ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​អាហ្វហ្គានីស្ថាន​ប្រឈម​ស្ថានភាព​អាក្រក់​ជាង​មុន​ នៅ​ពេល​​ពួក​តាលីបង់​ត្រួត​ត្រា​ប្រទេស


រូបឯកសារ៖ ស្ត្រី​និង​កុមារី​ជនជាតិ​អាហ្វហ្គានីស្ថាន​ដើរ​កាត់​ប៉ុស្ដិ៍​ប៉ូលិស​ក្នុ​ង​ស្រុក​មួយ នៅ​ក្រុង Kandahar ប៉ែក​ខាង​ត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ជា​ច្រើន​ឆ្នាំ​មក​ហើយ ប្រទេសអាហ្វហ្គានីស្ថានជាទី​កន្លែង​ដ៏អាក្រក់បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​សម្រាប់​កុមារ។ អង្គការ​សហប្រជាជាតិ​រាយការណ៍រាល់ថ្ងៃ​ថា សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បណ្តាល​ឱ្យ​មាន​ការ​ខាត​បង់ច្រើន​ដល់​ជីវិត​និង​សុខុមាលភាព​របស់​ក្រុម​ពលរដ្ឋ​ជា​ស្ត្រី​និង​កុមារ​នៃ​ប្រទេស​នេះ។

របាយការណ៍​ចុង​ក្រោយ​បង្អស់មួយ​របស់អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា​កុមារ​ជាង ៥៥០​នាក់​ ត្រូវបាន​សម្លាប់​ ហើយ​ប្រមាណ​ ១ពាន់​ ៤រយ​នាក់​ទៀត​បាន​រង​របួស​និង​ពិការ នៅ​ឆ្នាំ ២០២១ ​នេះ។ នេះ​ជា​តួ​លេខ​ខ្ពស់​បំផុត​នៃ​ចំនួន​កុមារ​ដែល​បាន​ស្លាប់​និង​រង​របួស​ ក្នុង​ពេល​ ៦​ខែ​ដំបូង​នៃ​ឆ្នាំ​ទាំង​អស់ ចាប់​តាំង​ពី​អ.ស.ប.​ បាន​ចាប់​ផ្តើមរក្សា​ទុកកំណត់​ត្រា​អំពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន កាលពីឆ្នាំ ២០០៩ ​មក។

លោក Mustafa Ben Messaoud ជា​ប្រធានផ្នែក​ប្រតិបត្តិការ​និង​គ្រោះ​អាសន្ន​នៃ​អង្គការ​យូនីសេហ្វ (UNICEF) ប្រចាំ​អង្គការ​សហប្រជាជាតិ។ លោកបាន​និយាយ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​ថា​ ស្ថានភាពកុមារ​អាហ្វហ្គានីស្ថាន​កាន់តែ​អាក្រក់​ជាង​មុន។ ថ្លែង​តាម​បណ្តាញ​ទាក់ទង​តាម​វីដេអូ​ពី​រដ្ឋធានី​កាប៊ុល​ លោក​បាន​និយាយ​ថា​ បញ្ហា​សុខភាពនិង​អាហារូបត្ថម្ភ​របស់​កុមារ​ជា​កង្វល់​ដ៏​ធំ​មួយ។

លោក Mustafa Ben Messaoud ថ្លែង​ថា៖ «ខណៈ​យើង​កំពុង​ពិភាក្សា​គ្នា​នេះ ការ​ទស្សន៍​ទាយ​របស់​យើងសម្រាប់​ឆ្នាំ ២០២១ គឺថា ​កុមារ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ ​នឹង​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ។ ហើយ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន ​១៨លាននាក់ ត្រូវការ​ជំនួយ​មនុស្សធម៌ ក្នុង​នោះ​ពាក់កណ្តាលជាកុមារ»។

លោក Ben Messaoud បាន​ថ្លែង​បន្ថែម​ថា ​អង្គការ​ UNICEF ​មាន​កង្វល់​កាន់តែខ្លាំង​ជាង​មុន​ អំពី​កំណើនការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ ជាពិសេស​ការ​ជ្រើសរើស​កុមារ​ឱ្យ​ធ្វើ​ទាហានដោយក្រុម​ប្រដាប់អាវុធ។

អង្គការ​ UNICEF មាន​ការិយាល័យ​ ១៣ ​នៅ​ទូទាំងប្រទេស​អាហ្វហ្គានីស្ថាន។ ការិយាល័យ​ទាំង​នេះ​ដំណើរការ​ជា​ច្រើន​ខែក្នុងអំឡុងសង្គ្រាមដ៏​ឃោរឃៅ​ក្នុង​ប្រទេស​នេះ។ កាល​ពី​ពីរ​សប្តាហ៍​កន្លង​ទៅ​នេះ លោក Ben Messaoud បាន​ធ្វើ​ទស្សនកិច្ចនៅ​ក្រុង​ធំៗ​ ដូចជាក្រុងKandahar និង​ក្រុង Herat និងក្រុង​កាប៊ុល ហើយ​លោក​បាន​ឃើញ​ផលប៉ះពាល់​ដោយ​ផ្ទាល់​នៃ​ការ​ប្រយុទ្ធ​គ្នា​ទៅលើ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន។

មន្ត្រី​ប្រចាំ​អង្គការ​ UNICEF រូបនេះ​និយាយ​ថា​ លោក​និងក្រុមសហសេវិក​លោក បាន​ទាក់​ទង​ដោយ​ផ្ទាល់​ជាមួយក្រុម​តាលីបង់។ លោកថ្លែងថា​ ពួក​គេ​បាន​ជួប​ជាមួយ​ក្រុម​មេបញ្ជាការយោធា​ និង​ជាមួយ​ក្រុម​តំណាង​ឲ្យអង្គការក្រៅ​រដ្ឋាភិបាលរបស់​ពួក​តាលីបង់​ ដែល​បាន​ទទួល​ការ​តែងតាំងកាលពី​ពេលថ្មីៗ​នេះ។

លោក Ben Messaoud និយាយ​ថា​ អង្គការ UNICEF បាន​ពិភាក្សាអំពី សារៈសំខាន់​នៃ​ការ​បន្ត​ផ្តល់​ការងារ​ដល់​បុគ្គលិកជា​ស្ត្រីអាហ្វហ្គា​នីស្ថាននិងអន្តរជាតិ ​ហើយបាន​និយាយជាមួយ​ក្រុម​តាលីបង់អំពី​ការ​សិក្សា​អប់រំរបស់កុមារី​និង​ស្ត្រី​ផង​ដែរ។

លោក Mustafa Ben Messaoud ថ្លែង​ថា៖ «ជំហររបស់​ពួក​តាលីបង់​សឹងតែ​នៅ​ដដែល តែ​យើង​បាន​ឃើញការ​ខុស​ពី​មុន​បន្តិច ជាពិសេស​អំពី​ការ​សិក្សា​អបរ់រំ​របស់កុមារី​និង​ស្ត្រី...សម្រាប់​ក្រុម​សហសេវិកជា​ស្ត្រីអាហ្វហ្គានីស្ថាន​វិញ យើង​ទទួល​បានចម្លើយ​ចម្រុះពី​ក្រុម​តាលីបង់​ ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន។ តែយើង​ក៏​និយាយ​ថា យើង​មាន​សុទិដ្ឋិនិយម​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ស្ថានការណ៍​វិវត្តន៍​ទៅ​មុខ»។

អង្គការ​ UNICEF អំពាវនាវ​ឱ្យ​មាន​ការ​ដឹកជញ្ជូនជំនួយដោយ​គ្មាន​ការ​រារាំង​ជា​បន្ទាន់ទៅ​ឱ្យ​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាននៅ​ក្នុង​តំបន់ដែល​ពិបាក​ទៅ​ដល់។ មន្ត្រីអង្គការ​នេះ​ក៏​បាន​ថ្លែង​ថា វា​មានសារៈសំខាន់​ណាស់ ជាពិសេស​ក្នុង​ការដឹកជញ្ជូន​ជំនួយទៅ​ដល់​ស្ត្រីនិង​កុមារ ដែល​រង​ផល​ប៉ះពាល់​ខ្លាំងដោយ​សារ​តែ​អំពើ​ហិង្សានិងចលាចល​នៅ​ក្នុង​សង្គម៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG