ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

តើ​នរណា​ខ្លះ​ជា​មេដឹកនាំ​ក្រុម​តាលីបង់?


រូបឯកសារ៖ មេដឹកនាំ​ក្រុមតាលីបង់លោក Mullah Abdul Ghani Baradar ក្នុងពេលចូលរួមកិច្ចពិភាក្សាចរចារសន្តិភាព នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។

ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​បាន​ដណ្តើម​កាន់កាន់ដោយ​ជោគជ័យ​ក្នុង​តំបន់​សំខាន់ៗ​ជាច្រើន​យ៉ាង​ឆាប់​រហ័ស​រហូត​ឈាន​ទៅកាន់​កាប់ រដ្ឋធានី​កាប៊ុល​ កាល​ពីថ្ងៃ​អាទិត្យ​កន្លង​ទៅនេះ។ ហើយ​គិត​មក​ត្រឹមពេល​នេះ វា​មាន​រយៈពេល​ ២០ឆ្នាំ​ហើយ​ ដែល​កង​កម្លាំង​យោធា​របស់​សហរដ្ឋ​អាមេរិក​បាន​បណ្តេញ​ក្រុម​បះបោរ​នេះ​ចេញ​ពីអំណាច។ ខាង​ក្រោម​នេះ​ជា​បទរាយការណ៍​ពី​សមាសភាព​នៃ​ក្រុម​មេដឹកនាំ​តាលីបង់។

មេដឹកនាំ​ Mawlawi Haibatullah Akhundzada

បុគ្គល​នេះ​គឺជា​មេដឹកនាំ​កំពូល​នៃក្រុម​តាលីបង់ ​ដែល​ស្នង​តំណែង​ក្រោយ​មរណភាព​របស់​អតីត​មេដឹកនាំ​មុន​ឈ្មោះ​ Akhtar Mansour ដែល​បាន​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​ កាលពី​ឆ្នាំ​ ២០១៦។ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ឈ្លានពាន​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ ២០០១ លោក Akhundzada បាន​រត់គេច​ខ្លួន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ប៉ាគីស្ថាន។ ប្រវត្តិរូប​របស់​មេដឹកនាំ​រូបនេះ មិន​ត្រូវបាន​គេ​ដឹង​ជា​សាធារណៈ​ច្រើន​នោះ​ទេ ហើយ​ភាគច្រើន​ គេ​ស្គាល់​មេដឹកនាំ​នេះ តាមរយៈការ​ចែក​រំលែក​សារ​ក្នុង​អំឡុង​ពិធី​បុណ្យ​សាសនា​ឥស្លាម​តែ​ប៉ុណ្ណោះ។​

មេដឹកនាំ​ Mullah Abdul Ghani Baradar

លោក ​Baradar គឺជា​អនុប្រធាន​ផ្នែក​កិច្ចការ​នយោបាយ​របស់​ក្រុម​តាលីបង់​ ហើយ​ក៏​ជា​សមាជិកមួយ​រូប​នៃ​ក្រុម​ស្ថាបនិក​របស់​ក្រុម​សកម្មប្រយុទ្ធ​នេះ​ផង​ដែរ។ លោក ​ធ្លាប់​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ប៉ាគីស្ថាន​ក្នុងឆ្នាំ​ ២០០១​ ហើយ​នៅ​ឆ្នាំ​ ២០១០​ លោកត្រូវ​បានគេ​ចាប់​ខ្លួនក្នុង​ទីក្រុង ​Karachi ដោយ​កិច្ច​ប្រតិបត្តិ​ការ​រួមគ្នា​របស់​ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​កណ្តាល​អាមេរិក​ និង​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​របស់​ប៉ាគីស្ថាន។

ស្រប​ពេល​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Donald Trump​ បន្ត​ពិភាក្សា​លើ​កិច្ចព្រម​ព្រៀង​សន្តិភាព​ជាមួយ​ក្រុមតាលីបង់​ក្នុង​ឆ្នាំ ២០១៨​ ពេលនោះ​ក៏​មាន​ការ​បញ្ចុះ​បញ្ចូល​ឱ្យ​អាជ្ញាធរ​ប៉ាគីស្ថានដោះលែង​លោក ​Baradar ឱ្យមាន​សេរីភាព​វិញ​ផង​ដែរ។ លោក ​Baradar ក៏​បាន​បន្ត​ដឹកនាំ​ក្រុម​ចរចា​របស់​ភាគី​ក្រុម​តាលីបង់​ក្នុ​ងរដ្ឋធានី​ដូហា​ ប្រទេស​កាតា​ ហើយ​បាន​ជួបអតីតរ​ដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក លោក​ Mike Pompeo កាលពី​ខែ​កញ្ញា ​ឆ្នាំ២០២០។

លោក​ Baradar បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ចូល​ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី​ ១៧ ខែសីហា ដោយ​ចុះចត​នៅ​ទីក្រុង Kandahar​ ហើយ​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល ២០​ ឆ្នាំ ដែល​មេដឹកនាំ​រូប​នេះ​បាន​វិល​ត្រឡប់​ចូល​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ។

មេដឹក​នាំ​ Mullah Mohammad Yaqoob

លោក​ Yaqoob គឺជា​កូនប្រុស​របស់លោក Mullah Omar​ ដែល​ជា​ស្ថាបនិក​ក្រុម​តាលីបង់​ ហើយ​ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ ២០១៣។ លោក​ Yaqoob ជា​មេដឹកនាំ​ប្រតិបត្តិការ​យោធា​នៃ​ក្រុម​តាលីបង់​ ហើយ​ក៏​មាន​តួនាទី​ជា​អនុប្រធាន​នៃ​ក្រុម​មេដឹកនាំ​តាលីបង់​ផងដែរ។ លោក Akhundzada បាន​តែងតាំង​លោក​ Yaqoob ឲ្យ​កាន់​តំណែង​នេះ កាលពី​ខែ​ឧសភា ឆ្នាំ ២០២០។ កាលពី​មុន លោក​ Yaqoob គឺជា​មេបញ្ជាការ​បេសកកម្ម​យោធា​របស់​ក្រុម​តាលីបង់ ដែល​បាន​កាន់កាប់​ខេត្ត​ពាក់កណ្តាល​នៃ​ខេត្ត​ទាំង​អស់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​ ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ ២០២១ ឲ្យ​ដឹង​ថា លោក ​Yaqoob និង​មេដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រុម​តាលីបង់​ម្នាក់​ទៀត​គឺ​លោក Sirajuddin Haqqani «ប្រឆាំង​នឹង​កិច្ច​ចរចា​សន្តិភាព ហើយ​គាំទ្រ​ដំណោះស្រាយ​ជម្លោះ​ដោយ​ប្រើ​កម្លាំង​យោធា»។​

មេដឹកនាំ​ Sirajuddin Haqqani

លោក​ Haqqani ដឹកនាំ​ក្រុម​បណ្តាញ ​Haqqani ដែល​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​ដែល​សហរដ្ឋអាមេរិកបាន​ចាត់ទុក​ថា​ជា​ស្ថាប័ន​ភេរវកម្ម​អន្តរជាតិ​មួយ កាលពី​ឆ្នាំ ២០១២។ ហើយ​លោក​ក៏ជា​អ្នក​នៅពី​ក្រោយ​ការ​វាយ​ប្រហារ​នានា​ដែល​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​ជីវិតលើ​កងកម្លាំង​យោធាចម្រុះ​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​សង្គ្រាម​នេះ។ លោក​ Haqqani គឺជា​កូនប្រុស​របស់​លោក Jalaluddin Haqqani ដែល​ជា​ស្ថាបនិក​បង្កើត​បណ្តាញ​ Haqqani។ សព្វថ្ងៃ​នេះ លោក​ Haqqani មាន​តួនាទី​ជា​អនុ​ប្រធាន​នៃ​ក្រុម​តាលីបង់។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​សន្យា​ផ្តល់​រង្វាន់​ជា​ទឹក​ប្រាក់​ ១០ លាន​ដុល្លារ​ សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ដែល​អាច​នាំឱ្យ​មាន​ការ​ចាប់​ខ្លួន​លោក​ Haqqani នេះ។

មេ​ដឹកនាំ ​Mawlavi Abdul Hakim

លោក ​Hakim គឺជា​បុព្វជិត​ជឿ​លើ​សាសនា​ឥស្លាម​ដ៏​ងុបងុល​មួយ​រូប និង​ជា​មនុស្ស​ជំនិត​បំផុត​របស់​លោក​ Akhundzada។ លោក​ Hakim បាន​ដឹក​នាំ​ក្រុមចរចា​ភាគី​តាលីបង់​ក្នុង​កិច្ចចរចា​រក​សន្តិភាព​នៅរដ្ឋធានី​ដូហា​ប្រទេស​កាតា ហើយ​ក៏ជា​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​តុលាការ​នៃ​ក្រុម​តាលីបង់​ដែល​បាន​រឹត​បន្តឹង​ឱ្យ​មាន​ការ​គោរព​ច្បាប់​ក្នុង​តំបន់​នានា ​ដែល​ក្រុម​តាលីបង់​ធ្លាប់​គ្រប់​គ្រង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។


ព័ត៌មាន​មួយ​ចំនួន​ក្នុង​អត្ថបទនេះ​ត្រូវបាន​ស្រង់​ចេញ​ពីសារ​ព័ត៌មាន​ Associated Press ទីភ្នាក់ងារ​សារព័ត៌​មាន​ Agence France-Presseនិង​សារព័ត៌​មាន Reuters។

ប្រែ​សម្រួល​ដោយ​កោះ​ សុគន្ធី

XS
SM
MD
LG