ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីអាមេរិកបញ្ឈប់ផ្តល់ថវិកាទៅឲ្យអង្គការសុខភាពពិភពលោក (WHO)


រូបឯកសារ៖ ប្រធា​នាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងនៅសេតវិមានកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

ថវិការបស់សហរដ្ឋអាមេរិកទៅឲ្យអង្គការសុខភាពពិភពលោកនឹងត្រូវបញ្ឈប់ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានស្តីបន្ទោសអង្គការនេះចំពោះការធ្វើឲ្យមានការកើនឡើង «នូវករណីមេរោគកូរ៉ូណា២០ដង» នៅទូទាំងសាសកលលោក។

លោកប្រធានាធិបតីត្រាំបាននិយាយថា ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះបានធ្វើ«ការសម្រេចប្រកបដោយមហន្តរាយ»ជំទាស់ប្រឆាំងការរឹតត្បិតរបស់លោកលើការធ្វើដំណើរមកពីប្រទេសចិន ហើយគិត«រឿងនយោបាយមុនវិធានការ​ជួយ​សង្គ្រោះ​ជីវិតមនុស្ស»។

ចំណាត់ការនេះ ត្រូវបានគេរំពឹងទុក នៅពេលដែលលោកប្រធានាធិបតីត្រាំបានផ្តល់សញ្ញាម្តងហើយម្តងទៀតអំពីចំណាត់ការនេះបន្ទាប់ពីបានចោទប្រកាន់អង្គការសុខភាពពិភពលោក (WHO) ពីការលម្អៀងទៅប្រទេសចិន ថ្វីបើសហរដ្ឋអាមេរិកជាអ្នកផ្តល់ថវិកាដ៏ធំបំផុតមួយក៏ដោយ។

លោកប្រធានាធិបតីត្រាំបាននិយាយថា ការផ្អឹបថវិកាទៅឲ្យទីភ្នាក់ងារសុខភាព ពិភពលោកនេះនឹងស្ថិតនៅជាធរមាន «ពីរយៈពេល៦០ទៅ៩០ថ្ងៃ» ខណៈដែលពិនិត្យមើលឡើងវិញដល់ការឆ្លើយតបរបស់អង្គការនេះដល់ការផ្ទុះឡើងនៃមេរោគកូរ៉ូណា។

លោកប្រធានាធិបតីត្រាំបានពោលអះអាងថា អង្គការសុខភាពពិភពលោកមិនបានបំពេញ «កាតព្វកិច្ចសំខាន់ៗ» ដើម្បីស៊ើបអង្កេតរបាយការណ៍មុនដំបូងចេញពីប្រទេសចិនអំពីវីរុសនោះនៅខែធ្នូឆ្នាំទៅ។

លោកសមាជិកព្រឹទ្ធសភា Patrick Leahy មេដឹកនាំកំពូលខាងគណបក្សប្រជា ធិបតេយ្យនៅគណៈកម្មាធិការថវិការបស់ព្រឹទ្ធសភានិងជាសមាជិកអនុគណៈកម្មាធិការកិច្ចប្រតិបត្តិការបរទេសបាននិយាយថា «ការឈប់ផ្តល់ថវិកាទៅឲ្យអង្គការសុខភាពពិភពលោកក្នុងពេលមានការរាលដាលជាសាកលនូវជំងឺដ៏អាក្រក់បំផុតក្នុងសតវត្សរ៍នេះជាការកាត់ផ្តាច់អាវុធយុទ្ធភ័ណ្ឌទៅឲ្យសម្ព័ន្ធមិត្តនៅពេលដែលសត្រូវខិតមកជិត»។

លោក Leahy មានប្រសាសន៍ទៀតថា «សេតវិមានដឹងថា ខ្លួនមិនបានដោះ ស្រាយវិបត្តិនេះល្អតាំងពីដំបូងមកម្លេះ ដោយមិនអើពើការព្រមានជាច្រើនដង និងខ្ជះ ខ្ជាយពេលវេលាដ៏មានតម្លៃ ច្រានចោលវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ប្រៀបធៀបជំងឺកូវីត១៩ទៅនឹងជំងឺគ្រុនផ្តាសាយធម្មតា ហើយនិយាយថា «អ្វីៗនឹងល្អ»។

ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានរំលឹកឡើងវិញពីការគាំទ្ររបស់លោកដល់ អង្គការសុខភាពពិភពលោក៕

XS
SM
MD
LG