ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​រក​ឃើញ​ករណី​ឆ្លង COVID-19 ដំបូង​នៅ​ភ្នំពេញ


យុវតី​៣នាក់​ពាក់ម៉ាស់​ ​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។(ទុំ ម្លិះ/VOA)

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​កាល​ពី​ព្រលប់​ថ្ងៃ​សុក្រ​នេះថា ​ខ្លួន​បាន​រក​ឃើញ​ករណីទី៦ ​និង​ទី​៧ ​ដែល​មាន​ឆ្លងវីរុស​កូរ៉ូណា​ថ្មី​ (COVID-19) ​នៅ​កម្ពុជា និងជា​ករណី​ដំបូង​ផង​ដែរ​ដែល​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ។​

ក្នុង​ចំណោម​ករណីឆ្លង COVID-19​ ទាំង​៧​ករណី មក​ទល់​នឹង​យប់ថ្ងៃសុក្រ​នេះ មាន​៦​ករណី​ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៦ថ្ងៃ​ចុង​ក្រោយ​ចុង​ក្រោយ​ ​ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក ​WHO ​ទើប​បាន​ប្រកាស​ថា​ ការរីករាល​ដាល​បន្តបន្ទាប់ និង​ឆាប់រហ័សនៃ​ជំងឺ​រលាក​សួត​ COVID-19 ជា​រោគ​រាតត្បាត​សកល។

​ការ​ត្រួត​ពិនិត្យ​សំណាក ​បាន​មក​ពី​បុរ​ស​ជន​ជាតិ​កាណាដា​វ័យ​៤៩​ឆ្នាំម្នាក់ ​និងបុរស​ម្នាក់​ទៀ​ត​ជន​ជាតិ​ប៊ែលហ្សិក​វ័យ​៣៣ឆ្នាំ ​ត្រូវ​បាន​រក​ឃើញ​លទ្ធផល​ថា​វិជ្ជមាន ​COVID-19​ កាល​ពី​ម៉ោង​៤​រសៀល ​ថ្ងៃ​សុក្រ ទី​១៣ ខែមីនា ឆ្នាំ២០២០នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់ក្រសួង​សុខាភិបាល​កម្ពុជា។

​សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​បន្ត​ថា៖ ​«ការងារ​ដែល​ត្រូវ​ធ្វើ​បន្ត ​គឺ​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះ​ពាល់​ផ្ទាល់ ​ឬប្រយោល​ជាមួយ​បុរស​ជនជាតិ​កាណាដា ​និង​ជនជាតិ​ប៊ែលហ្សិក ​វិជ្ជមាន​កូវីដ​ទាំង​ពីរ​នាក់​នេះ ​ដែល​ក្រុម​ការងារ​កំពុង​តែ​សកម្ម​ធ្វើ»។

ក្រៅ​តែ​ពី​បាន​បញ្ជាក់​ថា ​បុរស​ទាំង​ពីរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ​ហើយ​មិន​មាន​ពាក់​ព័ន្ធ​នាវា ​Viking ​ដែល​ឈប់​សំចត​នៅ​ខេត្ត​កំពង់​ចាម​នោះ ​ក្រសួង​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ ​ថា​តើ​បុរស​ទាំង​ពី​រជា​អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍​នៅ​កម្ពុជា ​ឬ​ជា​អ្នក​ទេសចរ​រយៈ​ពេល​ខ្លី​ ហើយ​ថា ​តើ​ពួក​គេចូល​មក​ប្រទេស​កម្ពុជា​ពេល​ណា តាមច្រក​ណា ដោយ​របៀប​ណា ​ហើយ​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​ណា​ខ្លះ ​ក៏​មិន​បាន​បង្ហាញ​ឱ្យ​ដឹង​នោះ​ដែរ។​

VOA ​មិន​ទាន់​អាច​ទាក់​ទង ​ទាំង​លោក ​លី ​សូវ៉ាន់ ​ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​និង​អ្នកស្រី ​ឱ ​វណ្ណឌីន រដ្ឋលេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ ​បាន​ទេ​ក្រោយ​សេចក្តី​ប្រកាស​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម។

ក្រោយ​មក ​អ្នកស្រី ​ឱ ​វណ្ណឌីន បាន​ឆ្លើយតប​សារ​សំឡេង​ប្រាប់​វីអូអេថា​៖​

«ទេ​ក្មួយ​ អានេះ​ជា​ករណី​នាំ​ចូល​ មិនមែន​ឆ្លង​នៅ​ក្នុង​ភ្នំពេញ​យើងទេ។​ ករណី​ហ្នឹង​គឺ​គាត់​ទៅ​ក្រៅ​ទៅ​អី​ទៅ​គាត់​មាន​រោគសញ្ញា។ វាជា​ករណី​នាំ​ចូល​ នេះ​តាម​ព័ត៌មាន​មុនហ្នឹងបន្តិច»។​

អ្នកស្រី​បន្ថែមថា៖​ «ពេល​រៀបចំ​ Press [សេចក្តី​ប្រកាស​ព័ត៌មាន] មីង​អត់​ទាន់​មាន​ព័ត៌មាន​អី​ទាំងអស់​ តែ​ដោយសារ​ តម្រូវការ​ចេញ​ភ្លាម​ មីង​ត្រូវ​ដាក់​ទៅ​សិន​ហើយ»។​

ខុស​ប្លែក​ពី​ការ​រក​ឃើញ​ករណី​ថ្មីពីលើកមុនៗ ​ការ​រក​ឃើញ​ករណី​ឆ្លង​បួន​ករណី​នៅ​ថ្ងៃ​នេះ ​ត្រូវបាន​ក្រសួង​ប្រកាស​ឱ្យ​ដឹងត្រឹម​តែ​ជា​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​លាយ​ល័ក្ខណ៍​អក្សរ​ប៉ុណ្ណោះ ​មិន​មាន​ការ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ជូន​អ្នកកាសែត​អាចសាក​សួរព័ត៌មាន​លម្អិត​នោះ​ទេ។

នេះ​ជា​ករណីដំ​បូង​ហើយ​ ​ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ជា​ផ្លូវ​ការ​អំពី​ការ​ឆ្លង​ឬ​ផ្ទុក​មេរោគ​COVID-19 ​នៅ​រាជធានី​ភ្នំពេញ។

ពីរ​ករណី​សង្ស័យ​ផ្សេង​ទៀត ​ដែល​ជា​អ្នក​ទេសចរ​បានមក​ធ្វើ​ដំណើរ​ទស្សនា​សារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ​ដែល​ម្នាក់​ជា​ជន​ជាតិ​ចិន និង​ម្នាក់​ជា​ជន​ជាតិ​អង់គ្លេស ​មាន​លទ្ធផល​វិភាគ​សំណាក​អវិជ្ជមាន ​ពោល​គឺ​ពុំ​ទាន់​រក​ឃើញ​មាន​មេរោគ ​COVID-19​ នៅ​ឡើយ​ទេ ​ហើយ​ត្រូវ​បាន​ផ្ដែ​ផ្ដាំ​ឱ្យ​ត្រួត​ពិនិត្យ​សុខភាព​ជា​ប្រចាំ។ ​នេះ​បើ​យោង​តាម​អាជ្ញាធរ។​

នាវាកម្សាន្ត Viking Cruise Journey ដែលមានអ្នកដំណើរម្នាក់ជនជាតិអង់គ្លេសផ្ទុកវីរុសកូរ៉ូណា សំចតនៅក្នុងខេត្តកំពង់ចាម លើដងទន្លេមេគង្គ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)
នាវាកម្សាន្ត Viking Cruise Journey ដែលមានអ្នកដំណើរម្នាក់ជនជាតិអង់គ្លេសផ្ទុកវីរុសកូរ៉ូណា សំចតនៅក្នុងខេត្តកំពង់ចាម លើដងទន្លេមេគង្គ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

នៅ​ថ្ងៃ​ព្រហស្បតិ៍​ សប្តាហ៍​នេះ​ ​បុរស​ស្ត្រី​ប្ដី​ប្រពន្ធ​ជនជាតិ​អង់គ្លេស​មួយ​គូ ​ដែល​ជា​អ្នក​ដំណើរ​លើ​នាវា ​Viking ​ចូល​សំចត​នៅ​ខេត្ត​កំពង់ចាម​នោះ ​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​ COVID-19។ ​នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​ដដែល ​ដែល​បាន​បញ្ជាក់​ថា​ បុរស​ជា​ប្ដី​វ័យ​៧៣ឆ្នាំ ​ហើយ​នារី​ជា​ភរិយា​វ័យ៦៩ឆ្នាំ។

​នាវា ​Viking ​បាន​ចេញ​ដំណើរ​ពី​កំពង់ផែ​ក្រុង​មេសរ ​(My Tho) ​ក្បែរទី​ក្រុង​ព្រៃនគរ (Ho Chi Minh) ក្នុងទឹក​ដី​វៀតណាម ​និង​ដែល​មាន​ស្ត្រី​ជន​ជាតិ​អង់គ្លេស​ម្នាក់​មាន​លទ្ធផល​តេស្ដ​វិជ្ជមាន​ឃើញ​មាន​មេរោគ​COVID-19 ​ពេល​នាវា​នេះ​ឆ្លង​ចូល​ក្នុង​ទឹកដី​កម្ពុជា ​តាម​ដង​ទន្លេ​មេគង្គ​ទៅ​សំចត​ដល់​ខេត្ត​កំពង់ចាម ​កាល​ពីថ្ងៃទី១០ ​ខែ​មីនា​កន្លង​ទៅ។

បច្ចុប្បន្ន​នេះ​នៅ​សល់​អ្នកដំណើរ​២៨​នាក់ ​និង​ក្រុម​នាវិក​៣៤​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​កម្ពុជា ​ផ្លាស់​យក​មក​ឡើង​គោក ​និង​សម្រាក​ក្នុង​ទីតាំង​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់ចាម ​ក្នុង​ដំណាក់​កាល​ចត្តា​ឡីស័ក ​ដើម្បី​ពិនិត្យ​តាមដាន​ការ​ប្រែប្រួល​សុខភាព ​និង​ពិនិត្យលទ្ធភាពនៃការចេញរោគសញ្ញា។

បុរស​ជនជាតិ​ខ្មែរ​ម្នាក់​រស់​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​គេ​រក​ឃើញថា​មាន​ផ្ទុក​មេរោគ ​COVID-19 កាល​ពី​ថ្ងៃទី៧ ​ខែមីនា​ ដោយ​លោក​មាន​ការប្រា​ស្រ័យ​ទាក់​ទង​ជិត​ស្និទ្ធ​ជាមួយម្ចា​ស់​ក្រុមហ៊ុន​របស់​លោក​ជនជាតិ​ជប៉ុន ​ដែល​បាន​ចេញ​ផុត​ពីកម្ពុជា​ចូល​ទៅ​មាតុ​ប្រទេស​របស់​ខ្លួន​វិញ ​ហើយ​ត្រូវបា​ន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​នេះ។ ​បច្ចុប្បន្ន​មនុស្ស​៤៧​នាក់​ដែល​មាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​និង​មិន​ផ្ទាល់​ជាមួយ​បុរស​ទាំង​ពីរ​រូបខាង​លើ​ ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​តាម​ដាន​ការប្រែប្រួល​សុខភាព​ផង​ដែរ។

ករណី​ដំបូង​នៃ ​COVID-19​ ដែល​មាន​នៅ​កម្ពុជា ​កើត​មាន​ឡើង​លើ​បុរស​ជន​ជាតិ​ចិន​មួយរូ​ប​វ័យ​៦០ឆ្នាំ ​កាល​ពី​ថ្ងៃ​ទី​២៧ ខែមករា ​ដែល​លោក​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​ Wuhan ​ប្រទេស​ចិន ទី​ដែល​មាន​ការ​រាយ​ការណ៍​ពី​ការ​ផ្ទុះ​រីក​រាល​ដាលនៃ​COVID-19​នេះ។ លោ​ក​ត្រូវ​បាន​ប្រកាស​ថា ​សះ​ស្បើយ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក​ ហើយ​ក៏​បាន​ត្រឡប់​ទៅ​ស្រុក​វិញ។​

មក​ទល់​នឹង​វេលា​ល្ងាច​ថ្ងៃ​សុក្រ​នេះ ​នៅ​ទូទាំង​ពិភព​លោក ​មាន​ករណី​ឆ្លង ​COVID-19​ នេះ​ឡើង​ដល់ ​១៣​ម៉ឺន​៧​ពាន់​នាក់​ (ក្នុង​នោះ​មាន​៦ម៉ឺន​៧ពាន់​នាក់​បាន​ជា​សះ​ស្បើយ) ​និង​បាន​សម្លាប់​មនុស្ស​៥ពាន់​នាក់ ​ខណៈ​ដែល​ការ​ឆ្លង​រាត​ត្បាតបាន​ថយ​នៅ​ប្រទេស​ចិន ​ហើយ​កើន​គំហុក​នៅ​កូរ៉េ​ខាង​ត្បូង ​អ៊ីរ៉ង់​ អ៊ីតាលី ​និង​បណ្ដា​ប្រទេស​បស្ចិម​លោក​រួម​មាន​សហរដ្ឋ​អាមេរិក​ជាដើម៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG