ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេស្ប៉ាញ​ប្រតិកម្ម​នឹង​​​ការ​ណែនាំ​ធ្វើ​ដំណើរ​​របស់​​អង់គ្លេស​និង​​អាល្លឺម៉ង់​ថា​ជា​ការ​រើសអើង


រូបឯកសារ៖ ពលរដ្ឋប្រមូលផ្តុំគ្នានៅខាងក្រៅអំឡុងពេលថ្ងៃលិចនៅក្រុង Barcelona ប្រទេសអេស្ប៉ាញ។
រូបឯកសារ៖ ពលរដ្ឋប្រមូលផ្តុំគ្នានៅខាងក្រៅអំឡុងពេលថ្ងៃលិចនៅក្រុង Barcelona ប្រទេសអេស្ប៉ាញ។

ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ខឹង​សម្បារ​នឹង​សេចក្តី​ណែនាំរបស់​រដ្ឋាភិបាល​អង់គ្លេស​និង​អាល្លឺម៉ង់ឲ្យ​ពលរដ្ឋ​ខ្លួន​ជៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​កោះ​និង​ឆ្នេរ​ក្នុង​ប្រទេស​អេស្ប៉ាញ​ដោយ​សារ​នៅ​ទី​នោះ​កំពុង​មាន​ការ​កើន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ក្នុង​អំឡុងទេសចរណ៍​មមាញឹក​រដូវ​ក្តៅ​របស់​អេស្ប៉ាញ។

សេដ្ឋកិច្ច​អេស្ប៉ាញ​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ រួម​ទាំង​អ្នក​ទេសចរ​ពី​ប្រទេស​អឺរ៉ុប​ខាង​ជើង​ដូច​អង់គ្លេស​និង​អាល្លឺម៉ង់​ដែល​មក​កម្សាន្ត​រដូវក្តៅ ហើយ​រំពឹង​ថា​ នឹង​អាច​ជំរុញ​សេដ្ឋកិច្ច​ខ្លះ​ដែល​ត្រូវ​ប៉ះពាល់​ខ្លាំង​ដោយ​កូវីដ១៩ ដោយ​មាន​ការ​បាត់បង់​ការងារ​រហូត​១​លាន​រវាង​ខែ​មេសា​និង​មិថុនា។​

នាយករដ្ឋមន្ត្រី​អេស្ប៉ាញលោក Pedro Sanchez​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា វា​ជា​កំហុស​មួយ​ដែល​ចក្រភព​អង់គ្លេស​មើល​តែ​លើ​តួលេខ​ឆ្លង​កូវីដ១៩​នៅ​អេស្ប៉ាញ​និង​មិន​គិតជា​លក្ខណៈ​តំបន់​អឺរ៉ុប។ មន្ត្រី​ទេសចរណ៍​អេស្ប៉ាញ​មួយ​រូប​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដក​ស្រង់​សម្តី​ថា អត្រា​ឆ្លង​នៅ​តាម​កោះ​របស់​អេស្ប៉ាញ​ទាប​ជាង​នៅ​ចក្រភព​អង់គ្លេស។

ប៉ុន្តែ​ចក្រភព​អង់គ្លេស​ថា​ ខ្លួន​ប្រកាន់​ជំហរ​ដដែល​ចំពោះ​ការ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ពលរដ្ឋ​អេស្ប៉ាញ​ដែល​ត្រូវ​ដាក់​កាល​ពី​ថ្ងៃ​អាទិត្យ​និង​ការ​ណែនាំ​ធ្វើ​ដំណើរដែល​ត្រូវ​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ៕

ប្រទេស​អេស្ប៉ាញមក​ទល់​នឹង​ពេល​នេះ​មាន​អ្នក​ឆ្លង​សរុប​ជាង​២៧៨.០០០​នាក់​ និង​អ្នក​ស្លាប់​ជាង​២៨.០០០នាក់ ហើយ​តំបន់​ខ្លះ​មាន​ករណី​កើន​ឡើង​វិញ​ក្នុង​ពីរ​សប្តាហ៍​ចុងក្រោយនេះ៕​

XS
SM
MD
LG