ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

តើ​ក្រុម​តាលីបង់​បាន​លុយ​មក​ពី​ណា​ខ្លះ?


កងប្រដាប់អាវុធតាលីបង់ឈរល្បាតនៅក្នុងទីក្រុង Ghazni ភាគនីរតីនៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១។

ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​បាន​ឲ្យ​ដឹង​ថា វា​មិន​អាច​ទៅ​រួច​ក្នុង​ការ​ស្ទង់​ដឹង​ពី​ទំហំ​ទឹកប្រាក់​ឲ្យ​ប្រាកដរបស់​ក្រុម​តាលីបង់​ ដែល​រៃអង្គាស​បាន​នោះ​ទេ។ របាយការណ៍​មួយ​ស្តី​ពី​ឯករាជ្យភាព​នៃ​ហិរញ្ញវត្ថុ​ដែល​គេ​រកឃើញ​ បាន​បង្ហាញ​ថា ក្រុមបះបោរ​នេះ​មាន​ទឹកប្រាក់​ច្រើន​ខ្លាំង ក្នុង​នោះ​ទឹកប្រាក់​រៃអង្គាស​បាន​មាន​ចំនួន​ប្រមាណ​ពី ៣០០​លានដុល្លារ ​ទៅ ១,៦ពាន់​លាន​ដុល្លារ​ ក្នុងមួយ​ឆ្នាំ។

​របាយការណ៍​របស់​អង្គការ​សហប្រជា​ជាតិ​ នា​ខែ​មិថុនា​ ឆ្នាំ​២០២១​ ដែល​ផ្អែក​លើ​ទី​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់ប្រទេស​ជា​សមាជិក​ បាន​បង្ហាញ​ថា​ ថវិកា​ភាគ​ច្រើន​របស់​ក្រុម​តាលីបង់​បាន​មក​ពី​សកម្មភាព​ឧក្រិដ្ឋ​នានា​ ដូចជា​ផលិតផល​អាភៀន ការ​ជួញ​ដូរ​គ្រឿង​ញៀន ការ​គំរាម​ទារ​ប្រាក់ និង​ការចាប់​ជម្រិត​មនុស្ស​យកប្រាក់​ជាដើម។

ទីភ្នាក់ងារស៊ើបការ​សម្ងាត់​មួយបាន​ឲ្យ​ដឹង​ថា​ ក្រុមតាលីបង់​អាច​រក​ចំណូល​បាន​ដល់ ៤៦០ ​លាន​ដុល្លារ តាមរយៈ​ការ​ជួញ​ដូរគ្រឿង​ញៀន​តែ​មួយ​មុខ។

របាយ​កាណ៍​របស់​អង្គការ​សហប្រជាជាតិ​ ក៏​បាន​ឲ្យ​ដឹងទៀត​ថា មេដឹកនាំ​ក្រុម​តាលីបង់​ក៏​អាច​រក​ចំណូល​បន្ថែម តាម​រយៈ​ការ​ទាញ​យក​ផល​ពី​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់ ​ដែល​ខ្លួន​បាន​ក្តោបក្តាប់​ដោយ​ក្នុង​នោះ​ក្រុម​នេះ​រកបាន​ប្រាក់​ប្រមាណ ៤៦៤លាន​ដុល្លារ កាលពី​ឆ្នាំ​ ២០២០ ​តាមរយៈ​ការរុ​ករក​រ៉ែ។

មេដឹកនាំ​ក្រុម​តាលីបង់​ក៏​ទទួល​បាន​ប្រាក់​ពី​ការ​បរិច្ចាគ​នានា ​ដែល​អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុកថា​ជា «បណ្តាញ​នៃ​មូល​និធិ​សប្បុរស​ធម៌​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល» និង​ពី​ក្រុម​គាំទ្រ​បេសកកម្ម​របស់​ក្រុម​តាលីបង់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ហូរ​ហៀរ។

ដោយ​ឡែក មន្រ្តី​អាមេរិក ក៏​បាន​និយាយ​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ថា ក្រុម​តាលីបង់​ក៏​បាន​ទទួល​ជំនួយ​ជា​ថវិកា អាវុធ​ និង​ការ​បណ្តុះ​បណ្តាល​នានា​ពីប្រទេស​រុស្ស៊ី​ផងដែរ។

ក្នុង​សារ​អ៊ីម៉ែល​ផ្ញើ​ឆ្លើយ​តប​មក​កាន់​វីអូអេ កាល​ពី​ខែសីហា​ ឆ្នាំ២០១៨ កន្លង​ទៅ ​នាយ​ឧត្តមសេនីយ៍​ John Nicholson ដែល​ជា​អតីត​មេបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​ប្រទេស​អាហ្វហ្គា​នីស្ថាន​ បាន​ចោទ​ប្រកាន់​យ៉ាង​ខ្លាំង​លើ​រដ្ឋាភិ​បាល​រុស្ស៊ី​ថា​ បាន​ប្រើប្រាស់​ជំនួយ​ជា​ថវិកា​និង​អាវុធ​របស់​ខ្លួន​ដល់​ក្រុម​តាលីបង់​ ដើម្បី​«​ធ្វើឲ្យ​វត្តមាន​យោធា​អាមេរិក និង​ការ​វិវត្តន៍​ទៅ​មុខ​ផ្នែក​យោធា​នៅ​អាហ្វហ្គានីស្ថាន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ​ថមថយ​ឥទ្ធិពល ហើយ​ធ្វើ​ឲ្យ​ដៃគូ​របស់​សហរដ្ឋអាមេរិកខ្វល់ខ្វាយ​ពី​ស្ថិរភាព​របស់​ប្រទេស​អាហ្វហ្គានីស្ថាន»។

ក្រុមអ្នក​វិភាគ​ផ្សេង​ទៀត​យល់​ឃើញ​ថា​ ក្រុម​តាលីបង់​នៅតែ​ទទួល​ជំនួយ​ជាថវិកា​ពី​ប្រទេស​បាគីស្ថាន​ ហើយ​ជំនួយ​ខ្លះ​ពី​ប្រទេស​អ៊ីរ៉ង់។

ទោះជា​យ៉ាងណា​ក៏ដោយ នៅពេល​ដែល​ក្រុម​តាលីបង់​អាច​នឹង​មាន​ថវិកា​គ្រប់​គ្រាន់​ក្នុង​ការ​ដណ្តើម​កាន់កាប់​ប្រទេស​អាហ្វហ្គានី​ស្ថាន​ទាំងមូល​ ដោយ​កម្លាំង​យោធា​បាន​ នោះ​គេ​នឹង​នៅតែ​ចោទសួរ​ថា តើ​ក្រុមនេះ​អាច​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​ប្រទេស​អាហ្វហ្គា​នីស្ថាន​ដោយខ្លួន​ឯង​ដែរ​ឬយ៉ាង​ណា។

យោងតាម​ទិន្នន័យ​ចុង​ក្រោយ​បង្អស់​របស់​ធនាគារ​ពិភពលោក​ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ចំណាយ​ថវិកា​ប្រមាណ​ ១១ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ​ ២០១៨ ដោយ​ក្នុង​នោះ ​៨០​ភាគរយ​ បាន​មក​ពី​ជំនួយ​បរទេស។

កាលពី​ខែមីនា​កន្លង​ទៅ​នេះ​ លោក​ John Sopko អគ្គ​អធិការ​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​លើ​កិច្ចការ​ស្តារ​ឡើងវិញ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​និយាយថា​៖ «​សូម្បី​តែ​ក្រុម​តាលីបង់​ក៏​ដឹង​ដែល​ថា​ ប្រទេស​អាហ្វហ្គានី​ស្ថាន​ចាំបាច់​ត្រូវការ​ជំនួយ​បរទេស» សម្រាប់​ការស្តារ​ប្រទេសឡើងវិញ។

កាល​ពី​ដើម​ខែ​សីហា​នេះ​ លោក​ Zalmay Khalilzad តំណាង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​លើ​កិច្ចការ​បង្រួប​បង្រួម​អាហ្វហ្គា​នីស្ថាន​ បាន​និយាយ​ក្នុង​វេទិកា​សន្តិសុខ​ Aspen ​តាម​ប្រព័ន្ធ​អ៊ីធឺណិត​ថា ​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នៅតែ​បន្ត​មាន​ប្រៀប​ខ្លះ​លើ​ក្រុម​តាលីបង់​ ដោយសារ​តែ​សហរដ្ឋអាមេរិក​ដឹងថា​ជំនួយ​បរទេសមាន​តួនាទី​សំខាន់​ ក្នុង​ដំណើរការ​វិវត្តន៍​ទៅ​មុខ​របស់​ប្រទេស​នេះ។

លោក​ Khalilzad បាន​បន្ថែម​ថា៖ «ក្រុម​តាលីបង់​និយាយ​ថា​ពួកគេ​មិន​ចង់​បំបែក​រដ្ឋ​ទេ។ ពួកគេ​គ្រាន់តែ​ចង់​បាន​ជំនួយ​ប៉ុណ្ណោះ»។

ក្រុម​អ្នក​វិភាគ​ ដូចជា​លោក​ Bill Roggio នៃ​មូល​និធិ​សម្រាប់​កិច្ច​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅវ៉ាស៊ីនតោន​ នៅតែ​មិន​ជឿលើ​ការអះ​អាង​នេះ។

លោក ​Bill Roggio បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ក្រុម​តាលីបង់​មិន​ខ្វល់​ពី​ជំនួយ​បរទេស ​និង​ការទ​ទួល​ស្គាល់ពី​បរទេស​ទេ។ គោល​ដៅច​ម្បង​របស់​ពួកគេ​ គឺដឹកនាំ​ប្រទេស»។

បន្ថែម​លើ​នេះ​ អតីត​មន្រ្តី​អាមេរិក​ក៏​ក្រើន​រំឭក​ថា​ ប្រសិន​បើ​ក្រុម​តាលីបង់​អាច​ដណ្តើម​កាន់កាប់​ប្រទេស​អាហ្វហ្គា​នីស្ថាន​ទាំង​ស្រុង​បាន​ដោយ​កម្លាំង​យោធា​ នោះ​ពួកគេ​នឹង​គិតគូរ​ផ្នែកហិរញ្ញវត្ថុ​ មុន​ពេល​ពួកគេ​ដឹង​ថា​ខ្លួន​ខ្សត់​ថវិកា។

លោក ​Matthew Levitt នាយក​ផ្នែក​គម្រោង​កិច្ចការ​ប្រឆាំង​ភេរវកម្ម​ប្រចាំវិទ្យាស្ថាន​វ៉ាស៊ីតោន​សម្រាប់​គោល​នយោបាយ​ដើម​បូព៌ា​ និង​ជា​អតីត​រដ្ឋមន្រ្តី​ហិរញ្ញ​វត្ថុ​អាមេរិក​ បាន​ប្រាប់​វីអូអេថា៖ «ក្រុម​យោធា​ដែល​ដណ្តើម​កាន់កាប់​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ នៅពេល​ពួកគេ​ដណ្តើម​កាន់​កាប់​ប្រទេស​បាន​ហើយ ពួកគេ​តម្រង់​ឆ្ពោះ​ទៅ​ឃ្លាំង​លុយ​ធនាគារ​កណ្តាល​ គណនេយ្យ​រដ្ឋាភិបាល ​និង​ការ​ទាញ​ផលប្រយោជន៍​ពី​ការ​យក​ពន្ធ​នានា»។

លោក ​Levitt បាន​បន្ថែម​ថា ក្រុម​តាលីបង់​អាច​បន្ត​កម្លាំងក្តោប​ក្តាប់របស់​ខ្លួន ទោះ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​អាហ្វហ្គានីស្ថាន​អាច​នឹង​បាត់បង់​ជំនួយ​បរទេស​ ជា​ទឹក​ប្រាក់រាប់សិប​លាន​ដុល្លារ​អាមេរិក។

លោក ​Levitt​ បាន​ក៏​បាន​បន្ថែម​ទៀត​ថា៖ «​ក្រុម​តាលី​បង់​មិន​ចង់​ដណ្តើម​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ទាំងស្រុង​ណាស់​ណា​ទេ​ ហើយ​វា​ក៏​ពុំ​មែន​ជា​គោល​ដៅ​ពិត​ប្រាកដ​របស់​ក្រុម​នេះ​ដែរ»៕

ប្រែសម្រួលដោយ កោះ សុគន្ធី

XS
SM
MD
LG