ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កប៉ាល់​ដឹកជញ្ជូន​ថ្មី​របស់​ចិន​នឹង​ជួយ​សាងសង់​ប្រជុំ​កោះ​នៅ​ក្នុង​សមុទ្រ​មាន​ជម្លោះ


រូបភាព​ឯកសារ៖ រូបភាព​ទិដ្ឋាភាព​ពី​លើ​អាកាស​តាម​កញ្ចក់​យន្តហោះ​ចម្បាំង​មួយ​ បង្ហាញ​ពី​ការ​សង់​មូលដ្ឋាន​ទ័ព​របស់​ចិន​នៅ​លើ​កោះ Spratly ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។

ពួក​អាជ្ញាធរ​ក្នុង​ប្រទេស​ចិន​បាន​បញ្ចប់ការ​សាក​ល្បង​លើក​ដំបូង​នូវ​កប៉ាល់​ដឹក​ជញ្ជូន​ដែល​ផ្ទុក​បាន​ទម្ងន់​៨ពាន់​តោន។ កប៉ាល់​នោះ ​អាច​បើកបរ​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​មូល។

កប៉ាល់​ដឹក​ជញ្ជូន​ដ៏​ធំថ្មី​មួយ ​នឹង​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដឹក​ជញ្ជូន​គ្រឿង​ផ្គត់​ផ្គង់​ទៅ​កាន់​ទីកន្លែង​ដែល​ខ្លួន​ត្រួតត្រា​នានា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ជម្លោះ ​ដែល​ជា​ផ្លូវ​ទឹក​សម្បូរ​ធនធាន​ដែល​ទាមទារ​ដោ​យ​ប្រទេស​ផ្សេងៗ​ទៀត។

​ចិន ​បាន​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​មាន​ការ​ភ្ញាក់​ផ្អើលចាប់​តាំង​ពី​ឆ្នាំ​២០១០​ដោយ​ការ​ចាក់​ដីធ្វើ​កោះ​តូចៗ​សម្រាប់​ការ​ប្រើ​ប្រាស់​ខាង​វិស័យ​យោធា។ ប៊្រុយណេ ម៉ាឡេស៊ី ​កោះ​តៃវ៉ាន់ វៀតណាម​ និង​ប្រទេស​ហ្វីលីពីន ​បាន​ទាមទារ​ទាំង​អស់ឬ​ផ្នែក​នានានៃ​សមុទ្រ​ដែល​មាន​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រ​ការ៉េ​ជាមួយ​ចិន។ ចិន​បាន​ទាមទារ​សមុទ្រ​នោះ​ប្រហែល​៩០ភាគរយ។

កប៉ាល់​ដឹក​ជញ្ជូន​ឈ្មោះ Sansha 2 ដែល​បាន​ឆ្លងកាត់​ការសាក​ល្បង​កាល​ពី​ខែ​សីហា ​អាច​បើកបរ​នៅសមុទ្រ​ចិន​ខាង​ត្បូង​ទាំង​មូល។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​ផ្លូវការ​នៃ​ប្រទេស​ចិន។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​នោះ ​បាន​រាយការណ៍​ថា កប៉ាល់ដែលអាច​ផ្ទុក​បាន​៨​ពាន់​តោន​គូប ​នឹង​ជួយ​ការងារ​ស៊ីវិល និង​យោធា។

ពួក​អ្នក​វិភាគ​ទស្សន៍ទាយ​ថា កប៉ាល់​នោះ ​នឹង​ជួយ​ដឹក​ជញ្ជូន​ឧបករណ៍​ទៅ​កាន់​ប្រជុំ​កោះ Paracel ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ត្រួតត្រា​ដោយ​ចិន ក៏ប៉ុន្តែ ​មាន​ការ​ឈ្លោះ​ប្រកែក​យ៉ាង​ខ្លាំង​ជាមួយ​វៀត​ណាម​ហើយ​អាច​ធ្វើ​ឲ្យមាន​ការ​ប្រកួត​ប្រជែងទាម​ទារ​ប្រជុំ​កោះ Spratly កាន់​តែ​ខ្លាំង​ឡើង។

លោកJay Batongbacal សាស្រ្តាចារ្យ​កិច្ចការ​ដែន​សមុទ្រ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ហ្វីលីពីន និយាយ​ថា៖ «ពួកគេ ​កំពុង​ពង្រីក​សមត្ថភាព​របស់​ខ្លួនគ្រប់​វិស័យ ទាំងអស់។ ការប្រើ​ប្រាស់​កប៉ាល់​នោះ​នៅ​ក្នុង​តំបន់ដែល​មាន​ជម្លោះ​នានា ជា​និមិត្តរូប។​ ការណ៍​នេះ ​ក៏មាន​សារៈ​សំខាន់​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​ពួក​គេ ​ពីព្រោះ​តែ​ពួកគេ​បាន​នាំមុខ​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់»។

