ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Moderna ​ជា​ក្រុមហ៊ុន​អាមេរិក​ទី​២​ ដែល​​ប្រកាស​ពី​ប្រសិទ្ធភាព​ជាង​៩០%​ នៃ​​វ៉ាក់សាំង​សាក​ល្បង​​កូវីដ​១៩​ របស់​ខ្លួន


ដប​​ដែល​មាន​បិទ​ស្លាក​សរសេរ​ថា​វ៉ាក់សាំង​កូវីដ១៩ ត្រូវ​បាន​តម្រៀប​គ្នា​​នៅ​ពី​មុខ​ស្លាកសញ្ញា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Moderna ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

កិច្ច​ប្រឹង​ប្រែង​ជា​សាកល​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ កំពុង​ទទួល​បានការ​លើក​ទឹកចិត្ត​បន្ថែម ជាមួយ​នឹង​ព័ត៌មាននៃវ៉ាក់សាំងដែល​មាន​ប្រសិទ្ធភាព​មួយ​ទៀត។

ក្រុមហ៊ុន​ផលិត​ឱសថ Moderna ​ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​កាល​ពីថ្ងៃ​ចន្ទ​ថា​ វ៉ាក់សាំង​សាង​ល្បងការពារ​ជំងឺ​កូវីដ​១៩​របស់​ខ្លួន​ មាន​ប្រសិទ្ធភាព​ចំនួន​៩៤,៥% ប្រឆាំង​នឹងការ​ឆ្លង​នៃ​វីរុស​កូរ៉ូណា នេះ​បើ​ផ្អែក​លើ​លទ្ធផល​បឋម​នៃ​ការ​សាក​ល្បង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​វ៉ាក់សាំង​របស់​ខ្លួន​នោះ។​ មហា​ក្រុមហ៊ុន​ផលិត​ឱសថដែល​មាន​មូលដ្ឋាន​ក្នុងរដ្ឋ Massachusetts​ មួយ​នេះ​ បាន​ផលិត​វ៉ាក់សាំងនេះ ដោយសហការ​ជាមួយ​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ជំងឺ​ឆ្លង​និង​អាឡែកស៊ី​ជាតិ​របស់​រដ្ឋាភិបាល​អាមេរិក។

ពេល​នេះ​ ក្រុមហ៊ុន Moderna ជា​ក្រុមហ៊ុន​ទី​២​ ដែល​បាន​ផលិត​វ៉ាក់សាំង​កូវីដ១៩ ប្រកប​ដោយ​សក្តានុពល​ ដែល​អាច​ទទួល​បាន​នូវ​ជោគជ័យក្នុង​អត្រា​មាន​ប្រសិទ្ធភាព​រហូត​ជាង​៩០%។ ការ​ប្រកាស​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​មួយ​សប្តាហ៍​ បន្ទាប់​ពីក្រុម​ហ៊ុន​ផលិត​ឱសថ​អាមេរិក ​Pfizer​ និង​ក្រុមហ៊ុន​ឱសថ​ ​អាល្លឺម៉ង់ ​BioNTech​ ​ជា​ក្រុមហ៊ុន​ដំបូង​ដែល​បាន​ប្រកាស​ពី​ប្រសិទ្ធភាព​លើស​៩០%​នេះ។​

ក្រុមហ៊ុនឱសថធំ​មួយ​ទៀតរបស់​អាមេរិក​ឈ្មោះ Johnson & Johnson កំពុង​ធ្វើ​ការ​សាក​ល្បង​វ៉ាក់សាំង​កូវីដ​១៩​ដែល​ប្រើ​តែ​មួយ​ដូស​របស់​ខ្លួន ក្នុងដំណាក់​កាល​ទី​៣​ដែរ​ ក្នុង​ប្រទេស​អាហ្សង់ទីន​ ប្រេស៊ីល​ ម៉ិកស៊ិក​ អាហ្វ្រិក​ខាង​ត្បូង​ និង​សហរដ្ឋ​អាមេរិក។​ ក្រុមហ៊ុន​នេះ​បាន​ផ្អាក​ការ​សាក​ល្បងកាល​ពី​ខែ​តុលា បន្ទាប់​អ្នក​សាក​ល្បង​ម្នាក់ធ្លាក់​ខ្លួន​ឈឺដោយ​មិន​ដឹង​មូលហេតុ។​

តាម​សាកលវិទ្យាល័យ Johns Hopkins​ បាន​ឲ្យ​ដឹង​ថា​គិតត្រឹម​ថ្ងៃ​ចន្ទ អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​ជុំវិញ​ពិភព​លោក​មាន​ចំនួន​ជាង​៥៤,៤​លាន​នាក់​ ហើយ​មនុស្ស​ជាង​ ១,៣​លាន​នាក់​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។

ដែល​ឡែក នៅ​សហរដ្ឋ​អាមេរិក ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​កើន​លើស​១១​លាន​នាក់​ ហើយ​អភិបាល​រដ្ឋ​ជា​ច្រើន​បាន​ដាក់​ចេញ​នូវវិធានការ​រឹត​បន្តឹង​ថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​កូរ៉ូណា។​

អភិបាល​រដ្ឋMichiganលោកស្រី​ Gretchen Whitmer​ បាន​ប្រកាស​ពី​ការ​ដាក់​បម្រាម​ដល់​ការ​ហូប​អាហារ​ជុំ​គ្នា​ពេល​ល្ងាច​នៅ​តាម​ភោជនីយដ្ឋាន ការ​សិក្សាក្នុង​ថ្នាក់​រៀន​នៅ​តាម​វិទ្យាល័យ​និង​មហាវិទ្យាល័យ​នានា​ ក៏​ដូចហាម​ព្រឹត្តិការណ៍​សាធារណៈ​មួយ​ចំនួន​ នៅ​តាមកាស៊ីណូ​និង​រោងកុង​ផង​ដែរ។ ការ​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ ត្រូវ​បាន​កំណត់​មិន​ឲ្យ​លើស​ពី​ចំនួន​១០​នាក់​នោះ​ទេ។​

លោក​ស្រីថ្លែង​ប្រាប់​អ្នក​កាសែត​ថា៖ «នៅ​ពេល​នេះ​ យើង​កំពុង​ស្ថិត​នៅក្នុង​ដំណាក់​កាល​ដ៏​អាក្រក់​បំផុត​នៃ​ជំងឺ​រាតត្បាត​នេះ»។ ស្ថានភាពនៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ មិន​ដែល​មាន​សភាព​អាក្រក់​ខ្លាំង​ដូច​ពេល​នេះ​ទេ។​ យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អន្តរាយ​ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​តែ​ចាត់​វិធានការ​មួយ​ចំនួន»។

នៅ​ក្នុងរដ្ឋ​វ៉ាស៊ីនតោន​ភាគ​ពាយ័ព្យ​ប្រទេស​អាមេរិក​វិញ​ អភិបាល​រដ្ឋ​លោក Jay Inslee ក៏​បាន​ដាក់​បម្រាម​ការ​ហូប​អាហារ​ជុំ​គ្នា​នៅ​ក្នុង​ភោជនីយដ្ឋាន ហើយ​បាន​បញ្ជា​ឲ្យ​ហាង​ទំនិញ​ទាំង​អស់​ ត្រូវ​ទទួលភ្ញៀវ​ចូលម្តង​ត្រឹម​ចំនួន២៥%​ ប៉ុណ្ណោះ​។ ការ​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​ ត្រូវ​បាន​អនុញ្ញាត​ត្រឹម​ចំនួន​៥​នាក់​ប៉ុណ្ណោះ​ ខណៈការ​ជួប​ជុំ​គ្នា​ក្នុង​ផ្ទះក្រៅ​ពី​សមាជិក​ក្រុម​គ្រួសារ​ផ្ទាល់​ ត្រូវ​បាន​ហាម​ឃាត់។

​ក្នុង​ពេល​មួយសប្តាហ៍កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិកបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ជា​មធ្យម​ជិត ១៥០.០០០​នាក់​ ក្នុង​មួយ​ថ្ងៃ​ ហើយ​នៅ​បណ្តារដ្ឋ​ជា​ច្រើនមាន​ការ​ឆ្លងហក់​ឡើងយ៉ាង​ខ្លាំង។​ នេះ​បើ​តាមតួលេខរបស់​សាកលវិទ្យាល័យ Johns Hopkins ដដែល។​ រហូត​មក​ដល់​ពេល​នេះ​ ​មនុស្សជាង​២៤៦.០០០​នាក់ បាន​ស្លាប់​ដោយ​សារជំងឺ​កូវីដ​១៩​ ក្នុង​សហរដ្ឋ​អាមេរិក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG