ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រដ្ឋ​ São Paulo របស់​ប្រេស៊ីល​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ​ក្រោយ​ពី​រិះគន់​ប្រធានាធិបតី​រឿង​វិធានការ​ទប់ស្កាត់​កូវីដ១៩


រូបឯកសារ៖ លោក Joao Doria អភិបាល​នៃ​រដ្ឋ São Paulo ភាគ​អាគ្នេយ៍​ប្រទេស​ប្រេស៊ីល ចូលរួមសន្និសីទសារព័ត៌មានមួយនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

អភិបាលនៃ​រដ្ឋ​ដែល​មាន​ពលរដ្ឋ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីលថ្លែង​ថា​ លោក​បាន​បង្កើន​សន្តិសុខ​សម្រាប់​ភរិយា​របស់​លោក​និងជម្លៀស​កូន​របស់​លោក​ឲ្យ​ទៅ​នៅ​កន្លែង​ផ្សេងក្រោយ​ពី​លោក​បាន​ទទួល​ការ​គំរាមកំហែងទាក់ទង​នឹង​ការណ៍​ដែល​លោក​បាន​រិះគន់​ពី​របៀប​ដែល​ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro បាន​ចាត់ចែងក្នុង​រឿង​ការ​ទប់ស្កាត់​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។​

លោក João Doria អភិបាល​នៃ​រដ្ឋ São Paulo ភាគ​អាគ្នេយ៍​ប្រទេស​ប្រេស៊ីល បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​AP ថា លោក​កំពុង​តែ​ប្រយុទ្ធ​នឹង​ការ​រាតត្បាត​នៃ​កូវីដ១៩​នៅ​ក្នុង​រដ្ឋ​របស់​លោក​ផង និង​ប្រយុទ្ធ​នឹង​គោលនយោបាយ​របស់​ប្រធានាធិបតី​ប្រេស៊ីល​លោក Bolsonaro ផង ខណៈ​ដែល​អភិបាល​រដ្ឋ​ផ្សេង​ទៀត​មិន​ហ៊ាន​រិះគន់​ប្រធានាធិបតី​ដោយ​សារ​ខ្លាច​ថវិកា​ជំនួយ​ពី​រដ្ឋាភិបាល​សហព័ន្ធ​សម្រាប់​ទប់ទល់​នឹង​កូវីដ១៩ សម្រាប់​រដ្ឋ​របស់​ពួក​គេ​អាច​ត្រូវ​បាន​គេ​បង្វែរ​ទៅ​កន្លែង​ផ្សេង​វិញ។​

លោក Doria បាន​ជំរុញ​ឲ្យ​មាន​វិធានការ​ការ​រឹត​បន្តឹង​ខ្លាំង ទំនង​ដោយ​សារ​រដ្ឋ São Paulo ​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​កូវីដ១៩​រហូត​ ១១.០០០​នាក់ និង​មាន​អ្នក​ស្លាប់​រហូត​ជិត​៨០០​នាក់ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​នៅ​ប្រទេស​ប្រេស៊ីល។ ប្រធានាធិបតី​ប្រេស៊ីល Bolsanaro អះអាង​ថា ការ​បិទ​សកម្មភាព​និង​អាជីកម្មក្នុង​ប្រទេស​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ប្រទេស។

ខណៈ​ពេល​នេះ​ដែរសារព័ត៌មាន The Guardian របស់​អង់គ្លេស​បាន​រាយការណ៍​ថា សភា​ជាតិ​របស់​ប្រេស៊ីល កំពុង​ទាមទារ​ឲ្យ​ប្រធានាធិបតី Bolsonaro បង្ហាញ​ពី​លទ្ធផលពី​ការ​ធ្វើ​តេស្ត​វីរុសកូរ៉ូណា​របស់​លោក​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​ខាង​មុខ។​

មាន​ការ​សង្ស័យ​ខ្លាំង​ថា​លោក​ប្រធានាធិបតី​ប្រេស៊ីល​បាន​ឆ្លង​កូរ៉ូណា​វីរុស​ក្រោយ​ពី​មនុស្ស​២៣​នាក់​ដែល​បាន​រួម​ដំណើរ​ជាមួយ​លោក Bolsonaro ទៅ​កាន់​សហរដ្ឋ​អាមេរិក​កាល​ពីខែ​មុន​បាន​ធ្វើ​តេស្ត​ឃើញ​មាន​វីរុសដែល​បង្ក​ជំងឺ​កូវីដ១៩ ដែល​ក្នុង​នោះ​រួម​មាន​អ្នក​ពាក្យ​លោក​ប្រធានាធិបតី​ផង​ដែរ ដែល​បាន​អម​ដំណើរ​លោក​ក្នុង​អំឡុង​ពិធី​ពិសារ​អាហារ​ពេល​ល្ងាច​មួយ​ជាមួយ​លោក​ប្រធានាធិបតី​Trump នៅ​រមណីដ្ឋាន Mar-a-Lago ក្នុង​រដ្ឋ​Florida៕

XS
SM
MD
LG