លោក Andrew Yang អគ្គលេខា​ធិការ​នៃ​ក្រុមប្រឹក្សា​ចិន​សិក្សា​ពី​គោល​នយោបាយ​ជឿនលឿន​នៅ​កោះ​តៃវ៉ាន់ បាន​និយាយថា ​កប៉ាល់​ដឹក​ជញ្ជូន​ទី២​របស់​ចិន​ដែល​គ្មាន​គូ​ប្រៀប ហើយអាច​ដឹក​ជញ្ជូន​បាន​យ៉ាង​ច្រើន ប្រហែល​នឹង​ដឹក​ជញ្ជូន​គ្រាប់​រំសេវ ម្ហូប អាហារ ទឹក​និង​ម៉ាស៊ីនភ្លើង​ទៅ​កាន់​ប្រជុំ​កោះតូចៗ​ដែល​ចិន​ត្រួតត្រា»។

លោក Yang និយាយ​ទៀត​ថា «កប៉ាល់​ថ្មី​បំផុត​នេះ ​នឹង​បង្កើន​ការជួយ​ឧបត្ថម្ភខាង​ភស្តុភារ​សម្រាប់​កងទ័ព​ដែល​បោះ​ទីតាំងនៅលើ​ប្រជុំ​កោះ​តូចៗ​ទាំង​នោះ។ ចិន​មាន​កងទ័ព​ និង​កិច្ច​ប្រតិបត្តិការ​នៅ​ទីនោះ ដូច្នេះ​ពួកគេ​ត្រូវការ​ប្រព័ន្ធ​ជួយ​ឧបត្ថម្ភ​ភស្តុភារ​កាន់​តែ​ខ្លាំង​ឡើង»។

សមុទ្រ​នៅ​តំបន់​ត្រូពិច​នោះ​ បាន​លាត​សន្ធឹង​ពីទីក្រុង​ហុងកុង​ភាគ​ខាង​ត្បូង​ទៅ​ដល់​កោះ Borneo។ ប្រទេសទាមទារ​ចំនួន៦ បាន​ឲ្យ​តម្លៃ​សមុទ្រ​នោះ​ដោយ​សារ​ត្រី ថាម ពល​ និង​ផ្លូវ​នាវាចរណ៍។

ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួ បាន​រាយការណ៍​ទៀត​ថា កប៉ាល់ Sansha 2 បាន​ធ្វើ​ការ សាក​ល្បង​កាល​ពី​ចុងខែ​សីហា​ហើយ​បាន​បើក​ទៅ​កាន់​កោះ Woodyនៅ​ក្នុង​ប្រជុំ​កោះ Paracel។ កប៉ាល់​នោះ អាច​ធ្វើ​ដំណើរ​ចម្ងាយ​៦ពាន់​គីឡូម៉ែត្រ​ដោយ​មិន​ចាំបាច់​ឈប់​ចាក់​ប្រេង​ហើយ​អាច​ដឹក​មនុស្ស​បាន​៤​រយ​នាក់។

​ចិន​ប្រតិបត្តិការ​ផ្លូវ​យោធា​នៅ​លើ​កោះ Woody ហើយ​បាន​រក្សា​កងទ័ព​នៅ​ទី​នោះ។កប៉ាល់ដឹក​ជញ្ជូន​ដែល​បាន​ប្រើ​នៅ​កោះ​នោះ​កាល​ពី​១១ឆ្នាំ​មុន ​អាច​ដឹក​ជញ្ជូន​បាន​តែ​២ពាន់​៥រយ​៤០តោនគីប​តែ​ប៉ុណ្ណោះ។

កម្មវិធី​កិច្ចផ្តួចផ្តើម​នៅ​ក្រោម​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សាយុទ្ធសាស្រ្ត​និង​អន្តរជាតិ​ដែល​ជាអង្គការ​ស្រាវជ្រាវ​មួយ ​ប្រាប់​ឲ្យ​ដឹងថា នៅ​លើ​កោះ​តូច​៣​សំខាន់ៗ​នៅ​ប្រជុំ​កោះ Spratly ចិន​បាន​ស្ថាបនា​ផ្លូវ​យន្តហោះ​និង​ទីកន្លែង​សម្រាប់​ទុក​យន្តហោះ​យោធា។

ប្រទេស​ផ្សេងៗ​ទៀត​ដែល​បាន​ទាមទារ​សមុទ្រ​ចិនខាង​ត្បូង ខ្វះកម្លាំង​យោធា ​ឬ​បច្ចេក វិទ្យា។ កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​មាន​ចំណាត់ថ្នាក់​ទី​៣​នៅ​ក្នុង​ពិភព​លោក ​បាន​បើក​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ទៅ​កាន់​ប្រជុំ​កោះ Spratly ​កាល​ពី​ឆ្នាំ​ទៅ។ ក្រសួង​ការ ពារ​ប្រទេសសហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹងថា ចិន ​មាន​ផែន​ការ​ដាក់ឲ្យ​ប្រើ​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​អណ្តែត​លើ​ទឹក​នៅ​ឆ្នាំ​២០២០។

លោក Batongbacal និយាយ​ទៀត​ថា កប៉ាល់​ដឹក​ជញ្ជូន​នេះ បង្ហាញ​ឲ្យ​ឃើញ​បច្ចេកវិទ្យា​ថ្មីៗ​បំផុត​របស់​ចិន។ លោក Yang ទស្សន៍ទាយ​ថា ចិន ​ប្រហែល​នឹង​ធ្វើ​កប៉ាល់​ប្រភេទ​នេះ​បន្ថែមទៀត​សម្រាប់​បើកបរ​ឆ្លាស់​គ្នា។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ ​បាន​រាយការណ៍​ទៀត​ថា ​ក្រុមហ៊ុន​ផលិត​កប៉ាល់ Sansha 2 និង​ក្រុមហ៊ុន​ដែល​ផលិត​កប៉ាល់ Sansha 1 មាន​គម្រោង​ផលិត​កប៉ាល់​ដឹកជញ្ជូន​ទី៣​ដើម្បី​ផ្តល់​សេវាកម្ម​ឲ្យ​ប្រសើរ​ឡើង​ដល់​បុគ្គលិក​នៅ​លើ​កោះ​នោះ។​

លោក Yang និយាយ​ទៀត​ថា «កោះ​តៃវ៉ាន់ ​នៅពេល​ខ្លះ បាន​បញ្ជូននាវាដឹក​ជញ្ជូន​ទៅ​កាន់​ប្រជុំ​កោះ Spratly។ ទោះ​ជាយ៉ាង​ណាក៏ដោយ តៃវ៉ាន់ បាន​កាន់​កាប់កោះ​ដ៏​សំខាន់​តែ​មួយ​គត់​នៅប្រជុំ​កោះ​ទាំង​នោះ»។

លោក Collin Koh ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​សន្តិសុខ​ផ្លូវ​នាវាចរណ៍​នៅឯ​សា​កល​វិទ្យាល័យបច្ចេក​វិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី ​បាន​និយាយ​ថា កង​ទ័ព​ជើង​ទឹក​របស់​វៀត​ណាម ធ្វើ​ការដឹក​ជញ្ជូន​តាម​កប៉ាល់​ដែរ ក៏ប៉ុន្តែ ​ប្រើ​នាវា​នេសាទ​តូចៗ​ជាង​សម្រាប់​ការ​ងារ​ដឹក​ជញ្ជូន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។​ ចិន ​អាច​បង្អាក់​បេសកកម្ម​ផ្គត់ផ្គង់​ដោយ​កប៉ាល់​តូចៗ​នេះ។

លោក Koh បាន​និយាយ​ទៀត​ថា៖ «បញ្ហា​គឺ​ថា តើ​ប្រទេស​ទាម​ទារ​ផ្សេង​ទៀត អាច​ធ្វើ​ការ​ដឹក​ជញ្ជូន​របស់​ខ្លួន​ដោយ​គ្មាន​ការបង្អាក់ ដូច​ដែល​ចិន ​បាន​ធ្វើ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ​ឬ​ទេ»។

សហរដ្ឋ​អាមេរិក​ដែល​ជា​អតីត​គូ​សត្រូវ​សម័យសង្គ្រាម​ត្រជាក់របស់​ចិន​និង​ជា​គូ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​នៅ​ពេល​បច្ចុប្បន្ន​នេះ ​បាន​ចាប់​ផ្តើមបង្កើន​ការ​បើកបរ​កប៉ាល់​កាត់​តាម​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ឆ្នាំ​២០១៧​នៅ​ក្រោម​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​មិន​បាន​ទាម​ទារ​ផ្លូវ​ទឹក​នោះ​ទេ ​ក៏ប៉ុន្តែ ​ជឿ​ថា ផ្លូវ​ទឹក​នោះ ​ត្រូវ​តែ​បើក​ចំហ​សម្រាប់​ការ​ប្រើ​ជា​លក្ខណៈអន្តរជាតិ៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG