ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុអ្វី​បាន​ជា​ចិន​ចំណាយ​ពេល ២៥៨ ថ្ងៃ​ល្បាត​ដែន​ទឹក​ដែល​ទាមទារ​ដោយ​ម៉ាឡេស៊ី?


រូបភាព​ឯកសារ៖ នាវា​ឆ្មាំ​សមុទ្រ​របស់​ចិន​ល្បាត​នៅ​កោះ Scarborough Shoal ដែល​មាន​ជម្លោះ កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។

នាវា​ល្បាត​សមុទ្រ​របស់​ប្រទេស​ចិន​បាន​ចំណាយ​ពេល ៧០ ភាគរយ​កាល​ពី​មួយ​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​ល្បាត​នៅ​ក្នុង​ផ្នែក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ទាមទារ​ដោយ​ប្រទេស​ម៉ាឡេស៊ី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស​ម៉ាឡេស៊ី​បាន​តបត​ទៅ​វិញ​តិចតួច​បំផុត។

វត្តមាន​របស់​នាវា​ល្បាត​សមុទ្រ​របស់​ចិន​នេះ ជា​ពិសេស​វត្តមាន​ដ៏​យូរ​សម្រាប់​បេសកកម្ម​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ ដែល​ស្ទើរតែ​គ្មាន​ការ​ឆ្លើយតប​ណា​មួយ​ពី​ម៉ាឡេស៊ី​នេះ បាន​ធ្វើ​ឲ្យ​ចិន​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មុន​បន្ថែម​ទៀត​លើ​ប្រទេស​ម៉ាឡេស៊ី និង​មាន​ឥទ្ធិពល​បន្ថែម​ទៀត​នៅ​ក្នុង​ជម្លោះ​ដែន​សមុទ្រ​ដ៏​ទូលំទូលាយ​ដែល​មាន​ភាគី ៦ ប្រទេស​ពាក់ព័ន្ធ​នេះ ដែល​ករណី​នេះ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ចាប់​អារម្មណ៍។ កន្លង​មក ប្រទេស​ចិន​មាន​ប្រៀប​ជាង​រួច​ហើយ​លើ​ផ្នែក​យោធា និង​បច្ចេកវិទ្យា​នៅ​ក្នុង​ជម្លោះ​នេះ។

លោក Oh Ei Sun អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​ប្រទេស​សិង្ហបុរី បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី «ពួកគេ​ធ្វើ​ការ​តាមដាន​ដែរ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ដេញ​នាវា​ចិន​ចេញ​ពី​តំបន់​នោះ​ទេ ដោយសារតែ​ប្រទេស​ចិន​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ដែល​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ពិបាក​ធ្វើ​ដូច្នេះ»។

រូបភាព​ឯកសារ៖ នាវា​ឆ្មាំ​សមុទ្រ​របស់​ចិន​ល្បាត ​នៅ​កោះ Scarborough Shoal ដែល​មាន​ជម្លោះ កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។
រូបភាព​ឯកសារ៖ នាវា​ឆ្មាំ​សមុទ្រ​របស់​ចិន​ល្បាត ​នៅ​កោះ Scarborough Shoal ដែល​មាន​ជម្លោះ កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។

ឆ្មាំ​ល្បាត​សមុទ្រ​របស់​ចិន

យ៉ាង​ហោច​ណាស់​មាន​នាវា​ល្បាត​របស់​ចិន​មួយ​គ្រឿង​បាន «ប្រកាស​ឲ្យ​គេ​ដឹង» ថា​វា​បាន​ចេញ​ពី​កូន​កោះ Luconia Shoals ចំនួន ២៥៨ ថ្ងៃ​ក្នុង​រយៈពេល ៣៦៥ ថ្ងៃ​កន្លង​មក​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា របស់​គម្រោង​ផ្ដួចផ្ដើម​តម្លាភាព​ដែន​សមុទ្រ​អាស៊ី​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS របស់​សហរដ្ឋ​អាមេរិក។

ផ្នែក​ភាគ​ច្រើន​នៃ​កូន​កោះ Luconia Shoals នេះ​ស្ថិត​នៅ​ក្រោម​ផ្ទៃ​ទឹក ប៉ុន្តែ​ថ្ម​ប៉ប្រះ​ទឹក Luconia Breakers នៃ​កូន​កោះ​នេះ ប្រហែល​ជា​មាន​ជ្រោយ​ខ្សាច់​ដ៏​តូច​មួយ​ដែល​លយ​ចេញ​ផុត​ពី​ផ្ទៃ​ទឹក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គម្រោង​ផ្ដួចផ្ដើម​ខាង​លើ​នេះ។

របាយការណ៍​របស់​គម្រោង​ផ្ដួចផ្ដើម​នេះ​បាន​បង្ហាញ​ថា នាវា​ល្បាត​សមុទ្រ​របស់​ចិន​ក៏​បាន​ល្បាត​ជុំវិញ​កោះ Scarborough Shoal ចំនួន ១៦២ ថ្ងៃ កាល​ពី ៣៦៥ ថ្ងៃ​កន្លង​ទៅ​នេះ និង​ជុំវិញ​កោះ Second Thomas Shoal ចំនួន ២១៥ ថ្ងៃ​ផង​ដែរ។ ប្រទេស​ចិន​មាន​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ហ្វីលីពីន​ទាក់ទិន​នឹង​កោះ​ទាំង​ពីរ​នេះ ហើយ​ប្រទេស​ចិន​សព្វថ្ងៃ​គ្រប់គ្រង​លើ​កោះ Scarborough។ របាយការណ៍​របស់​គម្រោង​ផ្ដួចផ្ដើម​នេះ​បាន​បន្ថែម​ថា ប្រទេស​ចិន​បាន​ចាប់ផ្ដើម​ល្បាត​ជុំវិញ​កោះ Luconia Shoals ដំបូង​នៅ​ឆ្នាំ ២០១៣។

ប្រទេស​ផ្សេង​ទៀត​យល់​ឃើញ​ថា ឆ្មាំ​ល្បាត​សមុទ្រ​របស់​ចិន​នេះ​គឺ​ជា​កង​កម្លាំង​ទាហាន​ប៉ារ៉ា ដែល​ដូចជា​ផ្នែក​មួយ​នៃ​ទាហាន​ជើង​ទឹក​របស់​ចិន​ដែរ។

ចិន និង​ម៉ាឡេស៊ី

អ្នក​សិក្សា​ស្រាវជ្រាវ​នានា​លើក​ឡើង​ថា បេសកកម្ម​របស់​ចិន​ទៅ​កាន់​កោះ Luconia Shoals ទំនង​ជា​មាន​គោល​បំណង​បញ្ជាក់​ថា ប្រទេស​ចិន​ពិតជា​មាន​ឥទ្ធិពល​លើ​ប្រទេស​ម៉ាឡេស៊ី ហើយ​ប្រទេស​ចិន​ពិតជា​ចង់​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ចំនួន​ប្រហែល ៩០ ភាគរយ​ប្រាកដ​មែន។

ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​ប្រទេស​ដ៏​សកម្ម​ជាង​គេ​បំផុត​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​នៅ​ក្រោម​សមុទ្រ ក្នុង​ចំណោម​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀត​ដែល​ទាមទារ​កាន់កាប់​ចំណែក​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋបាល​ព័ត៌មាន​ថាមពល​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ ប្រទេស​ម៉ាឡេស៊ី​មិន​មាន​គ្រឿង​ចក្រ​ធុន​ធ្ងន់​ល្បាត​សមុទ្រ​ដូច​ចិន​នោះ​ទេ។

រូបភាព​ឯកសារ៖ នាវា​ឆ្មាំ​សមុទ្រ​ជប៉ុន​ និង​ឧទ្ធម្ភាគចក្រ​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​សមុទ្រ​ម៉ាឡេស៊ី​ធ្វើ​សមយុទ្ធ​រួម​មួយ​នៅ​ក្បែរ​ក្រុង Kuantan ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ នាវា​ឆ្មាំ​សមុទ្រ​ជប៉ុន​ និង​ឧទ្ធម្ភាគចក្រ​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​សមុទ្រ​ម៉ាឡេស៊ី​ធ្វើ​សមយុទ្ធ​រួម​មួយ​នៅ​ក្បែរ​ក្រុង Kuantan ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។

