ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​នៅ​ឥណ្ឌា​បោះបង់​ចោល​ទីក្រុង​ដែល​មាន​ជំងឺ​រាតត្បាត​ ទៅ​ធ្វើការ​ពី​ក្រុង​តូចៗ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត


រូបឯកសារ៖ ទិដ្ឋភាពនៃទីក្រុងញូវដេលី ពោរពេញដោយសំណង់អគារ នៅប្រទេសឥណ្ឌា គ្រាមានការប្រកាសបិទសកម្មភាពក្នុងប្រទេសដោយសារជំងឺរាតត្បាតកូវីដ១៩ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

ដើរ​នៅ​លើ​ភ្នំ​ហិម៉ាឡៃ​ជាមួយនឹង​មិត្ត​ភក្ដិ​នៅ​ចុង​សប្តាហ៍ ​ឬ​មុន​ពេល​ធ្វើការ​គឺជា​រឿង​ធម្មតា​សម្រាប់​លោក​ Divyen Jain ​ដែល​ជា​អ្នក​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន។​ លោក​ Jain និយាយ​ថា​ នេះ​គឺជា​ការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ក្នុង​ជីវិត​របស់លោក​នៅ​ Bengaluru​ ចាប់តាំង​ពី​ជំងឺ​កូវីដ១៩ រាតត្បាត​មក។

លោក Jain ថ្លែង​ថា៖ ​«គ្មាន​មិត្ត​ភក្តិ​ និង​មិន​អាច​ចេញ​ក្រៅ​ផ្ទះ​បាន ​ដូច្នេះ​វា​ជះ​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវ​ចិត្ដ​ផ្ទាល់​ និង​ដល់​ការងារ​របស់​ខ្ញុំ»។​

នៅ​ពេលអាច​ធ្វើដំណើរ​វិញ​បាន​ លោក​ Jain បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ជួរ​ភ្នំ​នៃ​រដ្ឋ​ Himachal Pradesh ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ​ដើម្បី​ធ្វើការ​ពី​កន្លែង​ដែល​មាន​បរិយាកាស​លំហែ​អារម្មណ៍។​

លោក Jain ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​ពន្យល់​បាន​ទេ។ ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ។​ ​ប្រសិទ្ធភាព​ការងារកើនឡើង​ច្រើន​ជាង​មុន។ ​សូម្បីតែ​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​ធ្វើការ​ ក៏​ខ្ញុំ​មិនមាន​អារម្មណ៍​តានតឹង​អ្វី​ទាំងអស់»។​

មនុស្ស​ជាច្រើន​ដូចជា​លោក​ Jain ​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ទីប្រជុំជន​តូចៗ​នៅ​តំបន់​ភ្នំ​ដែល​មិន​ត្រូវ​បាន​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩​ ខណៈ​ស្ថានភាព​ការងារ​ធ្វើ​ពី​ផ្ទះ​នៅ​តែ​បន្តនៅ​ក្នុង​ទីក្រុង​ដែល​មាន​ជំងឺ​នេះ​រាតត្បាត​នៅ​ឥណ្ឌា។ ​បុគ្គលិក​មួយ​ក្រុម​មក​ពី​ក្រុមហ៊ុន ​I-T បាន​ចាក​ចេញ​ពី​ជាយ​ក្រុង​ញូវដេលី​ទៅ​ធ្វើការ​អស់​រយៈ​ពេលជា​ច្រើន​សប្តាហ៍​ពី​ទីក្រុង ​Bir ​ដែល​សេវា​បណ្តាញ​អ៊ីនធឺណិត​ល្អ​ដូចនៅ​ទីក្រុង។​

ក្រុមគ្រួសារ​របស់​ពួកគេ​បាន​អមដំណើរ​ពួកគេ។ ​លោក ​Gajender Nagar ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Sophos IT Services ​មាន​ប្រសាសន៍​ថា​ ការ​សម្រេចចិត្ត​នេះ​ងាយ​ស្រួល​ណាស់។

លោក Gajender Nagar ថ្លែង​ថា៖ «ប្រសិន​បើ​អ្នក​មាន​សេវា​អ៊ីនធឺណិត​គ្រប់​ទីកន្លែង​នៅ​លើ​ភពផែន​ដី ​ហើយ​ប្រសិន​បើ​អ្នកត្រូវ​ធ្វើការ​ពី​ចម្ងាយ​ ហេតុអ្វី​អ្នក​មិន​ទៅ​កន្លែង​ដែល​អ្នក​អាច​ដើរ​ចេញ​ក្រៅ​បាន​ ហើយ​មិន​រស់នៅ​ប្រៀប​ដូច​ជា​ត្រូវ​គេ​ចាក់សោរ​ទុក​នៅ​មួយ​កន្លែង ​ដែលអាច​ត្រឹម​តែ​ចេញ​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត​តែ​ប៉ុណ្ណោះ»។

នៅ​ក្រុង ​Bir កុមារ​អាច​លេង​នៅ​ខាងក្រៅ​ផ្ទះ​បាន។ ក្រុមការងារ​នេះ​អាច​ទៅលេង​ឬ​ធ្វើការ​នៅ​ក្នុង​ហាង​កាហ្វេ​បាន។​ ពួកគេ​បាន​ចំណាយ​ពេល​ចុង​សប្តាហ៍​ដំបូង​របស់​ពួកគេ​នៅ​ក្នុង​ភូមិ​ក្បែរ​នោះ​ ដោយ​មើល​គេ​ធ្វើ​គ្រឿង​កុម្ភការ។ ​

លោក ​Shailender Singh ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ការងារ​នេះ​និយាយ​ថា ​បទ​ពិសោធន៍​នេះ​កំពុង​ធ្វើឲ្យ​លោក​មាន​អារម្មណ៍​ស្រឡះ។ «ដូច​ចេញ​ពី​ទ្រុង​អ៊ីចឹង ...។​ ខ្ញុំ​កំពុង​អង្គុយ​នៅ​ទីនេះ​ដោយ​មិន​ចាំបាច់​ពាក់​ម៉ាស់​ទេ»។

ក្រុង​តូចៗ​នៅ​តាម​បណ្ដោយ​ជួរ​ភ្នំ​ហិម៉ាឡៃ​ដែល​ប្រឈម​ការ​ធ្លាក់ចុះអាជីវកម្ម​ បន្ទាប់ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ នោះ​ កំពុង​ជំរុញ​និន្នាការ​ថ្មី​នៃ​«កន្លែង​ធ្វើការ​បែប​លំហែ» ​គឺ​ធ្វើការ​ផង​លំហែ​ផង។ ​លោក Ankush Rana ​ដែល​ជា​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ​ Zostel ​ក្នុង​ក្រុង ​Bir ​កំពុង​ទទួល​សំណើ​ជា​ច្រើន។

«មាន​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត។​អាជីវកម្ម​អចលនៈ​ទ្រព្យ​នៅ​Gurgaon​នៅ Bangalore​និង​នៅ Mumbai កំពុង​មាន​អគារ​ទំនេរ​ជាច្រើន​សម្រាប់​ជួល​និង​មានកន្លែង​សម្រាប់​ធ្វើការ​រួម​និង​ការិយាល័យ​ជាច្រើន​ដែល​មិន​សូវ​មមាញឹក​នោះ​ទេ។​ដូច្នេះ​ខ្ញុំ​ជឿជាក់​ថាប្រជាជន​នឹង​ផ្លាស់ទៅ​ទីក្រុង​ដែល​កំពុង​អភិវឌ្ឍន៍​ឬ​ទីក្រុង​ដែល​មាន​ប្រជាជន​មិន​សូវ​កកកុញ​ហើយ​ចំណូល​ចិត្ត​ខ្លាំង​បំផុត​របស់​ពួកគេ​អាច​ជា​តំបន់​មាត់​សមុទ្រ​នៅ​រដូវ​រងា​ឬ​ក៏​ជា​ភូមិ​ដ៏​ស្រស់​ស្អាត​នៅ​ភ្នំ​ហិម៉ាឡៃ»។​

លោក​ Singh ​និយាយ​ថា ​ជីវិត​នៅ​តាម​ទីប្រជុំជន​តូចៗ​ក៏​ជួយ​ជម្នះ​ការ​ផ្តាច់​ទំនាក់​ទំនង​សង្គម ​ដែល​កំពុង​មាននៅ​ក្នុង​ទីក្រុង​ធំៗ​ដោយ​សារ​តែ​ជំងឺ​កូវីដ១៩​ ផងដែរ។​

«ប្រសិនបើខ្ញុំចង់ដើរចេញ ហើយយកកុំព្យូទ័រយួរដៃរបស់ខ្ញុំទៅជាមួយ រួចអង្គុយធ្វើការក្រោមពន្លឺថ្ងៃ ពេលនោះខ្ញុំនឹងឃើញមនុស្សប្លែកៗចូលមកសួរនាំ ហើយនិយាយថា សួស្តី»។

និយោជកខ្លះដូចជាលោក Nagar មានឆន្ទៈក្នុងការលើកទឹកចិត្តបុគ្គលិកឱ្យផ្លាស់ទីលំនៅទៅទីក្រុងតូចៗ។

លោក Gajender Nagar ថ្លែងថា៖ «ពួកគេអាចមានជីវិតល្អណាស់។ ពេលរស់នៅជិតធម្មជាតិ មានអាហារល្អៗ បរិស្ថានបរិសុទ្ធ និងមានខ្យល់មិនសូវកខ្វក់»។ គេនៅមិនទាន់ដឹងទេ ថាតើនិន្នាការនេះនៅតែមានឬក៏យ៉ាងណា។ ប្រសិនបើនៅតែបន្ត វាអាចផ្លាស់ប្តូរលំហូរចូលទៅក្នុងទីក្រុងធំៗ ដែលជាយូរមកហើយ គឺជាកន្លែងសម្រាប់អ្នករកការងារធ្វើ៕

ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG