សហរដ្ឋអាមេរិកបានកត់ត្រាចំនួនឆ្លងវីរុសកូរ៉ូណាច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃកាលពីថ្ងៃពុធ។ ទិន្នន័យដែលបានចងក្រងដោយគម្រោងតាមដានជំងឺកូវីដ១៩បង្ហាញថា មានករណីថ្មីជាង១សែន ៤ម៉ឺន ៤ពាន់ ត្រូវបានរាយការណ៍នៅទូទាំងសហរដ្ឋអាមេរិក ដែលលើសពីតួលេខថ្មីជាង១សែន ៣ម៉ឺន ៦ពាន់ករណី ដែលត្រូវបានកត់ត្រាកាលពីថ្ងៃមុន។
ទិន្នន័យនេះ ក៏បានបង្ហាញថា មានមនុស្សចំនួន ៦៥.៣៦៨ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារមានជំងឺ កូវីដ១៩ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានដែរក្នុងមួយថ្ងៃ។
មនុស្ស១.៤២១នាក់ផ្សេងទៀតបានស្លាប់កាលពីថ្ងៃពុធ ដោយនាំឲ្យចំនួនមនុស្សស្លាប់ជាមធ្យមរយៈពេល៧ថ្ងៃឡើងដល់ជាង១ពាន់នាក់។ តួលេខថ្មីនេះធ្វើឱ្យសហរដ្ឋអាមេរិកនៅពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេដែលមានសរុបជាង១០,៤លាន និងអ្នកស្លាប់ជាង២៤១.០០០នាក់។ នេះបើតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins។
រដ្ឋដែលមានប្រជាជនច្រើនបំផុតគឺរដ្ឋ California មានករណីឆ្លងកូវីដ១៩ សរុបជិត១លាននាក់បន្ទាប់ពីរដ្ឋ Texas ដែលបានក្លាយជារដ្ឋដំបូងគេនៅសហរដ្ឋអាមេរិកដែលមានចំនួនអ្នកជំងឺដល់កម្រិតនេះកាលពីថ្ងៃពុធ។
ចំណែកនៅប្រទេសប្រេស៊ីលវិញ ការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំង កូវីដ១៩ របស់ចិនបានចាប់ផ្តើមឡើងវិញ បន្ទាប់ពីនិយតករសុខភាពរបស់ប្រទេសនេះអំពាវនាវឲ្យផ្អាកដោយសារ «ហេតុការណ៍ដ៏ធ្ងន់ធ្ងរ» ពាក់ព័ន្ធនឹងអ្នកចូលរួមក្នុងការសិក្សាម្នាក់។
វ៉ាក់សាំងនេះមានឈ្មោះថា CoronaVac កំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac។ វ៉ាក់សាំងនេះត្រូវបានបដិសេធដោយប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ដែលជាអ្នករិះគន់ជាញឹកញាប់ចំពោះប្រទេសចិន។
ប្រទេសប្រេស៊ីលមានអត្រាឆ្លងវីរុសកូរ៉ូណាខ្ពស់បំផុតនៅអាមេរិកឡាទីនដោយមានអ្នកឆ្លងជាង៥,៧នាក់ និងមានអ្នកស្លាប់១៦៨.៣៦៨នាក់គិតមកដល់ពេលនេះ។ នេះបើយោងតាមតួលេខនៃសាកលវិទ្យាល័យ Johns Hopkins។
នៅប្រទេសអេស្ប៉ាញ អាជ្ញាធរបានប្រកាសនៅថ្ងៃពុធនេះថា អ្នកដំណើរមកពីបណ្តាប្រទេសនានាដែលត្រូវបានចាត់ទុកថា ជាតំបន់មានហានិភ័យខ្ពស់នៃ កូវីដ១៩ ត្រូវបង្ហាញភស្តុតាងនៃការធ្វើតេស្តអវិជ្ជមាន មុនពេលពួកគេអាចចូលក្នុងប្រទេសនេះ។ អ្នកធ្វើដំណើរត្រូវតែមានច្បាប់ចម្លងនៃឯកសារដើមជាក្រដាសឬជាទម្រង់អេឡិចត្រូនិកដែលបង្ហាញថា ការធ្វើតេស្តរបស់គេត្រូវបានធ្វើឡើង៧២ម៉ោងមុនពេលពួកគេចេញដំណើរ។
នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃព្រហស្បតិ៍ជំងឺកូវីដ១៩ បានឆ្លងដលមនុស្សជាង៥២លាននាក់និងបានសម្លាប់មនុស្សជាង១,២៨លាននាក់៕