លោក Collin Koh អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ​នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «នាវា​របស់​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​ដែន​សមុទ្រ​ម៉ាឡេស៊ី​ភាគ​ច្រើន​គឺ​តូចៗ។ នាវា​ទាំង​នោះ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​រហូត​ដល់​កោះ Luconia Shoals បាន​ទេ ដោយសារតែ​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ឆ្ងាយ​ដល់​ទី​នោះ ស្ថានភាព​សមុទ្រ និង​ធាតុ​អាកាស​មិន​មាន​លក្ខណៈ​អំណោយផល​ដល់​នាវា​ទាំង​នោះ​ទេ។ ជាង​នេះ​ទៀត បញ្ហា​គឺ​មិន​មែន​អាស្រ័យ​តែ​ទៅ​លើ​ទំហំ​របស់​នាវា​ប៉ុណ្ណោះ​ទេ គឺ​វា​ក៏​អាស្រ័យ​លើ​លទ្ធភាព​នៃ​ការ​ជួសជុល​ថែ​រក្សា និង​ការ​ត្រៀម​លក្ខណៈ​រួច​រាល់​សម្រាប់​ធ្វើ​ប្រតិបត្តិការ​នៃ​នាវា​ទាំង​នេះ​មួយ​ចំនួន​ផង​ដែរ ដែល​គេ​នៅ​មិន​ច្បាស់​នៅ​ឡើយ»។

បើ​យោង​តាម​ទិន្នន័យ​របស់​គម្រោង​ផ្ដួចផ្ដើម​នេះ នាវា​ទាហាន​ជើង​ទឹក​ម៉ាឡេស៊ី​ពីរ​គ្រឿង ដែល​នាវា​នីមួយៗ​ល្បាត​ជិត​នាវា Haijing 3306 ដែល​ជា​នាវា​ល្បាត​សមុទ្រ​របស់​ចិន​នៅ​កោះ Luconia Shoals អស់​រយៈពេល​យ៉ាង​តិច ២ ថ្ងៃ​រួច​មក​ហើយ​កាល​ពី​ខែ​កញ្ញា និង​ខែ​តុលា ឆ្នាំ ២០១៨។

ប៉ុន្តែ កាល​ពី​ខែ​ឧសភា ឆ្នាំ​នេះ នាវា​ល្បាត​សមុទ្រ​របស់​ចិន​មួយ​គ្រឿង​បាន «សម្លុត​គំរាម» នាវា​រុករក​រ៉ែ​មួយ​គ្រឿង​របស់​ម៉ាឡេស៊ី​នៅ​ជិត​ថ្ម​ប៉ប្រះ​ទឹក Luconia Breakers។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គម្រោង​ផ្ដួចផ្ដើម​ស្រាវជ្រាវ​នេះ។

ប្រទេស​ម៉ាឡេស៊ី​កម្រ​ហ៊ាន​និយាយ​អំពី​រឿង​នេះ​ណាស់ នៅ​មុន​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី Mahathir Mohamad ឡើង​កាន់​តំណែង​កាលពី​ឆ្នាំ ២០១៨។ បន្ទាប់ពី​បាន​ឡើង​កាន់​តំណែង​មក លោក Mahathir បាន​ស្នើ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ជៀសវាង​មិន​ប្រើ​នាវា​ចម្បាំង​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ជម្លោះ។

លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​ដាក់​ចេញ​នូវ​គម្រោង​មួយ​ចំនួន​ផង​ដែរ​កាល​ពី​ឆ្នាំ ២០១៧ ដើម្បី​ធ្វើ​ទំនើបកម្ម​ទាហាន​ជើង​ទឹក​របស់​ខ្លួន ប៉ុន្តែ​កង​កម្លាំង​របស់​ម៉ាឡេស៊ី​នៅ​មិន​ទាន់​អាច​ប្រៀប​បាន​ជាមួយ​នឹង​កង​កម្លាំង​របស់​ចិន​នៅ​ឡើយ​ទេ។

ប្រទេស​ហ្វីលីពីន និង​ប្រទេស​វៀតណាម ដែល​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ផង​ដែរ​នោះ ជា​រឿយៗ​ប្រើ​វិធី​ការទូត​ផ្លូវការ​ដើម្បី​តតាំង​នឹង​ការ​សាងសង់កោះ និង​ការ​ពង្រីក​ឥទ្ធិពល​យោធា​របស់​ចិន​នៅ​ក្នុង​ដែន​ទឹក​នោះ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។ ប្រទេស​ប្រ៊ុយណេ​ក៏​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​នេះ​មួយ​ផ្នែក​ផង​ដែរ រី​ឯ​កោះ​តៃវ៉ាន់​វិញ​គឺ​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ស្ទើរតែ​ទាំង​អស់។ សមុទ្រ​ចិន​ខាង​ត្បូង​នេះ​លាត​សន្ធឹង​ពី​កោះ Borneo រហូត​ដល់​កោះ​ហុងកុង។

ប្រទេស​ចិន​បាន​បន្ថែម «កម្លាំង​យោធា» បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​ល្បាត «ទាំង​ថ្ងៃ​ទាំង​យប់»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Collin Koh។ លោក​បាន​កត់​សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​រដ្ឋ Sarawak នៃ​ប្រទេស​ម៉ាឡេស៊ី ឥឡូវ​នេះ​កំពុង​ជំរុញ​ឲ្យ​មាន​កង​ប៉ូលិស​ម៉ារីន​ផ្ទាល់​ខ្លួន។

ការ​បង្ហាញ​នូវ​អធិបតេយ្យភាព

ប្រទេស​ចិន​ប្រហែល​ជា​ប្រើ​ឆ្មាំ​ល្បាត​សមុទ្រ​របស់​ខ្លួន​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​ចរចា ប៉ុន្តែ​ស្ទើរតែ​ជា​ការ​ពិត ការ​ធ្វើ​ដូច្នេះ​គឺ​ជា​វិធី​ដើម្បី​រំលឹក​ដល់​ពិភពលោក​ឲ្យ​ឃើញ​ពី​ការ​ទាមទារ​កាន់កាប់​របស់​ខ្លួន​លើ​ដែន​សមុទ្រ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Huang Kwei Bo ព្រឹទ្ធ​បុរស​រង​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ជាតិ Chengchi នៅ​កោះ​តៃវ៉ាន់។

លោក Huang និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា រឿងរ៉ាវ​គឺ​នៅតែ​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​ការ​ទាមទារ​កាន់កាប់​អធិបតេយ្យភាព [ដែន​សមុទ្រ]។ ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា មិន​មាន​លទ្ធភាព​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​នោះ​ទេ ប៉ុន្តែ​ទីតាំង​ហ្នឹង​គឺ​ទំនង​ជា​ត្រូវ​គេ​ទាមទារ​កាន់កាប់​ជាជាង​ការ​សហការ​គ្នា»។

គម្រោង​ផ្ដួចផ្ដើម​ដែន​សមុទ្រ​អាស៊ី​នៃ​មជ្ឈមណ្ឌល CSIS របស់​សហរដ្ឋ​អាមេរិក​ហៅ​កោះ Luconia Shoals ថា​ជា «ថ្ម​ប៉ប្រះ​ទឹក​ជា​ច្រើន​ដែល​មាន​សារៈសំខាន់​ជា​និមិត្តរូប ដែល​ប្រទេស​ចិន​ទំនង​ជា​ចង់​គ្រប់គ្រង​ដោយ​មិន​ចាំបាច់​មាន​វត្តមាន​នៅ​ទី​នោះ»។

ថ្នាក់​ដឹកនាំ​ចិន​គិត​ថា ពួកគេ​គួរ​បង្ហាញ​កម្លាំង​នៅ​តាម​សមុទ្រ​ដើម្បី​មិន​ឲ្យ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​មក​ក្បែរ​តំបន់​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា​តាំង​ពី​ឆ្នាំ ២០១៧ មក នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បង្កើន​ការ​បញ្ជូន​នាវា​ទាហាន​ជើង​ទឹក​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង។ សហរដ្ឋ​អាមេរិក​បាន​ជួយ​បង្វឹក​ទាហាន​ហ្វីលីពីន ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៦ បាន​ចាប់ផ្ដើម​លក់​អាវុធ​ដល់​ប្រទេស​វៀតណាម។

លោក Oh Ei Sun បាន​លើក​ឡើង​ថា ប្រសិនបើ​ប្រទេស​ម៉ាឡេស៊ី​ទទួល​ស្គាល់​ការ​អះអាង​របស់​ចិន​នៅ​ក្នុង​ការ​កាន់កាប់​ដែន​អធិបតេយ្យ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ភាគី​ទាំង​ពីរ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​លើ​គម្រោង​រុករក​ថាមពល​រួម​គ្នា។ លោក​បន្ថែម​ថា «វា​គឺ​ជា​របាំ​ដែល​ងាយ​នឹង​ប្រេះស្រាំ​មួយ​ដែល​កំពុង​តែ​បន្ត​រវាង​ប្រទេស​ចិន និង​ប្រទេស​ម៉ាឡេស៊ី ទាក់ទិន​នឹង​បញ្ហា​នេះ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG