ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ប្រើ​ហិង្សា​បំបែក​ការ​តវ៉ា​ប្រឆាំង​បន្ទាប់​ពី​សន្យា​ថា​មិន​សងសឹក​


ក្រុម​យុទ្ធជន​តាលីបង់​ដើរ​ល្បាត​នៅ​សង្កាត់ Wazir Akbar Khan នៃ​ទី​ក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ថ្ងៃ​ពុធ​ ទី​១៨ ខែ​សីហា ឆ្នាំ​២០២១។
ក្រុម​យុទ្ធជន​តាលីបង់​ដើរ​ល្បាត​នៅ​សង្កាត់ Wazir Akbar Khan នៃ​ទី​ក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ថ្ងៃ​ពុធ​ ទី​១៨ ខែ​សីហា ឆ្នាំ​២០២១។

ព័ត៌មាន​ចុងក្រោយ​ពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថានមាន​នៅ Live Blog វីអូអ​ខ្មែរ

ក្រុម​តាលីបង់​កំពុង​បន្ត​ក្តោប​ក្តាប់​អំណាច​នៅប្រទេស​អាហ្វហ្គានីស្ថាន​ពេល​មាន​សេចក្តី​រាយ​ការណ៍អំពី​ហិង្សា​លើពួក​អ្នក​តវ៉ានៅផ្នែក​ខាង​កើត​ប្រទេស​គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​ក្រុម​អ៊ីស្លាម​នេះប្រកាស​ថា​សង្គ្រាម​បាន​ចប់ ហើយ​គ្មាន​ការ​សងសឹក។​

សាក្សី​និយាយ​ថា​ពួក​បះបោរ​តាលីបង់​បាន​បាញ់​ទៅ​លើហើយ​បានវាយមនុស្ស​នឹង​ដំបង​នៅ​ក្នុង​ទីក្រុង​Jalalabad​ ជា​ទីដែល​ក្រុម​បាតុករ​បាន​ព្យាយាម​ទម្លាក់​ទង់​ក្រុម​តាលីបង់​ជំនួស​ដោយ​ទង់ជាតិ​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ពុធ។​មនុស្ស​យ៉ាង​តិច​៣​នាក់​បាន​ស្លាប់​ហើយច្រើន​នាក់​បាន​រង​របួស។​

ក្រុម​តាលីបង់​មិន​បាន​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ។​

ក្រុម​តាលីបង់​កាល​ពី​ថ្ងៃ​អង្គារ​បាន​សន្យាគោរព​សិទ្ធិស្ត្រី​«តាម​ច្បាប់​អ៊ីស្លាម»​ហើយ​បង្កើត​«រដ្ឋាភិបាល​អ៊ីស្លាម​ចម្រុះ»។​

រដ្ឋមន្ត្រី​ការ​បរទេសអាមេរិក​លោក ​Antony Blinken​ បាន​បញ្ជូន​សារ​តាម​ធ្វីតធឺ​កាល​ពី​យប់​ថ្ងៃ​ពុធ​ថាសហរដ្ឋ​អាមេរិក​និង​ដៃគូក្នុង​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​អ្នក​កាន់​អំណាចនៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ធានានិង​ការពារ​សិទ្ធិ​ស្ត្រី​និង​ក្មេងស្រី​នៅ​ក្នុង​ប្រទេស​នោះ។​

លោក​បាន​សរសេរ​ថា៖​ «យើង​នឹង​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ថា​តើ​រដ្ឋាភិបាល​នៅ​ថ្ងៃ​អានាគតនឹង​ធានា​សិទ្ធិ​និង​សេរីភាព​ពួកគេ​ដូចម្តេច»។​

ស្ថានភាព​នៅ​រដ្ឋធានី​កាប៊ុល​បាន​បន្ត​ស្ងៀមស្ងាត់កាលពី​ថ្ងៃ​ពុធ​គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុម​តាលីបង់​បាន​កាន់កាប់​ទីក្រុង​នេះ។​ចរាចរណ៍​បានកើន​ឡើង​ចាប់ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​ផ្លូវ​នានា​ស្ទើរ​តែស្ងាត់​ជ្រងំ។​មាន​ស្ត្រី​កាន់តែច្រើន​ឡើងនៅ​តាម​ផ្លូវ​នានា​កាល​ពី​ថ្ងៃ​ពុធ​ ក៏ប៉ុន្តែ​ ពួកគេ​ភាគ​ច្រើន​ជា​ស្ត្រី​ចាស់ៗ​ឬ​ក្មេង​ស្រី។​

ក្រុម​តាលីបង់​បាន​គ្រប់​គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​តាម​ការ​បកស្រាយ​ដ៏​តឹងរ៉ឹង​អំពី​គម្ពីរ Quran​ និង​ច្បាប់​ Sharia ​នៅពេល​ពួកគេ​កាន់​អំណាច​ពី​ឆ្នាំ​១៩៩៦ដល់​ឆ្នាំ២០០១​នៅ​ពេលការ​លុកលុយ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិកបាន​បណ្តេញ​ក្រុម​នេះ​ចេញ​ពី​អំណាច​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី១១​ខែ​កញ្ញា​នៅ​សហរដ្ឋ​អាមេរិក៕​

(Ayesha Tanzeem ​ រួមចំណែក​រាយ​ការណ៍​ពីក្រុង​កាប៊ុល​និង​ Ayaz Gul ​ រាយ​ការណ៍​ពីក្រុងអ៊ីស្លាម៉ាបាដ​ហើយ​នឹង​ព័ត៌មាន​ខ្លះដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​Associated Press, AFP និង​Reuters)

XS
SM
MD
LG