ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ព្រួយ​បារម្ភ​អំពី​ការ​រារាំង​របស់​អ៊ីរ៉ង់​ចំពោះ​ប្រព័ន្ធ​ទំនាក់ទំនង​តាម​អ៊ីនធឺណិត


លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។

សមាជិក​សភា​អ៊ីរ៉ង់​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មនុស្ស​ពីរ​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ក្រុង Izeh ភាគ​និរតី​ប្រទេស​អ៊ីរ៉ង់ ស្រប​ពេល​ដែល​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​បាន​ផ្ទុះ​ឡើង​ដំបូង​កាល​ពី​សប្ដាហ៍​មុន នៅតែ​បន្ត​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស។

ទីភ្នាក់ងារ​ព័ត៌មាន ILNA បាន​ដក​ស្រង់​សម្ដី​របស់​សមាជិក​សភា​អ៊ីរ៉ង់​លោក Hedayatollah Khademi ដែល​បាន​និយាយ​ថា លោក​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ប្រហារ​នេះ។

ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដំបូង​ចាប់ផ្ដើម​ឡើង​ដោយ​ការ​តវ៉ា​ទ្រង់ទ្រាយ​តូច​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​នៅ​ក្នុង​ទីក្រុង Mashhad ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​ពីរ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​ជា​មូលដ្ឋាន​ចម្បង​បំផុត​របស់​ក្រុម​អ្នក​ដែល​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Hassan Rouhani ដែល​ជា​ប្រធានាធិបតី​ប្រកាន់​ទស្សនៈ​កណ្ដាល​និយម មុន​ពេល​ដែល​ការ​តវ៉ា​នេះ​បាន​រីក​សាយភាយ​ទៅ​កាន់​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការណ៍​ដែល​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​រារាំង​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​មិន​ឲ្យ​ធ្វើ​ការ​ទាក់ទង​គ្នា​តាម​រយៈ​កម្មវិធី​ទំនាក់ទំនង​សង្គម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ជា​ការ​បង្អាក់​ដល់​ការ​តវ៉ា​ទាំង​នេះ។

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​មាន​លទ្ធភាព​ប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ​ទំនាក់ទំនង Telegram និង​កម្មវិធី​ចែកចាយ​រូបភាព Instagram កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​បញ្ជាក់​ថា វិធានការ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​រក្សា​សន្តិភាព។ ប្រជាពលរដ្ឋ​អ៊ីរ៉ង់​បាន​ប្រើប្រាស់​កម្មវិធី​អ៊ីនធឺណិត​ទាំង​នេះ​ដើម្បី​ទាក់ទង​គ្នា​អំពី​ការ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ទាំង​នេះ ដែល​នេះ​ជា​ការ​ប្រឆាំង​តវ៉ា​របស់​ប្រជាពលរដ្ឋ​ក៏​ធំ​បំផុត​ជាមួយ​នឹង​មេដឹកនាំ​អ៊ីរ៉ង់ តាំង​ពី​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ ២០០៩ មក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG