ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះអាវុធ​​មួយ​នៅ​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល​សម្លាប់​មនុស្ស​ម្នាក់​ ខណៈ​ក្រុម​តាលីបង់​​ឡោម​ព័ទ្ធ​​ខេត្ត Panjshir


រូបឯកសារ៖ ទាហាន​អាមេរិក​មកដល់​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​ជួយ​ជនភៀសខ្លួន​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ Hamid Karzai នៅ​ទីក្រុង​កាប៊ុល អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ (រូបភាពផ្តល់​ដោយ Taylor Crul/U.S. Air Force/Handout via REUTERS)

មន្រ្តី​អាល្លឺម៉ង់​បាន​និយាយ​ថា​ ការ​ផ្ទុះអាវុធ​នៅ​ច្រកទ្វារ​មួយ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិក្រុង​កាប៊ុល​បាន​សម្លាប់​ទាហាន​អាហ្វហ្គានីស្ថាន​យ៉ាង​តិច​ម្នាក់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ដែល​នេះ​ជា​ភាព​វឹកវរ​ចុង​ក្រោយ​បង្អស់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ខាងលិច​ដើម្បី​ជម្លៀស​អ្នក​ដែល​រត់​គេច​ពី​ការ​កាន់កាប់​របស់​ពួក​តាលីបង់​ក្នុង​ប្រទេស​នេះ។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។​

ការផ្ទុះអាវុធ​នៅ​ក្បែរ​ផ្នែក​យោធា​នៃ​អាកាស​យានដ្ឋាន​នេះ​បាន​កើត​ឡើង​ ព្រម​ពេលដែលពួក​តាលីបង់​បាន​បញ្ជូន​យុទ្ធជន​ទៅ​ភាគខាង​ជើង​នៃ​រដ្ឋធានី​ដើម្បី​កម្ចាត់​ការ​តស៊ូ​ប្រដាប់​អាវុធ​នៅ​តំបន់ខ្លះ​ដែល​ប្រឆាំង​នឹង​ការចូល​កាន់​កាប់​របស់​ពួក​តាលីបង់​ដ៏​លឿន​កាលពី​ដើម​ខែ​នេះ។​ ក្រុម​តាលីបង់​បាន​និយាយ​ថា​ ពួកគេ​ដណ្តើម​បាន​មកវិញ​នូវ​ស្រុក​ចំនួន​បី​ ដែល​បាន​បាត់បង់​កាលពី​ថ្ងៃ​អាទិត្យ និង​បាន​ឡោមព័ទ្ធ​ខេត្ត​ Panjshir​ ដែល​ជា​ខេត្តចុង​ក្រោយ​ដែល​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកគេ។​

កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​បាន​ដួល​រលំ​ដោយសារ​ការ​វាយលុក​របស់​ក្រុម​តាលីបង់​ បើ​ទោះ​បីបាន​ទទួលការ​បណ្តុះបណ្តាល​និង​ជំនួយ​ពីលោក​ខាង​លិចអស់​២០​ឆ្នាំ​ក៏​ដោយ។​ ប៉ុន្តែ​ជនជាតិ​អាហ្វហ្គានីស្ថាន​ប្រដាប់​អាវុធ​ខ្លះ​នៅ​តែបន្ត​ធ្វើ​ការនៅ​អាកាស​យានដ្ឋាន​កាប៊ុល ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ខាងលិច​ជម្លៀស​ប្រជាជន។​

ការ​ផ្ទុះអាវុធនេះបានកើត​ឡើង​នៅ​ជិត​ច្រកខាង​ជើង​នៃ​អាកាស​យានដ្ឋាន​ដែល​នៅ​ទី​នោះ​យ៉ាងហោច​ណាស់​មាន​ជនជាតិ​អាហ្វហ្គានីស្ថាន​៧​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយសារ​ការ​រត់​ជាន់គ្នា​ដ៏​រន្ធត់​របស់​មនុស្ស​រាប់ពាន់​នាក់​ដែល​ព្យាយាម​ចាក​ចេញ​ពីប្រទេស។​ មូលហេតុ​នៃ​ការ​ផ្ទុះ​អាវុធ​នៅ​វេលា​ទៀប​ភ្លឺ​នោះ​នៅ​តែ​មិន​ដឹង​ច្បាស់​ទេ៕

XS
SM
MD
LG