ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រា​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​អូស្រ្តាលី​ថយ​ចុះ​ ប៉ុន្តែ​អាជ្ញាធរ​​នៅ​​រក្សា​ការ​ប្រុង​ប្រយ័ត្ន​​​ខ្ពស់


រូបឯកសារ៖ ពលរដ្ឋអូស្ត្រាលីពាក់របាំងការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខណៈធ្វើដំណើរតាមរថភ្លើងនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋអូស្ត្រាលីពាក់របាំងការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខណៈធ្វើដំណើរតាមរថភ្លើងនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០។

ថ្ងៃទី១០ ខែវិច្ឆិកា គឺ​ជា​ថ្ងៃ​មួយ​ទៀត​ដែល​ប្រទេស​អូស្ត្រាលី​ពុំ​បាន​រក​ឃើញករណីអ្នក​ឆ្លងវីរុស​កូរ៉ូណា​ថ្មីក្នុង​ស្រុក​។ អាជ្ញា​ធរ​សុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ប្រទេស​អូស្ត្រាលី​ទាំង​មូល​ មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​តិច​ជាង ​៩០ នាក់ ដែល​កំពុង​សម្រាក​ព្យាបាល។

ក្នុង​រយៈ​ពេល​បីថ្ងៃ​ជាប់ៗ​គ្នាកន្លង​ទៅ​នេះ​ ប្រទេស​អូស្ត្រាលី​ពុំ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​ថ្មី​ៗ​នៅ​ក្នុង​សហគមន៍​នោះ​ទេ​ ដែល​នេះ​ជា​លទ្ធផល​នៃការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ​ដ៏​ខ្លាំង​របស់​ខ្លួន​។ ​

រដ្ឋ Victoria ដែល​ទទួលរងការ​ប៉ះ​ពាល់​ខ្លាំង​ដោយ​រលក​ឆ្លង​ជា​លើក​ទី ២ ​នៃ​ជំងឺ​កូវីដ​១៩ ​បានរាយការណ៍​ថា ​ពុំ​បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង​ថ្មីៗ​ ឬ​អ្នក​ស្លាប់ដោយ​សារជំងឺ​កូវីដ​១៩ ក្នុង​រយៈ​ពេល ​១១ ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ទេ។

ការ​ត្រួត​ពិនិត្យ​រិត​បន្តឹងខ្លាំង​ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​ក្នុង​ទី​ក្រុង Melbourne ដែល​ជា​រដ្ឋធានី​របស់​រដ្ឋ Victoria ខណៈ​ការ​បិទ​សកម្មភាពដែល​មាន​រយៈ​ពេល​វែង​ជា​ង​គេ​បង្អស់ ​នៅ​ក្នុង​ពិភព​លោក​របស់​ទី​ក្រុង​នេះ​ ដោយ​សារ​វីរុស​កូរ៉ូណាបាន​មក​ដល់​ទី​បញ្ចប់​ហើយ​។​

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ការ​រឹត​បន្តឹង​មួយ​ចំនួន​នៅ​រក្សា​ដដែល​។​ ការពាក់​ម៉ាស់​ការ​ពារ​នៅ​តែ​ជាការ​តម្រូវ​ឲ្យ​ធ្វើ​ដដែល​ក្នុង​រដ្ឋ​ Victoria​ ហើយ​អាជ្ញា​ធរ​និយាយ​ថា​ ការ​ប្រារព្ធ​ទិវា​ចងចាំនៃ​ការ​បញ្ចប់សង្គ្រាម​លោក​លើក​ទី ​១ នៅ​ថ្ងៃ​ទី១១​ ខែ​វិច្ឆិកា​នោះ ត្រូវ​បាន​លុប​ចោល ​ដោយ​សារ​ការ​កំហិត​នៃ​ការ​ជួប​ជុំ​គ្នា​នេះ​។​

ការ​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ទ្រង់​ទ្រាយ​ធំ​ ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ​ក្នុងពិធី​បាញ់​កាំ​ជ្រួច​ដ៏មាន​ប្រជា​ប្រិយ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ ក្នុង​ទី​ក្រុង Sydney ។ ការ​បាញ់​កាំជ្រួ​ចនៅ​ពាក់​កណ្តាល​អធ្រាត្រ​នៃ​ម៉ោង​ឆ្លង​ឆ្នាំ នឹង​ត្រូវធ្វើជា​ធម្មតា ​ប៉ុន្តែនឹងមាន​រយៈ​ពេល​ខ្លី​ជាង​រាល់​ឆ្នាំ។

កន្លែង​សម្រាប់​មើល​កាំជ្រួច​ឆ្លង​ឆ្នាំ​នៅទី​តាំង​កំពង់​ផែ​ដ៏​សំខាន់​ នឹង​ត្រូវ​ទុកសម្រាប់​ក្រុម​ការងារ​ជួយ​សង្គ្រោះ​បន្ទាន់ ​និង​ក្រុម​មន្ត្រី​សុខាភិបាល​ជួរ​មុខ​តែ​ប៉ុណ្ណោះ។​

អ្នកស្រី Gladys Berejiklian នាយករដ្ឋមន្រ្តីប្រចាំរដ្ឋ New South Wales បានលើកឡើងថា៖ «យើងនឹងផ្សព្វផ្សាយកម្មវិធីលម្អិតក្នុងពេលឆាប់ៗនេះ ប៉ុន្តែខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា ប្រសិនបើអ្នកមិនមានសំបុត្រសម្រាប់ចូលទៅកន្លែង ដែលបានកំណត់ទុកទាំងនេះទេ ឬក៏មិនបានកក់កន្លែងនៅភោជនីយដ្ឋាន ឬហាងកាហ្វេណាមួយជាមុនទេ នោះអ្នកនឹងមិនអាចចូលទៅទីតាំងសំខាន់ៗ ដើម្បីមើលការបាញ់កាំជ្រួចនៅយប់ឆ្លងឆ្នាំនោះបានទេ»។

ប្រទេ​ស​អូស្ត្រាលី​មាន​អ្នក​ឆ្លង​ជំងឺកូវីដ​១៩ ​ចំនួន ​២៧.​៦០០ នាក់​ ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​នេះ​ចាប់​ផ្តើម​ផ្ទុះ​ឡើងមក។ ​មនុស្ស​ចំនួន ​៩០៧ នាក់​ បាន​ស្លាប់ ​ដោយ​សារ​ជំងឺ​នេះ​ក្នុង​ប្រទេស​អូស្ត្រាលី។​

មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា ​មាន​កត្តា​សំខាន់​បួន ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​អូស្ត្រាលី ទទួល​បានជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់​វីរុស​កូរ៉ូណា ​ដែល​មាន​ការ​ឆ្លងខ្ពស់​។ កត្តា​ទាំងនោះ​ មាន​ដូចជា​ការ​បិទព្រំ​ដែន​អន្តរជាតិ​របស់ខ្លួន​មិនឲ្យជន​បរទេសចូលក្នុងខែ​មីនា​ ការ​ធ្វើតេស្ត​រក​វីរុស​ក្នុង​ទ្រង់​ទ្រាយ​ធំ​ ការ​តាម​ដាន​រក​អ្នក​ពាក់​ព័ន្ធ​នឹង​ជំងឺ​នេះ​មាន​លក្ខណៈ​ដិត​ដល់ ​និង​ការ​ប្រកាន់​ខ្ជាប់​នូវ​វិធាន​ការ​គម្លាត​សង្គម​ ក៏​ដូច​ជា​ការ​ធ្វើអនាម័យ​ផង​ដែរ។

ព្រំដែន​ជា​ច្រើន​ដែល​ចែក​ខ័ណ្ឌ​រវាង​រដ្ឋនីមួយៗ​ និង​ទឹក​ដី​របស់ប្រទេស​អូស្ត្រាលី​ ត្រូវ​បាន​បិទ​ដើម្បី​ទប់​ស្កាត់​ការ​រាល​ឆ្លង​វីរុស​កូរ៉ូណា​។

អាជ្ញាធរ​ក្នុង​រដ្ឋ​ Queensland​ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ពួក​គេ​សង្ឃឹមថា នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ទៅ​មក​ជា​មួយ​រដ្ឋ Victoria នៅ​ដើម​ខែ​ក្រោយ។ ក្រុម​មន្ត្រី​ក្នុងរដ្ឋ​ South Australia​ ក៏​បាន​ជួប​ប្រជុំ​គ្នា​ផង​ដែរ ដើម្បី​ពិភាក្សា​ពី​ការ​បើ​ក​ឡើង​វិញ​នូវ​ព្រំដែន​របស់​ខ្លួន​ជាមួយ​រដ្ឋ​Victoria​ដែល​ជា​រដ្ឋ​ជិត​ខាង។ ព្រំដែន​អន្តរជាតិ​របស់​អូស្រ្តាលី​មិ​ន​ត្រូវ​គេ​រំពឹង​ថា ​នឹង​បើ​កឡើង​វិញ​ទេ​រហូត​ដល់​ឆ្នាំ​ក្រោយ។

ខណៈ​ពេល​ដែល​រដូវ​ក្តៅ​កំពុង​ខិត​ជិត​មក​ដល់​ អាជ្ញាធរ​សុខាភិបាល​បានជំរុញ​ឲ្យ​ពល​រដ្ឋអូស្ត្រាលី​កុំ​ធ្វេសប្រហែស​នឹង​ជំងឺកូវីដ១៩​ នេះ​ឲ្យ​សោះ ៕

ប្រែសម្រួលដោយ ជ្រា វណ្ណរិទ្ធ

XS
SM
MD
LG