ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​កើន​ច្រើន​ជាង​មុន​ ទោះបីអ្នក​ដំណើរ​មាន​កង្វល់​អំពី​វីរុស​កូរ៉ូណា​ក៏ដោយ


រូបឯកសារ៖ អ្នកដំណើរពាក់ម៉ាស់ដើម្បីការពារការឆ្លងវីរុសកូរ៉ូណានៅព្រលានយន្តហោះ Adolfo Suarez-Barajas ក្នុងក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​នៅ​ក្នុង​ស.រ.អា.​បាន​ធ្លាក់​ចុះ​ជាង​៩៥ភាគរយ​កាលពី​ខែ​មេសា ពីព្រោះ​មនុស្ស​ឋិត​នៅ​ក្នុង​ផ្ទះ​ដោយសារ​មាន​កង្វល់​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​យន្តហោះ​ឬ​នៅ​ឯ​អាកាស​យានដ្ឋាន។​

នៅ​ពេល​នេះ​ចំនួន​មនុស្ស​ធ្វើ​ដំណើរ​តាម​យន្តហោះ​នៅ​តែ​ចុះថយ​ប្រមាណ​៧៥ភាគរយ។​

លោក​ Joe Leader ​ជា​នាយក​ប្រតិបត្តិ​នៃ​សមាគម​បទ​ពិសោធន៍​អ្នក​ដំណើរ​តាម​អាកាស​ចរណ៍​ហៅ​កាត់​ថា ​APEX។​ លោក​បាន​និយាយ​ថា​ ការណ៍​នេះ​បង្ហាញ​ថា៖ «ការ​ទុក​ចិត្ត​របស់​អ្នក​ដំណើរ​កើន​ច្រើន​ជាង​មុន​នៅ​ក្នុង​ស.រ.អា.»។​

លោក​ Leader ​បាន ថ្លែង​ប្រាប់​វីអូអេ​ថា​ ​នៅ​ពេល​នេះ​ក្នុង​ឆ្នាំ​នេះ​ មាន​ការ​ចុះ​ថយ​ចំនួន​អ្នក​ដំណើរ​ច្រើន​ដែរ​ពី​គឺ​ចុះ​«២​លាន​៥​សែន​នាក់»។​

ក្រុម​ហ៊ុន​អាកាស​ចរណ៍​បាន​កម្ចាត់​មេរោគ​ក្នុង​យន្តហោះ​របស់​ពួក​គេ​ ​អនុវត្ត​ការ​នៅ​ឃ្លាត​ពី​គ្នា​ និង​តម្រូវ​ឱ្យ​ពួក​អ្នក​ដំណើរ​ពាក់ម៉ាស់។​

លោក​ Seth Kaplan​ អ្នក​វិភាគ​ខាង​អាកាស​ចរណ៍​បាន​និយាយ​ថា​ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​អាកាស​ចរណ៍​តម្រូវ​ឱ្យ​មាន​ការ​ពាក់​ម៉ាស់ ​ មនុស្ស​ក៏ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៀត។​

លោក​ Bill Lentsch ​ជា​ប្រធាន​ផ្នែក​បទ​ពិសោធន៍​អ្នក​ដំណើរ​តាម​អាកាស​នៃ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ ​Delta។​ លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ ​ក្រុម​ហ៊ុន​លោក​ដាក់​អ្នក​ដំណើរ​ក្នុង​យន្តហោះ​មិន​លើស​ពី​៦០ភាគរយ​ទេ។​ ការ​ធ្វើ​ដូច្នេះ​ទំនង​ជា​នឹង​មាន​ហួស​ពី​ដំណាច់​ខែ​កញ្ញា​ ពី​ព្រោះ​«ការ​ធ្វើ​ឱ្យ​មាន​គម្លាត​រវាង​អ្នក​ដំណើរ​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា»​ខាង​សុវត្ថិភាព។​

នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ Dulles​ នៅ​ខាង​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​ Francis Massaquoi ​បាន​ធ្វើ​ដំណើរ​ពីក្រុង ​Chicago ​មក​ដល់​ទី​នោះ​តាម​យន្តហោះ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ United។​ នេះ​ជាលើក​ដំបូង​ហើយ​ដែល​លោក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ចាប់​តាំង​ពី​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​ចាប់​ផ្តើម​កាលពី​ខែ​មីនា​ ហើយ​លោក​បាន​ថ្លែង​ដែរ​ថា​លោក​រសាប់​រសល់​ក្នុង​ចិត្ត។​ លោក​បាន​និយាយ​ទៀត​ថា​ នៅ​ពេល​លោក​ចូល​ក្នុង​យន្តហោះ​លោក​មាន​អារម្មណ៍​ថា​ មាន​សន្តិសុខ​ជាង​មុន​ដោយសារ​មនុស្ស​គ្រប់​គ្នា​ពាក់​ម៉ាស់។​

កញ្ញា​ Sue Choi ​ជា​និស្សិត​ច្បាប់​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាស​យានដ្ឋាន ​Dulles ​តាម​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ Korea Air។​ កញ្ញា​បាន​និយាយ​ថា៖​ «បារម្ភ​បន្តិច​បន្តួច។​ ខ្ញុំ​ធ្វើ​ដំណើរ​នៅ​ពេល​នេះ​ ពីព្រោះ​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ជា​ដាច់​ខាត​ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ស្រួល​ក្នុង​ចិត្ត​ទេ»។​

លោក ​Klapan ​ពន្យល់​ថា​ ការ​ធ្វើ​ដំណើរ​ខាង​ធុរកិច្ច​បាន​បញ្ឈប់​ ហើយ​មនុស្ស​ភាគ​ច្រើន​ទៅ​សួរ​សុខ​ទុក្ខ​មិត្តភក្តិ​និង​ញាតិ​សន្តាន។​

មនុស្ស​ដូច​លោក​ Donald MacCormack ​អាយុ​៧៩​ឆ្នាំ​បាន​ឋិត​នៅ​ឯ​អាកាស​យានដ្ឋាន ​Dulles​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ ​Texas​ បន្ទាប់ពីលោក​បាន​មក​សួរ​សុខទុក្ខ​កូនស្រី​លោក​ក្នុង​រដ្ឋ Virginia។​ លោក​បាន​និយាយ​ថា​ លោក​ក៏​មិន​ស្រួល​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដែរ។​

លោក ​Donald MacCormack ​បាន​និយាយ​ថា៖​ «ខ្ញុំ​មាន​អាល់​កុល​ជូត​កៅអី​ក្នុង​យន្តហោះ»។​

នៅ​ពេល​លោក​ហៀប​ធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ Houston ​លោក​ថា៖​ «ខ្ញុំ​មាន​សំបុត្រ​សម្រាប់​អង្គុយ​នៅ​កម្រិត​ទីមួយ​ដើម្បី​ខ្ញុំ​អាច​ចូល​និង​ចេញ​ពី​យន្តហោះ​បាន​ឆាប់​រហ័ស»។​

នៅ​ពេល​មនុស្ស​ច្រើន​នាក់​ថប់ចិត្ត​អំពី​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ​ មនុស្ស​ឯ​ទៀត​មាន​អារម្មណ៍​ថា​ មាន​សុវត្ថិភាព។​ លោក​ John Reagan ​ដែល​ធ្វើ​ដំណើរ​ដើម្បី​ទៅ​ធ្វើការ​បាន​និយាយ​ថា​ ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដើម្បី​សម្អាត​អ្វី​គ្រប់​គ្រប់​យ៉ាង​មិន​ឱ្យ​មាន​មេរោគ​«ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​ទុក​ចិត្ត​មួយ​កម្រិត»។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន​អាកាស​ចរណ៍​ខិត​ខំ​ប្រឹង​ប្រែង​ទាក់ទាញ​សាធារណ​ជន​ដោយ​ធានា​ថា​ ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​មាន​សុវត្ថិភាព។​

អង្គការ​ Airlines for America ​ដែល​ជា​ក្រុម​ផ្តល់​យោបល់​មួយ​តំណាង​ក្រុមហ៊ុន​អាកាស​ចរណ៍​ធំៗ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ទ្វីប​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ប្រើ​ប្រាស់​តម្រង​បែប ​HEPA​ ដែល​ជួយ​ឱ្យ​ខ្យល់​ក្នុង​យន្តហោះ​មាន​គុណភាព​ល្អ​ដូច​កម្រិត​ក្នុង​មន្ទីរពេទ្យ​ដែរ»។​

លោក​ Lentsch​ បាន​និយាយ​ថា​ លោក​រំពឹង​ថា វិធានការ​ខាង​សុវត្ថិភាព​ដែល​ក្រុមហ៊ុន​ Delta​ កំពុង​ធ្វើ​នឹង​មាន​ជា​អចិន្ត្រៃយ៍។​

លោក ​Leader ​យល់​ស្រប​តាម​ការ​យល់​ឃើញ​របស់​លោក ​Lentsch។​

ប្រធាន​ប្រតិបត្តិ​រូប​នេះ​នៃ​សមាគម​ APEX​ បាន​និយាយ​ថា៖​«ការ​សម្អាត​នឹង​ក្លាយ​ជា​គោល​ការណ៍​អនុវត្ត​ក្នុង​រយៈ​ពេល​យូរ​សម្រាប់​ក្រុមហ៊ុន​អាកាស​ចរណ៍»។​

លោក​ Douglas Kidd ​ជា​អ្នក​បង្កើត​សមាគម​ជាតិ​នៃ​ក្រុម​អ្នក​ដំណើរ​តាម​យន្តហោះ​ដែល​ជា​ក្រុម​ការពារ​ផល​ប្រយោជន៍​អ្នក​ដំណើរ​នៅ​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន។​ លោក​មាន​កង្វល់​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ភាគ​ច្រើន​នឹង​វិល​ទៅ​កាន់​«ការ​ធ្វើ​ធុរកិច្ច​ដូច​ធម្មតា»​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដោយ​មាន​រួម​បញ្ចូល​ការ​ដាក់​អ្នក​ដំណើរ​ពេញ​យន្តហោះ។​

នេះ​ជា​ការ​ខ្វល់​ខ្វាយ​សម្រាប់​លោក​ John Nichols ​ដែល​ហៀប​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​អាកាស​យានដ្ឋាន​ Dulles​ ទៅ​កាន់​ក្រុង​ Boston​ ដើម្បី​ចូល​រូម​ក្នុង​ពិធី​រៀបការ​មិត្ត​ភក្តិ​ម្នាក់។​

លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​បាន​ធ្វើការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​ ហើយ​ខ្ញុំ​អាច​ធ្វើ​បាន»​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​តេស្ត​វីរុស​កូរ៉ូណា​ពីរ​បី​ថ្ងៃ​មុន​លោក​ធ្វើ​ដំណើរ។​

សេចក្តី​ត្រូវការ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ថយ​ចុះ​ជាថ្មី​ទៀត​ដោយសារ​រដ្ឋ​ខ្លះ​មាន​ការ​រឹតត្បិត​ខាង​ការ​ធ្វើ​ដំណើរនិង​ពីព្រោះ​មាន​កំណើន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប៉ែក​ខ្លះ​របស់​ស.រ.អា.។​

អ្នក​ស្រី ​Jennifer Rockwell​ នៃ​ក្រុង​ Alexandria​ រដ្ឋ​ Virginia ​បាន​និយាយ​ថា ​អ្នក​ស្រី​មិន​បាន​គ្រោង​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ ​ ជាពិសេស​ទៅ​រដ្ឋ​ California ​ជា​កន្លែង​មាន​ការ​រាតត្បាត​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ។​ ឪពុក​ម្តាយ​អ្នកស្រី​រស់​នៅ​ក្នុង​រដ្ឋ​នោះ។​ អ្នក​ស្រី​បាន​ថ្លែង​ថា​ ​អ្នក​ស្រី​គ្រោង​នឹង​ផ្អាក​ការ​ធ្វើ​ដំណើរ​រហូត​ដល់​ពេល​ណា​មាន​វ៉ាក់​សាំង​វីរុស​កូរ៉ូណា។​

អង្គការ​ Airlines for America ​ឲ្យ​ដឹង​ថា ​មនុស្ស​នឹង​នៅ​តែ​រារែក​ក្នុង​ការ​ធ្វើ​ដំណើរ​រហូត​ដល់​ពេល​មាន​«ការ​ទុក​ចិត្ត​ខ្លាំង​ថា ​វិបត្តិ​សុខ​ភាព​នេះ​ចប់​ហើយ»។​

លោក ​Bill Lentsch ​ដែល​ជា​ប្រធាន​ផ្នែក​បទ​ពិសោធន៍​អ្នក​ដំណើរ​តាម​អាកាស​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍ ​Delta ​បាន​និយាយ​ថា ទោះណា​ជា​មាន​វិធាន​ការ​នេះ​ហើយ​ក៏ដោយ​ក៏​យ៉ាង​ហោច​ណាស់​ពីរ​ឆ្នាំ​ទៀត​ទើប​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​នឹង​មាន​ភាព​ធម្មតា​វិញ៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG