ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ WHO ​និយាយ​ថា​ទ្វីប​អឺរ៉ុប​ក្លាយ​ជា​មណ្ឌល​នៃ​ការ​រាតត្បាត​ជំងឺ​ COVID​ ជំនួស​ចិន


ទិដ្ឋភាព​នៅ​ទីលាន St. Peter នៅ​ថ្ងៃ​ទី​៤ នៃការ​បិទ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​ត្រូវ​បាន​ប្រកាស​នៅ​ទូទាំង​ប្រទេស​អ៊ីតាលី ដើម្បី​បន្ថយ​ការ​ឆ្លង​មេរោគ​កូរ៉ូណាវីរុស ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។
ទិដ្ឋភាព​នៅ​ទីលាន St. Peter នៅ​ថ្ងៃ​ទី​៤ នៃការ​បិទ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​ត្រូវ​បាន​ប្រកាស​នៅ​ទូទាំង​ប្រទេស​អ៊ីតាលី ដើម្បី​បន្ថយ​ការ​ឆ្លង​មេរោគ​កូរ៉ូណាវីរុស ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា​ WHO​ និយាយ​ថា​ ទ្វីប​អឺរ៉ុប​បាន​ជំនួស​ប្រទេស​ចិន​ដែល​ជា​មណ្ឌល​នៃ​ការ​រាត​ត្បាត​ជំងឺ​ COVID។

លោក ​Tedros Adhanom Ghebreyesus ​ប្រធាន​នៃ​អង្គការ ​WHO​ បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នក​កាសែតកាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​ថា ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប «ករណី​ច្រើន​ជាង​មុន​បាន​ត្រូវ​រាយការណ៍​រៀង​រាល់​ថ្ងៃ​ដោយ​មាន​ច្រើន​ជាង​ចំនួន​ដែល​បាន​ត្រូវ​រាយការណ៍​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ពេល​មាន​ការ​រាល​ដាល​ខ្លាំង»។

ពួក​មន្ត្រី​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ចំនួន​នៃ​អ្នក​ឆ្លង​មេរោគ​វីរុសកូរ៉ូណា​បាន​កើន​ឡើង​ជាង​២,៥០០​នាក់​ក្នុង​ពេល​២៤​ម៉ោង​កន្លង​ទៅ​នេះ​ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​នេះ​បាន​ឡើង​ដល់​១៧,៦៦០​នាក់។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​វីរុសកូរ៉ូណា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ដែល​ជា​ប្រទេស​រង​គ្រោះ​ខ្លាំង​ជាង​គេ​នៅ​ខាង​ក្រៅ​ប្រទេស​ចិនមាន​១,២៦៦​នាក់។

គេ​រាយការណ៍​ថា​ប្រទេសអេស្ប៉ាញ​ ជិត​ប្រកាស​ភាព​មាន​អាសន្ន​ពីរ​អាទិត្យ​ដើម្បីទប់​ទល់​នឹង​ការឆ្លង​ជំងឺ​នេះ​ដែល​ពួក​មន្ត្រី​សុខាភិបាល​បាន​និយាយ​កាល​ពី​ថ្ងៃសៅរ៍​ថា ឡើង​ដល់​៥,៧០០​នាក់​ គឺ​មាន​កំណើន​ជាង​១,៥០០​នាក់​ក្នុង​ពេល​២៤​ម៉ោង។

គេ​រំពឹង​ថា​ ពួក​មន្ត្រី​អេស្ប៉ាញ​ នឹង​ប្រកាស​អំពី​វិធានការ​ត្រួត​ត្រា​តឹង​រ៉ឹង​ថែម​ទៀត​ដោយ​មាន​រួម​បញ្ចូល​ការ​កម្រិត​ការ​ចេញ​ក្រៅ​ផ្ទះ​លើក​លែង​តែ​ក្នុង​ករណី​មាន​ភាព​អាសន្ន។​

ប្រទេស​ដាណឺម៉ាក​ និង​ប្រទេសប៉ូឡូញ​ ចូល​រួម​ជាមួយ​ប្រទេស​ឯទៀតៗ​កាល​ពី​ថ្ងៃ​សៅរ៍ ​ក្នុង​ការ​បិទ​ព្រំដែន​របស់​ខ្លួន​ដល់​ពួក​អ្នក​ដំណើរ​ភាគ​ច្រើន។ចំណែក​ឯ​ប្រទេស​រុស្ស៊ី​វិញ​បាន​និយាយ​ថា ​ខ្លួន​នឹង​បិទ​ព្រំដែន​ខ្លួន​ជា​មួយ​ប្រទេស​ន័រវែស និង​ប្រទេស​ប៉ូឡូញ​ នៅ​ថ្ងៃ​អាទិត្យ​នេះ។​

កាល​ពី​ថ្ងៃ​សុក្រ​ ករណី​អ្នក​ជំងឺ​ថ្មីៗ​និង​អ្នក​ស្លាប់​ក៏​បាន​កើន​ច្រើន​ជាង​មុន​ដែរ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។​ ចំណែក​នៅ​ឯស.រ.អា.​វិញ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ប្រកាស​ភាព​មាន​អាសន្នជាតិ។​

លោក ត្រាំ​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ខាង​ក្រៅ​អាគារ​សេតវិមាន​ថា វិធានការ​នេះ​នឹង​ប្រើ​ប្រាស់​អំណាច​ពេញ​លេញ​នៃ​រដ្ឋាភិបាល​សហព័ន្ធ​ ហើយ​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋ​និង​ទីក្រុង​ទទួល​ប្រាក់​សហព័ន្ធ​៥០​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​ជំងឺ​នេះ៕

XS
SM
MD
LG