ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ WHO នាំ​មុខ​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​វីរុស​កូរ៉ូណា​​ក៏​ប៉ុន្តែ​មិនមែន​​​គ្មាន​រឿង​​ចម្រូង​ចម្រាស់ទេ


រូបឯកសារ៖ លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ​អង្គការ​សុភាពពិភពលោក WHO ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​ជំងឺកូរ៉ូណា នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី១៦ មីនា ២០២០។
រូបឯកសារ៖ លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ​អង្គការ​សុភាពពិភពលោក WHO ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​ជំងឺកូរ៉ូណា នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី១៦ មីនា ២០២០។

អង្គការ​សុខភាព​ពិភព​លោក​ WHO របស់​អង្គការ​សហប្រជាជាតិ ​កន្លង​មក​បាន​ទទួល​ជោគ​ជ័យ​ លើ​ជំងឺអុត​ និង ជំងឺ​ស្វិត​ដៃ​ជើង។ ក៏​ប៉ុន្តែ​អង្គការ​នេះ ​ពេល​ខ្លះ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​យឺត​យ៉ាង​ពេក ​ក្នុង​ការ​ធ្វើ​ប្រតិកម្ម​លើ​វិបត្តិ​សុខភាព​ក្នុង​ពិភព​លោក​ខ្លះ។

បំណង​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ក្នុង​ការប្រកាស​ថា​លោក​នឹង​កាត់ប្រាក់ជំនួយរបស់​ស.រ.អា.​ ឱ្យ​អង្គការ​សុខភាព​ពិភព​លោកបាននាំ​ឱ្យមានការ​យក​ចិត្ត​ទូកដាក់ថ្មី​មួយ​ទៅ​លើ​មុខនាទី​របស់​ទីភ្នាក់ងារ​នេះ​របស់​អ.ស.ប.​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាលដាល​ជា​សាកល​នៃ​មេរោគ​វីរុស​កូរ៉ូណា​និង​អំពី​ថា​តើ​អង្គការ​នេះ​មាន​ការ​គោរព​ខ្លាំង​ពេក​ដល់​ប្រទេស​ចិន​ដែល​មេរោគ​នេះបានផ្ទុះ​ដំបូង​នៅ​ទីនោះ។

អង្គការ​សុខភាព​ពិភព​លោក​ហៅ​កាត់​ថា​ WHO ជា​អង្គការ​មួយក្នុងចំណោមអង្គការ​មួយ​ចំនួន​ដែល​បានត្រូវ​បង្កើត​ឡើងជា​ផ្នែក​មួយ​នៃអ.ស.ប.​នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំក្រោយ​សង្គ្រាម​លោក​លើកទីពីរ។​ ក្នុងរយៈពេល​៧​០​ឆ្នាំ​អង្គការ​នេះ​បាន​បំពេញ​មុខ​នាទី​សំខាន់​មួយក្នុង​ការ​ឆ្លើយ​តប​នឹងវិបត្តិ​សុខភាព​សាកល។​ កន្លង​មក អង្គការ WHO បាន​ជួយ​កម្ចាត់​ជំងឺអុត,​កាត់​បន្ថយករណី​អ្នកកើត​ជំងឺ​ស្វិត​ដៃ​ជើងបាន៩៩% ​ហើយ​ជា​អង្គការ​នៅ​ជួរ​មុខក្នុងការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាលដាល​ជំងឺ​នានា​ដូចជា​ជំងឺ Ebola​ ជា​ដើម។

ក៏​ប៉ុន្តែ​រឿង​ចម្រូង​ចម្រាស់អំពី​លោក​ ត្រាំ​ កាត់បន្ថយ​វិភាគទានប្រចាំ​ឆ្នាំ​របស់ស.រ.អា.​ចំនួន​៤៤៥​លាន​ដុល្លារ​ទៅ​ក្នុង​ថវិកា​ចាយ​វាយ ​ចំនួន​៤ពាន់៨រយ​លាន​ដុល្លាររបស់​អង្គការ​ WHO ដែល​ជា​ទឹក​ប្រាក់​វិភាគ​ទានច្រើន​ជាង​ប្រទេស​ឯទៀតៗ កើតមាន​ឡើង​នៅ​ពេល​ដ៏សំខាន់​នេះ។ មក​ទល់​នឹង​ពេ​ល​នេះ ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាលឬថ្នាំវ៉ាក់​សាំងដើម្បី ដោះស្រាយ​វបត្តិ​នៃ​ជំងឺ​ ​កូវីដ១៩ ដែល​រហូតមក​ដល់ពេល​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង១សែន៣ម៉ឺន៣ពាន់​នាក់​ស្លាប់​នៅទូទាំង​ពិភពលោក។​ ការ​ផលិត​ថ្នាំ​ព្យាបាល ឬ វ៉ាក់​សាំង​ត្រូវគេ​រំពឹង​ថា នឹង​ត្រូវ​រង់​ចាំ​រាប់​ខែ ឬ​មួយ​ឆ្នាំ​ទៀត។

លោក ត្រាំ ដែល​បាន​បន្ទោសពួកអភិបាល​រដ្ឋ​ក្នុង​ស.រ.អ.ថា​មិនបាន​ស្តុកទុក​ឧបករណ៍វេជ្ជសាស្ត្រ​ដែល​គេ​ត្រូវ​ការ​ដើម្បី​ព្យាបាល​ពួក​អ្នក​ជំងឺ​កូវីដ១៩។​ ខ្លួនលោក​ផ្ទាល់មិនបានផ្តល់​សារៈ​សំខាន់​ដល់​ការ​គំរាម​កំហែង​នៃ​វីរុស​កូរ៉ូណាលើ​ស.រ.អា.​កាល​ពីប៉ុន្មាន​សប្តាហ៍​នៅ​ដើម​ឆ្នាំនេះ មុន​នឹង​លោក​បាន​ប្រកាស​ភាព​មាន​អាសន្ននៅ​ទូទាំង​ប្រទេស​ជាតិ​កាល​ពី​ពាក់កណ្តាល​ខែ​មីនា។

ក្នុង​ការ​សម្រេចកាត់​ការគាំទ្រ​របស់​ស.រ.អ.ដល់​អង្គការ​ WHO លោក ត្រាំ បាន​បន្ទោស​ថា​អង្គការ​នេះ​មាន​ការ​គោរព​ខ្លាំង​ពេកដល់​ប្រទេស​ចិន​ដែលជាប្រទេស​មួយ​ផ្តល់​ប្រាក់​កាស​ច្រើន​គួរ​សម​ដែរដល់​ទីភ្នាក់ងារ​នេះ។​ លោក​បាននិយាយ​ថាអង្គការ​ WHO បាន​ធ្វើ​មិនឱ្យ​ពិភពលោក​មាន​ប្រតិកម្មឆាប់​រហ័សដល់​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

សកម្មភាព​របស់អង្គការ​ WHO​ បាននាំ​ឱ្យមាន​ការ​សាក​សម្យ​ខ្លះ​ដែរ នៅ​ក្នុង​ការវាយតម្លៃរបស់​លោក ត្រាំ។

ក្រោយពេល​ដែលប្រទេស​ចិន​បាន​រាយការណ៍​ដំបូង​អំពី​ករណីជំងឺ​រលាក​សួត​មួយចំនួន​តូច​កាល​ពី​ថ្ងៃទី៣១​ខែ​ធ្នូ ដែលកាល​ពី​ពេល​នោះ គេ​នៅ​មិន​ទាន់​ដឹង​ថា​ជា​ជំងឺ​អ្វី​នោះ អង្គការ​ WHO បាន​និយាយ​កាល​ពីដើម​ខែ​មករា​ថាខ្លួនបានសុំព័ត៌មាន​ថែម​ទៀតពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏ប៉ុន្តែ​ខ្លួន​បានណែនាំ« ប្រឆាំង​នឹង​ការអនុវត្តន៍​ការ​រឹត​ត្បិត​ខាងការ​ធ្វើ​ដំណើរ​និងខាងពាណិជ្ជកម្មលើ​ប្រទេស​ចិនដោយផ្អែកលើព័ត៌មានដែល​មាន​នៅ​ពេល​នោះ​អំពីជំងឺនេះ»។

កាល​ពី​ចុង​ខែ​មករា​ លោក Tedros Adhanom Ghebreyesus អគ្គ​នាយក​នៃ អង្គការ​ WHO បាន​អង្គុយ​ជិត​ប្រធានាធិបតី​ចិន​ Xi Jinping ​នៅ​ក្នុង​មហាសាល​របស់​ប្រជាជន​នៅ​ក្នុង​ក្រុង​ប៉េកាំង ​ហើយ​លោក​បាន​សរសើរ​ការ​ឆ្លើយ​តប​របស់​ប្រទេស​ចិន​ដល់​វិបត្តិ​មេរោគ​វីរុស​កូរ៉ូណា។​ លោក Tedros បាន​និយាយ​ថា៖ « យើងសរសើរ​និង​អរគុណ​ដល់​ភាព​ម៉ត់ចត់​របស់​ប្រទេស​ចិន​នៅ​ពេល​មានការ​រាលដាល​មេរោគ​វីរុស​នេះ ជា​ពិសេស​ការប្តេជ្ញា​ពីពួក​អ្នកដឹក​នាំកំពូល​ និងតម្លាភាព​ដែល​ពួក​គេ​បានបង្ហាញ»។ បណ្តាញ​ផ្សាយ​ព័ត៌មាន​ជា​ផ្លូវ​ការ​នៃប្រទេសចិនបាន​ដក​ស្រង់​អត្ថាធិប្បាយនេះ​មក​ផ្សាយ​ជា​ច្រើន​សប្តាហ៍។

នៅ​ក្នុង​សន្និសិទ​កាសែត​កាលពី​យប់ថ្ងៃ​អង្គារ​ទី​១៤​ខែ​មេសា​អំពី​មេរោគ​វីរុស​កូរ៉ូណា​ លោក​ ត្រាំ បាន​និយាយ​ថា៖ «ជា​មួយការរាត​ត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩​យើង​មាន​កង្វល់​ខ្លាំង​អំពី​ថា​តើ​សប្បុរសធ៌ម​របស់​ប្រទេ​សអាមេរិក​ដល់អង្គការ​ WHO បានត្រូវយក​ទៅ​ប្រើប្រាស់យ៉ាង​ល្អ​បំផុត​ឬទេ‍»។

ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​១៥ មេសា ២០២០។
ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​១៥ មេសា ២០២០។

ប្រវត្តិ​អង្គការ WHO

ទីភ្នាក់​ងារ​នេះបាន​ត្រូវ​បង្កើត​កាល​ពី​ឆ្នាំ​១៩៤៨ ​ហើយ​នៅ​ពេល​នេះ​ត្រូវ​ចាត់ចែង​កិច្ចការ​ដោយ​រដ្ឋ​ជា​សមាជិក​ចំនួន​១៩៤។​ អង្គការ​នេះ​បាន​ត្រូវបង្កើត​ឡើង​ដើម្បីសម្របសម្រួលគោលនយោបាយ​សុខភាព​អន្តរជាតិសម្រាប់អ.ស.ប.​ ជា​ពិសេស​អំពី​ជំងឺ​ឆ្លង។

ប្រទេស​នីមួយៗ​បញ្ជូន​ពួក​អ្នក​ជំនាញ​ខាង​សុខភាព​ឱ្យ​ទៅ​តំណាង​ខ្លួន​នៅ​ក្នុង​មហា​សន្និបាត​សុខភាព​ពិភពលោកដែល​ជា​អង្គការ​ខាង​ការធ្វើ​សេចក្តី​សម្រេច​និង​ខាងធ្វើ​គោល​នយោបាយ​របស់​ WHO។ អង្គការ WHO ​បើក​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ។

​អង្គការ WHO មាន​ទី​ស្នាក់ការក្នុង​តំបន់នៅក្នុង​ទ្វីប​អាហ្វ្រិក, ទ្វិប​អាមេរិក​ខាងជើង​និង​ខាង​ត្បូង, អាស៊ី​អាគ្នេយ៍, ទ្វីប​អឺរ៉ុប, ប៉ែក​ខាង​កើតនៃតំបន់​សមុទ្រ​មេឌីទែរ៉ានេ​ និង​ផ្នែក​ខាង​លិច​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ អង្គការ​នេះ​មាន​បុគ្គលិក ៧ពាន់​នាក់ធ្វើការ​នៅក្នុង​ការិយាល័យ​១៥០​ នៅទូទាំង​ពិភព​លោក។​

ទោះ​ណា​ជា​អង្គការ WHO មាន​ជោគជ័យ​ក្នុង​ការបំបាត់​ជំងឺ​អុត​និង​ជំងឺស្វិត​ដៃ​ជើងក៏​ដោយ ក៏​មានការ​រិះ​គន់​ដល់​អង្គការនេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ មាន​ការិយាធិបតេយ្យ​ច្រើន​ពេក, ​មាន​ទម្រង់​មិន​ល្អ​ហើយ​ពឹង​ពាក់​ខ្លាំង​ពេក​ទៅ​លើ​ប្រទេ​ស​ដែល​ឱ្យ​ជំនួយ​ច្រើនៗ។​

​អង្គការ ​WHO​ បាន​ទទួល​ស្គាល់​អំពី​ការឆ្លើយ​តប​មិន​គ្រប់​គ្រាន់​របស់​ខ្លួន​ដល់​ការរាលដាល​ជំងឺ​ Ebola ពី​ឆ្នាំ២០១៣​ដល់​ឆ្នាំ២០១៦​នៅ​ក្នុង​ប៉ែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក។ ទី​ភ្នាក់​ងារនេះបាន​រង់ចាំ​៥​ខែ​ មុន​នឹងប្រកាស​ថា​ជំងឺ Ebola ជា​ជា​ភាព​មាន​អាសន្ន​ខាង​សុខាភិបាលសាធារណៈមួយ​ដែល​នាំឱ្យមាន​កង្វល់​កម្រិត​អន្តរជាតិ។ ការវាយ​តម្លៃមួយ​ដោយពួកអ្នក​បង្រៀន​ក្នុង​សាកល​វិទ្យាល័យបាន​និយាយ​ថា​ ការពន្យារ​ពេល​នេះ«បាននាំឱ្យមានកម្រិត​នៃការ​រាតត្បាត​ដែល​មិន​ធ្លាប់​មាន​ពីពេល​មុនៗ‍»។

កាល​ពី​ឆ្នាំ​២០១៤​ លោក ​Charles Cliff ដែលជា​អតីត​អ្នកពិគ្រោះ​យោបល់​របស់អង្គការ WHO បាន​សរសេរ​ថា​ទី​ភ្នាក់ងារ​នេះ​«មាន​ទាក់​ទិនខ្លាំង​នឹង​នយោបាយនិង​ការិយាធិបតេយ្យ​ហើយ​បាន​ត្រូវ​គ្រប​ដណ្តប់ខ្លាំង​ពេក​ដោយពួក​បុគ្គលិក​ជា​ពេទ្យ​ដែល​ស្វះស្វែងរក​ដំណោះស្រាយ​ខាង​វេជ្ជសាស្ត្រ​ដល់អ្វី​ដែល​ជា​ញឹកញាប់​ជា​បញ្ហា​ខាង​សង្គម​ និង​ខា​ងសេដ្ឋកិច្ច។ អង្គការ​នេះ​ញញើត​ញញើម​ក្នុង​ការ​រក​វិធី​ដោះស្រាយ​បញ្ហាចម្រូង​ចម្រាស់, ​បានពង្រីក​កិច្ចការច្រើនពេក​ហើយ​មាន​ការ​យឺត​យូរ​ណាស់​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់‍»។

អង្គការ ​WHO ​បាន​ទទួលប្រាក់​កាស​ពី​ទូទាំង​ពិភព​លោក ក៏ប៉ុន្តែ​បាន​ដោយ​ផ្នែក​ពី​ប្រទេស​នីមួយៗ​ដែរ។ អង្គ​ការ​អន្តរជាតិ, ពួក​អ្នក​ផ្តល់​ជំនួយ​ជា​ឯកជននិង​អ.ស.ប.​ក៏​បាន​ផ្តល់​ប្រាក់កាស​ឱ្យ​ WHO ដែរ។ រដ្ឋជា​សមាជិក​នីមួយៗ​នៅ​ក្នុង​អង្គការ ​WHO បានបង់ប្រាក់​សមាជិកភាពដោយ​ផ្អែក​លើ​ធនធាន​និង​ចំនួនប្រជារាស្ត្រ​របស់ផង​ខ្លួន។ ក៏ប៉ុន្តែ​ប្រាក់សមាជិកភាព​នេះមាន​តែ​ប្រមាណ២៥​ភាគរយ​នៃការផ្តល់​ប្រាក់​សម្រាប់អង្គការនេះ​តែ​ប៉ុណ្ណោះ។

ទឹក​ប្រាក់​សល់ពី​នេះ​បានមកពីការ​ធ្វើ​វិភាគ​ទាន​ស្ម័គ្រចិត្ត​គឺវិភាគ​ទាន​មក​ពីប្រទេសនៅ​ទូទាំង​ពិភពលោក​និងពួក​អ្នក​ផ្តល់ជំនួយ​ជា​បុគ្គល។

ស.រ.អា.​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​ជាង​គេគឺ​មាន​ចំនួន​ ៨៩៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៨​ និង​ឆ្នាំ​២០១៩។ ​ក្នុង​ចំនួន​ទឹក​ប្រាក់​នេះ ២៣៧ លាន​ដុល្លារជា​ប្រាក់​សម្រាប់​សមាជិកភាព​ហើយ ៦៥៦​លាន​ដុល្លារ​ជាវិភាគ​ទាន។

ប្រទេស​ដែល​បង់ប្រាក់​ច្រើនជាង​គេ​ទី​ពីរគឺ​ចក្រភព​អង់គ្លេស​ដែល​បាន​បង់​ប្រាក់ ៤៣៤ លាន៨​សែន​ដុល្លារជា​ប្រាក់​សមាជិកភាព​និង​វិភាគទាន​ក្នុង​ឆ្នាំ​២០១៨​ ​និង​ឆ្នាំ២០១៩​ដែរ។ ប្រទេស​ចិន​បាន​ធ្វើ​វិភាគទាន​ជិត​៨៦​លាន​ដុល្លារ។

ការ​ធ្វើ​វិភាគ​ទានស្ម័គ្រ​ចិត្តដោយ​ស.រ.អា.​មាន​ជិត​១៥% នៃ​ទឹក​ប្រាក់​សរុប​ដែល​ពិភព​លោក​បាន​ផ្តល់​ឱ្យ​អង្គការ WHO។ អ្នក​ផ្តល់​វិភាគ​ទានច្រើន​ទី​ពីរគឺ​មូលនិធិ​ Bill and Melinda Gates​ ដែល​ផ្អែក​លើ​ធន​ថានរបស់​លោក ​Bill Gates ដែល​ជា​សហស្ថាបនិកក្រុមហ៊ុន​ Microsoft ដ៏​ធំ​មហិមា​នោះ៕

ប្រែ​សម្រួលដោយ ឈឹម​ សុមេធ

XS
SM
MD
LG