តៃប៉ិ — អ្នកវិភាគនិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិចិនដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងខែកញ្ញានេះ នឹងចាប់ផ្តើមទប់ស្កាត់នូវឥទ្ធិពលរបស់អាមេរិកដែលកំពុងតែកើនឡើងនៅក្នុងតំបន់ ប្រសិនបើប្រទេសចិនសម្រេចឆ្លើយតបដោយសកម្មភាពសន្តិវិធីនោះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Wei Fenghe បានជួបប្រជុំជាមួយសមភាគីរបស់លោក ក្នុងដំណើរទស្សនកិច្ចមួយ ដែលបានធ្វើឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញាកន្លងទៅនេះ នៅក្នុងប្រទេសព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលចិន។
ដំណើរទស្សនកិច្ចរបស់លោកគាប់ជួនជាមួយនឹងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយជាបន្តបន្ទាប់ដោយមន្ត្រីរដ្ឋាភិបាលអាមេរិក ដែលបានរិះគន់ទៅលើរដ្ឋាភិបាលក្រុងប៉េកាំង ដែលបានពង្រីកនូវការគ្រប់គ្រងរបស់ខ្លួនក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិកបានតាំងចិត្តជួយការពារបណ្តាប្រទេស ដែលកំពុងមានជម្លាះដែនទឹកជាមួយចិន ហើយទទួលរងការគាបសង្កត់ពីប្រទេសចិន។
បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បានទាមទារតំបន់ផ្លូវទឹកនៅសមុទ្រចិនខាងត្បូងជាន់គ្នាជាមួយនឹងចិន ហើយបាននិយាយថា ចិនដែលមានកម្លាំងយោធាខ្លាំងជាងខ្លួន បានឈ្លានពានចូលដែនអធិបតេយ្យភាពរបស់ខ្លួន។ ផ្ទុយទៅវិញ ចិនបានលើកឡើងពីកំណត់ត្រាប្រវត្តិសាស្ត្រដើម្បីគាំទ្រការទាមទាររបស់ខ្លួន។
ក្រុមអ្នកសិក្សាស្រាវជ្រាវនិយាយថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិចិនលោក Wei មានគោលដៅដំបូង គឺរក្សាទំនាក់ទំនងរវាងចិនជាមួយតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលរដ្ឋាភិបាលក្នុងតំបន់នេះអាចងាកទៅរកក្រុមសម្ព័ន្ធដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងចិន។
លោក Aaron Rabena អ្នកស្រាវជ្រាវនៅមូលនិធិមាគ៌ាអាស៊ីប៉ាស៊ីហ្វិកឆ្ពោះទៅកាន់វឌ្ឍនភាព(Asia-Pacific Pathways to Progress Foundation) បាននិយាយថា៖
«គំនិតនៅពីក្រោយនោះគឺ រក្សានូវស្ថិរភាពនៅក្នុងតំបន់។ ចិនយកចិត្តទុកដាក់ខ្លាំងណាស់លើរឿងនេះ។ ជាពិសេស បន្ទាប់ពីទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកមានសភាពកាន់តែអាក្រក់។ ចិនមិនចង់ឲ្យមានក្រុមសម្ព័ន្ធរួបរួមគ្នាមួយប្រឆាំងនឹងខ្លួននោះទេ នាពេលនេះ។ ដូច្នេះ ពួកគេចង់បន្ធូរបន្ថយភាពតានតឹង»។
នៅក្នុងជំនួបជាមួយសមភាគីរបស់លោកក្នុងប្រទេសទាំងនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Wei បានលើកឡើងពី «ការការពារនូវស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូង»។
ជាឧទាហរណ៍ លោក Wei ត្រូវបានដកស្រង់សម្តីក្រោយជំនួបប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន នៅថ្ងៃទី១១ ខែកញ្ញាថា ប្រទេសចិននិងហ្វីលីពីន គួរប្រកាន់យកនូវគោលការណ៍ថាបញ្ហាក្នុងតំបន់គួរត្រូវបានដោះស្រាយដោយប្រទេសក្នុងតំបន់ តាមរយៈការជួបពិគ្រោះយោបល់គ្នា ហើយរក្សានូវសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
លោក Oh Ei Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី បាននិយាយថា៖ «អ្វីដែលលោក Wei ចង់ឃើញចម្បងនោះ គឺបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មិនងាកទៅរកសហរដ្ឋអាមេរិក»។
ចាប់ពីខែកក្កដាមក អាមេរិកបានបង្កើនសម្ពាធប្រឆាំងនឹងសកម្មភាពចិននៅសមុទ្រចិនខាងត្បូង។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនមានសិទ្ធិទាមទារតំបន់សមុទ្រចិនខាងត្បូង ដែលមានទំហំ ៣,៥ លានគីឡូម៉ែត្រការេនោះទេ ប៉ុន្តែបានតវ៉ាប្រឆាំងនឹងការលើកឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលថា ៩០ ភាគរយ នៃដែនសមុទ្រនោះ គឺជាកម្មសិទ្ធិរបស់ចិន។
មន្ត្រីចិនដែលប្រយ័ត្នប្រយែងចំពោះការណ៍ដែលរដ្ឋាភិបាលអាមេរិកធ្លាប់ជាអតីតសត្រូវនៅក្នុងសង្គ្រាមត្រជាក់នោះ បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់គ្រប់គ្រងការកើនឡើងអំណាចរបស់រដ្ឋាភិបាលក្រុងប៉េកាំង ស្របពេលដែលបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា កាទូតកំពុងតែញាំញីទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិករួចទៅហើយ។
ការទាមទាររបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង គឺជាន់គ្នាជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ចិនកំពុងប្រជែងគ្នាជាមួយឥណ្ឌូណេស៊ីលើតំបន់ដែនទឹកមួយ ជិតកោះ Natuna គ្រប់គ្រងដោយឥណ្ឌូណេស៊ី។
តំបន់សមុទ្រចិនខាងត្បូងមានពោរពេញទៅដោយធនធានមច្ឆាជាតិ និងប្រភពថាមពល។ ការចាក់បំពេញតំបន់កោះតូចៗដោយចិន ហើយនៅក្នុងករណីមួយចំនួនសម្រាប់ការប្រើប្រាស់ផ្នែកយោធា បានធ្វើឲ្យបណ្តាប្រទេសជិតខាងក្នុងតំបន់មិនពេញចិត្ត ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។
កាលពីខែកក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានហៅការទាមទាររបស់ចិនថា ខុសច្បាប់ និងបានប្តេជ្ញាគាំទ្រប្រទេសដែលរងផលប៉ះពាល់។ កាលពីខែសីហា រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Mark Esper បាននិយាយថា សហរដ្ឋអាមេរិកនឹង «មិនបោះបង់ចោលប្រទេសណាមួយសូម្បីតែបន្តិចក៏ដោយ»។ លោកក៏បានលើកឡើងពីជំហររដ្ឋាភិបាលអាមេរិកចំពោះប្រទេសចិនសាជាថ្មី អំឡុងពេលកិច្ចប្រជុំបណ្តាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅផងដែរ។
នាវាយោធាជើងទឹកអាមេរិកជារឿយៗ បានឆ្លងចូលទៅក្នុងតំបន់សមុទ្រដែលមានជម្លោះ ដើម្បីបង្ហាញពី «សេរីភាពក្នុងប្រតិបត្តិការធ្វើនាវាចរណ៍» ដែលទង្វើនេះបានបង្កឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បារ។
លោក Rabena បាននិយាយថា មន្ត្រីចិនត្រូវចាត់ចំណាត់ការច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ពីសារសន្តិភាពរបស់លោករដ្ឋមន្ត្រីការពារជាតិ។
គេហទំព័រព័ត៌មាន Rappler.com របស់ហ្វីលីពីន បានរាយការណ៍ថា កាលពីខែសីហា រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Delfin Lorenzana បានចោទប្រកាន់ប្រទេសចិនពីការបំភ្លៃពីទំហំតំបន់ដែនទឹករបស់ខ្លួន និងចូលទៅកាន់កាប់តំបន់ដែនទឹករបស់ហ្វីលីពីនដោយខុសច្បាប់។ ការពន្លិចទូកនេសាទ និងផ្លូវទឹករបស់នាវាស៊ើបការណ៍នៅជិតតំបន់ដែនទឹករបស់វៀតណាម ក៏បានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងវៀតណាមនិងចិនផងដែរ មកទល់ពេលនេះ។
លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍ជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យ New South Wales បានធ្វើការអធិប្បាយ កាលពីថ្ងៃទី១២ ខែកញ្ញាថា លោករដ្ឋមន្ត្រីការបរទេសចិន Wei Fenghe សង្ឃឹមថា «នឹងអាចធានាម្តងទៀតនូវបំណងប្រកបដោយសន្តិភាពរបស់ចិនទៅកាន់ប្រទេស ដែលទាមទារតំបន់សមុទ្រចិនខាងត្បូង»។
លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌលសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ ក្នុងក្រុងហូជីមិញ បាននិយាយថា ប្រសិនបើមានមិនការធានានូវគោលបំណងសន្តិភាពជាបន្តបន្ទាប់នោះទេ ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីចិន គឺមាន«លទ្ធផលតិចតួចពេក យឺតពេលពេក ទូលំទូលាយពេក និងមិនប្រាកដប្រដា»។
លោក Nguyen បានថ្លែងថា៖ «ខ្ញុំគិតថា មានការផ្លាស់ប្តូរមួយចំនួន។ ប៉ុន្តែនេះគ្រាន់តែជាការផ្លាស់ប្តូរមួយជំហានប៉ុណ្ណោះ។ ហើយដើម្បីឲ្យដឹងពីអាកប្បកិរិយារបស់ចិនថា នឹងដូចដែលបានអះអាង ឬយ៉ាងណា យើងត្រូវរង់ចាំមើលសិន»។
លោក Nguyen បានបន្ថែមថា ជាទូទៅបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍តែងតែបញ្ចៀសពីការងាកទៅរកភាគីប្រទេសមហាអំណាចណាមួយ។ ពួកគេសង្ឃឹមថា នឹងទទួលបានការវិនិយោគរបស់ចិន ក៏ដូចជាការគាំទ្រផ្នែកយោធាពីសហរដ្ឋអាមេរិកតាមដែលពួកគេត្រូវការ។
ប្រទេសសមាជិកអាស៊ានទាំង១០ ឥឡូវនេះចង់ឲ្យចិនបញ្ចប់កិច្ចចរចារស្តីពីក្រមប្រតិបត្តិសម្រាប់តំបន់សមុទ្រចិនខាងត្បូង ដែលអូសបន្លាយអស់រយៈពេលរាប់ឆ្នាំមកហើយ ដែលក្រមប្រតិបត្តិនេះនឹងជួយបញ្ចៀសការប្រព្រឹត្តខុសនានានៅក្នុងតំបន់ដែនទឹកមានជម្លោះមួយនេះ។ ហើយមន្ត្រីចិនបាននិយាយថា ក្រមប្រតិបត្តិមួយអាចនឹងត្រូវចុះហត្ថលេខានៅឆ្នាំក្រោយ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា