ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​​ផ្អាក​ចរាចរណ៍​នាវា​​ទេសចរណ៍​​តាម​ទន្លេ​ពី​​ច្រក​ក្អម​សំណ​ដើម្បី​ទប់ស្កាត់​កូវីដ​១៩ ​​


នាវាកម្សាន្ត Viking Cruise Journey ដែលមានអ្នកដំណើរផ្ទុកវីរុសកូរ៉ូណា​កូវីដ​១៩ សំចតនៅក្នុងខេត្តកំពង់ចាម លើដងទន្លេមេគង្គ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)
នាវាកម្សាន្ត Viking Cruise Journey ដែលមានអ្នកដំណើរផ្ទុកវីរុសកូរ៉ូណា​កូវីដ​១៩ សំចតនៅក្នុងខេត្តកំពង់ចាម លើដងទន្លេមេគង្គ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនបាន​សម្រេចផ្អាក​ចរាចរណ៍​នាវា​ដឹក​អ្នក​ទេសចរ​តាម​ដង​ទន្លេ​មេគង្គ​ចូល​មក​កម្ពុជា​តាម​ច្រក​ក្អម​សំណ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃវីរុស​កូវីដ​១៩។​ នេះ​បើ​យោង​តាម​មន្ត្រី​នាយក​ដ្ឋាន​ព័ត៌មាន​ក្រសួង​នេះ។​

លោក​ ហ៊ាង​ សុទ្ធាយុត្តិ​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាននៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​វិធាន​ការនេះធ្វើ​ឡើង​ដើម្បី​បង្ការ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។​

លោក​បាន​និយាយ​ថា៖​«ការពារ​ប្រសើរ​ជាង​ព្យាបាល​ ធម្មតា​ទេ។​ ពេល​យើង​មាន​អារម្មណ៍​ថា ​sensitive​ យើង​អាច​ផ្អាក​មួយ​រយៈ​សិន ហើយ​យើង​បើក​ដំណើរការ​ឡើង​វិញ។ ​ខ្ញុំ​សុំ​ខ្លី​ប៉ុណ្ណឹង»។​

លោក​បាន​បញ្ជាក់​ថា​ ​ការ​ផ្អាក​នេះ​នឹង​ចាប់​ពី​ថ្ងៃ​សុក្រ​នេះ​ទៅ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាថ្មី​ពីក្រសួងសាធារណការ​ និង​ដឹកជញ្ជូនពេល​ខាង​មុខ។​

កំពង់ផែ​ច្រក​ក្អម​សំណ​នៅ​ក្នុង​ខេត្ត​កណ្ដាល​មាន​ព្រំប្រទល់​នឹង​កំពង់ផែ​ច្រក​វេញ​សឿងនៃ​ខេត្ត​អានយ៉ាង​ ប្រទេសវៀតណាម ជា​ទីតាំង​ពិនិត្យ​ទិដ្ឋការ​ចេញ​ចូល​តាម​នាវា​រវាង​ប្រទេស​ទាំង​ពីរ។​

កំពង់ផែ​នេះ​ជាច្រក​ដែល​នាវាធ្វើ​ដំណើរ​ទស្សនាចរ​លើ​ដង​ទន្លេ​មេគង្គ​ចេញ​ចូល​រវាង​ប្រទេស​វៀតណាម​ និង​កម្ពុជា។ ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្តតាម​នាវា​នេះ​ភាគច្រើនជា​អ្នក​ដំណើរ​មក​ពី​ប្រទេស​អ៊ឺរ៉ុប​ និង​អ្នក​ដំណើរ​វ័យ​ចំណាស់​ហើយ ​ច្រក​នេះអនុញ្ញាត​ឲ្យ​នាវា​ដឹក​អ្នក​ទេសចរ​មក​សំចត​នៅ​កំពង់​ផែ​ក្រុង​ភ្នំពេញ​ដើម្បីទស្សនា​ទីក្រុង​នេះ​ និង​បន្ត​ទស្សនា​នៅខេត្ត​នានា​ ​លើ​ដង​ទន្លេ​មេគង្គ​ និង​ទៅ​ដល់​បឹង​ទន្លេសាប​ផង​ដែរ។ ​នេះ​បើ​យោង​តាម​លោក ហ៊ឺ បាវី​ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ។

លោក ហ៊ឺ បាវី បញ្ជាក់​ថា៖ «[នាវា]​មួយៗ​គេ​ទទួល​ទេសចរ​មកពី​ប្រទេស​ទី៣​ហ្នឹង​ គឺ ​package tour។ ​គេ​ជិះ​កប៉ាល់​ហោះ​មក​វៀតណាម​ គេ​[ជិះ]មើល​តាម​ដង​ទន្លេ​យើង​ មក​ដល់​ភ្នំពេញ។​ គេ​ឡើង​ទៅ​កំពង់​ចាម​ ទៅ​ក្រចេះ​ ទៅមើល​ដូលហ្វីន ​[ផ្សោត]។ ​បក​មក​វិញ​គេ​ចូល​កំពង់​ឆ្នាំង។​ ចំ​ខែ​ប្រាំង​ណា​ គេបក​ភ្នំពេញ​វិញ ​តែ​បើខែ​វស្សា​គេ​ហួសទៅ​សៀមរាប​ ហើយ​ឡើង​យន្ត​ហោះ​ទៅ​ប្រទេស​គេ​វិញ»។​

ក៏ប៉ុន្តែថ្មីៗ​នេះ​ ភ្ញៀវ​ទេសចរ​ជនជាតិ​អង់គ្លេស៣នាក់ ដែល​មាន​ផ្ទុកវីរុស​កូវីដ​១៩​បាន​ធ្វើ​ដំណើរ​លើ​នាវា​ Viking Cruise Journey ​ដែល​ចតនៅ​ខេត្ត​កំពង់ចាម។​ ការណ៍​នេះបាន​ធ្វើ​ឲ្យ​នាវា​ផ្សេង​ទៀត​មាន​ការ​បារម្ភ​អំពី​សុវត្ថិភាព​អ្នក​ដំណើរ​របស់​ខ្លួន។​

លោក ​ហ៊ឺ បាវី ​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ​បាន​ប្រាប់​វីអូអេ​ថា​ មាន​នាវា​ជាង​២០​គ្រឿងធ្វើ​ដំណើរ​តាម​ដង​ទន្លេ​មេគង្គ​រវាង​ប្រទេសវៀតណាម ​និង​កម្ពុជា ដែល​ក្នុង​មួយ​ខែៗ នាវា​មួយ​អាច​ចេញ​ចូល​ប្រមាណ​២​ទៅ​៣​ដង។​ ត្រឹម​ពេល​ដែល​អាជ្ញាធរ​ប្រកាស​ផ្អាកការ​ចេញ​ចូល​ច្រក​ក្អម​សំណ-វេញសឿង​នេះ​ ​នាវា​ចំនួន​១២គ្រឿង​នៅ​សល់​នៅ​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា​ ឥឡូវ​នេះ​ នាវា២​គ្រឿងដែល​ស្ថិត​ក្រោម​ការ​ពិនិត្យនេះ​គឺ​នាវា​ Viking Cruise Journey ​ដែល​នៅ​កំពង់​ចាម ​និង​នាវា​ Avalon Siem Reap​ដែល​ស្ថិត​នៅ​ភ្នំពេញ។​

«ឥឡូវ​នេះមាន​តែ​២​គ្រឿង​ទេ​ ដែល​ quarantine ​[ដាក់​ឲ្យ​នៅ​ដោយ​ឡែក​តាម​ក្រប​ខណ្ឌ​ចត្តាឡីស័ក] ​ដោយ​សារមាន​ការ​សង្ស័យ​ ​ឲ្យ​គាត់​នៅ​មួយ​កន្លែង​ ហើយ​គេ​តាមដាន​កំដៅ​ គាត់​អ៊ីចឹង​ណា៎។​ [...] ​មួយ​ទៀត​គឺ​គាត់មក​ដល់​ភ្នំពេញ​ ហើយ​បាន​ទៅ​ដល់កំពង់ឆ្នាំង ​បក​មក​វិញ​ ហើយ​យើង​កំពុង​ជួយ​គាត់​ ឲ្យ​គាត់​នៅ​មួយ​កន្លែង​ តាមដាន​សុខភាព​គាត់»។​

លោក​បន្ត​ថា​ ​អ្នក​គ្រប់គ្រង​នាវា Avalon Siem Reap​ បាន​ស្នើ​សុំ​អាជ្ញាធរ​កម្ពុជា​ឲ្យ​ជួយ​ពិនិត្យ​សុខភាព​អ្នក​ដំណើរ​របស់​គេ ​ដោយ​សារ​អ្នក​ដំណើរ​មួយ​ចំនួន ​និង​កាពីទែនរបស់នាវា​ Avalon Siem Reap ​បាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុងហូជីមិញជាមួយ​ភ្ញៀវ​ទេសចរណ៍​ដែល​ជិះ​នាវា​ Viking Cruise Journey​ ដែរ។​

ទោះជា​យ៉ាង​ លោក​ លី សូវ៉ាន់​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ថា​ ក្រសួង​បាន​ប្រមូល​សំណាក​ពី​អ្នក​ទេសចរ​លើ​នាវា​ Avalon Siem Reap​ ដែល​មាន​ការ​សង្ស័យ​រួច​រាល់​ហើយ​ កាល​ពី​ម្សិលមិញ។​ លោក​ថា​ ​លទ្ធផល​គឺ​អវិជ្ជមាន​ ហើយ​បញ្ជាក់​ថា​ ​ពួកគេ​ពុំ​មាន​ផ្ទុក​វីរុសកូវីដ​១៩​ទេ។​

លោក ​វ៉ាស៊ីម​ សុរិយា​ អគ្គនាយករដ្ឋបាល​ និង​ហិរញ្ញ​វត្ថុ​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា​ ​នៅ​កម្ពុជា​ ​នាវាចូលចតនៅ​កំពង់​ផែ​ភ្នំពេញ និង​កំពង់​ផែ​ផ្សេងៗលើ​ដង​ទន្លេ​មេគង្គ​នៅមាន​កម្រិត​តិច​នៅ​ឡើយ។ ​លោក​ថា​ ​ ជា​រៀង​រាល់​ឆ្នាំ ​ នាវា​ខ្នាតតូចធ្លាប់​បាន​ចូល​ចត​ប្រមាណ​៣០០​ដង​និង​ខ្នាត​ធំ​ប្រមាណ​១០០​ដង។ ​ហើយ​ការ​ចេញ​ចូលមាន​រយៈ​ពេល​ចត​ខ្លីៗ​ កន្លះ​ថ្ងែ​ ឬ​មួយ​យប់។​

លោក​ វ៉ាស៊ីម សុរិយា​បន្ត​ថា​ មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​ទំហំ​នៃ​ការ​បាត់បង់​ចំណូល​ក្នុង​ពេល​នៃ​ផ្អាក​ការ​ចេញ​ចូល​នាវា​ទេសចរ​នេះ​ទេ។​ ទោះ​ជាយ៉ាង​ណា​ នាវា​មួយ​ចំនួន​របស់​អាជីវករដែល​រក​ស៊ី​នៅ​ក្នុង​ស្រុកបានរង​ការ​ប៉ះពាល់​ខ្លាំង ​បើ​ទោះ​វិធាន​ការ​របស់​ក្រសួង​សាធារណការ​នេះ​មិន​សំដៅ​ដល់​អាជីរកម្ម​ពួក​គេ​ក៏​ដោយ។​

កញ្ញា​ សុត ស្រី​ល័ក្ខ​ ដែលជា​បុគ្គលិក​ចាត់​ការ​ទូទៅ​នៃ​នាវា​ Angkor Express​ ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​បាន​ប្រាប់​វីអូអេ​អំពី​វិបត្តិ​នេះ។​

កញ្ញា​បាន​និយាយ​ថា ​មុនការ​ផ្ទុះ​ជំងឺ​កូវីដ​នេះ​ ​នាវា​មាន​ភ្ញៀវ​ប្រមាណ៥០​នាក់​ក្នុង​មួយ​ជើងៗ​ តែ​បច្ចុប្បន្នមាន​ចំនួន​ត្រឹម​១០​នាក់​ ហើយ​ពេល​ខ្លះ​ស្ទើរ​គ្មាន​ភ្ញៀវ៖​

«ថយ​ចុះ៩៩​ភាគរយហើយ។ ​ព្រឹក​មិញ​ចេញ​បាន​ម្នាក់​គត់​ ហើយ​គម្រោង​ពួក​ខ្ញុំ​នឹងធ្វើការ​ផ្អាក​ដែរ​ ព្រោះ​យើង​អត់​មាន​ភ្ញៀវ​ មិន​អាច​ធ្វើការបន្ត​បាន»។​

កញ្ញា​បាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះពាល់​នៃ​ទេសចរណ៍​តាមនាវា​នេះ​គឺ​ដោយសារ​ការ​បារម្ភ​នៃ​ជំងឺ​កូវីដ១៩​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​នាំ​ឲ្យ​កម្រិតទឹក​ទន្លេ​សាប​ស្រក​ខ្លាំង។

មកទល់​ថ្ងៃនេះ​ ជំងឺ​កូវីដ​១៩ ដែល​ជា​រោគ​រាតត្បាត​សាកល​រីករាល​ដាលដល់​ប្រទេស​ចំនួន​យ៉ាងតិច​១២៧​ និង​ឆ្លង​ដល់​មនុស្ស​ចំនួន​ជាង១៣៤.០០០នាក់ ​និង​បានសម្លាប់​មនុស្ស​ជាង៤.៦០០​នាក់​នៅ​ទូទាំង​ពិភព​លោក៕​

XS
SM
MD
LG