្លួនមានអធិបតេយ្យភាពគ្រប់គ្រងកោះចំនួន ១៣.០០០ក៏ដោយនោះ បានដុតបំផ្លាញទូកនេសាទបរទេសជាសាធារណៈកាលពីឆ្នាំ២០១៧ដើម្បីព្រមានប្រឆាំងនឹងការរំលោភបំពាននានា និងដើម្បីក្រឿនរំឭកដល់ប្រទេសចិន។
លោក Jay Batongbacalសាស្រ្តាចារ្យផ្នែកកិច្ចការដែនសមុទ្រអន្តរជាតិនៃសាកលវិទ្យាល័យហ្វីលីពីនបាននិយាយថាភាគច្រើនៃទូកនេសាទដែលត្រូវបានដុតបំផ្លាញទាំងនោះគឺជារបស់ចិន ហើយពេលខ្លះនាវាល្បាតតាមឆ្នេររបស់ចិនជួយការពារដល់ទូកសាទទាំងនោះទៀតផង។
កាលពីឆ្នាំ២០១៦ នាវារបស់ឥណ្ឌូណេស៊ី និងនាវារបស់ចិនបានប៉ះទង្គិចគ្នាបីដងជុំវិញបញ្ហាទូកនេសាទរបស់ចិន។ ភាគីទាំងពីរបានប្រឈមមុខដាក់គ្នានៅពេលដែលអាជ្ញាធរឥណ្ឌូណេស៊ីព្យាយាមរឹបអូសយកទូកនេសាទរបស់ចិន ប៉ុន្តែត្រូវបាននាវាល្បាតឆ្នេរសមុទ្ររបស់ចិនធ្វើអន្តរាគមន៍។
លោក Batongbacal បាននិយាយថា«ខ្ញុំគិតថាប្រទេសឥណ្ឌូណេស៊ីបានទទួលស្គាល់ថាបញ្ហានេះចាំបាច់ត្រូវដោះស្រាយ ហើយការសង់មូលដ្ឋានយោធានៅលើកោះ Natuna គឺជារឿងត្រឹមត្រូវពីព្រោះថាតំបន់នេះស្ថិតនៅភាគជើងបំផុតដូច្នេះពួកគេអាចយកទីតាំងនេះធ្វើការត្រួតពិនិត្យសកម្មភាពនេសាទរបស់ចិននិងចាត់វិធានការបានភ្លាមៗ។
កាលពីឆ្នាំមុនប្រទេសឥណ្ឌូណេស៊ីបានប្តូរឈ្មោះផ្នែកមួយនៃតំបន់សមុទ្រមានជម្លោះជាសមុទ្រ Natuna ភាគខាងជើង ដែលការណ៍នេះបានធ្វើឲ្យប្រទេសចិនខឹងសម្បា។ រដ្ឋាភិបាលក្រុងប៉េកាំងនៅតែហៅតំបន់នៅជិតកោះ Borneoថាជាសមុទ្រចិនខាងត្បូង។ មុនបើកមូលដ្ឋានយោធា ប្រទេសឥណ្ឌូណេស៊ីបានយកកោះនេះធ្វើជាកន្លែងសម្រាប់ចុះចតយន្តហោះនិងបានដំឡើងមូលដ្ឋានយោធាតូចមួយសម្រាប់ទាហានជើងទឹកតែប៉ុណ្ណោះនៅលើកោះ Natunaនេះ។
ទូកនេសាទពីប្រទេសផ្សេងៗបានចូលនេសាទនៅក្នុងដែនទឹកដែលឥណ្ឌូណេស៊ីទាមទារកាន់កាប់ ហើយឥណ្ឌូណេស៊ីបានរឹបអូសយកទូកទាំងនោះ។ ប៉ុន្តែឥណ្ឌូណេស៊ីគ្មានជម្លោះធំដុំជាមួយប្រទេសផ្សេងៗទៀតដែលទាមទារកាន់កាប់សមុទ្រចិនខាងត្បូងនោះទេ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា