ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​សម្ដែង «ការព្រួយ​បារម្ភ​យ៉ាងខ្លាំង» អំពី​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ លោក Tedros Adhanom Ghebreyesus ជាប្រធាន​អង្គការ​សុខភាព​ពិភពលោក។
រូបឯកសារ៖ លោក Tedros Adhanom Ghebreyesus ជាប្រធាន​អង្គការ​សុខភាព​ពិភពលោក។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា អង្គការ​សុខភាព​ពិភពលោក​មាន​ «ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង» អំពី​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាពិសេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​អាមេរិក​ខាង​ជើង។

លោក Tedros បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​កើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កំពុង​ធ្វើ​ឲ្យ​បុគ្គលិក​សុខាភិបាល​ឈាន​ដល់​ស្ថានការណ៍​មួយ​ដែល​ពិបាក​គ្រប់គ្រង។

លោកTedros បាន​ត្រឡប់​ទៅកាន់​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សុខភាព​ពិភពលោក​វិញ​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ចន្ទ ចាប់តំាង​ពី​លោក​បាន​ធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួន​ឯង​អស់​រយ:​ពេល ១៤ ថ្ងៃ​មក បន្ទាប់​ពី​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ម្នាក់ ដែល​គេ​រក​ឃើញ​ថា ​បាន​ឆ្លង​ជំងឺ​កូវីដ១៩។

លោក Tedros ក៏​បាន​អបអរ​ផង​ដែរ​ចំពោះ «ដំណឹងល្អ» អំពី​វ៉ាក់សំាង​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ បាន​រំឮក​ប្រជាពលរដ្ឋ​ទូទៅ​មិន​ឲ្យ​ត្រូវ​ឈប់​ខ្វាយខ្វល់​នោះ​ទេ ក្រោយពី​មាន​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ផលិត​ឱសថ Moderna របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ចន្ទ​មក។ ក្រុមហ៊ុន​នេះ ​បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​ពិសោធន៍​របស់​ខ្លួន​មាន​ប្រសិទ្ធភាព ៩៤,៥% ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ផ្អែក​លើ​លទ្ធផល​បឋម​នៃ​ការ​សាកល្បង​ដំណាក់​កាល​ទី ៣ ដែល​ជា​ដំណាក់កាល​ចុងក្រោយ​របស់​ខ្លួន។

ប្រធាន​អ្នក​វិទ្យាសាស្ត្រ​ប្រចាំ​អង្គការ​សុខភាព​ពិភពលោក អ្នកស្រី Soumya Swaminathan បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា អ្នកស្រី​រំពឹង​ថា វ៉ាក់សំាង​កូវីដ១៩ អាច​មាន​ក្នុង​ចំនួន «តិចតួច​បំផុត» នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២១ សម្រាប់​ផែនការ​ចែកចាយ​វ៉ាក់សាំង​ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG