ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​សុខាភិបាល​ប្រេស៊ីល​ចោទ​ប្រធានាធិបតី​ពី​បទ​ឧក្រិដ្ឋ​​ធ្វេស​ប្រហែស​ក្នុង​​វិបត្តិ​​កូវីដ១៩


រូបឯកសារ៖ បុរសម្នាក់ដើរកាត់រូបគូសលើជញ្ជាំងដែលបង្ហាញពីប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ទាញព្រ័ត្រជាមួយនឹងបុគ្គលិកសុខាភិបាលនៅក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ដើរកាត់រូបគូសលើជញ្ជាំងដែលបង្ហាញពីប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ទាញព្រ័ត្រជាមួយនឹងបុគ្គលិកសុខាភិបាលនៅក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

បុគ្គលិក​បម្រើ​ការ​ខាង​ផ្នែក​សុខាភិបាល​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​បាន​ទទូច​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ធ្វើ​ការ​ស៊ើប​អង្កេត​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Jair Bolsonaro អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ចំពោះ​របៀប​ដែល​រដ្ឋាភិបាល​លោក​បាន​ចាត់ចែងក្នុងវិបត្តិ​ជំងឺ​កូវីដ១៩។

ពាក្យ​បណ្តឹង​មួយ​ដែល​មាន​ភ្ជាប់​នឹង​ឯកសារ​ភស្តុតាងផងពី​សហជីព​នានា​ដែល​សរុប​តំណាង​ឲ្យ​អ្នក​បម្រើការ​ក្នុង​វិស័យ​សុខាភិបាល​ប្រេស៊ីល​ចំនួន​ជាង​១​លាន​នាក់​ត្រូវ​បាន​ដាក់​ទៅ​កាន់​តុលាការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡាអេ​ ប្រទេស​ហូឡង់មួយ​នេះ។

ក្រុម​សហជីព​បាន​ចោទ​រដ្ឋាភិបាល​លោក Bolsonaro ថា៖​ «ការ​ធ្វេស​ប្រហែស​ដែល​នាំ​ឲ្យ​មាន​ទោស​ព្រហ្មទណ្ឌ នៅ​ក្នុង​របៀប​ដែល​ខ្លួន​បាន​ចាត់ចែង​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩ ដោយ​បាន​បង្ក​គ្រោះថ្នាក់​ដល់​បុគ្គលិក​សុខាភិបាល​និង​សាធារណជន»។

​កន្លង​មក ប្រធានាធិបតី​ប្រេស៊ីល​លោក Bolsonaro បាន​ខ្វែង​គំនិត​ខ្លាំង​ជាមួយ​អភិបាល​រដ្ឋ​នានា​ ដោយ​លោក​បាន​ប្រឆាំង​នឹង​វិធានការ​បិទ​សកម្មភាព​សង្គម​និង​សេដ្ឋកិច្ច​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង ដោយ​លោក​ថា​ការ​រឹតត្បិត​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច។

លោក Bolsonaro ផ្ទាល់​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ថា​មាន​កូវីដ១៩​កាល​ពី​ជិត​៣​សប្តាហ៍​មុន ហើយ​មក​ទល់​នឹង​ពេល​នេះ ប្រទេស​ប្រេស៊ីលជា​កន្លែង​រាតត្បាត​កូវីដ១៩​ខ្លាំង​ជាង​គេ​នៅ​អាមេរិក​ឡាទីន ដោយ​មាន​អ្នក​ឆ្លង​ជាង​២,៤​លាន​នាក់ និង​អ្នក​ស្លាប់​ជាង​៨៧.០០០​នាក់៕

XS
SM
MD
LG