ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រកាស​បិទ​សាលា​ក្នុង​ក្រុង​សំខាន់​ចំនួន​ពីរ​ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា


និស្សិតពាក់ម៉ាស់​​ដើរ​តាម​សួន​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)
និស្សិតពាក់ម៉ាស់​​ដើរ​តាម​សួន​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)

ក្រសួង​អប់រំ ​យុវជន​និង​កីឡា ​បាន​ប្រកាស​បិទទ្វារ​សាលារៀន​ក្នុង​រាជធានី​ភ្នំពេញ​និង​ទីក្រុង​សៀមរាប ​ទាំង​រដ្ឋ​និង​ឯកជន​ ដោយ​ដាក់​ឲ្យ​ចូល​វិស្សម​កាល ​ឬឈប់​សម្រាក​មុន​កាល​កំណត់​ភ្លាមៗ​ នៅ​ថ្ងៃសៅរ៍​ទី​១៤ ​ខែមីនា​ ឆ្នាំ​២០២០​នេះ ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​កូរ៉ូណា​ ឬ ​COVID 19 ​ដែល​គេ​បាន​រក​ឃើញ​មួយ​មួយ​ករណី​នៅខេត្តសៀមរាប និង​ពីរ​ករណី​នៅ​រាជធានី​ភ្នំពេញ។ ​នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ​ ក្រោយ​ពេល​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ករណី​ឆ្លងថ្មី​ នៅ​រាជ​ធានី​ភ្នំពេញ​ជា​លើក​ដំបូង។ ​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ​បាន​បញ្ជាក់​ថា៖ «យោង​តាម​របាយ​ការណ៍​ស្ថានភាព​រាតត្បាត​នៃ​វីរុស​កូវីដ​១៩​ របស់​អង្គការ​សុខភាព​ពិភព​លោក​ (WHO)​ និង​ពេល​ថ្មីៗ​នេះ ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​នូវ​វីរុស​កូវីដ១៩ ​លើ​ជន​បរទេស​មាន​សញ្ជាតិ​ផ្សេងៗ ​ដែល​តម្រូវ​ឲ្យមាន​វិធានការ​ការពារ​ទប់ស្កាត់​ជា​បន្ទាន់ ក្រសួង​សូម​ណែនាំ​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈនិង​ឯកជន​ នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​សៀមរាប​ (ត្រូវ) ​ចាប់​អនុវត្ត​វិស្សមកាល​តូច​មុន កាល​កំណត់​ពី​ថ្ងៃ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ រហូត​ដល់​ពេល​ចូល​រៀន​ឡើង​វិញ‍»។

លោក​ ឌី ខាំបូលី​ អ្នកនាំពាក្យ​ក្រសួង​អប់រំ ​បាន​ប្រាប់​ VOA ​បន្ថែម​ថា៖ «អីចឹង​វាជា​វិធាន​ការ​ចូលរួម​ទប់​ស្កាត់​ និង​បង្ការ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩‍»។

នៅ​ពេល​សួរ​ថា​តើ​ហេតុអ្វី​បាន​ជា​ក្រសួង​អប់រំ​មិន​បាន​ប្រកាស​អនុវត្តន៍​ដូចគ្នា​ចំពោះ​សាលា​រៀន​នៅ​ខេត្ត​កំពង់ចាម​ និង​ខេត្ត​ព្រះសីហនុ ​ដែល​បាន​រក​ឃើញ​វីរុស​កូវីដ​១៩​ដែរ​នោះ លោក ​ឌី ខាំបូលី​ បាន​ពន្យល់​ថា៖ «ស្ថានភាព​វា​ខុសគ្នា ​នៅ​កំពង់​សោម​ផុត​ទៅ​ហើយ​ នៅ​ភ្នំពេញ​យើង​ទើប​តែ​រក​ឃើញ ក្រសួង​សុខាភិបាល​ទើប​តែ​រក​ឃើញ​កាល​ពីម្សិល​មិញ​ (១៣ មីនា) ​អីចឹង​បាន​ជា​មាន​វិធាន​ការ​ហ្នឹង‍»។

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា ​ខ្លួន​បាន​រក​ឃើញ​ករណី​ទី៦ ​និង​ទី​៧ ​ដែល​មាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ (COVID-19) ​នៅ​កម្ពុជា​ និង​ជា​ករណី​ដំបូង​ផង​ដែរ​ដែល​ត្រូវបាន​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ។​ ករណី​ទាំងពីរ​នេះ​ កើត​ឡើង​ចំពោះ​បុរស​ជនជាតិ​កាណាដា​ វ័យ​៤៩​ឆ្នាំ​ម្នាក់​ និង​បុរស​ម្នាក់​ទៀត​ជនជាតិ​ប៊ែលហ្សិក វ័យ​៣៣​ឆ្នាំ។ ​

នៅឯ​ខេត្ត​សៀមរាប​ដែល​ជា​តំបន់​ទេស​ចរណ៍​សំខាន់​បំផុត​របស់​ប្រទេស​វិញ​ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ជនជាតិ​ខ្មែរ​ដំបូង​គេ​ម្នាក់ ​កាល​ពីដើម​ខែមីនា ​ដែល​បុរស​នេះ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនជាតិ​ជប៉ុន​ម្នាក់​ ដែល​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា ​ក្រោយ​បាន​ចាក​ចេញ​ពី​កម្ពុជា​កាល​ពី​ដើម​ខែ​មីនា។​

​វិធានការ​ប្រកាស​បិទទ្វារ​សាលា​រៀន​ក្នុង​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​សៀមរាប​ ទាំង​រដ្ឋ​និង​ឯកជន​ ដោយ​ដាក់​ឲ្យ​ចូល​វិស្សមកាល ​ឬ​ឈប់​សម្រាក​មុន​កាល​កំណត់​នេះ​ ត្រូវ​គេ​គិត​ថា​ទំនង​ជា​ត្រូវ​កែ​សម្រួល​កាល​វិភាគ​ថ្មី ឬ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ជាច្រើន។

បើ​តាម​ស្ថិតិ​ចុង​ក្រោយ​របស់​ក្រសួង​អប់រំ​សម្រាប់​ឆ្នាំ​២០១៨ ​ដល់​ឆ្នាំ​២០១៩​ បាន​បង្ហាញ​ថា​ យ៉ាង​តិច​សិស្សានុសិស្ស​ចំនួន​ ១០១ ២៨៧​នាក់​ ទាំង​រដ្ឋ​និង​ឯកជន មក​ពី​សាលារៀន​ចាប់​ពី​កម្រិត​ទាប​ដល់​ឧត្តមសិក្សា​ចំនួន​ ៥៣០​កន្លែង ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ហើយ​និង​សិស្សានុសិស្ស​ជាច្រើន​ពាន់​នាក់​មក​ពី​សាលា​រៀន​រាប់​សិប​កន្លែង​ក្នុង​ទីក្រុង​សៀមរាប​មួយ​ក្នុង​ចំណោម​សិស្ស​សរុប​ទូទាំង​ខេត្ត ​១៥២០៤​នាក់​ និង​សាលា​រៀន​ ១០២។

មាន​មតិ​ជា​ប្រតិកម្ម​ចំពោះ​ការ​បិទទ្វារ​គ្រិះស្ថាន​សិក្សា​រដ្ឋ​និង​ឯកជន​ ដោយ​ដាក់​ឲ្យ​ចូល​វិស្សមកាល​មួយ​រយៈពេល​ខ្លី ឬ​ឈប់​សម្រាក​មុន​កាល​កំណត់​ភ្លាមៗ​ នៅ​ថ្ងៃទី​១៤​ ខែ​មីនា​ មុន​កាល​កំណត់​ថ្ងៃទី​៦ ​ខែ​មេសា​នេះ។ ​ក្រុម​អាណា​ព្យាបាល សិស្ស​នៅ​ក្នុង​ទីក្រុង​ទាំងពីរ ​បាន​បង្ហាញ​ការ​យល់​ស្រប​នឹង​វិធានការ​នេះ ​ដោយ​ឈរ​លើ​សុវត្ថិភាព ​និង​សុខភាព​ជា​ចម្បង ​ទោះបី​ជា​ក្រុម​អាណា​ព្យាបាល​មាន​ការ​សោកស្តាយ​ចំពោះ​ការ​ខកខាន​ពេល​សិក្សា​របស់​កូនៗ​ក្តី។

ថ្លែងប្រាប់​ VOA ​តាម​ទូរស័ព្ទ​លោក ​ពេជ្រ ជុង​ អាជីវករ​ម្នាក់​រស់នៅ​ខណ្ឌ​ដូនពេញ​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជា​អាណា​ព្យាបាល​សិស្ស​២នាក់​ រៀន​នៅ​វិទ្យាល័យ​សន្ធរម៊ុក ​និង​សាលា​បឋម​មួយ​នៅ​ខណ្ឌ​ទួលគោក ​បាន​សម្តែង​ការ​យល់​ស្រប​នឹង​វិធានការ​របស់​រដ្ឋ​ ហើយ​ណែនាំ​កូន​មិន​ឲ្យទៅ​រៀន​ដើម្បី​ជៀសវាង​ការ​ប្រឈម​នឹង​ការ​ឆ្លង​វីរុសកូវីដ​១៩​ តាម​វិធាន​ការ​របស់​ក្រសួង​អប់រំ។

«ហើយ​ជា​ធម្មតា​ក្មេង​ ចង់​ទៅ​រៀន​អីចឹង​ហើយ​ តែ​ក្នុង​នាម​ជា​ឪពុកម្តាយ​ យើង​ការពារ ព្រោះ​រឿង​នេះ​មិនមែន​តែ​កូន​យើង​ម្នាក់​ទេ​ វាជា​ទូទៅ‍»។

លោក ​ស្វាយ សារ៉េត​ ពាណិជ្ជករ​នៅក្នុង​ក្រុង​សៀមរាប ​និង​ជាអាណា​ព្យាបាល​កូនពីរ​នាក់ ដែល​រៀន​នៅ​ថ្នាក់ទី​១ ​និង ​ថ្នាក់ទី​៣ ​ក្នុង​សាលា​រៀន​អន្តរជាតិ​ The International School of ​Siem Reap (ISSR) ​បាន​ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទថា ​លោក​បាន​ដឹង​ដំណឹង​ពីការ​បិទ​សាលា​រៀន​នៅក្នុង​ទីក្រុង​សៀមរាប​ ហើយ​លោក​បញ្ជាក់​ថា​ ទោះជា​បី​ជា​មាន​ការ​រអាក់​រអួល​ខ្លះ ​តែ​លោក​រីករាយ​ចំពោះ​សុវត្ថិភាព​កូន​របស់​លោក។

«តែមួយ​ទៀត​ដល់​ពេល​បាន​បិទ​អីចឹង​ទៅ ក៏​យើង​អត់​សូវ​បារម្ភ​ដែរ​ ព្រោះ​កាល​ណា​កូន​ទៅរៀន​ផង​ ហើយ​ព្រួយ​បារម្ភ​រឿង​ហ្នឹងផង ​យើង​នៅ​អត់​សុខ‍»។

ក្រៅពី​បញ្ជាក់​ថា​កូន​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​បិទ​សាលា​រៀន​នោះ​ លោក​ក៏​បញ្ជាក់​ថា​ សាលា​រៀន​កូន​របស់​លោក​បាន​បិទទ្វារ​ចាប់​តាំង​ពី​គេ​រក​ឃើញ​ករណី​ខ្មែរ​ម្នាក់​ឆ្លង​នៅ​សៀមរាប​ដំបូង​មេ្ល៉ះ​ ហើយ​សាលារៀន​នេះ​បាន​រៀបចំ​កម្ម​វិធី​សិក្សា​ឲ្យ​មាន​ការ​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​អនឡាញ។

ក្រៅពី​ណែនាំ​ឲ្យ​មាន​ស្វ័យសិក្សា ​ក៏​មាន​ការ​ណែនាំ​ឲ្យ​ជៀស​វាង​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់​ ដូចជា​កន្លែង​ហែលទឹក​សាធារណៈ​ កន្លែង​ហាត់​ប្រាណ​ សួនកុមារ​ជាដើម។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ដដែល​នោះ​ ក៏​ណែនាំ​គ្រឹះស្ថាន​សិក្សា​ដែល​មិនទាន់​បញ្ចប់​ការ​វាយ​តម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស​ក្នុង​ឆមាស​ទី១​ តម្រូវ​ឲ្យ​យក​លទ្ធផល​សិក្សា​ជា​មធ្យម​ភាគ​នៃ​ពិន្ទុ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៩ ​រហូត​ដល់​ខែកុម្ភៈ​ ឆ្នាំ​២០២០​ ជា​មធ្យម​ភាគ​ពិន្ទុ​ប្រចាំ​ឆមាស​ទី១។​ ហើយ​ម្យ៉ាង​ទៀត​ គ្រឹះស្ថាន​សិក្សា​អន្តរជាតិ ​នឹង​មាន​ការប្រជុំ​សម្រេច​ជាមួយ​មាតា​បិតា​សិស្ស ​ដើម្បី​ចាត់​វិធានការ​និង​អនុវត្ត​តាម​វិធាន​ការ​បង្ការ​និង​ទប់ស្កាត់​របស់​អង្គការ​សុខភាព​ពិភពលោក។

អង្គការ​សុខភាព​ពិភព​លោក​ WHO ​ទើប​បាន​ប្រកាស​នៅក្នុង​សប្តាហ៍​នេះ​អំពី​ការ​រាលដាល​ដ៏​ឆាប់​រហ័ស​នៃ​ជំងឺ​រលាក​សួត ​COVID-19​ ដ៏​គួរ​ឲ្យ​បារម្ភនេះ​ថា ​ជា​រោគ​រាត​ត្បាត​សកល ​ដែល​តម្រូវ​ឲ្យ​ប្រទេស​នៅ​លើ​សកល​លោក​ បង្កើន​ការ​ទប់ស្កាត់​ខ្លាំង​ជាង​មុន ដើម្បី​រារាំង​កុំឲ្យ​ធ្លាក់​ដល់​ស្ថាន​ភាព​អាក្រក់​គ្រប់គ្រង​លែង​បាន។

ការ​ប្រកាស​នេះ​កើត​ឡើង នៅពេល​ដែល​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា ឬ​កូវីដ១៩ នៅ​ពិភពលោក​បាន​កើន​ឡើង​ខ្លាំង បន្ទាប់ពីការផ្ទុះ​ឡើង​ដំបូង​នៅក្នុង​ទីក្រុង​វូហាន​ ប្រទេស​ចិន ហើយ​បាន​ឆ្លង​រីក​រាល​ដាល​ពាស​ពេញ​ពិភពលោក ដោយ​បាន​សម្លាប់​មនុស្ស​ជាង​ ៥៤០០ ​នាក់ ហើយ​មនុស្ស​ចំនួន​ជាង ​១៤៥ ០០០​នាក់ បាន​ឆ្លង​វីរុស​នេះ​ គិត​មក​ដល់​ថ្ងៃ​សៅរ៍នេះ៕

XS
SM
MD
LG