ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជំនួស​ការ​ដាក់សម្ពាធ​ដោយ​ការ​ចរចា​សន្តិភាព​ជាមួយ​ឥណ្ឌូណេស៊ី​ពាក់​ព័ន្ធ​នឹង​​ជម្លោះ​ដែន​ទឹក


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន​លោក Wei Fenghe ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ប្រជុំ Xiangshan នៅ​ទីក្រុង​ប៉េកាំង ថ្ងៃទី២១​ ខែតុលា ឆ្នាំ២០២០។

នាវា​ឆ្មាំ​សមុទ្រ​ចិន​បានឆ្លងកាត់​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ឥណ្ឌូណេស៊ី​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​នេះ រហូត​ដល់​ត្រូវ​បាន​ទីភ្នាក់ងារ​សន្តិសុខ​ដែនសមុទ្រ​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សាការតាប្រដេញ​ចេញ។ ហេតុការណ៍​នេះ​បាន​កើត​ឡើងរយៈពេល​ប្រាំថ្ងៃ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ចដើម្បី​ពង្រឹង​សន្តិភាព​ជាមួយ​នឹង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​ជា​ទូទៅ​មាន​ភាព​រាក់ទាក់​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​

ក្រុម​អ្នក​ជំនាញ​និយាយ​ថា យ៉ាងណាក្តី ​មន្ត្រី​ឥណ្ឌូណេស៊ី​បាន​ទម្លាប់​ទៅ​ហើយ​ជាមួយ​នឹង​យុទ្ធសាស្ត្រ​បែប​ធម៌ក្តៅ​ផង​ត្រជាក់​ផង​របស់​រដ្ឋាភិបាល​ចិន ហើយ​គ្រាន់​តែ​សម្រប​ទៅ​តាម​ស្ថានការណ៍​តាមរយៈ​ការ​បណ្តេញ​នាវា​ចិន​ចេញប៉ុណ្ណោះ។ ប៉ុន្តែ​ស្រប​ពេល​ដូចគ្នា​ មន្ត្រី​ឥណ្ឌូណេស៊ី​ក៏​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​បញ្ចៀស​មិន​ឲ្យ​មាន​ជម្លោះ​តានតឹង​ណា​មួយ​តាម​បណ្តោយ​ផ្លូវ​ទឹក​ឆ្ពោះ​ទៅ​កាន់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទាមទារ​យ៉ាង​ធំធេង ដែល​ក្នុង​នោះ​រួម​មាន​តំបន់​ដែន​ទឹក​មួយ​ផ្នែក​របស់​ឥណ្ឌូណេស៊ី​ផង​ដែរ។

ក្រុម​អ្នក​ជំនាញ​បាន​បន្ថែម​ថា និន្នាការ​បែបនេះក៏​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ទំនាក់ទំនង​ដែល​អាច​ប្រែប្រួល​គ្រប់​ពេលវេលា​រវាង​ចិន​ និង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​បរិបទ​ដែន​ទឹក​ផងដែរ។

លោក Evan Laksamana អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌលផ្នែក​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ​នៅ​ក្រុង​ហ្សាការតា​បាន​និយាយ​ថា៖ «មិនមែន​ជា​ការ​បំភាន់​នោះ​ទេ ដែល​ថា ចិន​មាន​បំណងបញ្ឈប់​នូវ​អាកប្បកិរិយា​របស់​ខ្លួន​ឬ​ទេ​ ខណៈ​ព្យាយាម​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់។ លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ភាសា និង​អាកប្បកិរិយា​គឺ​ជា​ អ្វី​ដែល​យើង​ត្រូវ​សម្លឹង​មើល»។

លោក Eduardo Araral សាស្ត្រាចារ្យ​នៅមហាវិទ្យាល័យ​គោលនយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​លើកឡើងថា ចិន​កំពុង​តែ​ឆ្លាស់គ្នា​ចុះ​ឡើង​រវាង​ការ​បង្ហាញ​នូវ​កម្លាំងជាមួយ​នឹង​ការ​ចរចា​បែប​រាក់ទាក់​ជាមួយ​នឹង​បណ្តាប្រទេស​ភាគច្រើន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ លោក​បាន​និយាយ​ថា ចំណាត់ការ​ដូចនេះ​គួបផ្សំ​ជាមួយ​នឹង​ការ​បណ្តេញ​នាវា​ចិនចេញ​ពី​ឥណ្ឌូណេស៊ី​គឺ​ស្របទៅ​តាម «ទ្រឹស្តី​ល្បែង»។

លោក​បាន​បន្ថែម​ថា វៀតណាម​និង​ហ្វីលីពីន​បាន​ប្រឈម​មុខ​នឹង​ន្និនាការ​ស្រដៀងគ្នា​នេះ​ពីប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​ជម្លោះដែន​ទឹក​ដែលខ្លួន​បាន​ធ្វើការ​ទាមទារ។​

រូបឯកសារ៖ រូបថត​នេះ​ត្រូវ​បាន​ទីភ្នាក់ងារ​សន្ដិសុខ​ដែនទឹក​ឥណ្ឌូណេស៊ី​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដែល​បង្ហាញ​ពី​នាវា​ល្បាត​ដែនសមុទ្រ​មួយ​គ្រឿង​របស់​ចិន​នៅ​ក្នុង​សមុទ្រ Natuna ប៉ែក​ខាង​ជើង។
រូបឯកសារ៖ រូបថត​នេះ​ត្រូវ​បាន​ទីភ្នាក់ងារ​សន្ដិសុខ​ដែនទឹក​ឥណ្ឌូណេស៊ី​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដែល​បង្ហាញ​ពី​នាវា​ល្បាត​ដែនសមុទ្រ​មួយ​គ្រឿង​របស់​ចិន​នៅ​ក្នុង​សមុទ្រ Natuna ប៉ែក​ខាង​ជើង។

ប្រទេស​ព្រុយនេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​បាន​តវ៉ា​ប្រឆាំងយ៉ាង​មុតមាំ​ទៅ​នឹង​ការ​ទាមទារ​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរទៅ​ដោយ​ធនធាន​ត្រី និង​ប្រភព​ថាមពល។ ចិន​មិនបានទាមទារ​ដី​កោះ​គ្រប់គ្រង​ដោយ​ឥណ្ឌូណេស៊ី​នោះ​ទេ ប៉ុន្តែ​បាននិយាយ​ថា ខ្លួន​មាន​សិទ្ធិ​ទាមទារ​កម្មសិទ្ធិលើ​ផ្នែក​មួយ​នៃ​តំបន់​សេដ្ឋកិច្ច​លាតសន្ធឹង​ប្រមាណ ៣៧០​គីឡូម៉ែត្រ​ពី​ឆ្នេរ​កោះ​ Borneo ​ភាគ​ពាយ័ព្យប្រទេស​ឥណ្ឌូណេស៊ី។

ចិន​បាន​ទាមទារ​ប្រមាណ​៩០​ភាគរយ​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចង្អុល​បង្ហាញ​ទៅ​កាន់​កំណត់ត្រាប្រវត្តិសាស្ត្រ​ជា​ភស្តុតាង​ ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​យ៉ាងណា​ក្តី។​ ចិន​បាន​ឆ្លើយតប​នឹង​ការ​ប្រឆាំង​នោះ​ដោយ​ការ​ប្រើប្រាស់​កងទ័ព​ជើង​ទឹក ឆ្មាំ​សមុទ្រ​និង​បច្ចេកវិទ្យា​ទំនើប​ដើម្បី​កាន់កាប់កូន​កោះ​សំខាន់ៗ​នៅ​តំបន់​សមុទ្រទំហំ ៣,៥​លាន​គីឡូម៉ែត្រ​ការ៉េ ដែល​លាតសន្ធឹង​ចេញ​ពី​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌូណេស៊ី​ទៅ​ដល់​ហុងកុង។ ​

ការ​ចាក់បំពេញ​កោះ​តូចៗ​របស់​ចិន​ដែល​ក្នុង​ករណី​មួយ​ចំនួន​សម្រាប់​ការ​ប្រើប្រាស់​ផ្នែក​យោធា​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មិន​សប្បាយ​ចិត្ត​អស់រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ។

ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ រដ្ឋមន្ត្រី​ការពារជាតិ​ចិន​លោក Wei Fenghe បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រីការពារ​ជាតិ​ឥណ្ឌូណេស៊ី​លោក Prabowo Subianto នៅ​ទីក្រុង​ហ្សាការតា កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា។ លោក​ Wei បាន​ហៅ​ប្រទេស​ចិន និង​ឥណ្ឌូណេស៊ី​ថា​ជា «ប្រទេស​ជិត​ខាង​គ្នា​ដ៏​សំខាន់» អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​រួម​មាន​ប្រទេស​ព្រុយនេ ម៉ាឡេស៊ី និង​ហ្វីលីពីន។

ក្រុម​អ្នក​វិភាគ​និយាយ​ថា សម្រាប់​ប្រទេស​ចិន តំបន់​សមុទ្រ​មាន​ជម្លោះ​នៅ​ជិត​ប្រទេស​ឥណ្ឌូណេស៊ី​តំណាង​ឲ្យ​តំបន់​ថ្មី​មួយ​សម្រាប់​ការ​នេសាទ​ និង​ការ​រុករក​ប្រភព​ថាមពល​នៅ​ក្រោម​បាតសមុទ្រ។ តំបន់​សមុទ្រ​នេះ​ស្ថិត​នៅ​ជិត​ខ្សែ​កោះ​ Natuna របស់​ប្រទេស​ឥណ្ឌូណេស៊ី។ ​

លោក​ Araral បាន​និយាយ​ថា៖ «នេះ​ជា​កន្លែង​ចុង​ក្រោយ​ដែល​ពួកគេ​មិន​ទាន់​បាន​ធ្វើ​ការ​ទាមទារ។ ពួកគេ​គ្រាន់​តែ​ជំរុញ​ឲ្យ​ទៅ​មុខ​តាម​តែ​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​យើងសម្លឹង​មើល​ឲ្យ​ទូលំទូលាយ​ជាង​នេះ អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​គឺ​ អាច​ព្យាករណ៍​បាន​ថា​ជា​ចំណាត់​ការមួយ​ក្នុងផែនការធំ​ជាង​នេះ»។ ​

លោក​ Evan Laksamana អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌលផ្នែក​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ​នៅ​ក្រុង​ហ្សាការតា​បាន​និយាយ​ថា ការ​បង្ហាញ​កម្លាំង​អាច​បើក​ផ្លូវឲ្យ​ចិន​ចរចា​ដោយ​ឈរ​លើជំហរ​មាន​ប្រៀប​មួយលើ​រដ្ឋាភិបាល​ដទៃ​ទៀត​និង​ប្លុក​អាស៊ានដែល​មាន​សមាជិក១០​ប្រទេស។​

ចិនជា​ប្រទេសមាន​កងកម្លាំង​យោធា​ខ្លាំង​ជាង​គេ​ទី​បី​នៅ​លើ​ពិភពលោក ហើយ​ធំ​ជាង​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ទាំងអស់។ ចិន និង​ប្លុក​អាស៊ាន​មាន​គោលបំណង​ចុះ​ហត្ថលេខាលើ​ក្រមប្រតិបត្តិ​ដើម្បី​ទប់​ស្កាត់​ឧប្បទ្ទវហេតុ​ផ្សេងៗ​នៅ​តំបន់​សមុទ្រ​មាន​ជម្លោះ ប៉ុន្តែបញ្ហា​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព​បាន​បង្អាក់​នូវ​សេចក្តីសម្រេចចុងក្រោយ ទោះ​បី​ជា​មាន​ការ​ពិភាក្សា​ចាប់​តាំង​ពី​ឆ្នាំ ២០០២​មក​ក៏​ដោយ។

ផែនទី​បង្ហាញ​ពី​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បណ្ដា​ប្រទេស​ដែល​នៅ​ជិត​ខាង​នោះ។
ផែនទី​បង្ហាញ​ពី​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បណ្ដា​ប្រទេស​ដែល​នៅ​ជិត​ខាង​នោះ។

លោក​ Evan Laksamana បាន​និយាយ​ថា ការ​ចរចា​បែប​ប្រើ​កម្លាំង «ថែម​ទាំង​អាច​ឲ្យ​ចិន​មាន​ប្រៀប​ក្នុង​ការ​សម្រេចឲ្យ​បាន​គ្រាន់​តែ​ជា​ក្រមប្រតិបត្តិ​មាន​គុណភាព​ទាប​មួយ​»។ ​

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវនិយាយ​ថា ឥណ្ឌូណេស៊ី​រំពឹង​ថា ​ចិន​នឹង​មាន​សកម្មភាពកាន់​តែ​ច្រើន​នៅ​តំបន់​សេដ្ឋកិច្ច​របស់​ខ្លួន ទី​ដែល​នាវា​ល្បាត​បាន​ឆ្លង​កាត់​កាល​ពី​ខែកញ្ញា។

នាវា​ឥណ្ឌូណេស៊ី​បាន​បណ្តេញ​នាវា​ចិន​ចេញ​ជា​រឿយៗ​នៅ​តំបន់​សមុទ្រ​ដែល​មាន​ជម្លោះ។ កាល​ពីឆ្នាំ ២០១៦ ឥណ្ឌូណេស៊ី​បាន​ប្រឈម​មុខ​ជាមួយ​នឹង​ឧប្បទ្ទវហេតុ​ជា​បន្តបន្ទាប់​ ដែល​ក្នុង​នោះ​រួម​មាន​ការ​ប្រឈមគ្នា​ជាមួយចិនក្នុងអំឡុងពេល​កិច្ចប្រតិបត្តិការ​មួយ​ដើម្បី​ចាប់ខ្លួន​មនុស្ស​នៅ​លើ​នាវា​នេសាទ​ចិន។

​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​បានធ្វើ​ការ​តវ៉ាជា​ផ្លូវ​ការ​ប្រឆាំង​នឹង​ចិន​កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ពាក់ព័ន្ធ​នឹង​ការប្រទះ​ឃើញ​មាន​នាវា​ឆ្មាំ​សមុទ្រ​មួយ​ថ្ងៃ​មុន​នេះ។ ក្រសួងការបរទេស​ឥណ្ឌូណេស៊ី​ក៏​បាន​ច្រាន​ចោល​ការ​ទាមទារ​របស់​ចិន​លើ​តំបន់​ដែន​ទឹក​ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ខណៈ​ការ​បណ្តេញ​នាវា​និង​ការតវ៉ា​ប្រឆាំង​ផ្នែក​ការទូត​នៅ​តែបន្ត​ទៅ​មុខ​ជាមួយ​នឹង​ហានិភ័យ​តិចតួច​សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​ ការ​តតាំង​នឹង​សកម្មភាព​ខ្លាំងក្លា​ជាង​មុន​របស់​ចិន​ដូចជា ការ​ធ្វើ​នាវាចរណ៍ជិត​តំបន់​កោះ​ Natuna អាច​បង្ក​ឲ្យ​មានហានិភ័យ​ធំ​ជាង​នេះ។​

​កងទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី​មានសព្វាវុធ​ច្រើន​ជាង​មុននៅ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​មក​នេះ ខណៈ​ឆ្មាំសមុទ្រ​បាន​ប្តេជ្ញាថា នឹង​ពង្រឹង​ការ​ល្បាត។ ប៉ុន្តែ​ឆ្មាំ​សមុទ្រតំបន់​ឆ្នេរ​ឥណ្ឌូណេស៊ី​ក៏​ត្រូវ​ល្បាត​ដែន​កោះ​ចំនួន ១៣.០០០​ ប្រឆាំង​នឹង​ភេរវករ​ ចោរសមុទ្រ​ និង​ជនចំណាកស្រុក​ខុស​ច្បាប់ ក៏ដូចជា នាវា​ពី​ប្រទេស​ចិន​ផង​ដែរ។ ​

លោក Paramita Supamijoto សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Bina Nusantara បាន​និយាយ​ថា៖ «ជាទូទៅ យើង​មិន​មាន​ការ​ព្រួយបារម្ភ​ណាស់ណា​ទេ ប៉ុន្តែ​យើង​មាន​ការ​ព្រួយបារម្ភ​ប្រសិន​បើ​ហេតុការណ៍​ដូចនេះ​បាន​កើត​ឡើង​សាជាថ្មី ហើយ​ឆ្មាំ​សមុទ្រ​យើង​មិន​អាច​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ដោយសារ​តែ​យើង​នៅ​ខ្វះខាត​សមត្ថភាព»៕

ប្រែសម្រួល​ដោយលោក ណឹម សុភ័ក្រ្តបញ្ញា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG