លោក ចូ បៃដិន (Joe Biden) ដែលត្រូវបានគេព្យាករណ៍ថា ឈ្នះការបោះឆ្នោតប្រធានាធិបតី បានព្រមានថា ការបដិសេធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៅក្នុងការមិនទទួលស្គាល់ការផ្ទេរអំណាចមុនថ្ងៃទី ២០ ខែមករា អាចបង្កឲ្យមានផលអាក្រក់ ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។
លោក បៃដិន បានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ នៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ថា៖ «មនុស្សជាច្រើននាក់ទៀតអាចនឹងស្លាប់ ប្រសិនបើយើងមិនសម្របសម្រួល»។
លោក បៃដិន ជាថ្មីម្ដងទៀត បានព្រមានអំពីការមកដល់នៃ «រដូវរងារដ៏គ្រោះថ្នាក់» ដោយបានអំពាវនាវឲ្យសភាអនុម័តសំណើច្បាប់ HEROES Act ឲ្យបានឆាប់រហ័ស។ សំណើច្បាប់ HEROES Act នេះ ស្នើឲ្យមានថវិកាចំនួន ៣ លានលានដុល្លារ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។
លោក បៃដិន បាននិយាយថា៖ «ការណ៍ដែលលោកប្រធានាធិបតីនៅលេងកីឡាវាយកូនហ្គោល ហើយមិនធ្វើអ្វីទាំងអស់ គឺវាហួសពីការយល់ឃើញរបស់ខ្ញុំទៅទៀត»។ លោកបានបន្ថែមថា៖ «យ៉ាងហោចណាស់ លោក [ត្រាំ] គួរចាកចេញទៅដោយបន្សល់ទុកនូវភាពវិជ្ជមាន»។
លោក បៃដិន បានបញ្ជាក់ថា ពលរដ្ឋជិតលែងទទួលបានថវិកាឧបត្ថម្ភពេលគ្មានការងារធ្វើហើយ ហើយពលរដ្ឋ ២០ លាននាក់ កំពុងប្រឈមនឹងការបាត់បង់ផ្ទះសម្បែង ដោយសារតែមិនអាចបង់ថ្លៃផ្ទះជំពាក់ធនាគារ ហើយជាងនេះទៀត «ពលរដ្ឋជាច្រើនកំពុងត្រូវបានគេបណ្ដេញចេញពីផ្ទះ ដោយសារតែមិនអាចបង់ថ្លៃជួលបាន»។
លោក បៃដិន ថ្លែងដូច្នេះ បន្ទាប់ពីលោក និងអ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដែលត្រូវគេព្យាករណ៍ថាជាប់ឆ្នោតជាអនុប្រធានាធិបតី ធ្វើសន្និសីទកាសែតអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលកំពុងប្រឈមនឹងបញ្ហាដោយសារការកើនឡើងខ្លាំងនៃករណីឆ្លងជំងឺកូវីដ១៩៕