ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​វៀតណាម​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង


រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​អណ្ដូង​ប្រេង​ JDC Hakuryu-5 ​និង​នាវា​ផ្គត់​ផ្គង់​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ក្បែរ​ឆ្នេរ​ Vung Tau ប្រទេស​វៀតណាម។

ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​រវាង​នាវា​ចិន​និង​នាវា​វៀតណាម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​បណ្តាល​ឲ្យ​នាវា​រុក​រក​ប្រេង​របស់​ចិន​បាន​ត្រឡប់​ទៅ​វិញ​នៅ​ក្នុង​ខែ​នេះ ​និង​ការ​ស្តី​បន្ទោស​ពី​លោក ​John Bolton​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក។

ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​ចិន​និង​វៀតណាម​ដោយសារ​ជម្លោះ​ដែន​សមុទ្រ​កើត​ឡើង​ជា​ប្រចាំ​ចាប់​តាំង​ពី​ទសវត្សរ៍​ ១៩៧០​ មក​ ហើយ​ជម្លោះ​នេះ​បាន​អូស​បន្លាយ​គ្មាន​ទី​បញ្ចប់​ និង​មាន​ការ​ដោះសា្រយ​ផ្នែក​កាទូត​តិច​តួច​បំផុត​ ដែល​ជា​ញឹក​ញាប់​បាន​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បា។

ការ​ប្រឈម​មុខ​គ្នា​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​មិថុនា គឺ​នៅ​ពេល​ដែល​នាវា​រុក​រក​ប្រេង​របស់​ចិន​ឈ្មោះ​ថា​ Haiyang Dizhi 8 ​បាន​ចាប់​ផ្តើម​បើក​នៅ​តាម​ដែនទឹក​ ជិត​កោះ ​Vanguard Bank​ ចម្ងាយ​៣៥២​គីឡូ​ម៉ែត្រ​ពី​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម។​ ប្រទេស​វៀតណាម​ក៏​ធ្វើ​ប្រតិបត្តិការ​រុក​រក​ប្រេង​នៅ​ដែន​ទឹក​ជិត​កោះ Vanguard Bank​ នេះ​ដែរ។

ទាំង​ចិន​និង​វៀតណាម​សុទ្ធ​តែ​ទាម​ទារ​កាន់​កាប់​ដែន​ទឹក​ផ្នែក​ខាង​លិច ​ដែល​មាន​ប្រវែង​៣​លាន​៥​សែន​គីឡូ​ម៉ែត្រ​ការ៉េ។ ប្រទេស​ចិន​មាន​យោធា​និង​សេដ្ឋកិច្ច​ខ្លាំង​ជាង​ប្រទេស​វៀតណាម។

អាច​នឹង​មាន​សេនារីយ៉ូ​បី​នៃ​លទ្ធផល​ដែល​ចេញ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​កោះ Vanguard Bank​ នេះ។ ​ការ​ប្រឈម​កាន់​តែខ្លាំង​ ភាព​តាន​តឹង​កាន់​តែ​កើន​ឡើង។ នាវា​របស់​ចិន​ប្រហែល​ជា​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​កោះ ​Vanguard Bank​ ឬ​ត្រូវ​ដក​ថយ ជាពិសេស​ប្រសិន​បើ​រដ្ឋាភិបាល​បរទេស​រិះគន់​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​លោក​ Bolton​ បាន​បង្ហោះ​សារ​នៅ​លើ Twitter​ កាល​ពី​ថ្ងៃ​អង្គារ​ថា «ប្រទេស​ចិន​បាន​បង្កើន​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ទៅ​លើ​ប្រទេស​ផ្សេង​ទៀត​ពាក់​ព័ន្ធនឹង​ការ​ទាម​ទារ​កាន់​កាប់​សមុទ្រ​ចិន​ខាង​ត្បូង។ សហ​រដ្ឋអាមេរិក​នៅ​តែ

រក្សា​ជំហរ​រឹង​មាំ​ជាមួយ​នឹង​ប្រទេស​ដែល​ប្រឆាំង​ទៅ​នឹង​ឥរិយាបថ​គឃ្លើន​ និង​កលល្បិច​សម្លុត​ដែល​គំរាម​ដល់​សន្តិភាព​ និង​សន្តិសុខ​នៅ​ក្នុង​តំបន់»។
ប្រទេស​ចិន​បាន​និយាយ​ថា ​ជម្លោះ​ដែន​សមុទ្រ​រាប់​ទសវត្សរ៍​នៅ​តំបន់​អាស៊ី​ គួរ​តែ​ត្រូវ​ដោះ​ស្រាយ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ដែល​ទាមទារ​កាន់​កាប់​ដែន​អធិបតេយ្យភាព

ជា​ជាង​បណ្តា​ប្រទេស​នៅ​ក្រៅ​តំបន់។ ប្រទេស​ព្រុយណេ ​ម៉ាឡេស៊ី ហ្វីលីពីន និង​កោះតៃវ៉ាន់​ក៏​បាន​ទាមទារ​កាន់​កាប់​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ដែល​មាន​ជម្លោះ​ដែល​សំបូរ​ទៅ​ដោយ​ធនធាន​មួយ​នេះ។ ដើម្បី​នៅ​រក្សា​ទំនាក់​ទំនង​ ចិន​បាន​ជួយ​សេដ្ឋកិច្ច​ដល់​ប្រទេស​ដែល​ទាមទារ​ទាំង​នេះ៕

XS
SM
MD
LG