ក្រុមតាលីបង់ ធ្លាប់ដឹកនាំប្រទេសអាហ្វហ្គានីស្ថានពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ ហើយបានបង្ខំឱ្យមានការគោរពច្បាប់អ៊ីស្លាមដ៏តឹងរ៉ឹងមួយនៅទាំងមូលប្រទេស។ ខាងក្រោមនេះគឺជាបទយកការណ៍បង្ហាញពីជំនឿនិងប្រវត្តិខ្លះៗរបស់ក្រុមតាលីបង់។
តើក្រុមតាលីបង់បង្កើតឡើងយ៉ាងដូចម្តេច?
ក្រុមតាលីបង់គឺជាក្រុមសកម្មប្រយុទ្ធមួយក្នុងសង្គ្រាមស៊ីវិលអាហ្វហ្គានីស្ថាន នាអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ក្រោយពេលដែលសហភាពសូវៀតបានដកខ្លួនចេញពីប្រទេសនេះ។ ក្រុមនេះបានលេចចេញជារូបរាងច្បាស់ក្នុងឆ្នាំ ១៩៩៤ នៅបរិវេណជុំវិញទីក្រុង Kandahar ភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន។ ស្ថាបនិកនៃក្រុមនេះ គឺលោក Mullah Mohammad Omar ដែលជាបុព្វជិតអ៊ីស្លាមម្នាក់ក្នុងក្រុង ហើយក៏ជាមេដឹកនាំក្រុមសកម្មប្រយុទ្ធមួយរូប រហូតដល់ពេលលោកបានបាត់បង់ជីវិតក្នុងឆ្នាំ ២០១៣។
ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក
ដើមឡើយ ក្រុមតាលីបង់បានអូសទាញសមាជិកនៃក្រុមសកម្មប្រយុទ្ធតស៊ូដើម្បីអាហ្វហ្គានីស្ថានដែលមានឈ្មោះថា mujahedeen ឲ្យចូលក្នុងក្រុមខ្លួន។ ក្រុមសកម្មជន mujahedeen នេះត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធតបតនឹងកងកម្លាំងសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។
តើក្រុមតាលីបង់បានឡើងកាន់កាប់អំណាចដោយរបៀបណា?
ក្រោយពេលសហភាពសូវៀតបានដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ១៩៨៩ និងបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ប្រទេសនេះបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល។ ក្រុមតាលីបង់បានកៀរគរការគាំទ្រក្រុមខ្លួន តាមរយៈការសន្យាស្តាររៀបចំសណ្តាប់ធ្នាប់ និងយុត្តិធម៌សង្គមឡើងវិញ។ ក្នុងឆ្នាំ ១៩៩៤ ក្រុមតាលីបង់បានដណ្តើមកាន់កាប់ទីក្រុង Kandahar ដែលមានកម្លាំងតស៊ូប្រឆាំងតិចតួចប៉ុណ្ណោះ ហើយគិតត្រឹមឆ្នាំ ១៩៩៦ ក្រុមនេះបានដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុល។
តើក្រុមតាលីបង់មានជំនឿអ្វីខ្លះ?
ក្រុមតាលីបង់បានដឹកនាំតាមគោលការណ៍ដ៏តឹងរ៉ឹងដែលខ្លួនបានប្រតិបត្តិតាមច្បាប់សាសនាឥស្លាម Sharia។ ការកាត់ទោសប្រហារជីវិតនិងទារុណកម្មវាយដំនៅទីសាធារណៈ គឺជារឿងសាមញ្ញ។ ក្រុមតាលីបង់ហាមឃាត់មិនឱ្យមានវត្តមានសៀវភៅនិងខ្សែភាពយន្តបស្ចិមប្រទេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានបំផ្លិចបំផ្លាញវត្ថុបុរាណទាំងឡាយដែលខុសពីគុណតម្លៃវប្បធម៌ប្រពៃណីខ្លួនផងដែរ តួយ៉ាងការបំផ្លាញពុទ្ធបដិមាដ៏មហិមា ដែលមានអាយុកាល ១.៥០០ ឆ្នាំ នៅកណ្តាលជ្រលងភ្នំ Bamiyan។
តើក្រុមនេះមានទំនាក់ទំនងអ្វីជាមួយក្រុម al-Qaida ?
ក្រុមតាលីបង់បានផ្តល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធ al-Qaida ដែលដឹកនាំដោយ Osama bin Laden ។ ក្រុម al-Qaida បានបង្កើតមូលដ្ឋានហ្វឹកហ្វឺនក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលក្រុមនេះបានប្រើប្រាស់ប្រទេសនេះដើម្បីរៀបចំផែនការភេរវកម្មវាយប្រហារនានា នៅជុំវិញពិភពលោកតួយ៉ាងព្រឹត្តិការណ៍ភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក នៅសហរដ្ឋអាមេរិក នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។
តើក្រុមតាលីបង់បាត់បង់អំណាចដោយរបៀបណា?
មិនដល់រយៈពេលមួយខែផង ក្រោយព្រឹត្តិការណ៍ភេរវកម្ម ១១ កញ្ញា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសជាសម្ព័ន្ធមិត្តបានចូលឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន។ នៅដើមខែធ្នូ ឆ្នាំ ២០០១ រដ្ឋាភិបាលរបស់ក្រុមតាលីបង់បានដួលរលំ ហើយបន្ទាប់មក សហរដ្ឋអាមរិកបានចាប់ផ្តើមធ្វើការជាមួយប្រជាជនអាហ្វហ្គានីស្ថាន ដោយបានបង្កើតរដ្ឋាភិបាលតាមបែបលទ្ធិប្រជាធិបតេយ្យ។
តើមានអ្វីកើតឡើងបន្ទាប់ទៀត?
បន្ទាប់ពីបរាជ័យមក មេដឹកនាំក្រុមតាលីបង់បានរត់ភៀសខ្លួនទៅកាន់តំបន់ដែលខ្លួនបានកាន់កាប់ស្ថិតនៅភាគខាងត្បូងនិងភាគខាងកើតប្រទេស ឬតាមបណ្តោយព្រំដែនចូលក្នុងប្រទេសប៉ាគីស្ថាន។ ក្រុមសកម្មប្រយុទ្ធនេះ ដែលធ្លាប់ដឹកនាំបះបោរប្រឆាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលមានសហរដ្ឋអាមេរិកជាបង្អែក បានប្រើយុទ្ធសាស្ត្រវាយតបតដោយការបំផ្ទុះគ្រាប់បែកកែច្នៃ និងគ្រាប់បែកអត្តឃាត។
កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលអាមេរិកបានចរចាជាមួយក្រុមតាលីបង់ ចាប់តាំងពីកងទ័ពអាមេរិកបានឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាងពីរទសវត្សរ៍។ កិច្ចចរចានេះគឺដើម្បីកំណត់ពេលវេលាដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយជាថ្នូលក្រុមតាលីបង់សន្យាថា នឹងបញ្ឈប់ការវាយប្រហារលើពលរដ្ឋអាមេរិកាំង និងចូលខ្លួនពិភាក្សាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ ក៏ប៉ុន្តែ ប៉ុន្មានខែក្រោយមក កិច្ចចរចារវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានបរាជ័យ ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពមួយ។
តើប្រទេសណាខ្លះដែលបានទទួលស្គាល់ក្រុមតាលីបង់?
មានប្រទេសមួយក្តាប់តូចប៉ុណ្ណោះដែលទទួលស្គាល់រដ្ឋាភិបាលរបស់ក្រុមតាលីបង់ដែលបានធ្លាប់ដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ តួយ៉ាង ប្រទេសប៉ាគីស្ថាន អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើប្រទេសផ្សេងៗទៀតនឹងទទួលស្គាល់រដ្ឋាភិបាលតាលីបង់ថ្មីនេះឬក៏យ៉ាងណា ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីខែកក្កដាថា ប្រទេសអាហ្វហ្គានីស្ថានអាចនឹងក្លាយជារដ្ឋបែកបាក់ប្រសិនបើក្រុមតាលីបង់ដណ្តើមអំណាចបានដោយកម្លាំងប្រដាប់អាវុធ និងដោយអំពើឃោរឃៅ៕
ព័ត៌មានមួយចំនួនក្នុងអត្ថបទនេះត្រូវបានស្រង់ចេញពីសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន Agence France-Presse។
ប្រែសម្រួលដោយ កោះ សុគន្ធី