ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ​​សុខភាព​ពិភពលោក​សោកស្តាយ​ចំពោះ​ការ​សម្រេច​ផ្អាក​មូលនិធិ​ពី​​សហរដ្ឋអាមេរិក


រូបឯកសារ៖ អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្អាក​ថវិកា​ចំពោះ​អង្គការ​ពិភពលោក​មួយ​នេះ បន្ទាប់ពី​លោកប្រធានាធិបតី​ ដូណាល់ ​ត្រាំ (Donald Trump) នៃ​សហរដ្ឋ​អាមេរិកបាន​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលយ៉ាង​ដូច្នេះ​កាល​ពី​ថ្ងៃ​អង្គារ។​

ថ្លែង​នៅ​ក្នុង​សន្នីសីទ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ លោក Tedros Adhanom Ghebreyesus បញ្ជាក់​ថា អង្គការ​សុខភាព​ពិភពលោក WHO កំពុង​ពិនិត្យមើលផលប៉ះពាល់​ពី​ការ​ដកមូលនិធិ​វិភាគទាន​របស់​សហរដ្ឋ​អាមេរិក ទៅ​លើ​ប្រតិបត្តិការ​របស់​ខ្លួន។ លោក​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជាមួយ​ដៃគូ​ដទៃ​ទៀត​ដើម្បី​បំពេញ​នូវ​ចន្លោះ​ប្រហោង​ខាង​ហិរញ្ញវត្ថុ​នានា​ដើម្បី​ធានា​ថា​សកម្មភាព​នានា​អាច​បន្ត​ទៅ​មុខ​បាន​ដោយ​មិន​រាំង​ស្ទះ។

លោក​ Tedros បញ្ជាក់​ថា អង្គការ WHO នឹង​បន្តការ​ការពារ​និង​លើក​តម្កើង​សុខភាពមនុស្ស​ជុំវិញ​ពិភពលោក ដែល​នេះជា​ទស្សនវិស័យ​របស់​អង្គការ​នេះ​តាំង​ពី​ការ​បង្កើត​ឡើង​ជា​ផ្នែក​មួយ​នៃ​អង្គការ​សហប្រជាជាតិកាល​ពី​ឆ្នាំ​១៩៤៥។

លោក Tedros ថ្លែង​ថា អង្គការ​ WHO មិន​ត្រឹម​តែ​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​ធ្វើ​ការ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​សុខភាព​យូរ​អង្វែង​ដទៃ​ទៀត​របស់​ពិភពលោក រួម​ទាំង​ជំងឺ​គ្រុន​ចាញ់ អេបូឡា (Ebola) ជំងីអេដស៍ ជំងឺ​មហារីក និង​ជំងឺ​ដទៃ​ទៀត​ជា​ច្រើន។

ដោយ​ថ្កោល​ទោ​ស​ចំពោះ​ការ​សម្រេចចិត្ត​របស់​លោក Trump អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​រូប​នេះ​បញ្ជាក់​ថា WHO ក៏​ធ្វើ​ការ​ជាមួយ​ប្រទេស​ទាំង​អស់​ជុំវិញ​ពិភពលោក​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​និង​បង្កើន​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ដែល​អាច​សង្គ្រោះ​ជីវិត។

លោក Tedros ថ្លែង​ថា អង្គការ​ WHO បន្ត​សិក្សា​វីរុស​កូរ៉ូណា​និង​ប្រមូល​បទពិសោធន៍​ពី​ប្រទេស​ជា​ច្រើន​និង​ចែក​រំលែក​ព័ត៌មាន​នេះ​ជាមួយ​ពិភពលោកខណៈ​ដែល​វិបត្តិ​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​កំពុង​បន្ត៕

XS
SM
MD
LG